មានពេលមួយ ខ្ញុំបានសម្រេចចិត្តធ្វើការកែលម្អផ្នែកខាងក្នុងផ្ទះ ឲ្យថ្មីឡើង។ ប៉ុន្តែ ពេលដែលខ្ញុំចាប់ផ្តើមរៀបចំបន្ទប់មួយ ដើម្បីលាបថ្នាំជញ្ជាំង រដ្ឋបានប្រកាសថា នឹងផ្អាកការលក់ដូរទំនិញសម្រាប់កែលម្អផ្ទះ ដោយសារការរាតត្បាតនៃវីរុសកូវីត១៩។ គ្រាន់តែបានទទួលដំណឹងភ្លាម ខ្ញុំក៏បានប្រញាប់ទៅហាងលក់ទំនិញ ហើយក៏បានទិញសម្ភារៈដែលចាំបាច់។ បើគ្មានសម្ភារៈត្រឹមត្រូវទេ នោះខ្ញុំមិនអាចកែលម្អផ្ទះរបស់ខ្ញុំបានឡើយ។
សាវ័កប៉ុលក៏បានគិតអំពីការកែលម្អមួយបែប ពេលដែលគាត់សរសេរបទគម្ពីរអេភេសូរ ជំពូក៤។ ប៉ុន្តែ ការផ្លាស់ប្តូរដែលគាត់កំពុងតែនិយាយនោះ មិនមែនជាការផ្លាស់ប្តូរសើៗនោះទេ។ ការទទួលជឿព្រះយេស៊ូវជាព្រះអង្គសង្គ្រោះ ធ្វើឲ្យយើងកើតជាថ្មី តែនៅមានព្រះរាជកិច្ចមួយចំនួន ដែលព្រះវិញ្ញាណចាំបាច់ត្រូវធ្វើ ក្នុងជីវិតយើង។ ព្រះអង្គត្រូវប្រើពេលវេលា និងធ្វើការទ្រង់ ដើម្បីឲ្យយើងសម្រេចនូវ “ភាពសុចរិត និងភាពបរិសុទ្ធពិតប្រាកដ”(អេភេសូរ ៤:២៤)។
ព្រះវត្តមាននៃព្រះវិញ្ញាណបរិសុទ្ធធ្វើការផ្លាស់ប្តូរដ៏ចាំបាច់ ក្នុងជីវិតយើង ដែលអាចជួយឲ្យគេមើលឃើញព្រះយេស៊ូវ ក្នុងពាក្យសម្តី និងការប្រព្រឹត្តរបស់យើង។ ព្រះអង្គជួយយើងឲ្យជំនួសការកុហក ដោយការនិយាយ “សេចក្តីពិត”(ខ.២៥)។ ព្រះអង្គដឹកនាំយើង ឲ្យជៀសវាងអំពើបាប ដែលកើតឡើងពីកំហឹង(ខ.២៦)។ ហើយព្រះអង្គដឹកនាំយើង ឲ្យប្រើពាក្យ “ល្អៗសម្រាប់នឹងស្អាងចិត្ត”(ខ.២៩)។ ការប្រព្រឹត្តដែលព្រះវិញ្ញាណបរិសុទ្ធបានដឹកនាំនេះ ជាផ្នែកមួយនៃការផ្លាស់ប្រែនៅខាងក្នុង ដែលបង្ហាញចេញមក ក្នុងភាពសប្បុរស ការអាណិត និងការអត់ឱនទោស(ខ.៣២)។ ព្រះវិញ្ញាណធ្វើការ ក្នុងយើង ដើម្បីជួយយើងឲ្យយកតម្រាប់តាមព្រះយេស៊ូវ និងឆ្លុះបញ្ចាំងឲ្យគេស្គាល់បំណងព្រះទ័យនៃព្រះវរបិតា ដែលគង់នៅស្ថានសួគ៌(ខ.២៤ ៥:១)។—Dave Branon