កាល​ប៉ុន្មាន​ឆ្នាំ​មុន ខ្ញុំ​បាន​ដាក់​ពាក្យ​សុំ​ធ្វើ​ការ ក្នុង​អង្គការ​គ្រីស្ទ​បរិស័ទ​មួយ ហើយ​គេ​ក៏​បាន​បង្ហាញ​នូវ​បទ​បញ្ជា​ផ្ទៃ​ក្នុង​មួយ ដែល​បាន​ហាម​មិន​ឲ្យ ប្រើ​គ្រឿង​ស្រវឹង បារី និង​ប្រព្រឹត្ត​នូវ​ការ​កម្សាន្ត​សប្បាយ​មួយ​ចំនួន។ ពួក​គេ​រំពឹង​ថា បុគ្គលិក​ទាំង​ឡាយ​មាន​អាកប្ប​កិរិយា​ដែល​សម​ជា​គ្រីស្ទ​បរិស័ទ។ ខ្ញុំ​អាច​យល់​ស្រប​នឹង​បទ​បញ្ជា​ផ្ទៃ​ក្នុង​នេះ ព្រោះ​ខ្ញុំ​មិន​ប្រព្រឹត្ត​នូវ​រឿង​ទាំង​អស់​នេះ​ទេ ដោយ​វា​ខុស​នឹង​ជំនឿ​របស់​ខ្ញុំ។ ប៉ុន្តែ ខ្ញុំ​ក៏​បាន​ឆ្ងល់​ផង​ដែរ​ថា ហេតុ​អ្វី​បាន​ជា​គេ​មិន​ដាក់​បំរាម មិន​ឲ្យ​បុគ្គលិក​មាន​អាកប្ប​កិរិយា​ក្រអឺត​ក្រទម មិន​គិត​ពី​អារម្មណ៍​អ្នក​ដទៃ កាច មាន​ការ​រស់​នៅ​បែប​សាច់​ឈាម និង​ចូល​ចិត្ត​រិះ​គន់​គេ​ជា​ដើម?

យើង​មិន​អាច​កំណត់​អត្ត​សញ្ញាណ​របស់​អ្នក​ដើរ​តាម​ព្រះ​យេស៊ូវ ដោយ​ផ្អែក​ទៅ​លើ​ច្បាប់ ឬ​ក្រឹត្យ​វិន័យ​ដែល​ពួក​គេ​បាន​ធ្វើ​តាម​នោះ​ទេ​។ តែ​យើង​ត្រូវ​មើល​គុណ​ភាព​នៃ​ជីវិត​ខាង​វិញ្ញាណ ឬ​ទីបន្ទាល់​ដ៏​ល្អ​នៃ​ការ​រស់​នៅ​របស់​ពួក​គេ។

តាម​ការ​រៀប​រាប់​អំពី​ព្រះ​ពរ​ព្រះ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៥:៣-១០ យើង​អាច​និយាយ​ជា​សង្ខេប អំពី​ទីបន្ទាល់​ដ៏​ល្អ​នោះ​ថា អ្នក​ដែល​មាន​ព្រះ​វិញ្ញាណ​នៃ​ព្រះ​យេស៊ូវ​គង់​នៅ និង​ពឹង​ផ្អែក​លើ​ព្រះ​អង្គ ជា​មនុស្ស​បន្ទាប​ខ្លួន និង​មិន​អាត្មា​និយម។​ ពួក​គេ​មាន​ការ​ប៉ះ​ពាល់​ចិត្ត​យ៉ាង​ខ្លាំង ចំពោះ​ទុក្ខ​លំបាក​របស់​អ្នក​ដទៃ។ ពួក​គេ​មាន​ចិត្ត​សុភាព និង​សប្បុរស។ ពួក​គេ​ចង់​បាន​សេចក្តី​ល្អ​សម្រាប់​ខ្លួន​ឯង និង​អ្នក​ដទៃ។ ពួក​គេ​មាន​ចិត្ត​មេត្តា ចំពោះ​អ្នក​ដែល​កំពុង​ជួប​ការ​លំបាក និង​បរាជ័យ។

ពួក​គេ​មាន​ចិត្ត​គំនិត​តែ​មួយ នៅ​ក្នុង​ការ​ស្រឡាញ់​ព្រះយេស៊ូវ។ ពួក​គេ​មាន​សន្តិភាព​ក្នុង​ចិត្ត ហើយ​ក៏​បន្សល់​ទុក​នូវ​កេរ​ដំណែល​នៃ​សន្តិភាព​ដល់​អ្នក​ជំនាន់​ក្រោយ។ ពួក​គេ​មាន​ចិត្ត​សប្បុរស​ចំពោះ​អ្នក​ដែល​ធ្វើ​ខុស​មក​លើ​ពួក​គេ ដោយ​ធ្វើ​ការ​ល្អ ស្នង​ការ​អាក្រក់។ និយាយ​រួម ពួក​គេ​មាន​ពរ ឬ​មាន​អំណរ ដោយសារ​ទី​បន្ទាល់​ដ៏​ល្អ​នេះ។

ការ​រស់​នៅ​ប្រភេទ​នេះ ទាក់​ទាញ​ចំណាប់​អារម្មណ៍​របស់​អ្នក​ដទៃ និង​ជា​ការ​រស់​នៅ​របស់​អ្នក​ចូល​មក​រក​ព្រះ​យេស៊ូវ ហើយ​ទូល​សូម​ការ​រស់​នៅ​ប្រភេទ​នេះ។​—David H. Roper