កាលប៉ុន្មានឆ្នាំមុន ខ្ញុំបានដាក់ពាក្យសុំធ្វើការ ក្នុងអង្គការគ្រីស្ទបរិស័ទមួយ ហើយគេក៏បានបង្ហាញនូវបទបញ្ជាផ្ទៃក្នុងមួយ ដែលបានហាមមិនឲ្យ ប្រើគ្រឿងស្រវឹង បារី និងប្រព្រឹត្តនូវការកម្សាន្តសប្បាយមួយចំនួន។ ពួកគេរំពឹងថា បុគ្គលិកទាំងឡាយមានអាកប្បកិរិយាដែលសមជាគ្រីស្ទបរិស័ទ។ ខ្ញុំអាចយល់ស្របនឹងបទបញ្ជាផ្ទៃក្នុងនេះ ព្រោះខ្ញុំមិនប្រព្រឹត្តនូវរឿងទាំងអស់នេះទេ ដោយវាខុសនឹងជំនឿរបស់ខ្ញុំ។ ប៉ុន្តែ ខ្ញុំក៏បានឆ្ងល់ផងដែរថា ហេតុអ្វីបានជាគេមិនដាក់បំរាម មិនឲ្យបុគ្គលិកមានអាកប្បកិរិយាក្រអឺតក្រទម មិនគិតពីអារម្មណ៍អ្នកដទៃ កាច មានការរស់នៅបែបសាច់ឈាម និងចូលចិត្តរិះគន់គេជាដើម?
យើងមិនអាចកំណត់អត្តសញ្ញាណរបស់អ្នកដើរតាមព្រះយេស៊ូវ ដោយផ្អែកទៅលើច្បាប់ ឬក្រឹត្យវិន័យដែលពួកគេបានធ្វើតាមនោះទេ។ តែយើងត្រូវមើលគុណភាពនៃជីវិតខាងវិញ្ញាណ ឬទីបន្ទាល់ដ៏ល្អនៃការរស់នៅរបស់ពួកគេ។
តាមការរៀបរាប់អំពីព្រះពរព្រះ ក្នុងបទគម្ពីរម៉ាថាយ ៥:៣-១០ យើងអាចនិយាយជាសង្ខេប អំពីទីបន្ទាល់ដ៏ល្អនោះថា អ្នកដែលមានព្រះវិញ្ញាណនៃព្រះយេស៊ូវគង់នៅ និងពឹងផ្អែកលើព្រះអង្គ ជាមនុស្សបន្ទាបខ្លួន និងមិនអាត្មានិយម។ ពួកគេមានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ចំពោះទុក្ខលំបាករបស់អ្នកដទៃ។ ពួកគេមានចិត្តសុភាព និងសប្បុរស។ ពួកគេចង់បានសេចក្តីល្អសម្រាប់ខ្លួនឯង និងអ្នកដទៃ។ ពួកគេមានចិត្តមេត្តា ចំពោះអ្នកដែលកំពុងជួបការលំបាក និងបរាជ័យ។
ពួកគេមានចិត្តគំនិតតែមួយ នៅក្នុងការស្រឡាញ់ព្រះយេស៊ូវ។ ពួកគេមានសន្តិភាពក្នុងចិត្ត ហើយក៏បន្សល់ទុកនូវកេរដំណែលនៃសន្តិភាពដល់អ្នកជំនាន់ក្រោយ។ ពួកគេមានចិត្តសប្បុរសចំពោះអ្នកដែលធ្វើខុសមកលើពួកគេ ដោយធ្វើការល្អ ស្នងការអាក្រក់។ និយាយរួម ពួកគេមានពរ ឬមានអំណរ ដោយសារទីបន្ទាល់ដ៏ល្អនេះ។
ការរស់នៅប្រភេទនេះ ទាក់ទាញចំណាប់អារម្មណ៍របស់អ្នកដទៃ និងជាការរស់នៅរបស់អ្នកចូលមករកព្រះយេស៊ូវ ហើយទូលសូមការរស់នៅប្រភេទនេះ។—David H. Roper