បន្ទាប់​ពី​បាន​ស្តាប់​លោក​គ្រូ​គង្វាល​អធិប្បាយ​ព្រះ​បន្ទូល អំពី​ការ​កែ​តម្រង់ និង​អំពើ​អយុត្តិធម៌ សមាជិក​ពួក​ជំនុំ​ម្នាក់ បាន​ដើរ​ចូល​មក​រក​លោក​គ្រូ​គង្វាល ដោយ​ការ​ទូញ​យំ ហើយ​ក៏​បាន​និយាយ​សុំទោស និង​សារភាព​ថា នៅ​ក្នុង​ការ​បោះ​ឆ្នោត​ជ្រើស​រើស​គ្រូ​គង្វាល​ថ្ងៃ​មុន គាត់​មិន​បាន​បោះ​ឆ្នោត​ឲ្យ​លោក​គ្រូ​គង្វាល ដែល​ជា​ជន​ស្បែក​ខ្មៅ ព្រោះ​គាត់​មាន​ការ​ប្រកាន់​ពូជ​សាសន៍។ គាត់​ក៏​បាន​និយាយ​ថា “សូម​លោក​គ្រូ​អត់​ទោស​ឲ្យ​ខ្ញុំ។ ខ្ញុំ​មិន​ចង់​ឲ្យ​កាក​សំណល់​នៃ​ការ​ប្រកាន់​ពូជ​សាសន៍ ធ្លាក់​មក​លើ​ជីវិត​របស់​កូន​ៗ​ខ្ញុំ​ទេ។ ខ្ញុំ​មិន​បាន​បោះ​ឆ្នោត​ឲ្យ​លោក​គ្រូ។ ខ្ញុំ​ខុស​ហើយ”។ នៅ​ចំពោះ​មុខ​នៃ​ការ​សម្រក់​ទឹក​ភ្នែក និង​ការ​សារភាព​របស់​គាត់ លោក​គ្រូ​គង្វាល​ក៏​បាន​ស្រក់​ទឹក​ភ្នែក និង​អត់​ឱន​ទោស​ឲ្យ​គាត់។ មួយ​សប្តាហ៍​ក្រោយ​មក ពួក​ជំនុំ​ទាំង​មូល​ក៏​​បាន​អរ​សប្បាយ ពេល​ដែល​បាន​ស្តាប់​បុរស​ម្នាក់​នេះ ចែក​ចាយ​ទីបន្ទាល់ អំពី​ការ​ដែល​ព្រះ​ទ្រង់​បាន​ធ្វើ​ការ​ក្នុង​ចិត្ត​គាត់។​

សូម្បី​តែ​លោក​ពេត្រុស ដែល​ជា​សិស្ស​របស់​ព្រះ​យេស៊ូវ និង​ជា​មេ​ដឹក​នាំ ក្នុង​ពួក​ជំនុំ​ដំបូង ក៏​ត្រូវ​ការ​ការ​កែ​តម្រង់​ផង​ដែរ ព្រោះ​គាត់​មាន​ការ​គិត​ខុស ចំពោះ​អ្នក​ដែល​មិន​មែន​ជា​ជន​ជាតិ​យូដា។ ការ​បរិភោគ ​និង​ការ​ផឹក​ជា​មួយ​សាសន៍​ដទៃ​(ដែល​គេ​រាប់​ថា មិន​ស្អាត) គឺ​ជា​ការ​បំពាន​ច្បាប់​សង្គម និង​សាសនា​របស់​សាសន៍​យូដា។ លោក​ពេត្រុស​និយាយ​ថា​ “អ្នក​រាល់​គ្នា​ដឹង​ថា មនុស្ស​សាសន៍​យូដា​គ្មាន​ច្បាប់​នឹង​សេព​គប់​នឹង​សាសន៍​ដទៃ ឬ​នឹង​ចូល​ទៅ​ជិត​គេ​ឡើយ”(កិច្ចការ ១០:២៨)។ ទាល់​តែ​គាត់​បាន​ឃើញ​ការ​អស្ចារ្យ​របស់​ព្រះ(ខ.៩-២៣) ទើប​គាត់​ជឿ​ថា គាត់​មិន​ត្រូវ​រាប់​នរណា​ម្នាក់​ថា “​មិន​ស្អាត ឬ​មិន​បរិសុទ្ធ​ឡើយ”(ខ.២៨)។

តាម​រយៈ​ការ​បង្រៀន​ព្រះ​បន្ទូល ការ​ប៉ះ​ពាល់​ចិត្ត​ពី​ព្រះ​វិញ្ញាណ​ និង​បទ​ពិសោធន៍​ជីវិត ព្រះ​ទ្រង់​បន្ត​ធ្វើ​ការ​ក្នុង​ចិត្ត​មនុស្ស ដើម្បី​កែ​តម្រង់​ទស្សនៈ​មិន​ត្រឹម​ត្រូវ ដែល​ពួក​គេ​មាន​ចំពោះ​អ្នក​ដទៃ។ ព្រះ​អង្គ​បាន​បញ្ជាក់​យ៉ាង​ច្បាស់​ថា “ព្រះ​អង្គ​មិន​រើស​មុខ​អ្នក​ណា​ទេ”(ខ.៣៤)។—Arthur Jackson