ក្រុម​គ្រួសារ​ខ្ញុំ​បាន​នឹក​ចំា​ជីតា​របស់​ខ្ញុំ​ឈ្មោះ​​ដឺរឃីង(Dierking) ថា ជា​បុរស​ដែល​មាន​ជំនឿ និង​ការ​អធិស្ឋាន​ដ៏​រឹង​មាំ។ ប៉ុន្តែ យើង​មិន​បាន​នឹក​ចាំ អំពី​គាត់​យ៉ាង​ដូច​នេះ​ជា​និច្ច​នោះ​ទេ។ ម្តាយ​មីង​របស់​ខ្ញុំ​បាន​រំឭក អំពី​លើក​ទីមួយ ដែល​ឪពុក​គាត់​បាន​ប្រកាស​ទៅ​កាន់​គ្រួសារ​គាត់​ថា “យើង​នឹង​ចាប់​ផ្តើម​អធិស្ឋាន​អរ​ព្រះ​គុណ​ព្រះ មុន​ពេល​យើង​ញាំ​អាហារ”។ ការ​អធិស្ឋាន​របស់​គាត់​ជា​លើក​ទី​មួយ មាន​ភាព​រដិបរដុប ប៉ុន្តែ គាត់​បាន​បន្ត​អនុវត្ត​នូវ​ការ​អធិស្ឋាន អស់​រយៈ​ពេល​៥០​ឆ្នាំ ដែល​ជា​ញឹក​ញាប់ គាត់​បាន​អធិស្ឋាន​ពេញ​មួយ​ថ្ងៃ ជា​រៀង​រាល់​ថ្ងៃ។ ពេល​គាត់​លា​ចាក​លោក ស្វាមី​ខ្ញុំ​បាន​ជូន​ជី​ដូន​ខ្ញុំ នូវ​ដើម​ផ្កា​ដែល​មាន​ស្លឹក​ដូច​ដៃ​អធិស្ឋាន ដោយ​និយាយ​ថា  “លោកតា ជា​មនុស្ស​ពូកែ​អធិស្ឋាន”។ ការ​ដែល​ជីតា​ខ្ញុំ​បាន​សម្រេច​ចិត្ត​ដើរ​តាម​ព្រះ ហើយ​និយាយ​ទៅ​កាន់​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ បាន​កែ​ប្រែ​គាត់ ឲ្យ​ក្លាយ​ជា​អ្នក​បម្រើ​ព្រះ​គ្រីស្ទ​ដ៏​ស្មោះ​ត្រង់។​

ព្រះ​គម្ពីរប៊ីប​បាន​និយាយ​អំពី​ការ​អធិស្ឋាន ជា​ញឹក​ញាប់។ ក្នុង​បទ​គម្ពីរ​ម៉ាថាយ ៦:៩-១៣ ព្រះយេស៊ូវ​បាន​ប្រទាន​នូវ​គំរូ​នៃ​ការ​អធិស្ឋាន ដល់​អ្នក​ដើរ​តាម​ព្រះ​អង្គ ដោយ​បង្រៀន​ពួក​គេ ឲ្យ​ចូល​ទៅ​រក​ព្រះ ដោយ​ការ​សរសើរ​ដំកើង​ដ៏​ស្មោះ​ត្រង់ ដោយ​ដឹង​ថា ព្រះ​អង្គ​ជា​នរណា។ ពេល​ណា​យើង​ទូល​សូម​ដល់​ព្រះ យើង​ទុក​ចិត្ត​ថា ព្រះ​អង្គ​ប្រទាន “អាហារ​ប្រចាំ​ថ្ងៃ”(ខ.១១)។ ពេល​ណា​យើង​សារ​ភាព​អំពើ​បាប​របស់​យើង យើង​ទូល​សូម​ការ​អត់​ទោស​បាប និង​ជំនួយ​ពី​ព្រះ​អង្គ ដើម្បី​ជៀស​វាង​ការ​ការ​ល្បួង​(ខ.១២-១៣)។

ប៉ុន្តែ យើង​មិន​គ្រាន់​តែ​អធិស្ឋាន តាម “ការ​អធិស្ឋាន​របស់​ព្រះ​អម្ចាស់” ប៉ុណ្ណោះ​ទេ។ ព្រះ​អង្គ​សព្វ​ព្រះ​ទ័យ​ឲ្យ​យើង​ប្រើ​ការ​អធិស្ឋាន និង​ពាក្យ​ទូល​អង្វរ​គ្រប់​ប្រភេទ (អេភេសូរ ៦:១៨)។ ការ​អធិស្ឋាន​មាន​សារៈ​សំខាន់ ចំពោះ​ការ​លូត​លាស់​ខាង​វិញ្ញាណ​របស់​យើង ហើយ​ផ្តល់​ឲ្យ​យើង​នូវ​ឱកាស សន្ទនា​ជា​មួយ​ព្រះ​អង្គ​ជា​រៀង​រាល់​ថ្ងៃ​(១ថែស្សាឡូនិច ៥:១៧-១៨)។

ខណៈ​ពេល​ដែល​យើង​ចូល​មក​រក​ព្រះ​អង្គ ដោយ​បន្ទាប​ខ្លួន ចង់​និយាយ​ទៅ​កាន់​ព្រះ​អង្គ សូម​ព្រះ​អង្គ​ជួយ​យើង ឲ្យ​ស្គាល់ និង​ស្រឡាញ់​ព្រះ​អង្គ​កាន់​តែ​ខ្លាំង​ឡើង។​—Cindy Hess Kasper