ពេលដែលទស្សនាវដី្តតន្រ្តី របស់ទូរទស្សន៍ប៊ីប៊ីស៊ី បានសួរអ្នកដឹកនាំក្រុមតន្រ្តី១៥១នាក់ ឲ្យរាប់ឈ្មោះទំនុកបទភ្លេងដែលពិរោះបំផុត ចំនួន២០បទ ដែលគេបាននិពន្ធ គេក៏បានដាក់បទភ្លេងអេរ៉ូអ៊ីកា ដែលជាបទទីបីរបស់លោកបីថូវិន(Beethoven) ក្នុងចំណាត់ថ្នាក់លេខ១។ ពាក្យ “អេរ៉ូអ៊ីកា” គឺប្រែមកថា “ភាពក្លាហាន”។ បទភ្លេងនេះត្រូវបាននិពន្ធក្នុងសម័យដ៏វឹកវរនៃបដិវត្តន៍នៅប្រទេសបារាំង តែក៏ត្រូវបាននិពន្ធផ្អែកទៅលើទុក្ខលំបាករបស់លោកប៊ីថូវិន ខណៈពេលដែលគាត់កំពុងតែបាត់បង់ការស្តាប់ឮបន្តិចម្តងៗ។ បទភ្លេងនេះបានបណ្តុះអារម្មណ៍ដ៏ធ្ងន់ធ្ងរដែលផ្លាស់ប្តូរពីមួយទៅមួយ ដោយបង្ហាញអំពីអត្ថន័យនៃការមានជីវិតរស់ជាមនុស្ស ក្នុងពេលជួបបញ្ហាប្រឈម។ ដោយសារបទភ្លេងនេះនាំឲ្យអ្នកស្តាប់ផ្លាស់ប្តូរអារម្មណ៍ពីសប្បាយ ទៅជាមានទុក្ខ ហើយទីបំផុតផ្លាស់ប្តូរទៅរកអារម្មណ៍ នៅពេលមានជ័យជម្នះ នោះគេបានចាត់ទុកបទភ្លេងទីបីរបស់លោកប៊ីថូវិន ជាការរួមចំណែកគ្រប់សម័យកាល ដល់មនុស្សជាតិ។
សំបុត្រទី១ដែលសាវ័កប៉ុលសរសេរផ្ញើទៅពួកជំនុំនៅទីក្រុងកូរិនថូស ក៏សក្ដិសមនឹងទទួលការចាប់អារម្មណ៍គ្រប់សម័យកាល ដោយសារហេតុផលស្រដៀងនេះផងដែរ។ តាមរយៈព្រះបន្ទូលព្រះដែលបណ្តាលចិត្តមនុស្ស កណ្ឌគម្ពីរសំបុត្រនេះ បានពិពណ៌នា អំពីព្រះពរព្រះ(១:៤-៩) រួចចុះមកនិយាយ អំពីរឿងដែលគួរឲ្យសោកស្តាយ នៃការប៉ះទង្គិចគ្នា ដែលធ្វើឲ្យឈឺចាប់ក្នុងវិញ្ញាណ(១១:១៧-២២) ហើយក៏បានឡើងទៅនិយាយ អំពីអ្នកដែលមានអំណោយទានផ្សេងគ្នា ធ្វើការជាមួយគ្នា ដើម្បីប្រយោជន៍គ្នាទៅវិញទៅមក និងដើម្បីសិរីល្អព្រះ(១២:៦-៧)។
អ្វីដែលខុសគ្នារវាងទំនុកបទភ្លេងដ៏ល្បីនោះ និងកណ្ឌគម្ពីរសំបុត្រនេះ គឺនៅត្រង់ចំណុចដែលថា ក្នុងកណ្ឌគម្ពីរសំបុត្រនេះ យើងឃើញថា ជ័យជម្នះនៃវិញ្ញាណរបស់មនុស្ស គឺកើតឡើងពីព្រះវិញ្ញាណនៃព្រះ។ សាវ័កប៉ុលបានជំរុញយើង ឲ្យពិសោធន៍ជាមួយគ្នា នូវសេចក្តីស្រឡាញ់ដែលមិនអាចពិពណ៌នាបានរបស់ព្រះ ហើយទន្ទឹមនឹងនោះ គាត់ក៏បានបង្រៀនយើងឲ្យស្គាល់ខ្លួនឯង ដែលបានទទួលការត្រាស់ហៅពីព្រះវរបិតា និងដឹកនាំដោយព្រះរាជបុត្រាព្រះអង្គ ហើយទទួលការបណ្តាលចិត្តពីព្រះវិញ្ញាណព្រះអង្គ មិនមែនដើម្បីបង្កើតសម្លេងមិនល្អ តែដើម្បីរួមគ្នាបង្កើតសម្លេងដ៏ពីរោះបំផុត។—Mart DeHaan