អ្នក​ស្រីឡរ៉ា(Lara) និង លោក​ដេវ(Dave) ចង់​មាន​កូន​ខ្លាំង​ណាស់ តែ​គ្រូ​ពេទ្យ​បាន​ប្រាប់​ថា ពួក​គេ​មិន​អាច​មាន​កូន​បាន​ឡើយ។ អ្នក​ស្រីឡរ៉ា​ក៏​បាន​ប្រាប់​មិត្ត​ភក្តិ​ម្នាក់​ថា គាត់​មាន​ការ​ជជែក​ជា​មួយ​ព្រះ ដោយ​ស្មោះ​អស់​ពី​ចិត្ត។ ប៉ុន្តែ បន្ទាប់​ពី “ការ​ជជែក” នោះ​ហើយ គាត់ និង​លោក​ដេវ ក៏​បាន​ទៅ​ជួប​គ្រូគង្វាល​របស់​ខ្លួន។ លោក​គ្រូ​គង្វាល​ក៏​បាន​ប្រាប់​ពួក​គេ អំពី​ការងារ​ផ្នែក​ទទួល​ចិញ្ចឹម​កូន ក្នុង​ពួក​ជំនុំ​របស់​ពួក​គេ។ មួយ​ឆ្នាំ​ក្រោយ​មក ពួក​គេ​ក៏​បាន​ទទួល​ព្រះ​ពរ​ពី​ព្រះ ដោយ​បាន​ទទួល​ចិញ្ចឹម​ទារក​ប្រុស​ម្នាក់។​

បទ​គម្ពីរ​លោកុប្បត្តិ ជំពូក​១៥  ក៏​បាន​ចែង​អំពី​ការ​សន្ទនា​ដ៏​ស្មោះ​ត្រង់ រវាង​លោក​អាប់រ៉ាម និង​ព្រះ។ ព្រះ​ទ្រង់​បាន​ប្រាប់​គាត់​ថា “អាប់រ៉ាម​អើយ កុំ​ឲ្យ​ខ្លាច​អ្វី​ឡើយ អញ​ជា​ខែល ហើយ​ជា​រង្វាន់​ដ៏​ធំ​ក្រៃលែង​របស់​ឯង”(ខ.១)។ ប៉ុន្តែ​ លោក​អាប់រ៉ាម​មិន​ទាន់​បាន​ដឹង​ច្បាស់ អំពី​ព្រះ​បន្ទូល​សន្យា​របស់​ព្រះ​អង្គ អំពី​ពេល​អនាគត​របស់​គាត់​នោះ​ទេ បាន​ជា​គាត់​ឆ្លើយ​ថា “ឱ​ព្រះយេហូវ៉ា​ជា​ព្រះអម្ចាស់​អើយ តើ​ទ្រង់​នឹង​ប្រទាន​អ្វី​មក​ទូលបង្គំ ដែល​ទូលបង្គំ​ចេះ​តែ​នៅ​ដោយ​ឥត​មាន​កូន​ដូច្នេះ?”(ខ.២)។

កាល​ពី​មុន​ព្រះ​ទ្រង់​បាន​សន្យា​លោក​អាប់រ៉ាម​ថា “អញ​នឹង​ធ្វើ​ឲ្យ​ពូជ​ឯង​បាន​ចំរើន​ឡើង​ដូច​ជា​ធូលី​ដី”(១៣:១៦)។ ឥឡូវ​នេះ លោក​អាប់រ៉ាម ក៏​បាន​រំឭក​ព្រះ​អង្គ អំពី​ព្រះ​បន្ទូល​សន្យា​នោះ តាម​លក្ខណៈ​គាត់​ជា​មនុស្ស។ តែ​សូម​កត់​សំគាល់​អំពី​ការ​ឆ្លើយ​តប​របស់​ព្រះ។ ​ព្រះ​អង្គ​បាន​ធានា​លោក​អាប់រ៉ាម ដោយ​ប្រាប់​គាត់​ឲ្យ​មើល​ទៅ​លើ​មេឃ ហើយ​រាប់​ផ្កាយ គឺ​ព្រះ​អង្គ​ចង់​បញ្ជាក់​ថា គាត់​នឹង​មាន​កូន​ចៅ​ច្រើន​រាប់​មិន​អស់(១៥:៥)។

ព្រះ​ទ្រង់​ល្អ​ណាស់។ ព្រះ​អង្គ​មិន​គ្រាន់​តែ​បាន​អនុញ្ញាត​ឲ្យ​គាត់​សន្ទនា​ដោយ​ចិត្ត​ស្មោះ​ត្រង់ ជា​មួយ​ព្រះ​អង្គ​ប៉ុណ្ណោះ​ទេ តែ​ថែម​ទាំង​បាន​ធានា​ដល់​គាត់ យ៉ាង​សុភាព! ក្រោយ​មក ព្រះ​អង្គ​ក៏​បាន​ប្តូរ​ឈ្មោះ​គាត់​ទៅ​ជា​អ័ប្រាហាំ​វិញ​(ប្រែ​មក​ថា “ឪពុក​នៃ​មនុស្ស​ជា​ច្រើន”)។ យើង​ក៏​អាច​សន្ទនា​ជា​មួយ​ព្រះ​អង្គ អស់​ពី​ចិត្ត ដូច​លោក​អ័ប្រាហាំ​ផង​ដែរ ហើយ​ដឹង​ថា យើង​អាច​ទុក​ចិត្ត​ថា ព្រះ​អង្គ​នឹង​ធ្វើ​នូវ​ការ​ដ៏​ល្អ​បំផុត សម្រាប់​យើង និង​អ្នក​ដទៃ។​—James Banks