មាន​ពេល​មួយ ខ្ញុំ​បាន​សម្រេច​ចិត្ត​ធ្វើ​ការ​កែ​លម្អ​ផ្នែក​ខាង​ក្នុង​ផ្ទះ ឲ្យ​ថ្មី​ឡើង។ ប៉ុន្តែ ពេល​ដែល​ខ្ញុំ​ចាប់​ផ្តើម​រៀប​ចំ​បន្ទប់​មួយ ដើម្បី​លាប​ថ្នាំ​ជញ្ជាំង រដ្ឋ​បាន​ប្រកាស​ថា នឹង​ផ្អាក​ការ​លក់​ដូរ​ទំនិញ​សម្រាប់​កែ​លម្អ​ផ្ទះ ដោយសារ​ការ​រាតត្បាត​នៃ​វីរុស​កូវីត​១៩។ គ្រាន់​តែ​បាន​ទទួល​ដំណឹង​ភ្លាម ខ្ញុំ​ក៏​បាន​ប្រញាប់​ទៅ​ហាង​លក់​ទំនិញ ហើយ​ក៏​បាន​ទិញ​សម្ភារៈ​ដែល​ចាំ​បាច់។ បើ​គ្មាន​សម្ភារៈ​ត្រឹម​ត្រូវ​ទេ នោះ​ខ្ញុំ​មិន​អាច​កែ​លម្អ​ផ្ទះ​របស់​ខ្ញុំ​បាន​ឡើយ។​

សាវ័ក​ប៉ុល​ក៏​បាន​គិត​អំពី​ការ​កែ​លម្អ​មួយ​បែប ពេល​ដែល​គាត់​សរសេរ​បទ​គម្ពីរ​អេភេសូរ ជំពូក​៤។ ប៉ុន្តែ ការ​ផ្លាស់​ប្តូរ​ដែល​គាត់​កំពុង​តែ​និយាយ​នោះ មិន​មែន​ជា​ការ​ផ្លាស់​ប្តូរ​សើ​ៗ​នោះ​ទេ។ ការ​ទទួល​ជឿ​ព្រះ​យេស៊ូវ​ជា​ព្រះ​អង្គ​សង្គ្រោះ ធ្វើ​ឲ្យ​យើង​កើត​ជា​ថ្មី តែ​នៅ​មាន​ព្រះ​រាជ​កិច្ច​មួយ​ចំនួន ដែល​ព្រះវិញ្ញាណ​ចាំ​បាច់​ត្រូវ​ធ្វើ ក្នុង​ជីវិត​យើង។ ព្រះ​អង្គ​ត្រូវ​ប្រើ​ពេល​វេលា និង​ធ្វើ​ការ​ទ្រង់ ដើម្បី​ឲ្យ​យើង​សម្រេច​នូវ “ភាព​សុចរិត និង​ភាព​បរិសុទ្ធ​ពិត​ប្រាកដ”(អេភេសូរ ៤:២៤)។

ព្រះ​វត្ត​មាន​នៃ​ព្រះ​វិញ្ញាណ​បរិសុទ្ធ​ធ្វើ​ការ​ផ្លាស់​ប្តូរ​ដ៏​ចាំ​បាច់ ក្នុង​ជីវិត​យើង ដែល​អាច​ជួយ​ឲ្យ​គេ​មើល​ឃើញ​ព្រះ​យេស៊ូវ ក្នុង​ពាក្យ​សម្តី និង​ការ​ប្រព្រឹត្ត​របស់​យើង។ ព្រះ​អង្គ​ជួយ​យើង​ឲ្យ​ជំនួស​ការ​កុហក ដោយ​ការ​និយាយ “សេចក្តី​ពិត”(ខ.២៥)។ ព្រះ​អង្គ​ដឹក​នាំ​យើង ឲ្យ​ជៀស​វាង​អំពើ​បាប ដែល​កើត​ឡើង​ពី​កំហឹង​(ខ.២៦)។ ហើយ​ព្រះ​អង្គ​ដឹក​នាំ​យើង ឲ្យ​ប្រើ​ពាក្យ​ “ល្អ​ៗ​សម្រាប់​នឹង​ស្អាង​ចិត្ត”(ខ.២៩)។ ការ​ប្រព្រឹត្ត​ដែល​ព្រះ​វិញ្ញាណ​បរិសុទ្ធ​បាន​ដឹក​នាំ​នេះ ជា​ផ្នែក​មួយ​នៃ​ការ​ផ្លាស់​ប្រែ​នៅ​ខាង​ក្នុង ដែល​បង្ហាញ​ចេញ​មក ក្នុង​ភាព​សប្បុរស ការ​អាណិត និង​ការ​អត់​ឱន​ទោស(ខ.៣២)។ ព្រះ​វិញ្ញាណ​ធ្វើ​ការ ក្នុង​យើង ដើម្បី​ជួយ​យើង​ឲ្យ​យក​តម្រាប់​តាម​ព្រះ​យេស៊ូវ និង​ឆ្លុះ​បញ្ចាំង​ឲ្យ​គេ​ស្គាល់​បំណង​ព្រះ​ទ័យ​នៃ​ព្រះ​វរបិតា ដែល​គង់​នៅ​ស្ថាន​សួគ៌​(ខ.២៤ ៥:១)។—Dave Branon