ក្នុងពេលដែលមានព្យុះរន្ទះ ខ្ញុំ និងកូនស្រីខ្ញុំ អាយុ៦ឆ្នាំ កំពុងតែអង្គុយនៅលើកម្រាលឥដ្ឋ មើលតាមបង្អួចកញ្ចក់ ឃើញផ្លេកបន្ទោរកំពុងបញ្ចេញពន្លឺភ្លឺចិញ្ចាច។ នាងក៏បានលាន់មាត់ម្តងហើយម្តងទៀតថា “ព្រះអង្គពិតជាធំអស្ចារ្យណាស់”។ ខ្ញុំក៏មានអារម្មណ៍ដូចនេះដែរ។ ពេលនោះយើងដឹងច្បាស់ថា យើងតូចទាបប៉ុណ្ណា ហើយព្រះអង្គមានអំណាចចេស្តាប៉ុណ្ណា។ ខ្ញុំក៏បាននឹកចាំបទគម្ពីរយ៉ូបដែលបានចោទសួរថា “តើពន្លឺបានចែកទៅ ឬខ្យល់ពីខាងកើតបានផ្សាយទៅលើផែនដីតាមផ្លូវណា?”(យ៉ូហាន ៣៨:២៤)។
ត្រង់ចំណុចនេះ លោកយ៉ូបចាំបាច់ត្រូវរំឭក អំពីអំណាចចេស្តាព្រះ(ខ.៣៤-៤១)។ ជីវិតរបស់គាត់ជួបការបាត់បង់ដ៏ធ្ងន់ធ្ងរ។ កូនៗរបស់គាត់បានស្លាប់អស់។ គាត់បាត់បង់ទ្រព្យសម្បត្តិគ្មានសល់។ គាត់មានជម្ងឺជាប់ខ្លួន ហើយភរិយាគាត់បានលើកទឹកចិត្តគាត់ឲ្យបោះបង់ចោលសេចក្តីជំនឿទៀត(២:៩)។ ទីបំផុត លោកយ៉ូបក៏បានទូលសួរព្រះថា ហេតុអ្វី? (ជំពូក២៤) ហើយព្រះអង្គក៏បានឆ្លើយតប ពីក្នុងខ្យល់ព្យុះមក(ជំពូក ៣៨)។
ព្រះអង្គបានរំឭកលោកយ៉ូបថា ព្រះអង្គកំពុងតែគ្រប់គ្រងលើអ្វីៗទាំងអស់ នៅលើពិភពលោកនេះ(ជំពូក៣៨)។ ការនេះក៏បានកម្សាន្តចិត្តគាត់ ហើយគាត់ក៏បានឆ្លើយតបថា ” កាលពីដើមត្រចៀកទូលបង្គំបានគ្រាន់តែឮថ្លែងពីទ្រង់ប៉ុណ្ណោះ តែឥឡូវនេះ ភ្នែកទូលបង្គំបានឃើញទ្រង់ជាក់វិញ ”(៤២:៥)។ ដូចនេះ លោកយ៉ូបក៏បានយល់ច្បាស់ថា ព្រះអង្គមិនដូចអ្វីដែលយើងគិតឡើយ។
ពេលដែលជីវិតស្ថិតក្នុងភាពអស់សង្ឃឹម យើងត្រូវនឹកចាំថា ព្រះដែលបានបង្កើតពិភពលោក ទ្រង់ធំ និងមានក្តីស្រឡាញ់ល្មមនឹងអាចថែរក្សាយើង។ យើងថែមទាំងអាចចាប់ផ្តើមច្រៀងបទចម្រៀងថ្វាយបង្គំ ដែលរៀបរាប់អំពីព្រះចេស្តា និងភាពអស្ចារ្យរបស់ព្រះអង្គទៀតផង។—Daniel Ryan Day