បន្ទាប់ពីបានស្តាប់លោកគ្រូគង្វាលអធិប្បាយព្រះបន្ទូល អំពីការកែតម្រង់ និងអំពើអយុត្តិធម៌ សមាជិកពួកជំនុំម្នាក់ បានដើរចូលមករកលោកគ្រូគង្វាល ដោយការទូញយំ ហើយក៏បាននិយាយសុំទោស និងសារភាពថា នៅក្នុងការបោះឆ្នោតជ្រើសរើសគ្រូគង្វាលថ្ងៃមុន គាត់មិនបានបោះឆ្នោតឲ្យលោកគ្រូគង្វាល ដែលជាជនស្បែកខ្មៅ ព្រោះគាត់មានការប្រកាន់ពូជសាសន៍។ គាត់ក៏បាននិយាយថា “សូមលោកគ្រូអត់ទោសឲ្យខ្ញុំ។ ខ្ញុំមិនចង់ឲ្យកាកសំណល់នៃការប្រកាន់ពូជសាសន៍ ធ្លាក់មកលើជីវិតរបស់កូនៗខ្ញុំទេ។ ខ្ញុំមិនបានបោះឆ្នោតឲ្យលោកគ្រូ។ ខ្ញុំខុសហើយ”។ នៅចំពោះមុខនៃការសម្រក់ទឹកភ្នែក និងការសារភាពរបស់គាត់ លោកគ្រូគង្វាលក៏បានស្រក់ទឹកភ្នែក និងអត់ឱនទោសឲ្យគាត់។ មួយសប្តាហ៍ក្រោយមក ពួកជំនុំទាំងមូលក៏បានអរសប្បាយ ពេលដែលបានស្តាប់បុរសម្នាក់នេះ ចែកចាយទីបន្ទាល់ អំពីការដែលព្រះទ្រង់បានធ្វើការក្នុងចិត្តគាត់។
សូម្បីតែលោកពេត្រុស ដែលជាសិស្សរបស់ព្រះយេស៊ូវ និងជាមេដឹកនាំ ក្នុងពួកជំនុំដំបូង ក៏ត្រូវការការកែតម្រង់ផងដែរ ព្រោះគាត់មានការគិតខុស ចំពោះអ្នកដែលមិនមែនជាជនជាតិយូដា។ ការបរិភោគ និងការផឹកជាមួយសាសន៍ដទៃ(ដែលគេរាប់ថា មិនស្អាត) គឺជាការបំពានច្បាប់សង្គម និងសាសនារបស់សាសន៍យូដា។ លោកពេត្រុសនិយាយថា “អ្នករាល់គ្នាដឹងថា មនុស្សសាសន៍យូដាគ្មានច្បាប់នឹងសេពគប់នឹងសាសន៍ដទៃ ឬនឹងចូលទៅជិតគេឡើយ”(កិច្ចការ ១០:២៨)។ ទាល់តែគាត់បានឃើញការអស្ចារ្យរបស់ព្រះ(ខ.៩-២៣) ទើបគាត់ជឿថា គាត់មិនត្រូវរាប់នរណាម្នាក់ថា “មិនស្អាត ឬមិនបរិសុទ្ធឡើយ”(ខ.២៨)។
តាមរយៈការបង្រៀនព្រះបន្ទូល ការប៉ះពាល់ចិត្តពីព្រះវិញ្ញាណ និងបទពិសោធន៍ជីវិត ព្រះទ្រង់បន្តធ្វើការក្នុងចិត្តមនុស្ស ដើម្បីកែតម្រង់ទស្សនៈមិនត្រឹមត្រូវ ដែលពួកគេមានចំពោះអ្នកដទៃ។ ព្រះអង្គបានបញ្ជាក់យ៉ាងច្បាស់ថា “ព្រះអង្គមិនរើសមុខអ្នកណាទេ”(ខ.៣៤)។—Arthur Jackson