នៅ​ទីក្រុង​ផុតធាក រដ្ឋ​មីឈឺហ្គិន មាន​ក្រុម​ហ៊ុន​វាយ​កំទេច​ផ្ទះ​មួយ បាន​យក​គ្រឿង​ចក្រ​ទៅ​វាយ​កំទេច​ផ្ទះ​មួយ​ខ្នង ​ដោយ​ការ​យល់​ច្រឡំ។ អ្នក​ស្រាវជ្រាវ​ជឿ​ថា ម្ចាស់​ផ្ទះ​ដែល​គេ​គ្រោង​នឹង​វាយ​កំទេច​នោះ បាន​យក​ផ្លាក​លេខ​ផ្ទះ​គាត់ ទៅ​ដំ​ដែក​គោលភ្ជាប់​នឹង​ផ្ទះ​របស់​អ្នក​ជិត​ខាង ដើម្បី​ជៀស​វាង​កុំ​ឲ្យ​គេ​វាយ​បំផ្លាញ​ផ្ទះ​គាត់។​

រឿង​នេះ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចំា អំពី​ព្រះ​យេស៊ូវ។ ព្រះ​អង្គ​បាន​ធ្វើ​ផ្ទុយ​ពី​ម្ចាស់​ផ្ទះ​នោះ។ ព្រះ​អង្គ​បាន​យាង​មក​បំពេញ​បេសក​កម្ម​របស់​ព្រះ​អង្គ ដោយ​អនុញ្ញាត​ឲ្យ​គេ “បំផ្លាញ​ដំណាក់​(​ឬ​ផ្ទះ​)របស់​ព្រះ​អង្គ” ដើម្បី​ជួយ​សង្រ្គោះ​ជីវិត​អ្នក​ដទៃ។ នៅ​សម័យ​នោះ គេ​ម្នាក់​ៗ បូក​រួម​ទាំង​ពួក​សាវ័ក​ផង មាន​ការ​ភ័ន្ត​ភាំង​ណាស់ ហើយ​ពួក​គេ​ប្រហែលជា​មើល​មុខ​គ្នា​ទៅ​វិញ​ទៅ​មក ពេល​ដែល​ព្រះ​អង្គ​មាន​បន្ទូល​តប​ទៅ​ពួក​អ្នក​ដឹក​នាំ​សាសនា​ថា “ចូរ​បំផ្លាញ​ព្រះវិហារ​នេះ​ចុះ រួច​ក្នុង​រវាង​៣​ថ្ងៃ ខ្ញុំ​នឹង​សង់​ឡើង​វិញ”(យ៉ូហាន ២:១៩)។ ពួក​អ្នក​ដឹក​នាំ​សាសនា​ទាំង​នោះ ក៏​បាន​តប​វិញ​ភ្លាម​ថា “គេ​សង់​ព្រះវិហារ​នេះ ពេញ​៤៦​ឆ្នាំ​គត់ តែ​លោក​នឹង​សង់​ឡើង​វិញ ក្នុង​រវាង​៣​ថ្ងៃ​ឬ?”(ខ.២១)។ ប៉ុន្តែ ព្រះ​យេស៊ូវ​ជ្រាប​ថា ព្រះ​អង្គ​កំពុង​តែ​មាន​បន្ទូល​សំដៅ​ទៅ​លើ​ព្រះ​វិហារ ដែលជា​ព្រះ​កាយ​ព្រះ​អង្គ(ខ.២១) តែ​ពួក​គេ​មិន​យល់​ទេ។

ពួក​គេ​មិន​ដឹង​ថា ព្រះ​អង្គ​បាន​យាង​មក ដើម្បី​ទទួល​គ្រប់​ទាំង​អំពើ​បាប​របស់​យើង​រាល់​គ្នា ផ្ទុក​នៅ​លើ​អង្គ​ទ្រង់។ ព្រះ​អង្គ​បានប្រោស​លោះ​យើង​ហើយ។​

ព្រះ​ជា​ម្ចាស់​តែង​តែ​ស្គាល់​ចិត្ត​យើង ច្បាស់​ជាង​យើង​ស្គាល់​ចិត្ត​ខ្លួន​ឯង។ ដូច​នេះ ព្រះ​អង្គ​មិន​បើក​បង្ហាញ​ផែន​ការ​របស់​ព្រះ​អង្គមួយ​រយ​ភាគ​រយ​តែ​ម្តង ដល់​អ្នក​ដែល​បាន​ឃើញ​ការ​អស្ចារ្យ ហើយ​ជឿ​ព្រះ​អង្គ​នោះ​ទេ(ខ.២៣-២៥)។ រហូត​មក​ដល់​ពេល​សព្វ​ថ្ងៃ​នេះ ព្រះ​អង្គ​បាន​បង្ហាញ​សេចក្តី​ស្រឡាញ់ និង​សេចក្តី​ល្អ​របស់​ព្រះ​អង្គ​បន្តិច​ម្តង​ៗ ក្នុង​ព្រះ​បន្ទូល​ព្រះ​យេស៊ូវ។​-Mart DeHaan