ថ្ងៃ​មួយ ខ្ញុំ​ឃើញ​គេ​ដាក់​តាំង​រូប​តុក្កតា​សត្វ​ឥន្ទ្រី​ធំ​មួយ​ក្បាល ដែល​គេ​បាន​ផ្លុំ​ខ្យល់​ចូល​ឲ្យ​ប៉ោង នៅ​ក្នុង​ទីធ្លា​មុខ​ផ្ទះ​។ នៅ​លើ​តុក្កតា​នោះ​មាន​ពណ៌​សម្បុរ​ដូច​ទង់​ជាតិ​របស់​សហរដ្ឋ​អាមេរិក​។ មាន​ឡាន​ធំ​មួយ​កំពុង​តែ​ចត​នៅ​លើ​ផ្លូវ​ចូល​ផ្ទះ​គាត់។ បង្អួច​ទាំង​សង្ខាង​របស់​ឡាន​មាន​រូប​ទង់​ជាតិ ហើយ​កាង​ខាង​ក្រោយ​មាន​បិទ​ស្ទីគ័រ​ដែល​បង្ហាញ​ពី​ការ​ស្នេហា​ជាតិ។ ប៉ុន្តែ​ ផ្ទះ​អ្នក​ជិត​ខាង​ដែល​នៅ​ទល់​មុខ​ផ្ទះ​គាត់ បាន​ដាក់​ផ្លាក​ដែល​មាន​សរសេរ​ពាក្យ​ស្លោក ស្តី​អំពី​បញ្ហា​អយុត្តិធម៌​ក្នុង​សង្គម ដែល​គេ​បាន​ផ្សព្វ​ផ្សាយ​ក្នុង​សារព័ត៌មាន កាល​ពី​ពេល​ថ្មី​ៗ​នេះ។​

យើង​ប្រហែល​ជា​ឆ្ងល់​ថា តើ​ម្ចាស់​ផ្ទះ​ទាំង​ពីរ​នេះ កំពុង​តែ​មាន​ជម្លោះ​ជា​មួយ​គ្នា ឬ​ជា​មិត្ត​ភក្តិ​នឹង​គ្នា? តើ​គ្រួសារ​ទាំង​ពីរ​អាច​ជា​អ្នក​ជឿ​ព្រះយេស៊ូវ​ទេ? ព្រះ​ទ្រង់​បាន​ត្រាស់​ហៅ​យើង ឲ្យ​អនុវត្ត​តាម​បទ​គម្ពីរ យ៉ាកុប ១:១៩ ដែល​បាន​ចែង​ថា “បង​ប្អូន​ស្ងួនភ្ងា​អើយ ចូរ​ឲ្យ​គ្រប់​គ្នា​បាន​ឆាប់​នឹង​ស្តាប់ ក្រ​នឹង​និយាយ ហើយ​យឺត​នឹង​ខឹង​ដែរ”។ មាន​ពេល​ញឹក​ញាប់​ពេក​ហើយ ដែល​យើង​មាន​ការ​រឹង​ចចេស មិន​ព្រម​បោះ​បង់​ចោល​គំនិត​របស់​យើង ហើយ​មិន​ព្រម​យក​គំនិត​របស់​អ្នក​ដទៃ​មក​ពិចារណា។ សៀវភៅ​អត្ថា​ធិប្បាយ​របស់​លោក​ហេនរី មេធ្យូ(Matthew Henry) បាន​ពន្យល់​ថា យើង​គួរ​តែ​ឆាប់​ស្តាប់​គេ​និយាយ​ហេតុ​ផល និង​ការ​ពិត  ហើយ​យឺត​នឹង​និយាយ … ហើយ ពេល​ណា​យើង​និយាយ យើង​មិន​ត្រូវ​និយាយ​ទាំង​កំហឹង​ឡើយ។​

ដើម្បី​រៀន​សូត្រ យើង​ចាំ​បាច់​ត្រូវ​ស្តាប់​គេ។ យើង​អាច​អនុវត្ត​តាម​ព្រះ​បន្ទូល​ព្រះ ក្នុង​កណ្ឌ​គម្ពីរ​យ៉ាកុប​បាន ទាល់​តែ​យើង​បាន​ពេញ​ដោយ​ព្រះ​វិញ្ញាណ​បរិសុទ្ធ ហើយ​គោរព​អ្នក​ដទៃ ដោយ​ស្ម័គ្រ​ពី​ចិត្ត។​ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​នឹង​ជួយ​យើង ឲ្យ​មាន​ការ​ផ្លាស់​ប្តូរ​ក្នុង​ចិត្ត និង​អត្ត​ចរិត​របស់​យើង។ តើ​យើង​បើក​ចិត្ត​ចំហ ដើម្បី​ស្តាប់ និង​រៀន​សូត្រ​ឬ​ទេ?—Anne Cetas