ក្រុមគ្រួសារខ្ញុំបាននឹកចំាជីតារបស់ខ្ញុំឈ្មោះដឺរឃីង(Dierking) ថា ជាបុរសដែលមានជំនឿ និងការអធិស្ឋានដ៏រឹងមាំ។ ប៉ុន្តែ យើងមិនបាននឹកចាំ អំពីគាត់យ៉ាងដូចនេះជានិច្ចនោះទេ។ ម្តាយមីងរបស់ខ្ញុំបានរំឭក អំពីលើកទីមួយ ដែលឪពុកគាត់បានប្រកាសទៅកាន់គ្រួសារគាត់ថា “យើងនឹងចាប់ផ្តើមអធិស្ឋានអរព្រះគុណព្រះ មុនពេលយើងញាំអាហារ”។ ការអធិស្ឋានរបស់គាត់ជាលើកទីមួយ មានភាពរដិបរដុប ប៉ុន្តែ គាត់បានបន្តអនុវត្តនូវការអធិស្ឋាន អស់រយៈពេល៥០ឆ្នាំ ដែលជាញឹកញាប់ គាត់បានអធិស្ឋានពេញមួយថ្ងៃ ជារៀងរាល់ថ្ងៃ។ ពេលគាត់លាចាកលោក ស្វាមីខ្ញុំបានជូនជីដូនខ្ញុំ នូវដើមផ្កាដែលមានស្លឹកដូចដៃអធិស្ឋាន ដោយនិយាយថា “លោកតា ជាមនុស្សពូកែអធិស្ឋាន”។ ការដែលជីតាខ្ញុំបានសម្រេចចិត្តដើរតាមព្រះ ហើយនិយាយទៅកាន់ព្រះអង្គជារៀងរាល់ថ្ងៃ បានកែប្រែគាត់ ឲ្យក្លាយជាអ្នកបម្រើព្រះគ្រីស្ទដ៏ស្មោះត្រង់។
ព្រះគម្ពីរប៊ីបបាននិយាយអំពីការអធិស្ឋាន ជាញឹកញាប់។ ក្នុងបទគម្ពីរម៉ាថាយ ៦:៩-១៣ ព្រះយេស៊ូវបានប្រទាននូវគំរូនៃការអធិស្ឋាន ដល់អ្នកដើរតាមព្រះអង្គ ដោយបង្រៀនពួកគេ ឲ្យចូលទៅរកព្រះ ដោយការសរសើរដំកើងដ៏ស្មោះត្រង់ ដោយដឹងថា ព្រះអង្គជានរណា។ ពេលណាយើងទូលសូមដល់ព្រះ យើងទុកចិត្តថា ព្រះអង្គប្រទាន “អាហារប្រចាំថ្ងៃ”(ខ.១១)។ ពេលណាយើងសារភាពអំពើបាបរបស់យើង យើងទូលសូមការអត់ទោសបាប និងជំនួយពីព្រះអង្គ ដើម្បីជៀសវាងការការល្បួង(ខ.១២-១៣)។
ប៉ុន្តែ យើងមិនគ្រាន់តែអធិស្ឋាន តាម “ការអធិស្ឋានរបស់ព្រះអម្ចាស់” ប៉ុណ្ណោះទេ។ ព្រះអង្គសព្វព្រះទ័យឲ្យយើងប្រើការអធិស្ឋាន និងពាក្យទូលអង្វរគ្រប់ប្រភេទ (អេភេសូរ ៦:១៨)។ ការអធិស្ឋានមានសារៈសំខាន់ ចំពោះការលូតលាស់ខាងវិញ្ញាណរបស់យើង ហើយផ្តល់ឲ្យយើងនូវឱកាស សន្ទនាជាមួយព្រះអង្គជារៀងរាល់ថ្ងៃ(១ថែស្សាឡូនិច ៥:១៧-១៨)។
ខណៈពេលដែលយើងចូលមករកព្រះអង្គ ដោយបន្ទាបខ្លួន ចង់និយាយទៅកាន់ព្រះអង្គ សូមព្រះអង្គជួយយើង ឲ្យស្គាល់ និងស្រឡាញ់ព្រះអង្គកាន់តែខ្លាំងឡើង។—Cindy Hess Kasper