ពេល​ដែល​ពួក​ណាហ្ស៊ី​បាន​ជ្រើស​រើស​លោក​ហ្វ្រង់ យ៉ាហ្គ័រស្តាទ័រ(Franz Jägerstätter) ឲ្យ​ចូល​ធ្វើ​ទ័ព ក្នុង​អំឡុង​សម័យ​សង្រ្គាម​លោក​លើក​ទី​២ គាត់​ក៏​បាន​បញ្ចប់​ការ​ហ្វឹក​ហាត់​ទាហាន​ថ្នាក់​មូល​ដ្ឋាន តែ​គាត់​បាន​បដិសេធន៍​មិន​ព្រម​ធ្វើ​ស្បថ​សច្ចា​នូវ​ភាព​ស្មោះ​ស្ម័គ្រ​ចំពោះ​លោក​អាដូហ្វ អ៊ីត្ល៊ែ(Adolf Hitler)ឡើយ។ ពួក​អាជ្ញាធរ​បាន​អនុញ្ញាត​ឲ្យ​លោក​ហ្វ្រែង​វិល​ត្រឡប់​ទៅ​កសិដ្ឋាន​របស់​គាត់​វិញ តែ​ក្រោយ​មក ក៏​បាន​កោះ​ហៅ​គាត់​ឲ្យ​បំពេញ​តួនាទី​សកម្ម​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បន្ទាប់​ពី​គាត់​បាន​ស្គាល់​មនោគម​វិជ្ជា​របស់​ពួក​ណាហ្ស៊ី​កាន់​តែ​ច្បាស់ និង​បាន​ដឹង​អំពី​អំពើ​ប្រល័យ​ពូជ​សាសន៍​មក​លើ​ជន​ជាតិ​យូដា គាត់​ក៏​បាន​សម្រេច​ចិត្ត​ថា​ នៅ​តែ​ស្មោះ​ស្ម័គ្រ​ចំពោះ​ព្រះ គឺ​មាន​ន័យ​ថា គាត់​នឹង​មិន​អាច​ទៅ​ប្រយុទ្ធ ដើម្បី​ពួក​ណាហ្ស៊ី​បាន​ទេ។ គេ​ក៏​បាន​ចាប់​ខ្លួន​គាត់ ហើយ​កាត់​ទោស​ប្រហារ​ជីវិត ដោយ​បន្សល់​ទុក​នូវ​ភរិយា និង​កូន​ស្រី​៣​នាក់។​

ជា​យូរ​ឆ្នាំ​មក​ហើយ អ្នក​ជឿ​ព្រះ​យេស៊ូវ​ជា​ច្រើន​នាក់ បាន​ប្រឆាំង​យ៉ាង​មុត​មាំ ចំពោះ​ការ​បង្ខំ​ឲ្យ​ឈប់​ស្តាប់​បង្គាប់​ព្រះ ទោះ​ពួក​គេ​ជួប​ការ​គំរាម​សម្លាប់​ក៏​ដោយ។ នៅ​ក្នុង​រឿង​របស់​លោក​ដានីយ៉ែល ស្តេច​បាន​ចេញ​បញ្ជា ដោយ​គំរាម​ថា អ្នក​ណា​ដែល​អធិស្ឋាន​ទៅ​រក​ព្រះ​ណា​មួយ ឬ​មនុស្ស​ណា​ម្នាក់ ក្រៅ​ពី​ស្តេច​(ដានីយ៉ែល ៦:១២) នឹង​ត្រូវ​គេ​បោះ​ចូល​ទៅ​ក្នុង​រូង​តោ​មិន​ខាន។ តែ​លោក​ដានីយ៉ែល​នៅ​តែ​ស្មោះ​ត្រង់​ចំពោះ​ព្រះ ដោយ​មិន​ព្រួយ​បារម្ភ​អំពី​សុវត្ថិ​ភាព​ផ្ទាល់​ខ្លួន។ “លោក​លុត​ជង្គង់​ចុះ​អធិស្ឋាន ហើយ​អរ​ព្រះគុណ​ដល់​ព្រះ​របស់​លោក​១​ថ្ងៃ​៣​ដង ដូច​ជា​កាល​ពី​មុន”(ខ.១០)។ លោក​ហោរា​រូប​នេះ បាន​លុត​ជង្គង់​ចុះ​នៅ​ចំពោះ​ព្រះ តែ​មួយ​អង្គ​ទេ ទោះ​គាត់​នឹង​ជួប​គ្រោះ​ថ្នាក់​អ្វី​ក៏​ដោយ។​

ជួន​កាល ការ​សម្រេច​ចិត្ត​របស់​យើង​មាន​ភាព​ច្បាស់​លាស់។ ទោះ​មនុស្ស​នៅ​ជុំវិញ​យើង​បញ្ចុះ​បញ្ចូល​យើង ឲ្យ​ទទួល​យក​ទស្សនៈ​ដែល​ពេញ​និយម​ក៏​ដោយ ទោះ​កេរ្តិ៍​ឈ្មោះ​យើង ឬ​ជីវិត​យើង​អាច​ជួប​គ្រោះ​ថ្នាក់​ក៏​ដោយ ចូរ​យើង​កុំ​ឈប់​ស្តាប់​បង្គាប់​ព្រះ​។ ជួន​កាល ទោះ​យើង​ត្រូវ​ជួប​ការ​ខាត​បង់​ធំ​យ៉ាង​ណា​ក៏​ដោយ យើង​ត្រូវ​ឆ្លើយ​តប ដោយ​ការ​បដិសេធន៍​ដ៏​មុត​មាំ។​—Winn Collier