ទោះ​ស៊ែម(Sam) មិន​បាន​ធ្វើ​អ្វី​ខុស​ក៏​ដោយ ក៏​គាត់​នៅ​តែ​បាត់​បង់​ការងារ​របស់​គាត់ នៅ​ក្នុង​ផ្នែក​ដំឡើង​រថយន្ត។ ការ​ធ្វេស​ប្រហែស​របស់​ផ្នែក​មួយ​ទៀត ក្នុង​ផ្នែក​ដំឡើង​រថយន្ត បាន​នាំ​ឲ្យ​មាន​បញ្ហា​មួយ​ចំនួន នៅ​ក្នុង​រថយន្ត​ដែល​ពួកគេ​បាន​ផលិត។ បន្ទាប់​ពី​ព័ត៌មាន​បាន​ចុះ​ផ្សាយ អំពី​គ្រោះ​ថ្នាក់​ចរាចរណ៍​ដែល​បណ្តាល​មក​ពី​ឡាន​ទាំង​នោះ អតិថិជន​ដែល​មាន​ការ​ព្រួយ​បារម្ភ​ក៏​បាន​ឈប់​ទិញ​ឡាន​ដែល​មាន​ផ្លាក​យីហោ​របស់​ក្រុម​ហ៊ុន​ពួក​គេ។ ក្រុម​ហ៊ុន​នោះ​ត្រូវ​តែ​កាត់​បន្ថយ​ចំនួន​បុគ្គលិក បណ្តាល​ឲ្យ​ស៊ែម​ត្រូវ​បាត់​បង់​ការងារ។​ កំហុស​របស់​គេ បាន​រាល​ដាល​មក​ដល់​គាត់ រឿង​នេះ​អយុត្តិធម៌​សម្រាប់​គាត់​ណាស់។

កំហុស​ដែល​រាល​ដាល​ដំបូង​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​បាន​កើត​ឡើង បន្ទាប់​ពី​មនុស្ស​ដំបូង​បាន​ធ្វើ​បាប​ទាស់​នឹង​ព្រះ។ អ័ដាម និង​នាង​អេវ៉ា​ក៏​ចាប់​ផ្តើម​មាន​ការ​​ខ្មាស​អៀន​ចំពោះ​ភាព​អាក្រាត​របស់​ខ្លួន ដូច​នេះ​ ព្រះ​ទ្រង់​ក៏​បាន​យក​ស្បែក​សត្វ​មក​ដណ្តប់​កាយ​របស់​អ្នក​ទាំង​ពីរ​(លោកុប្បត្តិ ៣:៣១)។ នេះ​ជា​ទិដ្ឋភាព​ដ៏​សែន​ឈឺ​ចាប់ តែ​សត្វ​មួយ​ចំនួន ដែល​ធ្លាប់​តែ​រស់​នៅ​ ដោយ​សុខ​សាន្ត​ក្នុង​សួន​ច្បារ​អេដែន ត្រូវ​បាន​សម្លាប់​យក​ស្បែក ដើម្បី​ដណ្តប់​កាយ​ពួក​គេ។

ក្រោយ​មក មាន​សត្វ​ជា​ច្រើន​ទៀត ដែល​ត្រូវ​គេ​សម្លាប់។ ព្រះ​ទ្រង់​បាន​ប្រាប់​ពួក​អ៊ីស្រាអែល​ថា “រាល់​តែ​ថ្ងៃ ត្រូវ​ឲ្យ​រៀប​កូន​ចៀម​១​ឥត​ខ្ចោះ អាយុ​១​ខួប ទុក​ជា​ដង្វាយ​ដុត​ថ្វាយ​ដល់​ព្រះយេហូវ៉ា ត្រូវ​ថ្វាយ​ដង្វាយ​នេះ​រាល់​តែ​ព្រឹក​ជានិច្ច”(អេសេគាល ៤៦:១៣)។ ដោយសារ​គេ​ត្រូវ​សម្លាប់​សត្វ​រាល់​ថ្ងៃ​ធ្វើ​ជា​ដង្វាយ​ដល់​ព្រះ នោះ​តើ​មាន​សត្វ​ប៉ុន្មាន​ពាន់​ក្បាល​ត្រូវ​គេ​សម្លាប់ ដោយសារ​បាប​របស់​មនុស្ស? ការ​ស្លាប់​របស់​សត្វ​ទំាង​នោះ មាន​ភាព​ចាំ​បាច់ នៅ​ក្នុង​ការ​គ្រប​បាំង​អំពើ​បាប​របស់​យើង រហូត​ដល់​ពេល​ដែល​ព្រះ​យេស៊ូវ ជា​កូន​ចៀម​នៃ​ព្រះ​សុគត​នៅ​លើ​ឈើ​ឆ្កាង ដើម្បី​លោះ​យើង​ឲ្យ​រួច​ពី​បាប តែ​ម្តង​ជា​សម្រេច​(យ៉ូហាន ១:២៩)។ នេះ​ជា​ការ​ជួស​ជុល​សម្រាប់​កំហុស​ដែល​បាន​រាល​ដាល​នោះ។ ដោយសារ​បាប​របស់​អ័ដាម មនុស្ស​ទាំង​អស់​ត្រូវ​តែ​ស្លាប់ ដូចនេះ ការ​ស្តាប់​បង្គាប់​របស់​ព្រះ​គ្រីស្ទ​ចំពោះ​ព្រះ​វរបិតា បាន​ជួយ​ឲ្យ​អ្នក​ជឿ​ព្រះ​អង្គ ផ្សះផ្សា​ទំនាក់​ទំនង​ជា​មួយ​ព្រះ​ឡើង​វិញ​(រ៉ូម ៥:១៧-១៩)។​ ព្រះយេស៊ូវ​គ្មាន​បាប ​មិន​សម​នឹង​សុគត​ តែ​ព្រះ​អង្គ​បាន​លះ​បង់ ដើម្បី​ឲ្យ​យើង​អាច​ទទួល​យក​ការ​ប្រោស​លោះ​នោះ ដោយ​ឥត​គិត​ថ្លៃ។ ចូរ​យើង​ឈោង​ទៅ​រក​ព្រះ​យេស៊ូវ ដោយ​ជំនឿ ហើយ​ទទួល​សេចក្តី​សង្រ្គោះ ដែល​ទ្រង់​ប្រទាន នោះ​យើង​នឹង​បាន​ទទួល​សេចក្តី​សុចរិត​ពី​ព្រះ​អង្គ ដោយ​សារ​ជំនឿ។—Mike Wittmer