កាលពីទសវត្សរ៍ឆ្នាំ១៨០០ ហ្វូងសត្វកណ្តូបបានចុះ នៅក្នុងរដ្ឋមីនេសូតា ដោយបំផ្លាញផលដំណាំ អស់រយៈពេល៥ឆ្នាំ។ កសិករទាំងឡាយបានព្យាយាមចាប់សត្វកណ្តូប ហើយដុតវាលស្រែរបស់ពួកគេ ដើម្បីកម្ទេចពងរបស់ពួកវា។ ដោយការអស់សង្ឃឹម និងជួបគ្រោះអត់ឃ្លានស្ទើរតែដាច់ពោះស្លាប់ មនុស្សជាច្រើនបានស្នើឲ្យមានការជ្រើសរើសថ្ងៃមួយ សម្រាប់ការអធិស្ឋានទូទាំងរដ្ឋ ដោយការស្រេកឃ្លាន ក្នុងការស្វែងរកព្រះទាំងអស់គ្នា។ លោកអភិបាលរដ្ឋក៏បានយល់ព្រម ដោយជ្រើសរើសយកថ្ងៃ២៦មេសា ជាថ្ងៃអធិស្ឋានទូទាំងរដ្ឋ។
បន្ទាប់ពីរួមគ្នាអធិស្ឋាន បានប៉ុន្មានថ្ងៃ អាកាសធាតុក៏បានឡើងកម្តៅ ហើយពងរបស់សត្វកណ្តូបក៏បានញាស់។ ប៉ុន្តែ បួនថ្ងៃក្រោយមក សីតុណ្ហភាពបានធ្លាក់ចុះ ដែលធ្វើឲ្យមនុស្សជាច្រើនមានការភ្ញាក់ផ្អើល និងសប្បាយចិត្ត ព្រោះអាកាសធាតុត្រជាក់ខ្លាំងបានធ្វើឲ្យកូនសត្វកណ្តូបងាប់អស់។ ប្រជាជននៅរដ្ឋមីនេសូតា ក៏អាចបង្កបង្កើនផលដំណាំពោត ស្រូវសាឡី និងស្រូវអូតឡើងវិញ។
ការអធិស្ឋានក៏បាននំាឲ្យមានការជួយសង្រ្គោះរាស្រ្តព្រះ ក្នុងអំឡុងរាជ្យស្តេចយ៉ូសាផាតផងដែរ។ ពេលដែលស្តេចអង្គនេះបានដឹងថា កងទ័ពសត្រូវដ៏ច្រើនសន្ធឹកកំពុងតែលើកគ្នាមកទាស់នឹងទ្រង់ ទ្រង់ក៏បានអំពាវនាវដល់រាស្រ្តរបស់ព្រះឲ្យអធិស្ឋាន និងតមអត់។ រាស្រ្តរបស់ព្រះបានរំឭក អំពីពេលដែលព្រះទ្រង់បានសង្រ្គោះពួកគេ កាលពីមុន។ ហើយស្តេចយ៉ូសាផាតមានបន្ទូលថា “បើសិនជាមានសេចក្តីអាក្រក់ណា មកសង្កត់លើយើងរាល់គ្នា ទោះបើជាដាវ ឬទុក្ខទោស អាសន្នរោគ ឬអំណត់ក្តី” យើងរាល់គ្នានឹងអំពាវនាវដល់ទ្រង់ នោះទ្រង់នឹងព្រមទទួល ហើយនឹងជួយសង្គ្រោះយើង”(២របាក្សត្រ ២០:៩)។
ព្រះទ្រង់ក៏បានជួយសង្រ្គោះរាស្រ្តរបស់ព្រះអង្គ ឲ្យរួចផុតពីខ្មាំងសត្រូវឈ្លានពាន ហើយព្រះអង្គក៏ស្តាប់ឮយើង ពេលណាយើងស្រែករកព្រះអង្គ ក្នុងពេលមានទុក្ខលំបាក។ ទោះអ្នកមានបញ្ហាអ្វី ទោះបញ្ហាទំនាក់ទំនង ឬការគំរាមកំហែងក្នុងលោកិយនេះក៏ដោយ ចូរយើងទូលថ្វាយដល់ព្រះ។ គ្មានការអ្វីដែលពិបាកពេក សម្រាប់ព្រះអង្គនោះទេ។—Amy Boucher Pye