កាល​ពី​ឆ្នាំ​២០១៩ ខ្យល់​ព្យុះ ដូរៀន​បាន​បក់​បោក​មក​លើ​ប្រជុំ​កោះ នៃ​ប្រទេស​បាហា​ម៉ាស ដោយ​ភ្លៀង ខ្យល់ និង​ទឹក​ជំនន់​ដ៏​ធ្ងន់​ធ្ងរ។ នេះ​ជា​គ្រោះ​ធម្មជាតិ​ដ៏​អាក្រក់​បំផុត ក្នុង​ប្រវត្តិ​សាស្រ្ត​ប្រទេស​នេះ។ ខណៈ​ពេល​ដែល​លោក​ប្រ៊ែន​(Brent) កំពុង​តែ​ជ្រក​នៅ​ក្នុង​ផ្ទះ ជា​មួយ​កូន​ប្រុស​របស់​គាត់ ដែល​ជា​ជន​ពិការ គាត់​ដឹង​ថា គាត់​ត្រូវ​នាំ​កូន​គាត់​ចេញ​ពី​ផ្ទះ។  ទោះ​លោក​ប្រ៊ែន​ពិការ​ភ្នែក​ក៏​ដោយ គាត់​ត្រូវ​តែ​ជួយ​សង្រ្គោះ​កូន​ប្រុស​គាត់។ គាត់​ក៏​បាន​ដាក់​កូន​ប្រុស​គាត់ ឲ្យ​ជិះ​ករ​គាត់​ថ្មម​ៗ ហើយ​ក៏​បាន​បោះ​ជំហាន ចូល​ទៅ​ក្នុង​ទឹក​ដែល​បាន​លិច​ជន់​ត្រឹម​ចង្កា​គាត់ ហើយ​នាំ​កូន​ប្រុស​គាត់​ទៅ​ដល់​ទីសុវត្ថិ​ភាព។​

បើ​សិន​ជា​ឪពុក​ដែល​ជា​មនុស្ស​ពិការ​ភ្នែក មិន​មាន​ការ​រួញ​រា ក្នុង​ការ​ជួយ​កូន​ប្រុស​ខ្លួន​ទៅ​ហើយ ចុះ​ទំរាំ​តែ​ព្រះ​វរបិតា​ដែល​គង់​នៅ​ស្ថានសួគ៌ តើ​ព្រះ​អង្គ​ខ្វល់​អំពី​កូន​ព្រះ​អង្គ​ជាង​អម្បាល​ម្មាន។ នៅ​គ្រា​សញ្ញា​ចាស់ លោក​ម៉ូសេ​បាន​រំឭក អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​បីទ្រ​រាស្រ្ត​ទ្រង់ ទោះ​ជំនឿ​របស់​ពួក​គេ​កំពុង​តែ​រេរា​ក៏​ដោយ។​ ព្រះ​អង្គ​បាន​រំឭក​ពួក​អ៊ីស្រាអែល អំពី​របៀប​ដែល​ព្រះ​អង្គ​បាន​រំដោះ​ពួក​គេ ដោយ​ប្រទាន​អាហារ និង​ទឹក​នៅ​វាល​រហោស្ថាន ប្រយុទ្ធ​នឹង​សត្រូវ​របស់​ពួក​គេ ហើយ​ដឹក​នាំ​ពួក​គេ ដោយ​បង្គោល​ពពក និង​ភ្លើង។ លោក​ម៉ូសេ​ក៏​បាន​ប្រាប់​ពួក​គេ​ថា “ឯង​រាល់​គ្នា​ក៏​បាន​ឃើញ​ថា ព្រះយេហូវ៉ា​ជា​ព្រះ​នៃ​ឯង​ទ្រង់​បាន​បី​ទ្រ​ឯង តាម​ផ្លូវ​ដែល​ឯង​បាន​ដើរ រហូត​មក​ដល់​ទី​នេះ ដូច​ជា​មនុស្ស​បី​កូន​របស់​ខ្លួន”(ចោទិយកថា ១:៣១)។

ការ​ធ្វើ​ដំណើរ​របស់​ពួក​អ៊ីស្រាអែល កាត់​វាល​រហោ​ស្ថាន មិន​មែន​ជា​ការ​ងាយ​ស្រួល​ទេ ហើយ​ជំនឿ​របស់​ពួក​គេ​ក៏​មាន​ការ​រារេ នៅ​ពេល​ខ្លះ តែ​ជា​ភស្តុតាង​បង្ហាញ​ថា ព្រះ​ទ្រង់​បាន​ការពារ និង​ផ្គត់​ផ្គង់​ពួក​គេ។ ពេល​ដែល​ខ្ញុំ​នឹក​ឃើញ​បុរស​ជា​ឪពុក​ដាក់​កូន​ជិះ​នៅ​លើ​ក​ថ្នម​ៗ ហើយ​ក៏​បាន​ចម្លង​ទៅ​ដល់​ទី​សុវត្ថិភាព​ដោយ​ចិត្ត​ក្លាហាន និង​ទំនុក​ចិត្ត នោះ​ខ្ញុំ​ក៏​បាន​នឹក​ចាំ អំពី​ពេល​ដែល​ព្រះ​ទ្រង់​បាន​ថែរក្សា​ពួក​អ៊ីស្រាអែល។ ពេល​ណា​យើង​ជួប​បញ្ហា​ប្រឈម ដែល​ល្បងល​ជំនឿ​យើង យើង​អាច​នឹក​ចំា​ថា ព្រះ​ទ្រង់​តែង​តែ​ត្រៀម​ខ្លួន​ជា​ស្រេច ដើម្បី​បី​ទ្រ​យើង​ឆ្លង​កាត់​ទុក្ខ​លំបាក​ទាំង​នោះ។​—Karen Pimpo