នៅមានវគ្គបន្ត…
ដោយសារខ្ញុំបានចម្រើនវ័យធំឡើង ក្នុងទសវត្សរ៍ឆ្នាំ១៩៥០ ខ្ញុំច្រើនតែទៅមើលកុនថ្ងៃសៅរ៍ ក្នុងរោងភាពយន្តក្នុងតំបន់មួយកន្លែង។ ក្រៅពីខ្សែភាពយន្តគំនូរជីវចល និងខ្សែភាពយន្តល្បីៗ គេក៏មានចាក់បញ្ចាំងរឿងភាគបែបផ្សងព្រេង ដែលនៅចុងបញ្ចប់នៃភាគនីមួយៗ តួរអង្គវីរៈបុរស ឬវីរៈនារីបានប្រឈមមុននឹងស្ថានភាពដែលពិបាកបំផុត។ ពួកគេហាក់ដូចជាទាល់ច្រករកផ្លូវចេញមិនឃើញទេ តែភាគនីមួយៗបានបញ្ចប់ដោយពាក្យថា “សូមរង់ចាំទស្សនាវគ្គបន្ត…”។
យ៉ាងណាមិញ សាវ័កប៉ុលក៏ធ្លាប់ជួបស្ថានភាពដែលគំរាមកំហែងជីវិតគាត់ផងដែរ។ គាត់ត្រូវគេដាក់គុក វាយដំ ចោលនឹងថ្មសម្លាប់ ហើយក៏ធ្លាប់ឆ្លងកាត់គ្រោះថ្នាក់សំពៅលិចផង ដោយសារគាត់ព្យាយាមនាំដំណឹងល្អព្រះយេស៊ូវគ្រីស្ទ ទៅប្រាប់មនុស្សទាំងឡាយ។ គាត់ដឹងថា ថ្ងៃណាមួយ គាត់នឹងស្លាប់ តែគាត់មិនដែលគិតថា រឿងនៃជីវិតគាត់នឹងត្រូវចប់តែប៉ុណ្ណឹងឡើយ។ គឺដូចដែលគាត់បានសរសេរសំបុត្រទៅកាន់គ្រីស្ទបរិស័ទ នៅក្រុងកូរិនថូសថា “កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសំរេចតាមពាក្យ ដែលចែងទុកមកថា «សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ»”(១កូរិនថូស ១៥:៥៤)។ សាវ័កប៉ុលមានចិត្តឆេះឆួលចង់ប្រាប់អ្នកដទៃថា ព្រះយេស៊ូវដែលជាព្រះសង្រ្គោះនៃយើង បានលះបង់ព្រះជន្ម នៅលើឈើឆ្កាង ដើម្បីឲ្យយើងអាចទទួលការអត់ទោសបាប ហើយមានជីវិតអស់កល្បជានិច្ច ដោយទទួលជឿទ្រង់។
ជីវិតយើងមិនដូចតួឯកដែលជាវីរៈបុរសក្នុងខ្សែភាពយន្ត ដែលតែងតែអាចជៀសផុតសេចក្តីស្លាប់ម្តងហើយម្តងទៀតនោះឡើយ។ ថ្ងៃណាមួយ ជីវិតយើងនៅលើផែនដីនឹងត្រូវបញ្ចប់ ដោយសារសេចក្តីស្លាប់ ឬដោយសារព្រះយេស៊ូវយាងមកវិញជាលើកទីពីរ។ តែដោយសារព្រះគុណ និងសេចក្តីមេត្តារបស់ព្រះ នោះរឿងនៃជីវិតរបស់អ្នក ហើយនិងខ្ញុំ “នៅមានវគ្គបន្ត…”។-David McCasland
គោលបំណងនៃសកម្មភាពដដែលៗ
មានពេលមួយ ខ្ញុំបានទៅទស្សនានៅសារៈមន្ទីររបស់ចក្រភពអង់គ្លេស។ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានឃើញនាឡិការដែលដំណើរការដោយគ្រាប់ឃ្លីដែកដែលរមាលចុះឡើងៗ ឥតឈប់ឈរ។ គ្រាប់ឃ្លីដែកនោះរមាលតាមចង្អូរ នៅលើបន្ទះដែកបះបើកមួយបន្ទះ រហូតទៅប៉ះនឹងគន្លឹះនៅចុងម្ខាងទៀត។ បន្ទះដែកនោះក៏បះឡើង នៅចុងម្ខាងទៀត ធ្វើឲ្យគ្រាប់ឃ្លីនោះរមាលធ្លាក់មកខាងនោះវិញ ហើយធ្វើឲ្យទ្រនិចនាឡិការដើរបានមួយនាទី។ រៀងរាល់ឆ្នាំ គ្រាប់ឃ្លីដែកនោះ បានធ្វើដំណើរចុះឡើងៗដដែលៗ ចម្ងាយសរុប ៤០២៣គីឡូម៉ែត្រ នៅលើបន្ទះដែកនោះដដែលៗ មិនដែលបានទៅកន្លែងណាផ្សេងឡើយ។
យើងម្នាក់ៗងាយនឹងមានអារម្មណ៍ថា ជាប់ខ្លួនទៅណាមិនរួច ដោយសារសកម្មភាពដដែលៗប្រចាំថ្ងៃ ដែលហាក់ដូចជាគ្មានអ្វីប្លែក ពេលដែលយើងមិនអាចមើលឃើញគោលបំណងដែលធំជាងនោះ។ សាវ័កប៉ុលមានចិត្តប្រាថ្នាចង់មានប្រសិទ្ធិភាពក្នុងការប្រកាសដំណឹងល្អ នៃព្រះគ្រីស្ទ។ គាត់មានប្រសាសន៍ថា “បានជាខ្ញុំខំរត់យ៉ាងដូច្នោះ មិនមែនបែបដូចជាមិនស្គាល់ផ្លូវទេ ខ្ញុំក៏ខំប្រដាល់យ៉ាងដូច្នោះដែរ មិនមែនដូចជាដាល់ខ្យល់ទេ”(១កូរិនថូស ៩:២៦)។ កិច្ចការអ្វីក៏អាចមានភាពច្រំដែល ដូចជាការធ្វើដំណើរ ការអធិប្បាយព្រះបន្ទូល ការបង្រៀន និងជាពិសេស គឺការនៅជាប់ក្នុងពន្ធធនាគា។ តែសាវ័កប៉ុលជឿថា គាត់អាចបម្រើព្រះគ្រីស្ទ ដែលជាព្រះអម្ចាស់ នៅគ្រប់ស្ថានភាពទាំងអស់។
ការធ្វើកិច្ចការច្រំដែលៗ អាចនាំឲ្យស្លាប់បាន នៅពេលដែលយើងមិនអាចមើលឃើញគោលបំណង នៅក្នុងការធ្វើកិច្ចការនោះ។ សាវ័កប៉ុលមានទស្សនវិស័យដែលមើលឃើញគោលបំណង ដោយជម្នះកាលៈទេសៈដែលលំបាកលំបិន ព្រោះគាត់កំពុងស្ថិតក្នុងការរត់ប្រណាំងនៃក្តីជំនឿ ដែលត្រូវបន្តរហូតដល់ទី។ សាវ័កប៉ុលបានអនុញ្ញាតឲ្យព្រះយេស៊ូវគង់នៅ ក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតគាត់ ធ្វើឲ្យគាត់រកឃើញអត្ថន័យនៃជីវិត ទោះជាត្រូវធ្វើកិច្ចការដដែលៗក៏ដោយ។ យើងក៏អាចធ្វើដូចគាត់ផងដែរ។-David McCasland
ស្ថិតនៅក្រោមការឡោមព័ទ្ធ
ក្នុងអំឡុងពេលសង្រ្គាមបូសស្នៀ(ឆ្នាំ១៩៩២ ដល់១៩៩៦) មានជនស៊ីវិល និងទាហានជាង១ម៉ឺននាក់ បានបាត់បង់ជីវិត ក្នុងទីក្រុងសារ៉ាជេវ៉ូ ខណៈពេលដែលមានការបាញ់កំាភ្លើង និងការបាញ់ផ្លោងសន្ធប់ ចេញពីភ្នំដែលនៅតំបន់ជិតខាង។ លោកស្ទីវិនហ្គាឡូវេយ(Steven Galloway) ក៏បាននិពន្ធសៀវភៅរឿងប្រលោមលោក ដែលមានចំណងជើងថា អ្នកលេងវីយូឡុងធំ នៃទីក្រុងសារ៉ាជេវ៉ូ ដែលក្នុងនោះ គាត់បានពិពណ៌នាអំពីសង្រ្គាមនៅតំបន់នោះ ក្នុងអំឡុងពេលនៃការឡោមព័ទ្ធរដ្ឋធានី ដែលមានរយៈពេលយូរបំផុត ក្នុងប្រវត្តិសាស្រ្តនៃសង្រ្គាមសម័យទំនើប។
រឿងប្រលោមលោកនេះ មានតួអង្គប្រឌិតសំខាន់ៗ បីនាក់ ដែលត្រូវសម្រេចចិត្តថា តើត្រូវគិតពីខ្លួនឯងជាទីមួយ ក្នុងការតស៊ូ ដើម្បីឲ្យរួចជីវិតក្នុងសង្រ្គាម ឬត្រូវជម្នះកាលៈទេសៈដ៏គ្រោះថ្នាក់ ដើម្បីគិតពីអ្នកដទៃ ក្នុងអំឡុងគ្រាដ៏វេទនា។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសាវ័កប៉ុល ដែលបានសរសេរសំបុត្រនៅក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម ផ្ញើទៅកាន់គ្រីស្ទបរិស័ទនៅក្រុងភីលីព ដោយបង្រៀនពួកគេថា “ចូររាប់អានគេឲ្យលើសជាងខ្លួនដោយចិត្តសុភាពវិញ កុំឲ្យគ្រប់គ្នាស្វែងរកតែប្រយោជន៍ផ្ទាល់ខ្លួនឡើយ ត្រូវស្វែងរកចំពោះអ្នកដទៃផង”(ភីលីព ២:៣-៤)។ សាវ័កប៉ុលបានលើកឡើង អំពីគំរូដ៏អស្ចារ្យរបស់ព្រះយេស៊ូវ ដែលបានផ្តោតទៅលើអ្នកដទៃ ដោយមិនគិតពីប្រយោជន៍ខ្លួនឯង គឺដូចមានសេចក្តីចែងថា “ត្រូវតែមានគំនិតគិតដូចជាព្រះគ្រីស្ទយេស៊ូវវិញ ដែលទោះបើទ្រង់មានរូបអង្គជាព្រះក៏ដោយ … ទ្រង់បានលះបង់ព្រះអង្គទ្រង់ មកយករូបភាពជាបាវបំរើវិញ … នោះក៏បន្ទាបព្រះអង្គទ្រង់ ទាំងចុះចូលស្តាប់បង្គាប់ រហូតដល់ទីមរណៈ គឺទ្រង់ទទួលសុគតជាប់ឈើឆ្កាងផង”(ខ.៥-៨)។
ព្រះយេស៊ូវមិនបានស្វែងរកការអាណិតពីអ្នកដទៃទេ ផ្ទុយទៅវិញ ទ្រង់បានលះបង់អ្វីៗគ្រប់យ៉ាងដែលទ្រង់មាន ដើម្បីរំដោះយើង ឲ្យរួចពីចំណងនៃអំពើបាប។…
ខ្មាំងសត្រូវនៃការទុកចិត្ត
មេបញ្ជាការកងទ័ព តែងតែចង់មានទាហានគ្រប់ចំនួន ដើម្បីបំពេញបេសកកម្មរបស់ខ្លួន។ ពួកគេភាគច្រើនចង់មានទាហានច្រើនលើសលប់ ជាជាងមានចំនួនតិចតួចពេក ប៉ុន្តែ មនុស្សគ្រប់គ្នាមិនមែនសុទ្ធតែយល់ស្របគ្នាថា កងទ័ពត្រូវមានចំនួនប៉ុន្មាន ទើបគ្រប់គ្រាន់នោះឡើយ។
ពេលលោកគេឌានបានជ្រើសរើសទ័ព ដែលមានគ្នា៣២០០០នាក់ ដើម្បីតតាំងនឹងពួកសាសន៍ដែលសង្កត់សង្កិនពួកអ៊ីស្រាអែល ព្រះអម្ចាស់ទ្រង់ក៏បានមានបន្ទូលទៅគាត់ថា “ចំនួនមនុស្សដែលនៅជាមួយនឹងឯង មានគ្នាច្រើនពេកណាស់ នឹងឲ្យអញប្រគល់ពួកម៉ាឌានមក ក្នុងកណ្តាប់ដៃគេ មិនបានឡើយ ក្រែងពួកអ៊ីស្រាអែលអួតខ្លួន ទាស់នឹងអញវិញ ដោយថា អញបានជួយសង្គ្រោះខ្លួនអញទេ”(ពួកចៅហ្វាយ ៧:២)។
ដូចនេះ ព្រះអម្ចាស់ក៏បានចាប់ផ្តើមបន្ថយចំនួនទ័ពរបស់លោកគេឌាន។ ពេលទ្រង់អនុញ្ញាតឲ្យអ្នកដែលភ័យខ្លាចចាកចេញពីជួរទ័ព នោះមានពួកប្រុសៗ២២០០០នាក់បានត្រឡប់ទៅផ្ទះវិញ(ខ.៣)។ ការកាត់ចំនួនជាលើកទីពីរ បានបន្ថយកងពលដែលនៅសល់១០០០០នាក់ ឲ្យធ្លាក់មកត្រឹមចំនួន៣០០នាក់វិញ ដែលក្នុងនោះព្រះអម្ចាស់បានមានបន្ទូលអំពីអ្នកទាំងនោះថា “អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់…”(ខ.៧)។ ហើយការនោះក៏បានកើតឡើងយ៉ាងដូច្នោះមែន(ខ.១៩-២៣)។
នៅក្នុងការរស់នៅដោយជំនឿ ធនធានរបស់យើងអាចក្លាយជាខ្មាំងសត្រូវនៃការទុកចិត្តព្រះ។ ព្រះទ្រង់សព្វព្រះទ័យឲ្យយើងពឹងផ្អែកលើទ្រង់ គឺមិនមែនពឹងផ្អែកទៅលើកម្លាំងរបស់យើងទេ កម្លាំងនោះជាកម្លាំងខាងរូបកាយ ខាងហិរញ្ញវត្ថុ ឬប្រាជ្ញារបស់យើងនោះទេ។
ពេលដែលព្រះអម្ចាស់កាត់បន្ថយធនធានរបស់យើង ពីចំនួន “៣២០០០ ទៅ៣០០” ទ្រង់មិនមែនកំពុងតែដាក់ទោសយើងទេ។ ទ្រង់ធ្វើការនេះ ដើម្បីរៀបចំផ្លូវឲ្យយើងថ្វាយសិរីល្អដល់ទ្រង់ តាមរយៈជីវិតរបស់យើង ពេលដែលយើងទទួលស្គាល់ និងទុកចិត្តអំណាចចេស្តាទ្រង់។-David McCasland
រូបភាពពិតរបស់ព្រះយេស៊ូវ
លោករ៉ូបឺត ហេងស៍(Robert Henkes) ជាអ្នកនិព្ធសៀវភៅដែលមានចំណងជើងថា រូបភាពរបស់ស្រ្តីអាមេរិកដែលល្បីឈ្មោះ ដែលក្នុងនោះគាត់បានសរសេរថា “ការផ្តិតយករូបភាពរបស់មនុស្ស មិនគ្រាន់តែជាការប្រើម៉ាស៊ីនថតរូបនរណាម្នាក់ ឲ្យតែបានរូបថត ឬគូររូបពួកគេដាក់ផ្ទាំងគំនូរប៉ុណ្ណោះឡើយ”។ ការផ្តិតយករូបភាពរបស់មនុស្ស គឺមិនគ្រាន់តែគិតអំពីរូបភាពនៅសម្បកក្រៅប៉ុណ្ណោះទេ តែក៏ត្រូវគិតអំពីអារម្មណ៍ ក្នុងជម្រៅនៃវិញ្ញាណរបស់មនុស្សផងដែរ។ ក្នុងការផ្តិតយករូបភាពរបស់មនុស្ស សិល្បៈករពិតប្រាកដជា ព្យាយាម “ផ្តិតយកលក្ខណៈដ៏ពិតរបស់បុគ្គលដែលគាត់បានថតរូបនោះ”។
អស់រយៈពេលជាច្រើនសតវត្សរ៍មកហើយ ដែលគេបានគូររូបព្រះយេស៊ូវ នៅលើផ្ទាំងគំនូរជាច្រើន។ អ្នកប្រហែលជាបានឃើញរូបគំនូររបស់ទ្រង់ នៅតាមព្រះវិហារ ឬសារៈមន្ទីរសិល្បៈ ឬប្រហែលជាមានរូបគំនូរទ្រង់ នៅក្នុងផ្ទះរបស់អ្នកផង។ ជាការពិតណាស់ គ្មានរូបមួយណា ដែលជារូបពិតរបស់ព្រះអង្គឡើយ ព្រោះយើងមិនដែលមានរូបថតរបស់ទ្រង់ ហើយក៏មិនដែលឃើញរូបគំនូររបស់ទ្រង់ ដែលវិចិត្រករបានគូរ ពេលបានឃើញទ្រង់ផ្ទាល់ភ្នែកឡើយ។
ទោះជាយ៉ាងណាក៏ដោយ យើងអាចដឹងថា ទ្រង់មានលក្ខណៈដ៏ពិតដូចម្តេចខ្លះ ក្នុងបទគម្ពីរអេសាយ ជំពូក៥៣។ ការពិពណ៌នាក្នុងបទគម្ពីរនេះ បាននិយាយលម្អិតយ៉ាងច្បាស់លាស់ អំពីរូបពិតរបស់ទ្រង់ថា “ទ្រង់បានទ្រាំទ្រ រងអស់ទាំងសេចក្តីឈឺចាប់របស់យើង … ប៉ុន្តែយើងរាល់គ្នាបានរាប់ទ្រង់ទុកជាអ្នកមានទោសវិញ គឺជាអ្នកដែលព្រះបានវាយ ជាអ្នកដែលរងវេទនា តែទ្រង់ត្រូវរបួស ដោយព្រោះអំពើរំលងរបស់យើង ក៏ត្រូវវាយជាំ ដោយព្រោះអំពើទុច្ចរិតរបស់យើងទេ … ហើយយើងរាល់គ្នាបានប្រោសឲ្យជា ដោយសារស្នាមរំពាត់នៅអង្គទ្រង់”(ខ.៤-៥)។
បទគម្ពីរនេះជួយឲ្យយើងមើលឃើញក្តីស្រឡាញ់ ទុក្ខព្រួយ និងការឈឺចាប់ ដែលមាននៅលើព្រះភ័ក្រ្តព្រះយេស៊ូវ។ តែព្រះឱសទ្រង់មិនបានចោទប្រកាន់ ឬថ្កោលទោសយើងឡើយ។ ទ្រង់គ្មានអំពើបាបណាមួយសោះ…
ពូកែចាប់កំហុស
ពេលខ្ញុំអានកាសែត ឬទស្សនាវដ្តីម្តងៗ ខ្ញុំច្រើនតែកត់សំគាល់ឃើញ គេសរសេរខុសវេយ្យករណ៍ ឬខុសអក្ខរាវិរុទ្ធ។ ខ្ញុំមិនព្យាយាមចាប់កំហុសអ្នកសរសេរនោះទេ តែយើងងាយនឹងមើលឃើញគេសរសេរខុសជាញឹកញាប់។ ពេលនោះ ខ្ញុំក៏បានឆ្លើយតប ដោយរិះគន់ការសែត និងអ្នកដែលបោះពុម្ភផ្សាយថា “ហេតុអ្វីបានជាគេមិនប្រើកម្មវិធី ពិនិត្យអក្ខរាវិរុទ្ធ ឬជួលអ្នកពិនិត្យអក្ខរាវិរុទ្ធ?”
អ្នកប្រហែលជាមានបទពិសោធន៍ស្រដៀងនឹងខ្ញុំដែរ នៅក្នុងមុខជំនាញរបស់អ្នក។ ជាញឹកញាប់ ពេលដែលយើងកាន់តែមានការយល់ដឹង ក្នុងផ្នែកអ្វីមួយកាន់តែច្បាស់ នោះយើងហាក់ដូចជាកាន់តែងាយរកឃើញកំហុស នៅក្នុងផ្នែកនោះ។ ការនេះក៏អាចជះផលអាក្រក់មកលើទំនាក់ទំនង របស់យើងជាមួយអ្នកដទៃផងដែរ។
ប៉ុន្តែ បទគម្ពីរភីលីព ១:៩ បានប្រាប់យើងឲ្យមានការឆ្លើយតបខុសពីនេះ។ គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង ឲ្យមានសេចក្តីស្រឡាញ់ ចម្រើនកាន់តែច្រើនឡើង ដោយនូវសេចក្តីចេះដឹង និងយោបល់គ្រប់ជំពូក។ ព្រះទ្រង់មានផែនការឲ្យយើងមានក្តីស្រឡាញ់កាន់តែជ្រាលជ្រៅ ពេលយើងបានដឹង និងបានយល់កាន់តែច្រើន។ យើងមិនគួរបង្កើតឲ្យមានវិញ្ញាណដែលពូកែរិះគន់ ហើយធ្វើពុតជា មិនចាប់អារម្មណ៍ ឬមិនខ្វល់ពីអ្នកដទៃនោះឡើយ ផ្ទុយទៅវិញ ពេលយើងដឹងអំពីអ្នកដទៃកាន់តែច្រើន យើងក៏គួរតែអាណិតគេកាន់តែខ្លាំងផងដែរ។ និយាយរួម យើងត្រូវជំនួសការរិះគន់ ដោយសេចក្តីអាណិតវិញ។
ព្រះអម្ចាស់មិនបានត្រាសហៅយើង ឲ្យធ្វើជាអ្នកតាមចាប់កំហុសអ្នកដទៃឡើយ ផ្ទុយទៅវិញ ទ្រង់បានហៅយើងឲ្យ “ពេញជាផលនៃសេចក្តីសុចរិតដែលមកដោយសារព្រះយេស៊ូវគ្រីស្ទ សំរាប់ជាសិរីល្អ ហើយជាសេចក្តីសរសើរដល់ព្រះ”(ខ.១១)។
ពេលព្រះអម្ចាស់បំពេញចិត្តយើង ដោយក្តីស្រឡាញ់ យើងអាចមើលរំលងកំហុសអ្នកដទៃ បញ្ឈប់ការរិះគន់ ហើយស្រឡាញ់គេ ទោះជាយើងបានស្គាល់គេច្រើនប៉ុណ្ណាក៏ដោយ!-David Mccasland
ការដើរជាមួយព្រះអម្ចាស់
មានពេលមួយ ខ្ញុំបានទទួលកូនសៀវភៅមួយក្បាល ពីមិត្តភក្តិខ្ញុំម្នាក់ ដែលមានចំណងជើងថា “ការចែកចាយរឿង អំពីទំនាក់ទំនង ដែលមានរយៈពេល៨៦ឆ្នាំ ជាមួយព្រះអម្ចាស់”។ ក្នុងកូនសៀវភៅនេះ លោកអាល អេកខេនហេល(Al Ackenheil) បានកត់សំគាល់អំពីបុគ្គលដែលជាគន្លឹះដ៏សំខាន់ និងអំពីព្រឹត្តិការណ៍ទាំងឡាយ ក្នុងការធ្វើដំណើរខាងសេចក្តីជំនឿរបស់គាត់ អស់រយៈពេលជិត៩ទសវត្សរ៍។ កាលនោះ គាត់បានទន្ទេញខគម្ពីរ ជួបប្រជុំជាមួយអ្នកដទៃ ដើម្បីអធិស្ឋាន ប្រាប់អ្នកជិតខាងគាត់ អំពីព្រះយេស៊ូវ ដែលការទាំងអស់នេះហាក់ដូចជា សកម្មភាពធម្មតាទេ តែវាបានក្លាយជាចំណុចរបត់ ដែលបានផ្លាស់ប្តូរទិសដៅនៃជីវិតគាត់។ ខ្ញុំមានអំណរណាស់ ដែលបានអានអំពីរបៀបដែលព្រះហស្តព្រះបានដឹកនាំ និងលើកទឹកចិត្តលោកអាល។
បទគម្ពីរទំនុកដំកើង ៣៧:២៣ បានចែងថា “គឺព្រះយេហូវ៉ាដែលតម្រូវអស់ទាំងជំហាននៃមនុស្សល្អ ហើយទ្រង់សព្វព្រះហឫទ័យនឹងផ្លូវដែលគេដើរដែរ”(ទំនុកដំកើង ៣៧:២៣)។ បទគម្ពីរទំនុកដំកើង ក្នុងជំពូកនេះ ក៏បានបន្តរៀបរាប់ ដោយនិយាយ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការថែរក្សាអ្នក ដែលចង់ដើរជាមួយទ្រង់។ គឺដូចមានសេចក្តីចែងថា “ក្រឹត្យវិន័យរបស់ព្រះនៃគេ នោះនៅក្នុងចិត្ត ឯជំហាននៃគេ ក៏នឹងមិនភ្លាំងភ្លាត់ឡើយ”(ខ.៣១)។
យើងម្នាក់ៗសុទ្ធតែអាចកត់ត្រា អំពីការដឹកនាំរបស់ព្រះ និងភាពស្មោះត្រង់របស់ទ្រង់ ដោយឆ្លុះបញ្ចាំង អំពីការដឹកនាំរបស់ទ្រង់ ដោយប្រើមនុស្ស ទីកន្លែង និងបទពិសោធន៍ ដែលសុទ្ធតែសំខាន់ នៅក្នុងការធ្វើដំណើរនៃសេចក្តីជំនឿ។ ការនឹកចាំ អំពីសេចក្តីល្អរបស់ព្រះអម្ចាស់ លើកទឹកចិត្តយើងឲ្យបន្តដើរជាមួយទ្រង់…
ការងាកចេញពីភាពបាត់បង់
អ្នកនិពន្ធម្នាក់ ឈ្មោះលោកវីលៀម ហ្ស៊ីនស័រ(William Zinsser) បានពិពណ៌នា អំពីការទៅមើលផ្ទះរបស់គាត់ជាលើកចុងក្រោយ។ គាត់បានចម្រើនវ័យធំឡើង ក្នុងផ្ទះនោះ ជាកន្លែងដែលគាត់ស្រឡាញ់យ៉ាងខ្លាំង កាលពីវ័យកុមារ។ ពេលគាត់ និងភរិយាគាត់បានធ្វើដំណើរមកដល់កូនភ្នំមួយ ដែលគេអាចឈរមើលតំបន់ឆកសមុទ្រម៉ានហាសសេត(Manhasset Bay) និងតំបន់ឡង អាយឡិន សោន(Long Island Sound) ពួកគេក៏បានដឹងថា ផ្ទះនោះត្រូវបានគេរុះរើចោលហើយ នៅសល់តែរណ្តៅដ៏ធំមួយប៉ុណ្ណោះ។ ពួកគេក៏ដើរទៅកាន់ជញ្ជាំងការពារទឹកសមុទ្រ ដែលនៅក្បែរនោះ ដោយការបាក់ទឹកចិត្ត។ លោកវីលៀមក៏បានមើលទៅឆ្នេរសមុទ្រ ដែលមានសម្លេង និងទេសភាពដ៏ស្រស់ស្អាត។
ក្រោយមក គាត់ក៏បានសរសេរអំពីបទពិសោធន៍មួយនេះ នៅក្នុងសៀវភៅរបស់គាត់ថា “ខ្ញុំមានអារម្មណ៍ធូរស្បើយ ហើយគ្រាន់តែមិនសប្បាយចិត្តបន្តិច។ ទេសភាពមាត់សមុទ្រនៅតែល្អស្អាតដូចមុន : គឺទេសភាពដី និងសមុទ្រដែលព្រះបានតុបតែងយ៉ាងពិសេស ដែលខ្ញុំនៅតែចងចាំយ៉ាងច្បាស់ បានជាខ្ញុំនៅតែស្រមៃឃើញនៅក្នុងចិត្ត”។
អ្នកនិពន្ធបទគម្ពីរទំនុកដំកើង ក៏បានសរសេរនៅក្នុងបទគម្ពីរទំនុកដំកើង អំពីពេលដ៏វេទនា ដែលព្រលឹងគាត់មិនព្រមក្សាន្តទុក្ខ ហើយវិញ្ញាណគាត់ក៏ល្វើយទៀត(ទំនុកដំកើង ៧៧:២-៣)។ ប៉ុន្តែ ក្នុងពេលមានទុក្ខយ៉ាងនេះ គាត់ឈប់ផ្តោតទៅលើសេចក្តីទុក្ខរបស់គាត់ ហើយងាកមកផ្តោតចិត្តទៅលើព្រះសង្រ្គោះរបស់គាត់វិញ ដោយថ្លែងថា “ទូលបង្គំនឹងរឭកពីអស់ទាំងការនៃព្រះយេហូវ៉ា ដ្បិតទូលបង្គំនឹកឃើញអស់ទាំងការអស្ចារ្យ ដែលទ្រង់បានធ្វើកាលពីដើម”(ខ.១១)។
ដើម្បីជម្នះការបាក់ទឹកចិត្ត យើងត្រូវផ្តោតទៅលើព្រះ ជាជាងផ្តោតទៅលើការបាត់បង់។ ព្រះអម្ចាស់អញ្ជើញយើងឲ្យក្រឡេកមកមើលទ្រង់ ហើយឃើញទំហំនៃសេចក្តីល្អរបស់ទ្រង់ ព្រះវត្តមានដែលគង់នៅជាមួយយើង…
សំបុត្រផ្ញើមកពីសមរភូមិ
អស់រយៈពេលជាង២ទសវត្សរ៍មកហើយ ដែលលោកអេនឌ្រូ ខារ៉ូល(Andrew Carroll) បានជំរុញអ្នកដទៃ កុំឲ្យបោះចោលសំបុត្រ ដែលសមាជិកគ្រួសារ ឬមិត្តភក្តិបានសរសេរផ្ញើមក ក្នុងសម័យសង្រ្គាម។ លោកខារ៉ូល ជានាយកនៃមជ្ឈមណ្ឌល ដើម្បីលិខិតក្នុងសម័យសង្រ្គាមអាមេរិក នៅសកលវិទ្យាល័យឆាបមិន ក្នុងរដ្ឋកាលីហ្វូញ៉ា។ គាត់បានចាត់ទុកសំបុត្រទាំងនោះ ជាចំណងទាក់ទងមិនអាចជំនួសបាន ដែលចងភ្ជាប់ក្រុមគ្រួសារ ហើយនាំឲ្យមានការយោគយល់គ្នា។ លោកខារ៉ូលបានមានប្រសាសន៍ថា “ពេលក្មេងជំនាន់ក្រោយបានអានសំបុត្រទាំងនោះ ពួកគេនឹងមានសំណួរ និងនិយាយថា ពួកគេបានយល់អំពីការពិបាក និងការលះបង់ដែលយើងបានឆ្លងកាត់”។
ពេលសាវ័កប៉ុលកំពុងជាប់ឃុំ ក្នុងមន្ទីរឃុំឃាំង នៅទីក្រុងរ៉ូម គាត់ដឹងថា ជីវិតគាត់នឹងត្រូវអស់ ក្នុងពេលដ៏ខ្លីខាងមុខ បានជាគាត់សរសេរសំបុត្រមួយច្បាប់ ទៅកាន់យុវជនម្នាក់ឈ្មោះ ធីម៉ូថេ ដែលគាត់បានចាត់ទុកជា “កូនក្នុងជំនឿ”។ សាវ័កប៉ុលបានបង្ហាញពីជម្រៅចិត្តរបស់គាត់ ដូចជាទាហានកំពុងនៅសមរភូមិ គឺដូចដែលគាត់ប្រាប់លោកធីម៉ូថេថា “ដ្បិតខ្ញុំកំពុងតែត្រូវច្រួចចេញ ឯពេលវេលាដែលខ្ញុំត្រូវលាទៅ ក៏បានមកដល់ហើយ ខ្ញុំបានតយុទ្ធយ៉ាងល្អ ខ្ញុំបានរត់ប្រណាំងជាស្រេច ខ្ញុំបានរក្សាសេចក្តីជំនឿទៅហើយ ពីនេះទៅមុខ នឹងមានមកុដនៃសេចក្តីសុចរិត បំរុងទុកឲ្យខ្ញុំ ដែលព្រះអម្ចាស់ដ៏ជាចៅក្រមសុចរិត ទ្រង់នឹងប្រទានមកខ្ញុំនៅថ្ងៃនោះ មិនមែនដល់ខ្ញុំតែម្នាក់ប៉ុណ្ណោះ គឺដល់អស់អ្នកណាដែលចូលចិត្តនឹងដំណើរទ្រង់យាងមកវិញនោះដែរ”(២ធីម៉ូថេ ៤:៦-៨)។
ពេលយើងអានសំបុត្រ ក្នុងព្រះគម្ពីរ ដែលវីរៈបុរសនៃជំនឿគ្រីស្ទបរិស័ទ បានបន្សល់ទុកឲ្យយើង ហើយដឹងអំពីទុក្ខលំបាកដែលពួកគេបានទទួលរង ដោយសារសេចក្តីស្រឡាញ់ដែលពួកគេមានចំពោះព្រះគ្រីស្ទ យើងទទួលបាននូវសេចក្តីក្លាហាន ក្នុងការយកគំរូតាមពួកគេ…
ការជួយសង្រ្គោះអ្នកដែលស្ទាក់ស្ទើរ
ជាច្រើនឆ្នាំកន្លងទៅ ក្នុងអំឡុងពេលនៃការសិក្សា អំពីសុវត្ថិភាពនៅក្នុងទឹក ខ្ញុំបានទទួលការបណ្តុះបណ្តាលពីរបៀបជួយសង្រ្គោះមនុស្សលង់ទឹក ដែលរើបំរាស់ខ្លាំង ធ្វើឲ្យគេពិបាកជួយ។ គ្រូបង្វឹកបានប្រាប់យើងឲ្យហែល “ទៅជួយអ្នកនោះពីក្រោយខ្នងគាត់។ ដោយយកដៃមួយចំហៀងឱបពីលើទ្រូង និងពីលើដៃរបស់គាត់ដែលកំពុងប្រវេប្រវា រួចហែលនាំគាត់ទៅរកទីសុវត្ថិភាព។ បើយើងហែលទៅជួយគាត់ពីខាងមុខ នោះគាត់នឹងកញ្ឆក់ទាញយើង ឲ្យលង់ទឹកជាមួយគាត់មិនខាន”។ ត្រង់ចំណុចនេះ ភាពស្លន់ស្លោ និងការភ័យខ្លាចអាចធ្វើឲ្យមនុស្សបាត់បង់សមត្ថភាពគិត និងធ្វើសកម្មភាព ឲ្យបានត្រឹមត្រូវ។
ពេលព្រះទ្រង់ចាត់ទេវតាពីរអង្គ ឲ្យមកជួយសង្រ្គោះលោកឡុត និងក្រុមគ្រួសារគាត់ ឲ្យរួចពីសេចក្តីហិនវិនាស ដែលហៀបនឹងកើតឡើង នៅក្រុងសូដុំម និងកូម៉ូរ៉ា(លោកុប្បត្តិ ១៩:១២-១៣) ពួកគេបានជួបនឹងការប្រឆាំង។ កូនប្រសាររបស់លោកឡុតគិតថា ការដាស់តឿនរបស់ទេវតា ជាការនិយាយលេង(ខ.១៤)។ ពេលពួកទេវតាប្រាប់លោកឡុតឲ្យប្រញាប់ចាកចេញ គាត់មានការស្ទាក់ស្ទើរ(ខ.១៥)។ ពេលនោះ ទេវតាទាំងពីរអង្គក៏បាន “ចាប់ដៃគាត់ និងដៃប្រពន្ធ ហើយនឹងកូនស្រីគាត់ទាំង២ នាំចេញទៅលែងឯក្រៅទីក្រុង ដ្បិតព្រះយេហូវ៉ាទ្រង់មេត្តាប្រណីដល់គាត់”(ខ.១៦)។
ពេលយើងគិតឡើងវិញ អំពីការធ្វើដំណើរ ក្នុងសេចក្តីជំនឿ ដែលយើងមានក្នុងព្រះគ្រីស្ទ យើងអាចនឹកចាំ អំពីភាពស្មោះត្រង់របស់ព្រះ នៅក្នុងការជួយយើង ពេលដែលយើងមានការស្ទាក់ស្ទើរ និងប្រឆាំងនឹងទ្រង់។ ពេលយើងជួបមនុស្សដែលកំពុងលិចលង់ ក្នុងភាពអស់សង្ឃឹម និងការភ័យខ្លាចក្នុងវិញ្ញាណ យ៉ាងធ្ងន់ធ្ងរ នោះយើងអាចសូមប្រាជ្ញាពីព្រះដើម្បីបង្ហាញក្តីស្រឡាញ់ចំពោះពួកគេ ក៏ដូចជាដល់អ្នកដែលមានការស្ទាក់ស្ទើរ នៅក្នុងការទទួលសេចក្តីសង្រ្គោះរបស់ទ្រង់។-David Mccasland