កាល​ពី​ទសវត្សរ៍​ឆ្នាំ​១៨០០ ហ្វូង​សត្វ​កណ្តូប​បាន​ចុះ នៅ​ក្នុង​រដ្ឋ​មីនេសូតា ដោយ​បំផ្លាញ​ផល​ដំណាំ អស់​រយៈ​ពេល​៥​ឆ្នាំ។ កសិករ​ទាំង​ឡាយ​បាន​ព្យាយាម​ចាប់​សត្វ​កណ្តូប ហើយ​ដុត​វាល​ស្រែ​របស់​ពួក​គេ ដើម្បី​កម្ទេច​ពង​របស់​ពួក​វា។ ដោយ​ការ​អស់​សង្ឃឹម និង​ជួប​គ្រោះ​អត់​ឃ្លាន​ស្ទើរ​តែ​ដាច់​ពោះ​ស្លាប់ មនុស្ស​ជា​ច្រើន​បាន​ស្នើ​ឲ្យ​មាន​ការ​ជ្រើស​រើស​ថ្ងៃ​មួយ សម្រាប់​ការ​អធិស្ឋាន​ទូទាំង​រដ្ឋ ដោយ​ការ​ស្រេក​ឃ្លាន ក្នុង​ការ​ស្វែង​រក​ព្រះ​ទាំង​អស់​គ្នា។ លោក​អភិបាល​រដ្ឋ​ក៏​បាន​យល់​ព្រម ដោយ​ជ្រើស​រើស​យក​ថ្ងៃ​២៦​មេសា ជា​ថ្ងៃ​អធិស្ឋាន​ទូទាំង​រដ្ឋ។

បន្ទាប់​ពី​រួម​គ្នា​អធិស្ឋាន បាន​ប៉ុន្មាន​ថ្ងៃ អាកាស​ធាតុ​ក៏​បាន​ឡើង​កម្តៅ ហើយ​ពង​របស់​សត្វ​កណ្តូប​ក៏​បាន​ញាស់។ ប៉ុន្តែ បួន​ថ្ងៃ​ក្រោយ​មក សីតុណ្ហ​ភាព​បាន​ធ្លាក់​ចុះ ដែល​ធ្វើ​ឲ្យ​មនុស្ស​ជា​ច្រើន​មាន​ការ​ភ្ញាក់​ផ្អើល និង​សប្បាយ​ចិត្ត ព្រោះ​អាកាស​ធាតុ​ត្រជាក់​ខ្លាំង​បាន​ធ្វើ​ឲ្យ​កូន​សត្វ​កណ្តូប​ងាប់​អស់។​ ប្រជាជន​នៅ​រដ្ឋ​មីនេសូតា ក៏​អាច​បង្ក​បង្កើន​ផល​ដំណាំ​ពោត ស្រូវ​សាឡី និង​ស្រូវ​អូត​ឡើង​វិញ។

ការ​អធិស្ឋាន​ក៏​បាន​នំា​ឲ្យ​មាន​ការ​ជួយ​សង្រ្គោះ​រាស្រ្ត​ព្រះ ក្នុង​អំឡុង​រាជ្យ​ស្តេច​យ៉ូសាផាត​ផង​ដែរ។ ពេល​ដែល​ស្តេច​អង្គ​នេះ​បាន​ដឹង​ថា កង​ទ័ព​សត្រូវ​ដ៏​ច្រើន​សន្ធឹក​កំពុង​តែ​លើក​គ្នា​មក​ទាស់​នឹង​ទ្រង់ ទ្រង់​ក៏​បាន​អំពាវ​នាវ​ដល់​រាស្រ្ត​របស់​ព្រះ​ឲ្យ​អធិស្ឋាន និង​តម​អត់។ រាស្រ្ត​របស់​ព្រះ​បាន​រំឭក អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​សង្រ្គោះ​ពួក​គេ កាល​ពី​មុន។ ហើយ​ស្តេច​យ៉ូសាផាត​មាន​បន្ទូល​ថា “បើសិន​ជា​មាន​សេចក្តី​អាក្រក់​ណា មក​សង្កត់​លើ​យើង​រាល់​គ្នា ទោះ​បើ​ជា​ដាវ ឬ​ទុក្ខ​ទោស អាសន្នរោគ ឬ​អំណត់​ក្តី” យើង​រាល់​​គ្នា​​នឹង​អំពាវ​នាវ​​ដល់​​ទ្រង់ នោះ​ទ្រង់​នឹង​ព្រម​ទទួល ហើយ​នឹង​ជួយ​សង្គ្រោះ​យើង”(២របាក្សត្រ ២០:៩)។

ព្រះ​ទ្រង់​ក៏​បាន​ជួយ​សង្រ្គោះ​រាស្រ្ត​របស់​ព្រះ​អង្គ ឲ្យ​រួច​ផុត​ពី​ខ្មាំង​សត្រូវ​ឈ្លាន​ពាន ហើយ​ព្រះ​អង្គ​ក៏​ស្តាប់​ឮ​យើង ពេល​ណា​យើង​ស្រែក​រក​ព្រះ​អង្គ ក្នុង​ពេល​មាន​ទុក្ខ​លំបាក។ ទោះ​អ្នក​មាន​បញ្ហា​អ្វី ទោះ​បញ្ហា​ទំនាក់​ទំនង ឬ​ការ​គំរាម​កំហែង​ក្នុង​លោកិយ​នេះ​ក៏​ដោយ ចូរ​យើង​ទូល​ថ្វាយ​ដល់​ព្រះ។ គ្មាន​ការ​អ្វី​ដែល​ពិបាក​ពេក សម្រាប់​ព្រះ​អង្គ​នោះ​ទេ។​—Amy Boucher Pye