កាល​ពី​ឆ្នាំ​២០២០ អាលីសា មែនដូហ្សា(Alyssa Mendoza) បាន​ទទួល​សារ​អេឡិចត្រូនិក​ដ៏​គួរ​ឲ្យ​ភ្ញាក់​ផ្អើល​មួយ ពី​ឪពុក​របស់​នាង​នៅ​ពាក់​កណ្តាល​អាធ្រាត។ សារ​នោះ​បាន​និយាយ អំពី​ការ​អ្វី​ខ្លះ​ដែល​ត្រូវ​ធ្វើ សម្រាប់​ម្តាយ​របស់​នាង នៅ​ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍​គំរប់​២៥​ឆ្នាំ។ ហេតុ​អ្វី​នាង​មាន​ការ​ភ្ញាក់​ផ្អើល? ឪពុក​របស់​នាង​បាន​លា​ចាក​លោក​កាល​ពី​១០​ខែ​មុន។ នាង​ក៏​បាន​ដឹង​ថា កាល​ឪពុក​នាង​កំពុង​មាន​ជំងឺ គាត់​បាន​សរសេរ​សារ​នោះ ហើយ​បាន​កំណត់​ពេល​ផ្ញើ​វា មក​នាង នៅ​ពេល​យប់​នោះ ដោយ​ស្វ័យ​ប្រវត្តិ ដោយ​គាត់​ដឹង​ថា គាត់​ប្រហែល​មិន​អាច​រស់​ដល់​ពេល​នោះ​ទេ។ គាត់​ក៏​បាន​រៀប​ចំ និង​ទិញ​ផ្កា សម្រាប់​ឲ្យ​គេ​ផ្ញើ​មក​ភរិយា​គាត់ នៅ​ថ្ងៃ​បុណ្យ​ខួប​កំណើត​របស់​នាង ថ្ងៃ​ខួប​អាពាហ៍ពិពាហ៍ និង​ថ្ងៃ​នៃ​ក្តី​ស្រឡាញ់ នៅ​ឆ្នាំ​ក្រោយ​ៗ​ទៀត។

រឿង​នេះ ជា​ឧទាហរណ៍ អំពី​ប្រភេទ​នៃ​ក្តី​ស្រឡាញ់ ដែល​បាន​ពិពណ៌នា​ជា​លម្អិត ក្នុង​កណ្ឌ​គម្ពីរ​បទ​ចម្រៀង​សាឡូម៉ូន។ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “​សេចក្តី​ស្រឡាញ់​មាន​កំឡាំង ដូច​ជា​សេចក្តី​ស្លាប់ ហើយ​សេចក្តី​ប្រចណ្ឌ​ក៏​សាហាវ ដូច​ជា​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់”(៨:៦)។ ការ​ប្រៀប​ធៀប​ស្ថាន​ឃុំ​ព្រលឹង​មនុស្ស​ស្លាប់ និង​សេចក្តី​ស្លាប់ ទៅ​នឹង​សេចក្តី​ស្រឡាញ់ ហាក់​ដូច​ជា​រឿង​ចម្លែក តែ​ស្ថាន​ឃុំ​ព្រលឹង និង​សេចក្តី​ស្លាប់ មិន​ដោះ​លែង​អ្នក​ទោស​របស់​ពួក​វា​ដោយ​ងាយ​ៗ​ឡើយ។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ សេចក្តី​ស្រឡាញ់​ពិត​ប្រាកដ​ក៏​មិន​បោះ​បង់​មនុស្ស​ជា​ទី​ស្រឡាញ់​របស់​ខ្លួន​ដែរ។ កណ្ឌ​គម្ពីរ​នេះ​ក៏បាន​ធ្វើ​ការ​ពិពណ៌នា​ស៊ី​ជម្រៅ​បំផុត ក្នុង​ខ.៦-៧ ដោយ​ចែង​ថា សេចក្តី​ស្រឡាញ់​របស់​ប្តី​ប្រពន្ធ គឺ​ខ្លាំង​ណាស់ បាន​ជា​ទឹក​ជំនន់​ក៏​មិន​អាច​ពន្លត់​បាន​ដែរ(ខ.៧)។​

ក្នុង​ព្រះ​គម្ពីរ​ប៊ីប​ទាំង​មូល មាន​ការ​ប្រៀប​ប្រដូច​សេចក្តី​ស្រឡាញ់​របស់​ប្តី​ប្រពន្ធ ទៅ​នឹង​សេចក្តី​ស្រឡាញ់​របស់​ព្រះ​(អេសាយ ៥៤:៥ អេភេសូរ ៥:២៥ និង វិវរណៈ ២១:២)។ ព្រះ​យេស៊ូវ​ជា​កូន​កំលោះ ហើយ​ពួក​ជំនុំ​របស់​ព្រះ​អង្គ​ជា​កូន​ក្រមុំ។ ព្រះ​ទ្រង់​បង្ហាញ​ក្តី​ស្រឡាញ់​របស់​ព្រះ​អង្គ​ដល់​យើង ដោយ​ចាត់​ព្រះ​គ្រីស្ទ ឲ្យ​ប្រឈម​មុខ​ដាក់​សេចក្តី​ស្លាប់ ដើម្បី​កុំ​ឲ្យ​យើង​ស្លាប់​ក្នុង​អំពើ​បាប​របស់​យើង​(យ៉ូហាន ៣:១៦)។ ទោះ​យើង​បាន​រៀប​ការ​ហើយ ឬ​នៅ​លីវ​ក្តី យើង​អាច​នឹក​ចាំ​ថា សេចក្តី​ស្រឡាញ់​របស់​ព្រះ​ខ្លាំង​ជាង​អ្វី​ៗ​ទាំង​អស់ ដែល​យើង​អាច​នឹក​ស្រមៃ​ដល់។—Julie Schwab