លោករីឆាត(Richard) និងអ្នកស្រីស៊ូសាន(Susan) មានការសប្បាយចិត្តណាស់ ពេលដែលអ្នកស្រីស៊ូសានមានផ្ទៃពោះ បន្ទាប់ពីពួកគេបានព្យាយាមអស់ជាច្រើនឆ្នាំ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាសុខភាពរបស់នាង អាចបណ្តាលឲ្យកូនក្នុងផ្ទៃមានគ្រោះថ្នាក់ ដូចនេះ លោករីឆាតបានអធិស្ឋានរៀងរាល់យប់ ឲ្យភរិយា និងកូនរបស់គាត់។ យប់មួយនោះ លោករីឆាតគិតថា គាត់មិនចាំបាច់ត្រូវអធិស្ឋានខ្លាំងពេកទេ ហើយយល់ឃើញថា ព្រះទ្រង់បានសន្យាថា នឹងធ្វើឲ្យអ្វីៗបានសម្រេច តាមបំណងព្រះទ័យទ្រង់។ មួយសប្តាហ៍ក្រោយមក អ្នកស្រីស៊ូសានក៏បានរលូតកូន។ លោករីឆាតមានការឈឺចាប់យ៉ាងខ្លាំង។ គាត់ឆ្ងល់ថា តើគាត់បានបាត់បង់កូន ដោយសារគាត់មិនបានអធិស្ឋានគ្រប់គ្រាន់ឬ?
ពេលយើងអានរឿងនេះដំបូង យើងប្រហែលជានឹកឃើញរឿងប្រៀបប្រដូចមួយ។ ក្នុងរឿងនោះ អ្នកជិតខាងម្នាក់(ជួនកាល ជាតំណាងឲ្យព្រះ) បានងើបពីដំណេក ដើម្បីជួយមិត្តសំឡាញ់ម្នាក់ ដោយសារមិត្តសំឡាញ់នោះបានមករកគាត់ម្តងហើយម្តងទៀត(លូកា ១១:៥-៨)។ យើងប្រហែលជាអានរឿងប្រៀបប្រដូចនេះ ហើយគិតថា ព្រះទ្រង់នឹងប្រទានអ្វីដែលយើងត្រូវការ ទាល់តែយើងទទូចរំអុកទ្រង់។ ហើយបើយើងមិនអធិស្ឋានឲ្យខ្លាំងទេ ព្រះអង្គប្រហែលមិនជួយយើងទេ។
ប៉ុន្តែ យើងយល់ច្រឡំហើយ។ តាមពិត រឿងប្រៀបប្រដូចនេះចង់បង្រៀនយើងថា បើអ្នកជិតខាងដែលមិនល្អឥតខ្ចោះបានជួយយើង ពេលដែលយើងទទូចរំអុកគាត់ហើយ ចុះទំរាំតែព្រះវរបិតា ដែលមិនមានព្រះទ័យអាត្មានិយមសោះ នឹងជួយយើងជាងអម្បាលម៉ាន។ ដូចនេះ យើងអាចទូលសូមដោយជំនឿ(ខ.៩-១០) ដោយដឹងថា ព្រះទ្រង់ធំប្រសើរ ជាងមនុស្សដែលមិនល្អឥតខ្ចោះ(ខ.១១-១៣)។ ព្រះអង្គមិនមែនជាអ្នកជិតខាង ក្នុងរឿងប្រៀបប្រដូចនេះទេ តែផ្ទុយពីអ្នកនោះ។
ខ្ញុំក៏បានប្រាប់លោករីឆាតថា “ខ្ញុំមិនដឹងថា ហេតុអ្វីអ្នកបាត់បង់កូនរបស់អ្នកទេ តែខ្ញុំដឹងថា វាមិនមែនមកពីអ្នកមិនបានអធិស្ឋានឲ្យខ្លាំងនោះទេ។ ព្រះទ្រង់មិនមានលក្ខណៈដូចនេះឡើយ”។—Sheridan Voysey