មាន​ពេល​មួយ ខ្ញុំ​ត្រូវ​ជួស​ជុស​រឹម​បង្អួច​ផ្ទះ​របស់​ខ្ញុំ។ ខ្ញុំ​បាន​កោស រួច​ខាត់​ថ្នាំ​របស់​រឹម​បង្អួច​ទាំង​នោះ ហើយ​បៀក​កាវ​លាយ​ជា​មួយ​កំទេច​ឈើ នៅ​ត្រង់​ស្នាម​ប្រេះ មុន​នឹង​ចាប់​ផ្តើម​លាប​ថ្នាំ​ថ្មី​ពី​លើ។ ​ខ្ញុំ​បាន​ខិត​ខំ​ធ្វើ​អស់​ពី​លទ្ធ​ភាព ដោយ​លាប​ថ្នាំ​ទ្រនាប់ ហើយ​លាប​ថ្នាំ​ថ្លៃ​ៗ​ពី​លើរឹម​ទាំង​អស់​នោះហើយ ឃើញ​ថា រឹម​បង្អួច​នោះ ហាក់​ដូច​ជា​ស្អាត​គួរ​សម​ដែរ។ ប៉ុន្តែ វា​មើល​ទៅ​មិន​​ស្អាត​ដូច​ថ្មី​ទេ។ មាន​វិធី​មួយ ដើម្បី​ធ្វើ​ឲ្យ​រឹម​បង្អួច​មើល​ទៅ​ដូច​ថ្មី គឺ​ត្រូវ​ផ្លាស់​ប្ដូរ​រឹម​ចាស់​ៗ​ចោល។

រឹម​បង្អួច​ដែល​បាន​ខូច​ដោយ​សារ​អាកាស​ធាតុ អាច​ប្រែ​ជា​មាន​សម្រស់ “ស្អាត​គួរ​សម” ដោយ​សារ​ការ​ជួស​ជុល ដូច​នេះ ខ្ញុំ​មិន​ចាំ​បាច់​ផ្លាស់​រឹម​ចាស់​ចោល​ក៏​បាន។ ប៉ុន្តែ បើ​ចិត្ត​គំនិត​របស់​យើង​ ដែល​ត្រូវ​បាន​បំផ្លាញ ដោយ​សារ​អំពើ​បាប​ហើយ នោះ​ការ​ខិត​ខំ​ជួស​ជុល​ចិត្ត​នោះ​ឡើង​វិញ​តែ​ម្យ៉ាង គឺ​មិន​គ្រប់​គ្រាន់​ឡើយ។ ព្រះ​ទ្រង់​សព្វ​ព្រះ​ទ័យ  ​ឲ្យ​យើង​បាន​កើត​ជា​ថ្មី​តែ​ម្តង ដើម្បី​ឲ្យ​អ្វី​ៗ​ទាំង​អស់​បាន​ប្រែ​ជា​ថ្មី​ឡើង(២កូរិនថូស ៥:១៧)។

នោះ​ហើយ​ជា លក្ខណៈ​ពិសេស​នៃ​សេចក្តី​សង្រ្គោះ ​ដែល​មនុស្ស​អាច​ទទួល​បាន​ដោយ​សេចក្តី​ជំនឿ​ លើ​ព្រះ​យេស៊ូវ​គ្រីស្ទ។ ទ្រង់​បាន​សុគត​នៅ​លើ​ឈើ​ឆ្កាង ធ្វើជា​យញ្ញបូជា ជំនួសអំពើបាបរបស់​យើង ហើយ​បាន​មាន​ព្រះ​ជន្ម​រស់​ពី​សុគត​ឡើង​វិញ ​ដើម្បី​សម្តែង​ឲ្យ​ឃើញ​ព្រះ​ចេស្ដា​របស់​ទ្រង់ ដែល​បាន​ឈ្នះ​អំពើ​បាប និង​សេចក្តី​ស្លាប់។ ព្រះ​ទ្រង់​បាន​ទត​មក​ឃើញ​ថា យើង​បាន“កើត​ជា​ថ្មី” បន្ទាប់​ពី​យើង​បាន​ប្រែ​ចិត្ត​ទទួល​ជឿ​ព្រះ​គ្រីស្ទ(២កូរិនថូស ៥:១៧) ហើយ​ជីវិត​ចាស់​របស់​យើង ត្រូវ​បាន​ជំនួស​ដោយ “ជីវិតថ្មី” (កិច្ចការ ៥:២០)។ ដូច​នេះ ដោយ​សារ​ព្រះ​យេស៊ូវ និង​ព្រះ​រាជ​កិច្ច​ដែល​ទ្រង់​បាន​បំពេញ​នៅ​លើ​ឈើ​ឆ្កាង នោះ​ព្រះ​វរបិតា​នៃ​យើង​រាល់​គ្នា ដែល​គង់​នៅ​ស្ថាន​សួគ៌​ ក៏​ទត​ឃើញ​អ្នក ដែល​បាន​ដាក់​សេចក្តី​ជំនឿ​លើ​ព្រះ​គ្រីស្ទ ថា​ជា​មនុស្ស​ថ្មី ហើយ​ក៏​ឥត​កន្លែង​​បន្ទោស​​បាន​ផង។

អំពើ​បាប​បាន​បង្ករ​ឲ្យ​មាន​ការ​ខូច​ខាត​យ៉ាង​ធ្ងន់​ធ្ងរ។ យើង​មិន​អាច​ជួស​ជុល​ជីវិត​របស់​យើង ​ដោយ​ខ្លួន​ឯង​បាន​ទេ។ យើង​ត្រូវ​ទទួល​ជឿ​ព្រះ​យេស៊ូវ ជា​ព្រះ​សង្រ្គោះ​របស់​យើង ហើយ​អនុញ្ញាត​ឲ្យ​ទ្រង់​ប្រទាន​ជីវិត​ថ្មី​ទាំង​ស្រុង​ ដល់​យើង។-DAVE BRANON