ធ្វើតាមការណែនាំ
ពេលត្រូវការដំឡើងគ្រឿងអេឡិចត្រូនិច គ្រឿងសង្ហារឹម និងសម្ភារៈអ្វីផ្សេងទៀត កូនប្រុសខ្ញុំមានរបៀបធ្វើខុសពីខ្ញុំ។ ស្ទីវ(Steve) មានអំណោយទានផ្នែកមេកានិច ដូចនេះ គាត់ច្រើនតែចាប់ផ្តើមធ្វើការដំឡើងភ្លាមៗ ដោយមិនចាំបាច់មើលសៀវភៅណែនាំអំពីរបៀបដំឡើង។ ខណៈពេលដែលគាត់បានផ្គុំផ្នែកផ្សេងៗចូលគ្នាបានជិតពាក់កណ្តាលទៅហើយនោះ។
ជួនកាល យើងអាចធ្វើកិច្ចការអ្វីមួយ ដោយមិនចាំបាច់ពឹងផ្អែកលើសៀវភៅណែនាំ។ តែពេលដែលយើងត្រូវផ្គុំផ្នែកផ្សេងៗនៃជីវិតយើង ដើម្បីឆ្លុះបញ្ចាំង ឲ្យគេឃើញសេចក្តីល្អ និងប្រាជ្ញារបស់ព្រះ នោះយើងមិនអាចព្រងើយកន្ទើយ នឹងការណែនាំ ដែលទ្រង់បានប្រទានឲ្យយើង នៅក្នុងព្រះគម្ពីរបានឡើយ។ សូមយើងស្វែងយល់អំពីគំរូដ៏ល្អ របស់ពួកអ៊ីស្រាអែលដែលបានវិលត្រឡប់មកទឹកដីកំណើតរបស់ខ្លួនវិញ បន្ទាប់ពីត្រូវពួកបាប៊ីឡូនចាប់ជាឈ្លើយសង្រ្គាម។ ពេលដែលពួកគេចាប់ផ្តើមបង្កើតកម្មវិធីថ្វាយបង្គំព្រះឡើងវិញ នៅក្នុងទឹកដីរបស់ខ្លួន ពួកគេបានត្រៀមខ្លួនធ្វើកិច្ចការដ៏សំខាន់នេះ “តាមសេចក្តីដែលមានចែងក្នុងក្រឹត្យវិន័យរបស់លោកម៉ូសេ”(អែសរ៉ា ៣:២)។ ពួកគេក៏បានអនុវត្តតាមការណែនាំរបស់ព្រះ យ៉ាងត្រឹមត្រូវ ដោយសាងសង់អាសនា និងប្រារព្ធពិធីបុណ្យបារាំ តាមការបង្គាប់របស់ព្រះ ក្នុងបទគម្ពីរលេវីវិន័យ ២៣:៣៣-៤៣។
ព្រះគ្រីស្ទក៏បានប្រទាននូវការបង្រៀន និងព្រះរាជបញ្ជា សម្រាប់អ្នកដើរតាមទ្រង់ផងដែរ។ គឺដូចដែលទ្រង់មានបន្ទូលថា “ត្រូវឲ្យស្រឡាញ់ព្រះអម្ចាស់ ជាព្រះនៃឯងឲ្យអស់អំពីចិត្ត អស់អំពីព្រលឹង ហើយអស់អំពីគំនិតឯង” ហើយ “ត្រូវឲ្យស្រឡាញ់អ្នកជិតខាងដូចខ្លួនឯង”(ម៉ាថាយ ២២:៣៧,៣៩)។ ពេលយើងជឿទ្រង់ យើងចូលទៅរកទ្រង់ នោះទ្រង់ក៏បង្ហាញយើងនូវរបៀបរស់នៅឲ្យបានល្អ។ ព្រះដែលបានបង្កើតយើងមក ទ្រង់ជ្រាបថា ជីវិតយើងត្រូវរស់នៅបែបណា ឲ្យបានត្រឹមត្រូវ ពោលគឺទ្រង់ស្គាល់យើង ច្បាស់ជាងយើងស្គាល់ខ្លួនឯង។-Dave Branon
ទឹក និងជីវិត
ពេលដែលលោកដេវ មូលល័រ(Dave Mueller) បានឈោងចាប់មូលបើកក្បាលរ៉ូប៊ីណេ ទឹកក៏បានចេញពីក្បាលរ៉ូប៊ីណេ ចូលទៅក្នុងធុងទឹកពណ៌ខៀវមួយ។ មនុស្សម្នាដែលឈរនៅជុំវិញគាត់ក៏បានទះដៃឡើង។ ពួកគេបានទះដៃអបអរ ដោយសារពួកគេបានឃើញទឹកស្អាត ហូរចូលទៅក្នុងសហគមន៍របស់ពួកគេ ជាលើកដំបូង។ ប្រភពទឹកស្អាតនេះបានឈានទៅរកការផ្លាស់ប្តូរការរស់នៅ របស់ប្រជាជនមួយក្រុមនេះ ក្នុងប្រទេសកេនយ៉ា។
លោកដេវ និងប្រពន្ធគាត់ឈ្មោះជយ(Joy) បានខិតខំបំពេញសេចក្តីត្រូវការរបស់ប្រជាជនទាំងនោះ ដោយជួយឲ្យពួកគេមានទឹកស្អាតប្រើប្រាស់។ តែពួកគេមិនគ្រាន់តែផ្តល់ឲ្យនូវទឹកប្រើប្រាស់ប៉ុណ្ណោះទេ។ ខណៈពេលដែលពួកគេកំពុងជួយប្រជាជនឲ្យមានទឹកស្អាតប្រើប្រាស់ ពួកគេក៏បានយកឱកាសពេលនោះ ដើម្បីផ្សាយដំណឹងល្អនៃសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ដល់ពួកគេ។
ជាងពីរពាន់ឆ្នាំមុន គេឃើញបុរសម្នាក់ឈ្មោះយេស៊ូវឈរនៅក្បែរអណ្តូងទឹករបស់សាសន៍សាំម៉ារី ហើយក៏បានជជែកជាមួយស្រ្តីម្នាក់ ដែលបានមកដងទឹកស្អាតនៅទីនោះ សម្រាប់សុខភាពខាងរូបកាយរបស់ខ្លួន។ តែព្រះយេស៊ូវបានប្រាប់នាងថា នាងមិនគ្រាន់តែត្រូវការទឹកស្អាតខាងសាច់ឈាមប៉ុណ្ណោះទេ តែនាងក៏ត្រូវការទឹកដ៏រស់ សម្រាប់សុខភាពខាងវិញ្ញាណរបស់នាងផងដែរ។ ប្រវត្តិសាស្រ្តនៅតែបន្តទៅមុខឥតឈប់ ហើយមនុស្សជាតិបានរកឃើញបច្ចេកវិទ្យាកាន់តែជឿនលឿន តែជីវិតទាំងឡាយ នៅតែជៀសមិនផុតពីសេចក្តីពិត ដែលថា : យើងនឹងស្លាប់ បើសិនជាគ្មានទឹកស្អាតប្រើប្រាស់ទេនោះ។ ជាងនេះទៅទៀត បើគ្មានព្រះយេស៊ូវ ដែលជាប្រភពនៃទឹកដ៏រស់ទេ យើងនឹងស្លាប់នៅក្នុងអំពើបាបរបស់យើងមិនខាន។
ទឹកមានសារៈសំខាន់ចំពោះជីវិតយើង គឺទឹកខាងសាច់ឈាម និងទឹកខាងវិញ្ញាណ ដែលជាអង្គព្រះយេស៊ូវ។ តើអ្នកបានភ្លក់រស់ជាតិទឹកដ៏រស់ ដែលព្រះយេស៊ូវ ដ៏ជាព្រះសង្រ្គោះ បានប្រទានហើយឬនៅ?-Dave Branon
ត្រូវជួសជុស ឬផ្លាស់ប្ដូរ
មានពេលមួយ ខ្ញុំត្រូវជួសជុសរឹមបង្អួចផ្ទះរបស់ខ្ញុំ។ ខ្ញុំបានកោស រួចខាត់ថ្នាំរបស់រឹមបង្អួចទាំងនោះ ហើយបៀកកាវលាយជាមួយកំទេចឈើ នៅត្រង់ស្នាមប្រេះ មុននឹងចាប់ផ្តើមលាបថ្នាំថ្មីពីលើ។ ខ្ញុំបានខិតខំធ្វើអស់ពីលទ្ធភាព ដោយលាបថ្នាំទ្រនាប់ ហើយលាបថ្នាំថ្លៃៗពីលើរឹមទាំងអស់នោះហើយ ឃើញថា រឹមបង្អួចនោះ ហាក់ដូចជាស្អាតគួរសមដែរ។ ប៉ុន្តែ វាមើលទៅមិនស្អាតដូចថ្មីទេ។ មានវិធីមួយ ដើម្បីធ្វើឲ្យរឹមបង្អួចមើលទៅដូចថ្មី គឺត្រូវផ្លាស់ប្ដូររឹមចាស់ៗចោល។
រឹមបង្អួចដែលបានខូចដោយសារអាកាសធាតុ អាចប្រែជាមានសម្រស់ “ស្អាតគួរសម” ដោយសារការជួសជុល ដូចនេះ ខ្ញុំមិនចាំបាច់ផ្លាស់រឹមចាស់ចោលក៏បាន។ ប៉ុន្តែ បើចិត្តគំនិតរបស់យើង ដែលត្រូវបានបំផ្លាញ ដោយសារអំពើបាបហើយ នោះការខិតខំជួសជុលចិត្តនោះឡើងវិញតែម្យ៉ាង គឺមិនគ្រប់គ្រាន់ឡើយ។ ព្រះទ្រង់សព្វព្រះទ័យ ឲ្យយើងបានកើតជាថ្មីតែម្តង ដើម្បីឲ្យអ្វីៗទាំងអស់បានប្រែជាថ្មីឡើង(២កូរិនថូស ៥:១៧)។
នោះហើយជា លក្ខណៈពិសេសនៃសេចក្តីសង្រ្គោះ ដែលមនុស្សអាចទទួលបានដោយសេចក្តីជំនឿ លើព្រះយេស៊ូវគ្រីស្ទ។ ទ្រង់បានសុគតនៅលើឈើឆ្កាង ធ្វើជាយញ្ញបូជា ជំនួសអំពើបាបរបស់យើង ហើយបានមានព្រះជន្មរស់ពីសុគតឡើងវិញ ដើម្បីសម្តែងឲ្យឃើញព្រះចេស្ដារបស់ទ្រង់ ដែលបានឈ្នះអំពើបាប និងសេចក្តីស្លាប់។ ព្រះទ្រង់បានទតមកឃើញថា យើងបាន“កើតជាថ្មី” បន្ទាប់ពីយើងបានប្រែចិត្តទទួលជឿព្រះគ្រីស្ទ(២កូរិនថូស ៥:១៧) ហើយជីវិតចាស់របស់យើង ត្រូវបានជំនួសដោយ “ជីវិតថ្មី” (កិច្ចការ ៥:២០)។ ដូចនេះ ដោយសារព្រះយេស៊ូវ និងព្រះរាជកិច្ចដែលទ្រង់បានបំពេញនៅលើឈើឆ្កាង នោះព្រះវរបិតានៃយើងរាល់គ្នា ដែលគង់នៅស្ថានសួគ៌ ក៏ទតឃើញអ្នក…
ចេះឈឺឆ្អាលចំពោះអ្នកក្រ
កាលពីឆ្នាំ ១៧៨០ លោករ៉ូបឺត រៃគ៍(Robert Raikes) មានចិត្តឈឺឆ្អាលចំពោះក្មេងក្រីក្រ ដែលមិនមានការអប់រំ ក្នុងតំបន់ដែលគាត់រស់នៅ ក្នុងទីក្រុងឡុងដ៍ ប្រទេសអង់គ្លេស។ គាត់បានកត់សំគាល់ឃើញថា គេមិនបានធ្វើអ្វីសោះ ដើម្បីជួយដល់ក្មេងៗទាំងនេះ ដូចនេះ គាត់ក៏បានចាប់ផ្តើមធ្វើឲ្យមានភាពខុសប្លែក។ គាត់បានជួលស្រ្តីមួយក្រុម ឲ្យបើកសាលារៀន សម្រាប់ក្មេងៗទាំងនោះ នៅថ្ងៃអាទិត្យ។ គ្រូបង្រៀនទាំងនោះបានយកព្រះគម្ពីរ ប្រើជាសៀវភៅមេរៀន ដើម្បីបង្រៀនក្មេងក្រីក្របំផុតនៅទីក្រុងឡុង ឲ្យចេះអាន និងបានបង្ហាត់ពួកគេ ឲ្យស្គាល់ប្រាជ្ញានៃព្រះគម្ពីរផងដែរ។ មិនយូរប៉ុន្មាន មានក្មេងប្រហែល១០០នាក់ បានចូលរៀនក្នុងថ្នាក់រៀនទាំងនោះ ហើយក៏បានបរិភោគអាហារថ្ងៃត្រង់ ដោយរីករាយ ក្នុងបរិស្ថានស្អាត និងមានសុវត្ថិភាព។
គេក៏បានហៅសាលារៀនទាំងនោះថា “សាលារៀនថ្ងៃអាទិត្យ” ដែលបានប៉ះពាល់ជីវិតក្មេងប្រុសស្រីរាប់ពាន់នាក់។ មកដល់ឆ្នាំ ១៨៣១ សាលារៀនថ្ងៃអាទិត្យ ក្នុងចក្រភពអង់គ្លេស បានទទួលសិស្សឲ្យចូលរៀនបានដល់ចំនួន១លាននាក់ ទាំងអស់នេះ គឺដោយសារបុរសម្នាក់ ដែលបានយល់អំពីសេចក្តីពិត ដែលបានចែងមកថា “មនុស្សសុចរិតរមែងពិចារណាយល់ហេតុនៃមនុស្សទាល់ក្រ”(សុភាសិត ២៩:៧)។
ជាការពិតណាស់ ព្រះយេស៊ូវបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង ចំពោះអ្នកដែលកំពុងជួបការលំបាក់។ ក្នុងបទគម្ពីរ ម៉ាថាយ ជំពូក២៥ ទ្រង់បានបង្រៀនថា អ្នកដើរតាមព្រះគ្រីស្ទត្រៀមខ្លួនជាស្រេច សម្រាប់ការយាងមកវិញនៃព្រះអម្ចាស់ ដោយជួយអ្នកស្រេកឃ្លាន ឲ្យមានអាហារបរិភោគ និងជួយអ្នកស្រេកទឹក ឲ្យមានទឹកផឹក ជួយអ្នកគ្មានជម្រកឲ្យមានផ្ទះនៅ…
ពាក្យសម្តី និងសកម្មភាព
កាលខ្ញុំនៅបង្រៀនក្នុងថ្នាក់សំណេរកំរិតមហាវិទ្យាល័យ មានសិស្សរបស់ខ្ញុំម្នាក់ បានផ្ញើសារមកខ្ញុំ ដោយមានការបន្ទាន់ចង់ប្រាប់ខ្ញុំ។ ដោយសារគាត់មិនបានទទួលពន្ទុះល្អនៅដំណាច់ឆមាស គាត់ក៏បានសុំប្រឡងសង ដើម្បីឲ្យបានពន្ទុះល្មមនឹងអាចឲ្យគាត់ចូលរួមក្នុងក្រុមកីឡា។ តើខ្ញុំគួរជួយគាត់យ៉ាងដូចម្តេច? គាត់បានខកខានមិនបានធ្វើតែងសេចក្តីមួយចំនួន ដូចនេះ ខ្ញុំក៏បានទុកពេលឲ្យគាត់២ថ្ងៃ ដើម្បីសរសេរបញ្ចប់តែងសេចក្តីទាំងនោះ ដើម្បីឲ្យបានពន្ទុះល្អជាងមុន។ គាត់ក៏បានអរគុណខ្ញុំ ហើយសន្យាថា គាត់នឹងធ្វើតែងសេចក្តីនោះឲ្យចប់ ហើយផ្ញើមកខ្ញុំ។ ពីរថ្ងៃក្រោយមក ពេលកំណត់ក៏បានហួសទៅ ហើយខ្ញុំនៅតែមិនឃើញគាត់យកក្រដាស់មកប្រគល់ឲ្យខ្ញុំទៀត។ គាត់មិនបានធ្វើ ដូចពាក្យសម្តីរបស់គាត់ទេ។
ព្រះយេស៊ូវបានមានបន្ទូលអំពីយុវជនម្នាក់ ដែលមានលក្ខណៈស្រដៀងនឹងសិស្សរបស់ខ្ញុំដែរ។ ឪពុកគាត់បានឲ្យគាត់ធ្វើការងារខ្លះ ក្នុងចំការទំពំាងបាយជូរ។ គាត់ក៏បានប្រាប់ឪពុកគាត់ថា គាត់នឹងទៅធ្វើកិច្ចការទាំងនោះ(ម៉ាថាយ ២១:៣០)។ តែគាត់បានតែនិយាយ មិនឃើញធ្វើអ្វីសោះ។ ពេលដែលលោកម៉ាធ្យូ ហេនរី(Matthew Henry) ធ្វើការពន្យល់អំពីរឿងប្រៀបប្រដូចនេះ គាត់បានបកស្រាយថា “ផ្កាក្រពុំ និងផ្ការដែលរីក មិនមែនជាផ្លែឈើទេ”។ បានសេចក្តីថា ពាក្យសម្តីយើងជាផ្កាក្រពុំ និងផ្ការីក តែបើយើងមិនធ្វើតាមពាក្យសម្តីយើងទេ នោះពាក្យសម្តីយើងគ្មានផលផ្លែ គ្មានតម្លៃអ្វីឡើយ។ ព្រះយេស៊ូវមានបន្ទូលជាពាក្យប្រៀបប្រដូចនេះ សំដៅទៅលើពួកអ្នកដឹកនាំសាសនាជាចម្បង ព្រោះពួកគេអួតថា ខ្លួនស្តាប់បង្គាប់ព្រះ តែមិនព្រមអនុវត្តតាមព្រះបន្ទូលទ្រង់ ដោយការប្រែចិត្តចេញពីបាបឡើយ។ តែព្រះបន្ទូលទ្រង់ក៏មានន័យ ចំពោះយើងផងដែរ។ កាលណាយើងដើរតាមព្រះ “ដោយការប្រព្រឹត្ត និងសេចក្តីពិត” (១យ៉ូហាន ៣:១៨) គឺមិននិយាយបានតែបបូរមាត់ នោះគឺមានន័យថា…
ដើម្បីឲ្យដឹងថាពិតឬអត់
មានសត្វពីងពាងពិសដ៏សាហាវមួយ បានផ្លាស់ទីចូលទៅក្នុងទឹកដីសហរដ្ឋអាមេរិក ហើយវាកំពុងសម្លាប់មនុស្សម្នា។ នេះជាដំណឹងដែលគេបានផ្ញើមកខ្ញុំ និងអ្នកដទៃទៀត ដែលមានក្នុងបញ្ជីឈ្មោះអ៊ីមេលរបស់ខ្ញុំ។ រឿងនេះហាក់ដូចជាគួរឲ្យជឿ ដោយសារវាបានប្រើឈ្មោះបែបវិទ្យាសាស្ត្រ និងនិយាយអំពីស្ថានភាពនៃជីវិតពិត។ ប៉ុន្តែ ពេលដែលខ្ញុំពិនិត្យរកមើលវា នៅក្នុងគេហទំព័រ ដែលគួរឲ្យទុកចិត្តបាន ខ្ញុំក៏បានដឹងថា រឿងនេះមិនពិតទេ គឺវាគ្រាន់តែជាពត៌មានបោកប្រាស់តាមអ៊ីនធើណិតប៉ុណ្ណោះ។ គេអាចដឹងថា ពត៌មានណាមួយពិតឬក៏អត់ ដោយផ្ទៀតផ្ទាត់ជាមួយនឹងប្រភពពត៌មានដែលគួរឲ្យទុកចិត្ត។
នៅសតវត្សរ៍ទី១ គ្រីស្ទបរិស័ទមួយក្រុម ដែលកំពុងរស់នៅក្នុងនគរម៉ាសេដូន មានការយល់ដឹងអំពីសារៈសំខាន់នៃការបញ្ជាក់ អំពីសេចក្តីអ្វីដែលពួកគេកំពុងស្តាប់។ ជាក់ស្តែង ពួកអ្នកនៅក្រុងបេរ៉ា “ប្រុងប្រៀបសព្វគ្រប់នឹងទទួលព្រះបន្ទូល ក៏ពិចារណាមើលគម្ពីររាល់តែថ្ងៃ ឲ្យបានដឹងជាសេចក្តីទាំងនោះត្រូវឬមិនត្រូវ”(កិច្ចការ ១៧:១១)។ កាលនោះ ពួកគេកំពុងស្តាប់សាវ័កប៉ុលចែកចាយព្រះបន្ទូល ហើយចង់ដឹងឲ្យច្បាស់ថា ការបង្រៀនរបស់គាត់ មានភាពសមស្រមនឹងការបង្រៀន ក្នុងព្រះគម្ពីរសញ្ញាចាស់ឬអត់។ គាត់ប្រហែលជាកំពុងប្រាប់ពួកគេថា មានភស្តុតាងក្នុងព្រះគម្ពីរសញ្ញាចាស់ ដែលបានបញ្ជាក់ថា ព្រះមែស៊ីនឹងរងទុក្ខ ហើយសុគត់ដើម្បីលោះបាបមនុស្ស។ បានជាពួកគេចាំបាច់ត្រូវយកបទគម្ពីរសញ្ញាចាស់មកផ្ទៀតផ្ទាត់ ឲ្យដឹងថា ការបង្រៀនរបស់គាត់ត្រឹមត្រូវឬអត់។
ពេលយើងបានទទួលការបង្រៀនខាងវិញ្ញាណដែលរំខានចិត្តយើង យើងចាំបាច់ត្រូវមានការប្រុងប្រយ័ត្ន។ យើងអាចពិនិត្យមើលក្នុងព្រះគម្ពីរ ដោយខ្លួនឯងបាន ដោយស្តាប់តាមប្រភពនៃការបង្រៀនដែលអាចទុកចិត្តបាន ហើយស្វែងរកប្រាជ្ញាពីព្រះយេស៊ូវ ដ៏ជាព្រះអម្ចាស់នៃយើង។-Dave Branon
កិច្ចការដែលត្រូវធ្វើសម្រាប់គ្រួសារ
កាលពីសម័យសង្រ្គាមលោកលើកទី២ ឪពុករបស់ខ្ញុំបានរងរបួសជើងយ៉ាងធ្ងន់ធ្ងរ ដោយសារត្រូវគ្រាប់កំាភ្លើង ពេលគាត់ដឹកនំាទ័ព វាយដំណ្តើមទួល លេខ៦០៩ ក្នុងតំបន់អាហ្វ្រិកខាងជើង។ ចាប់តាំងពីពេលនោះមក គាត់មិនមានកាយសម្បទាមួយរយភាគរយទៀតឡើយ។ បួនប្រាំឆ្នំាក្រោយមក ខ្ញុំក៏បានចាប់កំណើត ហើយពេលខ្ញុំនៅក្មេង ខ្ញុំមិនដែលដឹងថា គាត់ធ្លាប់ត្រូវរបួសឡើយ ទាល់តែមានគេប្រាប់ខ្ញុំ នៅពេលក្រោយមកទៀត។ ទោះបីជាជើងគាត់មានការឈឺចាប់ជាប់ជានិច្ចក៏ដោយ ក៏គាត់មិនដែលត្អូញត្អែរ ហើយក៏មិនដែលយកវាជាលេស ដើម្បីគេចចេញពីការចិញ្ចឹមគ្រួសារនោះឡើយ។
ឪពុកម្តាយខ្ញុំស្រឡាញ់ព្រះដ៏ជាព្រះសង្រ្គោះ ហើយបានចិញ្ចឹមអប់រំខ្ញុំ ឲ្យស្រឡាញ់ ទុកចិត្ត និងបម្រើទ្រង់។ ពួកគាត់បានទុកចិត្តព្រះ ខិតខំធ្វើការ ហើយស្រឡាញ់ដោយគ្មានលក្ខខ័ណ្ឌ ទោះជាស្ថិតក្នុងពេលដ៏ពិបាកយ៉ាងណាក្តី។ បទគម្ពីរសុភាសិត ១៤:២៦ បានចែងថា “មនុស្សដែលកោតខ្លាចដល់ព្រះយេហូវ៉ា នោះមានទីពឹងមាំមួន ហើយកូនចៅរបស់គេនឹងបានទីពំនាក់ដែរ”។ ឪពុករបស់ខ្ញុំបានបំពេញនូវកិច្ចការទាំងនេះឯង សម្រាប់ក្រុមគ្រួសារ។ ទោះគាត់ជួបទុក្ខលំបាកអ្វីក៏ដោយ គាត់នៅតែផ្តល់កន្លែងដ៏មានសុវត្ថិភាពសម្រាប់យើង ទាំងខាងវិញ្ញាណ ខាងផ្លូវអារម្មណ៍ និងផ្លូវកាយ។
ឪពុកម្តាយរបស់ខ្ញុំអាចផ្តល់ឲ្យនូវកន្លែងដ៏សុខសាន្ត សម្រាប់ក្រុមគ្រួសារ ដោយសារជំនួយមកពីព្រះវរបិតា ដែលគង់នៅស្ថានសួគ៌ ដែលក្តីស្រឡាញ់ទ្រង់ មានភាពជ្រាលជ្រៅ ហើយស្ថិតស្ថេរអស់កល្បជានិច្ច។-Dave Branon
ទឹកភ្នែកនៃក្តីអាណិត
ពេលខ្ញុំកំពុងអង្គុយជាមួយក្មេងជំទង់៤នាក់ និងបុរសអនាថា ដែលមានអាយុប្រហែល២០ឆ្នំា នៅកន្លែងចែកអាហារដល់អ្នកក្រ នៅរដ្ឋអាឡាស្កា ខ្ញុំមានការប៉ះពាល់ចិត្ត ដោយបានឃើញក្មេងជំទង់ទាំងនោះមានចិត្តអាណិតចំពោះបុរសអនាថានោះ។ ពួកគេបានស្តាប់យ៉ាងយកចិត្តទុកដាក់ ពេលគាត់និយាយអំពីជំនឿរបស់គាត់ ហើយបន្ទាប់មក ពួកគេក៏បានផ្សាយដំណឹងល្អដល់គាត់ ដោយចិត្តសុភាព ដោយផ្តល់ឲ្យគាត់នូវក្តីសង្ឃឹម ក្នុងព្រះយេស៊ូវ ដោយក្តីស្រឡាញ់។ គួរឲ្យស្តាយណាស់ ពេលនោះ បុរសនោះមិនចង់ស្តាប់ដំណឹងល្អទេ។
ពេលយើងកំពុងចាកចេញទៅ ក្នុងចំណោមក្មេងស្រីជំទង់ទាំងនោះ មានក្មេងស្រីម្នាក់ឈ្មោះ ហ្គ្រេស(Grace) បានបង្ហាញអារម្មណ៍ តាមរយៈទឹកភ្នែករបស់នាង ឲ្យគេដឹងថា នាងមិនចង់ឲ្យបុរសនោះ ស្លាប់ទៅដោយមិនបានស្គាល់ព្រះយេស៊ូវទេ។ នាងក៏បានទួញយំចេញពីចិត្ត សម្រាប់បុរសម្នាក់នេះ ដែលកំពុងតែបដិសេធន៍សេចក្តីស្រឡាញ់នៃព្រះសង្រ្គោះ នៅពេលនោះ។
ទឹកភ្នែករបស់ក្មេងជំទង់ម្នាក់នេះ បានរំឭកខ្ញុំអំពីសាវ័កប៉ុល ដែលបានបម្រើព្រះអម្ចាស់ ដោយការបន្ទាបខ្លួន ហើយមានទុក្ខសោកនៅក្នុងចិត្ត ចំពោះជនរួមជាតិរបស់គាត់ ព្រោះគាត់ចង់ឲ្យពួកគេទទួលជឿព្រះគ្រីស្ទ(រ៉ូម ៩:១-៥)។ សេចក្តីអាណិតរបស់សាវ័កប៉ុល និងការដែលគាត់ខ្វល់ពីអ្នកដទៃ ប្រាកដជាបាននាំឲ្យគាត់ស្រក់ទឹកភ្នែកជាច្រើនដង។
បើយើងមានចិត្តខ្វល់ខ្វាយចំពោះអ្នកដទៃ ដែលមិនទាន់បានទទួលអំណោយនៃសេចក្តីសង្រ្គោះរបស់ព្រះ តាមរយៈព្រះគ្រីស្ទ យើងនឹងស្វែងរកវិធីចែកចាយអំពីសេចក្តីសង្រ្គោះរបស់ព្រះដល់ពួកគេមិនខាន។ ចូរយើងប្រើជំនឿ និងក្តីអាណិតរបស់យើង ដើម្បីនាំដំណឹងល្អទៅផ្សាយដល់អ្នកដែលត្រូវការព្រះសង្រ្គោះ។-Dave Branon
សិលាចារិករបស់ស្តេចស៊ីរូស
ក្នុងឆ្នាំ ១៨៧៩ ក្រុមបុរាណវត្ថុវិទូ បានរកឃើញវត្ថុតូចមួយ ដែលមានលក្ខណៈដ៏គួរឲ្យកត់សម្គាល់ ក្នុងតំបន់មួយ ដែលសព្វថ្ងៃ នេះគេហៅថា ប្រទេសអ៊ីរ៉ាក់(ក្នុងសម័យសញ្ញាចាស់ គេហៅថា ចក្រភពបាប៊ីឡូន)។ គេបានដាក់ឈ្មោះសិលាចារិក ដែលមានប្រវែងប្រហែល ២២សង់ទីម៉ែត្រនោះថា Cyrus Cylinder(ប្រែមកថាស៊ីឡាំង របស់ស្តេចស៊ីរូស)។ សិលាចារិកនោះបានកត់ត្រាអំពីការអ្វី ដែលស្តេចស៊ីរូស នៃចក្រភពពើរស៊ីបានធ្វើកាលពី ២៥០០ឆ្នាំមុន។ សិលាចារិកនោះបានចែងថា ស្តេចស៊ីរូសបានអនុញ្ញាតឲ្យមនុស្សមួយក្រុម វិលត្រឡប់ទៅស្រុកកំណើតរបស់ខ្លួន ដើម្បីកសាង “ទីក្រុងបរិសុទ្ធ”របស់ខ្លួនឡើងវិញ។
រឿងនេះក៏មានចែង នៅក្នុងបទគម្ពីរ អែសរ៉ា ជំពូក១ផងដែរ។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ាទ្រង់បណ្តាលព្រះទ័យស៊ីរូស ជាស្តេចពើស៊ី ឲ្យទ្រង់បានចេញព្រះរាជឱង្ការ ផ្សាយទៅគ្រប់ក្នុងនគរទ្រង់”(ខ.១)។ ស្តេចស៊ីរូសបានមានបន្ទូលថា ទ្រង់នឹងដោះលែងពួកឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន ឲ្យវិលត្រឡប់ទៅក្រុងយេរូសាឡិមវិញ ដើម្បីកសាងស្រុកកំណើត និងសង់ព្រះវិហាររបស់ខ្លួនឡើងវិញ(ខ.២-៥)។ ប៉ុន្តែរឿងនេះ មិនទាន់ចប់តែប៉ុណ្ណេះទេ។ ដានីយ៉ែលបានសារភាពអំពើបាបរបស់គាត់ និងអំពើបាបរបស់ប្រជាជនគាត់ ហើយក៏បានទូលអង្វរសូមឲ្យព្រះទ្រង់បញ្ចប់ភាពជាឈ្លើយសឹក ក្នុងចក្រភពបាប៊ីឡូន(ដានីយ៉ែល ៩)។ ព្រះទ្រង់ក៏បានឆ្លើយតប ដោយចាត់ទេវតា ឲ្យយាងចុះមកមានបន្ទូល ទៅកាន់ដានីយ៉ែល(ខ.២១)។ ក្រោយមក ទ្រងក៏បានធ្វើការក្នុងចិត្តស្តេចស៊ីរូស ដើម្បីឲ្យទ្រង់ដោះលែងជនជាតិហេព្រើរ។(មើល យេរមា ២៥:១១-១២ ៣៩:១០)។
សិលាចារិករបស់ស្តេចស៊ីរូស និងព្រះបន្ទូលព្រះសុទ្ធតែបានបង្ហាញយើងថា…
ដំណឹងល្អទាំងមូល
កាលពីពេលថ្មីៗនេះ ដាឡាស់(Dallas) ចៅប្រុសរបស់ខ្ញុំ ដែលមានអាយុ៥ឆ្នាំ បានសួរខ្ញុំថា “ហេតុអ្វីបានជាព្រះយេស៊ូវសុគតនៅលើឈើឆ្កាង?” ពេលឮគាត់សួរដូចនោះ ខ្ញុំក៏បាននាំគាត់ជជែកគ្នាបន្តិចអំពីសំណួរនេះ។ ខ្ញុំក៏បានពន្យល់គាត់ពីអំពើបាប និងការដែលព្រះយេស៊ូវស្ម័គ្រព្រះទ័យលះបង់ព្រះជន្ម ដើម្បីលោះបាបយើង។ បន្ទាប់មក គាត់ក៏បានទៅរត់លេង ជាមួយបងប្អួនរបស់គាត់។ ពីរបីនាទីក្រោយមក ខ្ញុំក៏បានឮគាត់និយាយគ្នាជាមួយខេធី(Katie) ដែលជាបងប្អូនជីដូនមួយរបស់គាត់ មានអាយុដំណាលគាត់ដែរ។ គាត់បានប្រាប់នាង អំពីមូលហេតុដែលព្រះយេស៊ូវបានសុគត។ ខេធីក៏បានតបទៅគាត់វិញថា “ព្រះយេស៊ូវមិនបានសុគតទេ”។ ដាឡាស់ក៏បានតបថា “បាទ ទ្រង់សុគតមែន លោកតាបានប្រាប់ខ្ញុំថា ទ្រង់បានសុគតលើឈើឆ្កាង”។
ពេលនោះ ខ្ញុំក៏បានដឹងថា ខ្ញុំមិនបានប្រាប់គាត់ឲ្យអស់សេចក្តីទេ។ ដូចនេះ ខ្ញុំក៏បានជជែកជាមួយគាត់ម្តងទៀត ដោយពន្យល់ប្រាប់គាត់ឡើងវិញ អំពីការសុគតរបស់ព្រះយេស៊ូវ ហើយប្រាប់គាត់ថា ព្រះយេស៊ូវបានមានព្រះជន្មរស់ឡើងវិញ បន្ទាប់ពីទ្រង់បានសុគតបីថ្ងៃ។ គាត់ក៏បានដឹងថា ព្រះយេស៊ូវមានព្រះជន្មរស់នៅសព្វថ្ងៃ ទ្រង់មិនបានសុគតជារហូតទេ។
ការនេះបានរំឭកខ្ញុំថា ពេលយើងផ្សាយដំណឹងល្អ យើងត្រូវផ្សាយឲ្យចប់ចុងចប់ដើម។ ពេលដែលបុរសម្នាក់មកពីនគរអេធីយ៉ូពី សួរលោកភីលីព អំពីបទគម្ពីរមួយផ្នែក ដែលគាត់មើលមិនយល់ លោកភីលីពក៏បានបកស្រាយបទគម្ពីរនោះឲ្យគាត់ស្តាប់ ហើយក៏បានផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ ដល់គាត់”(កិច្ចការ ៨:៣៥)។
ពេលយើងផ្សាយដំណឹងល្អអំពីព្រះយេស៊ូវ យើងអាចប្រាប់គេថា យើងរាល់គ្នាជាមនុស្សមានបាប យើងត្រូវការសេចក្តីសង្រ្គោះ តែព្រះរាជបុត្រានៃព្រះដែលគ្មានបាបសោះ បានយាងមកសុគត ដើម្បីជួយសង្រ្គោះយើង ឲ្យរួចពីបាប…