កាលពីឆ្នាំ២០២០ អាលីសា មែនដូហ្សា(Alyssa Mendoza) បានទទួលសារអេឡិចត្រូនិកដ៏គួរឲ្យភ្ញាក់ផ្អើលមួយ ពីឪពុករបស់នាងនៅពាក់កណ្តាលអាធ្រាត។ សារនោះបាននិយាយ អំពីការអ្វីខ្លះដែលត្រូវធ្វើ សម្រាប់ម្តាយរបស់នាង នៅថ្ងៃខួបអាពាហ៍ពិពាហ៍គំរប់២៥ឆ្នាំ។ ហេតុអ្វីនាងមានការភ្ញាក់ផ្អើល? ឪពុករបស់នាងបានលាចាកលោកកាលពី១០ខែមុន។ នាងក៏បានដឹងថា កាលឪពុកនាងកំពុងមានជំងឺ គាត់បានសរសេរសារនោះ ហើយបានកំណត់ពេលផ្ញើវា មកនាង នៅពេលយប់នោះ ដោយស្វ័យប្រវត្តិ ដោយគាត់ដឹងថា គាត់ប្រហែលមិនអាចរស់ដល់ពេលនោះទេ។ គាត់ក៏បានរៀបចំ និងទិញផ្កា សម្រាប់ឲ្យគេផ្ញើមកភរិយាគាត់ នៅថ្ងៃបុណ្យខួបកំណើតរបស់នាង ថ្ងៃខួបអាពាហ៍ពិពាហ៍ និងថ្ងៃនៃក្តីស្រឡាញ់ នៅឆ្នាំក្រោយៗទៀត។
រឿងនេះ ជាឧទាហរណ៍ អំពីប្រភេទនៃក្តីស្រឡាញ់ ដែលបានពិពណ៌នាជាលម្អិត ក្នុងកណ្ឌគម្ពីរបទចម្រៀងសាឡូម៉ូន។ គឺដូចមានសេចក្តីចែងថា “សេចក្តីស្រឡាញ់មានកំឡាំង ដូចជាសេចក្តីស្លាប់ ហើយសេចក្តីប្រចណ្ឌក៏សាហាវ ដូចជាស្ថានឃុំព្រលឹងមនុស្សស្លាប់”(៨:៦)។ ការប្រៀបធៀបស្ថានឃុំព្រលឹងមនុស្សស្លាប់ និងសេចក្តីស្លាប់ ទៅនឹងសេចក្តីស្រឡាញ់ ហាក់ដូចជារឿងចម្លែក តែស្ថានឃុំព្រលឹង និងសេចក្តីស្លាប់ មិនដោះលែងអ្នកទោសរបស់ពួកវាដោយងាយៗឡើយ។ ទោះជាយ៉ាងណាក៏ដោយ សេចក្តីស្រឡាញ់ពិតប្រាកដក៏មិនបោះបង់មនុស្សជាទីស្រឡាញ់របស់ខ្លួនដែរ។ កណ្ឌគម្ពីរនេះក៏បានធ្វើការពិពណ៌នាស៊ីជម្រៅបំផុត ក្នុងខ.៦-៧ ដោយចែងថា សេចក្តីស្រឡាញ់របស់ប្តីប្រពន្ធ គឺខ្លាំងណាស់ បានជាទឹកជំនន់ក៏មិនអាចពន្លត់បានដែរ(ខ.៧)។
ក្នុងព្រះគម្ពីរប៊ីបទាំងមូល មានការប្រៀបប្រដូចសេចក្តីស្រឡាញ់របស់ប្តីប្រពន្ធ ទៅនឹងសេចក្តីស្រឡាញ់របស់ព្រះ(អេសាយ ៥៤:៥ អេភេសូរ ៥:២៥ និង វិវរណៈ ២១:២)។ ព្រះយេស៊ូវជាកូនកំលោះ ហើយពួកជំនុំរបស់ព្រះអង្គជាកូនក្រមុំ។ ព្រះទ្រង់បង្ហាញក្តីស្រឡាញ់របស់ព្រះអង្គដល់យើង ដោយចាត់ព្រះគ្រីស្ទ ឲ្យប្រឈមមុខដាក់សេចក្តីស្លាប់ ដើម្បីកុំឲ្យយើងស្លាប់ក្នុងអំពើបាបរបស់យើង(យ៉ូហាន ៣:១៦)។ ទោះយើងបានរៀបការហើយ ឬនៅលីវក្តី យើងអាចនឹកចាំថា សេចក្តីស្រឡាញ់របស់ព្រះខ្លាំងជាងអ្វីៗទាំងអស់ ដែលយើងអាចនឹកស្រមៃដល់។—Julie Schwab