មានពេលមួយ កូនស្រីពៅរបស់ខ្ញុំបាននាំយកមើមរបស់ផ្កាធូលីព ធ្វើជាអំណោយសម្រាប់ខ្ញុំ បន្ទាប់ពីនាងបានធ្វើដំណើរត្រឡប់មកពីទីក្រុងអាំស្តាដាំប្រទេសហូឡង់ មកសហរដ្ឋអាមេរិកវិញ។ ដូចនេះ ខ្ញុំក៏បានបង្ហាញឲ្យនាងដឹងថា ខ្ញុំមានចិត្តរីករាយ នៅក្នុងការទទួលមើមផ្កាធូលីពនោះ ដូចដែលខ្ញុំបានជួបជុំជាមួយនាងផងដែរ។ ប៉ុន្តែ ផ្កាធូលីពជាផ្កាដែលខ្ញុំចូលចិត្តតិចជាងគេ។ ផ្កាធូលីពឆាប់រីក ហើយក៏ឆាប់ស្រពោនផងដែរ។ ម្យ៉ាងទៀត អាកាសធាតុនៅខែកក្កដា ក្តៅពេក មិនអាចដាំពួកវាបានទេ។
ទោះជាយ៉ាងណាក៏ដោយ នៅចុងខែកញ្ញា ខ្ញុំក៏បានយកមើមដែលកូនស្រីខ្ញុំឲ្យ មកដាំ ដោយគិតដល់នាង ហើយក៏បានដាំពួកវាដោយក្តីស្រឡាញ់។ ពេលដែលពន្លកបានដុះចេញពីដីដែលមានថ្មច្រើន ខ្ញុំក៏មានការបារម្ភកាន់តែខ្លាំងចំពោះការលូតលាស់របស់មើមទាំងនោះ។ ខ្ញុំក៏បានកាត់លោះពួកវាជាលើកចុងក្រោយ ដោយសង្ឃឹមថា ព្រះអង្គនឹងប្រទានពរឲ្យពួកវារីកឡើង នៅរដូវផ្ការីក។
កិច្ចការដ៏តូចនេះ បានធ្វើឲ្យខ្ញុំនឹកចំា អំពីការត្រាស់ហៅរបស់ព្រះឲ្យយើងស្រឡាញ់គ្នា ទៅវិញទៅមក ទោះយើងមិនសូវចូលចិត្តគ្នាក៏ដោយ។ ព្រះអង្គប្រទានលទ្ធភាពឲ្យយើងអាចស្រឡាញ់អ្នកដទៃ ដោយមើលរំលងចំណុចខ្វះខាតរបស់គេ សូម្បីតែក្នុងរដូវកាលដែលពិបាកបំផុត។ យូរៗទៅ សេចក្តីស្រឡាញ់ចំពោះគ្នាទៅវិញទៅមក ក៏បានរីកដូចផ្កា។ ព្រះយេស៊ូវមានបន្ទូលថា “គេនឹងដឹងថា អ្នករាល់គ្នាជាសិស្សរបស់ខ្ញុំ ដោយសារសេចក្តីនេះឯង គឺដោយអ្នករាល់គ្នាមានសេចក្តីស្រឡាញ់ដល់គ្នាទៅវិញទៅមក”(ខ.៣៥)។ ព្រះអង្គលួសមែក ហើយក៏ប្រទានពរឲ្យយើងរីកឡើង គឺដូចដែលផ្កាធូលីពរបស់ខ្ញុំ ដែលបានរីកនៅក្នុងរដូវផ្ការីកបន្ទាប់ ចំពេលដែលកូនស្រីខ្ញុំ មកលេងខ្ញុំមួយរយៈពេលខ្លី នៅចុងសប្តាហ៍។ ទីបំផុត ខ្ញុំក៏បាននាំនាងមើលផ្កាធូលីពដែលកំពុងតែរីកស្គុសស្គាយ។—Patricia Raybon