ពេល​ដែល​ទស្សនាវដី្ត​តន្រ្តី របស់​ទូរទស្សន៍​ប៊ីប៊ីស៊ី បាន​សួរ​អ្នក​ដឹក​នាំ​ក្រុម​តន្រ្តី​១៥១​នាក់ ឲ្យ​រាប់​ឈ្មោះ​ទំនុក​បទ​ភ្លេង​ដែល​ពិរោះ​បំផុត ចំនួន​២០​បទ ដែល​គេ​បាន​និពន្ធ គេ​ក៏​បាន​ដាក់​បទ​ភ្លេង​អេរ៉ូអ៊ីកា ដែល​ជា​បទ​ទីបី​របស់​លោក​បីថូវិន(Beethoven) ក្នុង​ចំណាត់​ថ្នាក់​លេខ​១។ ពាក្យ​ “អេរ៉ូអ៊ីកា” គឺ​ប្រែ​មក​​ថា “ភាព​ក្លាហាន”។ បទ​ភ្លេង​នេះ​ត្រូវ​បាន​និពន្ធ​ក្នុង​សម័យ​ដ៏​វឹកវរ​នៃ​បដិវត្តន៍​នៅ​ប្រទេស​បារាំង តែ​ក៏​​ត្រូវ​បាន​និពន្ធ​ផ្អែក​ទៅ​លើ​ទុក្ខ​លំបាក​របស់​លោក​ប៊ីថូវិន ខណៈ​ពេល​ដែល​គាត់​កំពុង​តែ​បាត់​បង់​ការ​ស្តាប់​ឮ​បន្តិច​ម្តង​ៗ។​ បទ​ភ្លេង​នេះ​បាន​បណ្តុះ​អារម្មណ៍​ដ៏​ធ្ងន់​ធ្ងរ​ដែល​ផ្លាស់​ប្តូរ​ពី​មួយ​ទៅ​មួយ ដោយ​បង្ហាញ​អំពី​អត្ថ​ន័យ​នៃ​ការ​មាន​ជីវិត​រស់​ជា​មនុស្ស ក្នុង​ពេល​ជួប​បញ្ហា​ប្រឈម។ ដោយសារ​បទ​ភ្លេង​នេះ​នាំ​ឲ្យ​អ្នក​ស្តាប់​ផ្លាស់​ប្តូរ​អារម្មណ៍​ពី​សប្បាយ ទៅ​ជា​មាន​ទុក្ខ ហើយ​ទី​បំផុត​ផ្លាស់​ប្តូរ​ទៅ​រក​អារម្មណ៍ នៅ​ពេល​មាន​ជ័យ​ជម្នះ នោះ​គេ​បាន​ចាត់​ទុក​បទ​ភ្លេង​ទីបី​របស់​លោក​ប៊ីថូវិន ជា​ការ​រួម​ចំណែក​គ្រប់​សម័យ​កាល ដល់​មនុស្ស​ជាតិ។​

សំបុត្រ​ទី​១​ដែល​សាវ័ក​ប៉ុល​សរសេរ​ផ្ញើ​ទៅ​ពួក​ជំនុំ​នៅ​ទីក្រុង​កូរិនថូស ក៏​សក្ដិសម​នឹង​ទទួល​ការ​ចាប់​អារម្មណ៍​គ្រប់​សម័យ​កាល ដោយសារ​ហេតុ​ផល​ស្រដៀង​នេះ​ផង​ដែរ។ តាម​រយៈ​ព្រះ​បន្ទូល​ព្រះ​ដែល​បណ្តាល​ចិត្ត​មនុស្ស កណ្ឌ​គម្ពីរ​សំបុត្រ​នេះ បាន​ពិពណ៌នា​ អំពី​ព្រះ​ពរ​ព្រះ​(១:៤-៩) រួច​ចុះ​មក​និយាយ អំពី​រឿង​ដែល​គួរ​ឲ្យ​សោក​ស្តាយ នៃ​ការ​ប៉ះ​ទង្គិច​គ្នា ដែល​ធ្វើ​ឲ្យ​ឈឺ​ចាប់​ក្នុង​វិញ្ញាណ(១១:១៧-២២) ហើយ​ក៏​បាន​ឡើង​ទៅ​និយាយ អំពី​អ្នក​ដែល​មាន​អំណោយ​ទាន​ផ្សេង​គ្នា ធ្វើ​ការ​ជា​មួយ​គ្នា ដើម្បី​ប្រយោជន៍​គ្នា​ទៅ​វិញ​ទៅ​មក និង​ដើម្បី​សិរីល្អ​ព្រះ​(១២:៦-៧)។

អ្វី​ដែល​ខុស​គ្នា​រវាង​ទំនុក​បទ​ភ្លេង​ដ៏​ល្បី​នោះ និង​កណ្ឌ​គម្ពីរ​សំបុត្រ​នេះ គឺ​នៅ​ត្រង់​ចំណុច​ដែល​ថា ក្នុង​កណ្ឌ​គម្ពីរ​សំបុត្រ​នេះ យើង​ឃើញ​ថា​ ជ័យ​ជម្នះ​នៃ​វិញ្ញាណ​របស់​មនុស្ស គឺ​កើត​ឡើង​ពី​ព្រះ​វិញ្ញាណ​នៃ​ព្រះ។​ សាវ័ក​ប៉ុល​បាន​ជំរុញ​យើង ឲ្យ​ពិសោធន៍​ជា​មួយ​គ្នា នូវ​សេចក្តី​ស្រឡាញ់​ដែល​មិន​អាច​ពិពណ៌នា​បាន​របស់​ព្រះ ហើយ​ទន្ទឹម​នឹង​នោះ គាត់​ក៏​បាន​បង្រៀន​យើង​ឲ្យ​ស្គាល់​ខ្លួន​ឯង ដែល​បាន​ទទួល​ការ​ត្រាស់​ហៅ​ពី​ព្រះ​វរបិតា និង​ដឹក​នាំ​ដោយ​ព្រះ​រាជ​បុត្រា​ព្រះ​អង្គ ហើយ​ទទួល​ការ​បណ្តាល​ចិត្ត​ពី​ព្រះ​វិញ្ញាណ​ព្រះ​អង្គ មិន​មែន​ដើម្បី​បង្កើត​សម្លេង​មិន​ល្អ តែ​ដើម្បី​រួម​គ្នា​បង្កើត​សម្លេង​ដ៏​ពីរោះ​បំផុត។—Mart DeHaan