ពេលដ៏តក់ស្លត់
ម៉ាលីន(Marlene) ភរិយារបស់ខ្ញុំបានឆ្លងទន្លេអស់ពេលជាង៣០ម៉ោង នៅពេលដែលម៉ាថ(Matt)កូនដំបូងរបស់យើង បានចាប់កំណើត ជាហេតុបណ្តាលឲ្យទាំងកូនទាំងម្តាយ មានភាពតប់ប្រមល់ហួសប្រមាណ។ ថ្ងៃនោះ វេជ្ជបណ្ឌិតដែលធ្លាប់តែពិនិត្យផ្ទៃពោះនាង ជាទៀងទាត់ មិនមានវត្តមាននៅទីនោះទេ ដូចនេះ វេជ្ជបណ្ឌិតដែលមកជំនួស មិនមានការយល់ដឹងអំពីនាង និងគ័ររបស់នាងទេ។ ហេតុនោះហើយ បានជាគាត់ចំណាយពេលច្រើនពេក ទំរាំតែគាត់សម្រេចចិត្តធ្វើការវះកាត់ជាបន្ទាន់ ហើយការនេះបានបណ្តាលឲ្យកូនប្រុសរបស់យើងចាប់កំណើតមក ដោយការប៉ះទង្គិចយ៉ាងខ្លាំង បានជាគេយកទៅដាក់នៅកន្លែងសង្រ្គោះបន្ទាន់ សម្រាប់ទារកទើបកើត។ ពួកគេគ្មានលទ្ធភាពជួយកូនរបស់យើង ឲ្យឆ្លងផុតស្ថានភាពដែលមានការប៉ះទង្គិចនៃការប្រើថ្នាំពេទ្យបានឡើយ។ តែដោយសារព្រះគុណព្រះ ម៉ាថក៏បានជាសះស្បើយ។ ទោះជាយ៉ាងណាក៏ដោយ ក្នុងមួយជីវិតនេះ គ្មានពេលណាដែលខ្ញុំមានការតក់ស្លត់ ជាងពេលដែលខ្ញុំឈរនៅក្បែរគ្រែដ៏តូចរបស់ម៉ាថ ក្នុងកន្លែងសង្រ្គោះបន្ទាន់ឡើយ។ តែខ្ញុំដឹងថា ព្រះអម្ចាស់ទ្រង់គង់នៅក្បែរខ្ញុំ ពេលដែលខ្ញុំអធិស្ឋានទូលទ្រង់។
ក្នុងពេលដ៏តក់ស្លត់បំផុត នៃជីវិតយើង (ក៏ដូចជាក្នុងស្ថានភាពផ្សេងទៀត) គ្មានអ្វីដែលអាចនាំមកនូវការកម្សាន្តចិត្ត ដល់ចិត្តដែលឈឺចាប់ ដូចពេលដែលយើងដឹងច្បាស់ថា ព្រះគង់នៅជាមួយយើង និងមើលថែរយើងឡើយ។ ស្តេចដាវីឌ ទ្រង់ជាអ្នកនិពន្ធបទទំនុកដំកើង ដែលបានមានបន្ទូលថា “ទោះបើទូលបង្គំដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ក៏ដោយ គង់តែមិនខ្លាចសេចក្តីអាក្រក់ណាឡើយ ដ្បិតទ្រង់គង់នៅជាមួយនឹងទូលបង្គំព្រនង់ ហើយនឹងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។
ពេលដែលការភ័យខ្លាចមានភាពលើសលប់ចំពោះយើង នោះព្រះអម្ចាស់គង់នៅជាមួយ។ យើងមានការធូរស្បើយក្នុងចិត្ត ពេលបានដឹងថាទ្រង់គង់នៅក្បែរ ដើម្បីនាំយើងឆ្លងកាត់ការល្បងលដ៏ជ្រាលជ្រៅបំផុត។–Bill Crowder
ត្រាសហៅអ្នក
មានពេលមួយ ខ្ញុំបានធ្វើដំណើរតាមយន្តហោះ ជាមួយមិត្តរួមការងាររបស់ខ្ញុំពីរនាក់។ ពេលដែលយើងបានឆ្លងផុតកន្លែងត្រួតពិនិត្យសន្តិសុខនៃអាកាសយាន្តដ្ឋាន ហើយក៏បន្តដើរឆ្ពោះទៅរកច្រកទ្វារសម្រាប់ឲ្យយើងរង់ចាំ ខ្ញុំក៏បានឮគេស្រែកហៅឈ្មោះខ្ញុំថា “អាននេ សេតាស អាននេ សេតាស(Paging Anne Cetas)”។ មានតែខ្ញុំម្នាក់គត់ ដែលមានឈ្មោះនេះ ដូចនេះ យើងដឹងថា គេប្រាកដជាកំពុងតែហៅខ្ញុំហើយ។ ខ្ញុំក៏សន្និដ្ឋានថា ខ្ញុំប្រហែលជាភ្លេចរបស់អ្វីមួយ នៅច្រកត្រួតពិនិត្យហើយ។ ខ្ញុំក៏បានទៅជួបភ្នាក់ងារអាកាសចរម្នាក់ ដែលនៅទីនោះ ដែលបានប្រាប់ខ្ញុំឲ្យលើកទូរស័ព្ទពណ៌ក្រហម។ ខ្ញុំបានប្រាប់គាត់ថា ខ្ញុំនឹងហើយដែលឈ្មោះ អាននេ សេតាស ហើយហេតុអ្វីបានជាគេហៅឈ្មោះខ្ញុំ។ ខ្ញុំក៏រកមើលទូរស័ព្ទ ដើម្បីចុចនិយាយ តែអ្នកប្រតិបត្តិការរូបនោះ បាននិយាយថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ខ្ញុំក៏ប្រាប់គាត់ថា “ឈ្មោះនោះជាឈ្មោះខ្ញុំហើយតើ”។ តែគាត់នៅតែនិយាយដដែលថា “ទេ ពួកខ្ញុំមិនបានហៅឈ្មោះអ្នកស្រីទេ”។ ក្រោយមក ខ្ញុំនៅតែមិនដឹងថា ហេតុអ្វីបានជាខ្ញុំ ឮសម្លេងគេហៅឈ្មោះខ្ញុំ នៅថ្ងៃនោះឡើយ។
នៅសម័យបុរាណ មានក្មេងប្រុសម្នាក់ឈ្មោះ សាំយ៉ូអែលក៏បានឮសម្លេងគេ “ហៅឈ្មោះ” ផងដែរ (១សាំយ៉ូអែល ៣:៤)។ ព្រះគម្ពីរបានចែងថា គាត់ “មិនទាន់ស្គាល់ព្រះយេហូវ៉ានៅឡើយទេ ព្រះបន្ទូលនៃទ្រង់ក៏មិនទាន់បានសំដែងមកឲ្យដឹងដែរ”(ខ.៧) ដូចនេះ លោកអេលីដែលជាពួកសង្ឃ នៃព្រះវិហារព្រះអម្ចាស់ ត្រូវតែជួយប្រាប់គាត់ថា នរណាកំពុងតែហៅឈ្មោះគាត់…
រដូវកាលដ៏ល្អបំផុត
ជីវិតមនុស្សមានលក្ខណៈដូចអាកាសធាតុណាស់ … ពោលគឺវាមានរដូវកាល។ ជីវិតរបស់យើង តែងតែមានផ្លូវដែលជំរុញឲ្យយើង ចូលទៅក្នុងរដូវកាលមួយទៀត ទោះបីជាយើងចូលចិត្តឬមិនចូលចិត្តក៏ដោយ។ ហើយពេលដែលយើងត្រូវបានរុញច្រាន ឲ្យចូលក្នុងរដូវកាលបន្ទាប់ ជាញឹកញាប់ យើងមិនមានការប្រាកដក្នុងចិត្ត ឬមានការភ័យខ្លាច ចំពោះការអ្វីដែលអាចកើតមានចំពោះយើង ក្នុងរដូវកាលថ្មីនោះ។
នេះជាការពិតមែន ជាពិសេសសសម្រាប់រដូវកាលចុងក្រោយនៃជីវិត គឺនៅពេលដែលយើងត្រូវបានបន្លាចដោយ ការចោទសួរខ្លួនឯងថា តើខ្ញុំនឹងត្រូវនៅម្នាក់តែឯងឬ? តើសុខភាពរបស់ខ្ញុំអាចទ្រាំទ្របានទេ? តើខ្ញុំនឹងមានលុយចាយគ្រប់គ្រានឬទេ? តើគំនិតខ្ញុំនឹងនៅតែថ្មីជានិច្ចឬទេ? ទោះយើងកំពុងស្ថិតក្នុងរដូវកាលនៃជីវិតមួយណាក៏ដោយ ក៏យើងត្រូវតែមានការសម្រេចចិត្ត ថាតើយើងនឹងខ្ជេះខ្ជាយពេលវេលានៃរដូវកាលនោះ ដោយសារគំនិតដែលពេញដោយការភ័យខ្លាច ឬ “លៃយកឱកាសឲ្យទាន់ពេល ពីព្រោះសម័យនេះអាក្រក់ណាស់” គឺដូចដែលសាវ័កប៉ុលបានបង្រៀនយើង (អេភេសូរ ៥:១៦)។
ទោះបីអ្នកកំពុងស្ថិតនៅក្នុងរដូវកាលណាក៏ដោយ ក៏អ្នកនៅតែអាចទុកចិត្តសេចក្តីស្មោះត្រង់របស់ព្រះជានិច្ច។ ទ្រង់បានមានបន្ទូលថា “អញនឹងមិនចាកចេញពីឯង ក៏មិនបោះបង់ចោលឯងឡើយ បានជាយើងរាល់គ្នាអាចនឹងនិយាយ ដោយក្លាហានថា ខ្ញុំមិនព្រមខ្លាចឡើយ”(ហេព្រើ ១៣:៥-៦)។
ដោយសារអ្នកមានព្រះវត្តមានព្រះ និងការផ្គត់ផ្គង់របស់ទ្រង់ នោះអ្នកអាចលៃយកឱកាសឲ្យបានល្អបំផុត ក្នុងរដូវកាលនីមួយៗ ដោយដើរតាមព្រះយេស៊ូវយ៉ាងប្រកិត ដោយចំណាយពេលជាមួយព្រះបន្ទូលទ្រង់ និងអធិស្ឋាន ដោយស្រឡាញ់ និងអត់ទោសឲ្យអ្នកដទៃ កាន់តែអស់ពីចិត្ត ហើយបម្រើគេដោយអំណរ និងចិត្តសប្បុរស។
ព្រះបានប្រទានពរឲ្យយើងមានរដូវកាលក្នុងពេលបច្ចុប្បន្ន នោះចូរយើងប្រើពេលនោះឲ្យមានប្រយោជន៍បំផុត!–Joe Stowell
ពិបាកស្រឡាញ់
កាលពីប៉ុន្មានឆ្នាំមុន ខ្ញុំបានធ្វើការជាអ្នកប្រឹក្សាយោបលក្មេងប្រុសមួយចំនួន ដែលមិនស្តាប់បង្គាប់ឪពុកម្តាយ។ ពេលនោះខ្ញុំបានដឹងអំពីការលំបាក នៅក្នុងការប្រឈមមុខនឹងអាកប្បកិរិយ៉ារបស់ពួកគេ។ ពួកគេចូលចិត្តធ្វើបានសត្វ ដែលគេចិញ្ចឹមនៅក្នុងសួនសត្វសម្រាប់កុមារ ហើយជួនកាលបានឈ្លោះប្រកែកគ្នា។ ដូចនេះ ខ្ញុំក៏បានប្រើវិធីសាស្រ្តស្ងៀមស្ងាត់ និងរឹងមាំ ដើម្បីដឹកនាំពួកគេ។ ហើយទោះបីជាពួកគេ ចេះតែធ្វើឲ្យខ្ញុំមានអារម្មណ៍ពិបាកទទួលក៏ដោយ ក៏ខ្ញុំនៅតែយកចិត្តទុកដាក់ នៅក្នុងការបំពេញសេចក្តីត្រូវការរបស់ពួកគេជានិច្ច។
ទោះបីជាខ្ញុំបានបង្ហាញចេញនូវភាពសប្បុរស និងសេចក្តីស្រឡាញ់ក៏ដោយ ក៏នៅក្នុងចិត្តខ្ញុំ ខ្ញុំច្រើនតែមានអារម្មណ៍ថា ខ្ញុំកំពុងតែ“អត់ធ្មត់ចំពោះពួកគេ”។ ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការដែលព្រះវរបិតា ដែលគង់នៅស្ថានដ៏ខ្ពស់ បានផ្គត់ផ្គង់កូនរបស់ទ្រង់ ដែលបះបោរទាស់នឹងទ្រង់។ ទាក់ទងនឹងរឿងរបស់រាស្រ្តអ៊ីស្រាអែល ក្នុងអំឡុងពេលដែលពួកគេភាសខ្លួនចេញពីនគរអេស៊ីព្ទ សាវ័កប៉ុលបានមានប្រសាសន៍ថា “ព្រះទ្រង់បានទ្រាំទ្រនឹងកិរិយារបស់គេ នៅទីរហោស្ថាន ក្នុងរវាងប្រហែលជា៤០ឆ្នាំ”(កិច្ចការ ១៣:១៨)។ ក្នុងព្រះគម្ពីរដើមជាភាសាក្រិក ពាក្យ “ទ្រាំទ្រ” ច្រើនតែមានន័យថា ផ្គត់ផ្គង់សេចក្តីត្រូវការរបស់មនុស្ស ដោយចិត្តអត់ធ្មត់ ទោះបីជាពួកគេឆ្លើយតប ដោយការរមើលគុណក៏ដោយ។
ពេលដែលយើងខិតខំមើលថែរអ្នកដទៃ ដោយការយកចិត្តទុកដាក់ អ្នកខ្លះប្រហែលជាមិនឆ្លើយតបជាវិជ្ជមាន ចំពោះយើងឡើយ។ ពេលដែលមានរឿងនេះកើតឡើង នោះយើងចាំបាច់ត្រូវនឹកចាំថា ព្រះទ្រង់ក៏មានការអត់ធ្មត់ចំពោះយើងផងដែរ។ ហើយទ្រង់បានប្រទានព្រះវិញ្ញាណទ្រង់មក ដើម្បីជួយឲ្យយើងឆ្លើយតប ដោយសេចក្តីស្រឡាញ់ ចំពោះអ្នកដែលយើងពិបាកស្រឡាញ់ ឬអ្នកដែលមិនចេះដឹងគុណ (កាឡាទី ៥:២២-២៣)។
ឱព្រះអម្ចាស់អើយ សូមប្រទានឲ្យទូលបង្គំមានចិត្តអត់ធ្មត់ ចំពោះអ្នកដែលយើងខ្ញុំពិបាកស្រឡាញ់។–Dennis Fisher
ស្មោះត្រង់ដល់ទីបញ្ចប់
ក្នុងការប្រកួតការរត់ប្រណាំម៉ារ៉ាតុន សាឡូម៉ូន ខេលឌ័រ(Salomon Kielder) មានកីឡាករម្នាក់បានរត់ចេញពីការប្រកួត ពេលដែលគាត់រត់បានចម្ងាយផ្លូវ៣២គីឡូម៉ែត្រហើយ រួចគាត់ក៏បានឡើងជិះឡានក្រុង ទៅកាន់តំបន់ព្រៃមួយ ដែលនៅក្បែរទីផ្ទាច់ព្រាត់។ បន្ទាប់មក គាត់ក៏រត់ចេញពីព្រៃនោះ ចូលក្នុងការប្រកួតវិញ ហើយដណ្តើមបានពាន់រង្វាន់លេខបី។ តែក្រោយមក ពួកមន្ត្រីរៀបចំការប្រកួតក៏បានសួរនាំគាត់ ពីមូលហេតុដែលគាត់បានលេងផ្លូវកាត់យ៉ាងដូចនេះ គាត់ក៏បានសារភាពថា កាលនោះដោយសារគាត់រត់ហត់ខ្លាំងពេក ទើបគាត់សម្រេចចិត្តធ្វើដូចនោះ។
ក្នុងចំណោមយើងរាល់គ្នា មានមនុស្សជាច្រើន ដែលអាចយល់អំពីការខ្សោះកម្លាំងរបស់កីឡាដ៏ទន់ខ្សោយម្នាក់នេះ ខណៈពេលដែលយើងកំពុងរត់ប្រណាំង ខាងជំនឿក្នុងនាមជាគ្រីស្ទបរិស័ទ។ យ៉ាងណាមិញ ព្រះគម្ពីរហេព្រើបានលើកទឹកចិត្តយើងឲ្យ “រត់ក្នុងទីប្រណាំង ដែលនៅមុខយើង ដោយអំណត់”(១២:១)។ ដើម្បីរត់ប្រណាំងដោយចិត្តអំណត់ យើងត្រូវទម្លាក់អំពើបាប ដែលកំពុងតែរារាំងយើងនោះចោល ហើយត្រូវជម្រុះបន្ទុក ដែលកំពុងតែធ្វើឲ្យយើងពិបាកបោះជំហានទៅមុន។ យើងត្រូវតែមមុលទៅមុខ ទោះបីជាមានការបៀតបៀនក៏ដោយ(២ធីម៉ូថេ ៣:១២)។
ដើម្បីកុំឲ្យយើងមានភាពខ្សោះល្វើយ និងការបាក់ទឹកចិត្តក្នុងវិញ្ញាណយើង(ហេព្រើ ១២:៣) ព្រះគម្ពីរបានជម្រុញយើងឲ្យផ្តោតទៅលើព្រះគ្រីស្ទ។ កាលណាយើងផ្តោតទៅលើទ្រង់ ជាជាងផ្តោតទៅលើបញ្ហារបស់យើង នោះយើងនឹងកត់សម្គាល់ឃើញថា ទ្រង់ក៏កំពុងតែរត់ប្រណាំងទន្ទឹមនឹងយើងផងដែរ ដើម្បីជួយទ្រយើង ពេលយើងជំពប់ដួល(២កូរិនថូស ១២:៩) ហើយលើកទឹកចិត្តយើង ឲ្យយកគំរូតាមទ្រង់ (១ពេត្រុស ២:២១-២៤)។ កាលណាយើងផ្តោតចក្ខុយើងទៅរក “ព្រះយេស៊ូវដ៏ជាមេផ្តើម ហើយជាមេសំរេចសេចក្តីជំនឿរបស់យើង”(ហេព្រើ ១២:២) នោះយើងនឹងបាននៅជាប់ជាមួយនឹងប្រភពនៃកម្លាំងរបស់យើង ហើយនៅតែស្មោះត្រង់រហូតដល់ទីបញ្ចប់។–Jennifer Benson Schuldt
ឥឡូវនេះខ្ញុំមើលឃើញ
អ្នកស្រីដេបូរ៉ា ខេនឌ្រីក(Deborah Kendrick) ចូលចិត្តចូលរួមកម្មវិធីប្រគុំតន្រ្តីប្រដវេយ(Broadway) ដែលមានការសម្តែងកាយវិការ ទោះបីជាគាត់ពិការភ្នែក ហើយតែងតែពិបាកយល់អំពីបរិយ៉ាកាសជុំវិញ និងកាយវិការរបស់អ្នកសម្តែងនៅលើឆាកក៏ដោយ។ ទោះបីជាយ៉ាងណាក៏ដោយ ថ្មីៗនេះ គាត់បានចូលរួមទស្សនាការសម្តែងរឿងមួយ ដែលនៅក្នុងនោះ គឺបានប្រើបច្ចេកវិទ្យាថ្មីមួយ ដែលជួយឲ្យអ្នកទស្សនាស្តាប់ការពិពណ៌នាអំពីសកម្មភាពនៅលើឆាក តាមរយៈកូនវិទ្យុអែហ្វអិម(FM)តូចមួយ។ ការពិពណ៌នាអំពីកម្មវិធី និងសកម្មភានៅលើឆាកនោះ ត្រូវបានធ្វើឡើង ស្របទៅតាមភ្លើងពណ៌នៅលើឆាក និងសម្លេងនៃកម្មវិធី។ នៅក្នុងការចេញផ្សាយរបស់កាសែត ដឺ កូឡុំបឺស ឌីស្ពេច (The Columbus Dispatch) គាត់បានមានប្រសាសន៍ថា “បើអ្នកសួរថា តើខ្ញុំបានមើលការសម្តែងកាលពីសប្តាហ៍មុននៅក្រុងញូយ៉កទេ នោះខ្ញុំនឹងឆ្លើយងថា ចាស … ខ្ញុំពិតជាបានមើល ការសម្តែងនោះ យ៉ាងប្រាដកមែន”។
ពេលដែលខ្ញុំបានស្តាប់គាត់ចែកចែក ពីបទពិសោធន៍ដែលគាត់មាននៅពេលនោះ ខ្ញុំក៏បាននឹកចាំអំពីការពិពណ៌នាអំពីតួនាទីរបស់ព្រះវិញ្ញាណបរិសុទ្ធ នៅក្នុងការជួយឲ្យយើងយល់ព្រះបន្ទូលព្រះ។ មុនពេលដែលព្រះយេស៊ូវយាងទៅឈើឆ្កាង ទ្រង់បានប្រាប់ពួកសិស្សទ្រង់ថា “ព្រះដ៏ជាជំនួយ គឺជាព្រះវិញ្ញាណបរិសុទ្ធ ដែលព្រះវរបិតានឹងចាត់មក ដោយនូវឈ្មោះខ្ញុំ ទ្រង់នឹងបង្រៀនអ្នករាល់គ្នា ពីគ្រប់សេចក្តីទាំងអស់ ក៏នឹងរំឭកពីគ្រប់ទាំងសេចក្តី ដែលខ្ញុំបានប្រាប់ដល់អ្នករាល់គ្នាដែរ”(យ៉ូហាន ១៤:២៦)។
ពេលដែលយើងបើកព្រះគម្ពីរ ដើម្បីអាន ឬសិក្សាព្រះបន្ទូលព្រះ ព្រះវិញ្ញាណនៃសេចក្តីពិតទ្រង់គង់នៅជាមួយយើង ប្រយោជន៍នឹងជួយដឹកនាំយើង ឲ្យចូលទៅក្នុងសេចក្តីពិត (១៦:១៣)។ បើយើងពឹងផ្អែកលើសមត្ថភាពខ្លួនឯង ដើម្បីសិក្សាព្រះបន្ទូលទ្រង់ នោះយើងមិនអាចមើលឃើញសេចក្តីពិតឡើយ តែតាមរយៈការដឹកនាំនៃព្រះវិញ្ញាណបរិសុទ្ធ…
ធូលីដី
ពេលដែលព្រះជ្រើសរើសធូលីដី ដើម្បីបង្កើតអ័ដាំម តាមរបៀបដ៏វិចិត្រ(លោកុប្បត្តិ ២:៧) ទ្រង់មិនចាំបាច់បារម្ភថា ទ្រង់នឹងខ្វះធូលីដី ដើម្បីបង្កើតជារូបគាត់ឡើយ។ អ្នកស្រីហាណា ហមស៍(Hannah Holmes) ដែលជាអ្នកនិពន្ធសៀវភៅ ដែលមានចំណងជើងថា អាថ៌កំបាំងនៃជីវិតរបស់ធូលីដី។ គាត់បានមានប្រសាសន៍ថា ជារៀងរាល់ឆ្នាំ មានធូលីដីនៅវាលរហោស្ថាន បានហុយឡើងទៅលើមេឃ ដែលជាមានទម្ងន់សរុបពី១ ទៅ៣ពាន់លានតោន។ ធូលីដី១ពាន់លានតោន អាចដាក់ក្នុងទូរថភ្លើង១៤លានទូ ដូចនេះ រថភ្លើងមួយនោះត្រូវមានប្រវែងដ៏វែង ដែលអាចរំព័ទខ្សែបន្ទាត់អេក្វាទ័ររបស់ផែនដីបាន៦ជុំ”។
គ្មាននរណាម្នាក់ចាំបាច់ត្រូវទិញធូលីដីឡើយ ព្រោះយើងម្នាក់ៗសុទ្ធតែមានធូលីដី ដែលលើសពីការចង់បានរបស់យើង។ ក្នុងផ្ទះខ្ញុំមានធូលីដីច្រើនណាស់ ខ្ញុំអាចមិនខ្វល់ពីវា យូរប៉ុណ្ណាក៏បាន។ មូលហេតុនោះគឺ : បើខ្ញុំមិនរំខានវាទេ នោះវាក៏មិនសូវគួរឲ្យចាប់អារម្មណ៍ដែរ។ តែនៅទីបំផុត ធូលីដីនោះក៏កើនឡើងកាន់តែខ្លាំង ធ្វើឲ្យខ្ញុំមិនអាចធ្វើពុតជាមិនអើពើរ នឹងវាបានទៀតឡើយ។ ដូចនេះ ខ្ញុំក៏យកឧបករណ៍បោសសម្អាតរបស់ខ្ញុំចេញមក ហើយចាប់ផ្តើមសម្អាតវា នៅកន្លែងណាដែលមានវា។ ពេលដែលខ្ញុំសម្អាតធូលីដីនោះ ខ្ញុំក៏មើលផ្ទៃដ៏ភ្លឺរលោងរបស់រនាបផ្ទះ។ បន្ទាប់មក ខ្ញុំក៏បាននឹងចាំទៀតថា ព្រះបានបានប្រើធូលីដី ដែលជារបស់ដែលយើងមិនឲ្យតម្លៃ ដើម្បីបង្កើតអ្នកនិងខ្ញុំ ក៏ដូចជាបង្កើតអ្នកដទៃទៀត(លោកុប្បត្តិ ២:៧)។
ពេលដែលខ្ញុំដឹងអំពីការពិត ដែលថា ព្រះបានប្រើធូលីដី ដើម្បីបង្កើតមនុស្សមក ខ្ញុំក៏បានគិតសារឡើងវិញ អំពីការចាត់ទុកនរណាម្នាក់ ឬរបស់អ្វីមួយថា គ្មានតម្លៃ។ យើងប្រហែលជាចង់បោសសម្អាតមនុស្ស…
ម្តងម្នាក់ៗ
លោកអេឌវើត ផេយសិន(Edward Payson) គឺជាគ្រូអធិប្បាយដ៏ល្បីម្នាក់ នៅក្នុងសម័យមុន។ មានពេលមួយ មានមនុស្សតែម្នាក់ប៉ុណ្ណោះបានមកអង្គុយស្តាប់ការអធិប្បាយរបស់គាត់ ព្រោះនៅថ្ងៃអាទិត្យនោះមានព្យុះបក់បោកមក។ ជាច្រើនខែក្រោយមក បុរសម្នាក់នោះក៏បានជម្រាបគាត់ថា “ខ្ញុំទទួលការប៉ះពាល់ចិត្ត កាលពីថ្ងៃនោះ ហើយក៏បានទទួលជឿព្រះសង្គ្រោះ។ ដ្បិតនៅថ្ងៃនោះ ពេលដែលលោកគ្រូអធិប្បាយអំពីអំពើបាប និងសេចក្តីសង្រ្គោះ ខ្ញុំក៏បានក្រឡេចមើលជុំវិញខ្លួនខ្ញុំ ក្រែងលោលោកគ្រូកំពុងនិយាយសំដៅទៅរកអ្នកផ្សេង ប៉ុន្តែ ដោយ សារពេលនោះ មានតែខ្ញុំម្នាក់ដែលអង្គុយក្នុងព្រះវិហារ នោះខ្ញុំគ្មានជម្រើសអ្វីក្រៅពីទទួលយកពាក្យគ្រប់ម៉ាត់ដែលលោកគ្រូអធិប្បាយ ទុកដាក់ក្នុងចិត្ត និងគំនិតខ្ញុំតែម្តង”។
ព្រះទ្រង់សង្រ្គោះមនុស្សម្តងម្នាក់ៗ។ បើអ្នកមានឱកាសនាំមនុស្សម្នាក់ឲ្យទទួលជឿព្រះ ការនោះជាកន្លែងបំពេញបេសកកម្មរបស់អ្នកហើយ។ គឺដូចដែលមានពាក្យស្លោកមួយពោលថា “វិញ្ញាណនីមួយដែលមានព្រះគ្រីស្ទ គឺជាបេសកជន ហើយវិញ្ញាណដែលគ្មានព្រះគ្រីស្ទ ជាកន្លែងបំពេញបេសកកម្មហើយ”។
មនុស្សតែម្នាក់មិនអាចឈោងចាប់លោកិយទាំងមូលបានឡើយ តែយើងអាចស្រឡាញ់អ្នកជិតខាងយើង។ យើងអាចសួរថា “តើអ្នកជិតខាងខ្ញុំជានរណា?” អ្នកជិតខាងយើង ជាអ្នកដែលយើងជួបតាមផ្លូវ។ គឺដូចកាលដែលព្រះវិញ្ញាណនាំលោកភីលីព ទៅជួបមនុស្សកម្រៀវសាសន៍អេធីយ៉ូពី ដែលកំពុងអានព្រះគម្ពីរ ហើយត្រូវការឲ្យនរណាម្នាក់ជួយពន្យល់គាត់ (កិច្ចការ ៨:២៦-៣៥)។ ព្រះវិញ្ញាណបានឲ្យលោកភីលីពមានពាក្យដែលនិយាយត្រូវចំណុច ហើយបុរសកម្រៀវរូបនោះ ក៏បានទទួលជឿព្រះគ្រីស្ទ នៅពេលនោះ(ខ.៣៧)។
ចូរអធិស្ឋានសូមឲ្យព្រះប្រទានមនុស្សដែលទ្រង់បានរៀបចំ។ ទ្រង់នឹងនាំអ្នកទៅកន្លែងដែលអ្នកត្រូវទៅ ដោយត្រូវពេលផង ដើម្បីឲ្យអ្នកនិយាយទៅកាន់អ្នកនោះ។ ទ្រង់នឹងមានបន្ទូលតាមរយៈបបូរមាត់របស់អ្នក ធ្វើការតាមរយៈដៃរបស់អ្នក ហើយបំពេញបំណងព្រះហឫទ័យដ៏ធំ នៅក្នុងជីវិតអ្នក។–David Roper
ត្រូវបានបង្កើតមកយ៉ាងអស្ចារ្យ
កាលពីពេលថ្មីៗនេះ ពេលដែលវេជ្ជបណ្ឌិតពិនិត្យភ្នែករបស់ខ្ញុំ គាត់បានយកឧបករណ៍ម្យ៉ាងចេញមក ដែលខ្ញុំមិនធ្លាប់ឃើញពីមុនមក។ ខ្ញុំក៏សួរគាត់ថា ឧបករណ៍នោះជាឧបករណ៍អ្វីដែរ គាត់ក៏ឆ្លើយថា “ខ្ញុំនឹងប្រើឧបករណ៍នេះ ដើម្បីថតរូបភាព ដែលនៅផ្នែកខាងក្រោយនៃគ្រាប់ភ្នែករបស់អ្នក”។ ពេលនោះ ខ្ញុំមានការស្ងើចសរសើរចំពោះអ្នកដែលបានឆ្នៃបង្កើតឧបករណ៍ ដែលអាចថតរូបយ៉ាងដូចនេះបាន។ ប៉ុន្តែ ខ្ញុំកាន់តែកោតសរសើរការដែលវេជ្ជបណ្ឌិតរូបនេះ អាចយករូបភាពដែលថតបាននោះ មកមើលយល់។ គាត់មានប្រសាសន៍ថា “យើងអាចប្រមូលពត៌មានលម្អិតជាច្រើន អំពីសុខភាពជាទូទៅរបស់អ្នក ដោយគ្រាន់តែមើលរូបខាងក្រោយគ្រាប់ភ្នែករបស់អ្នកប៉ុណ្ណោះ”។
ប្រសាសន៍របស់គាត់បានធ្វើឲ្យខ្ញុំមានការភ្ញាក់ផ្អើល។ វាពិតជាគួរឲ្យកត់សំគាល់ណាស់ ដែលគេអាចពិនិត្យមើលសុខភាពរបស់មនុស្សម្នាក់ទាំងស្រុង ដោយគ្រាន់តែពិនិត្យមើលសុខភាពរបស់ភ្នែក។ ដូចនេះ ព្រះអម្ចាស់ពិតជាបានយកព្រះទ័យទុកដាក់យ៉ាងខ្លាំង នៅក្នុងការដាក់ភាពលម្អិតដូចនេះ នៅក្នុងរូបកាយដែលទ្រង់បានបង្កើត! ការនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីបន្ទូលរបស់ស្តេចដាវីឌ ដែលជាអ្នកនិពន្ធទំនុកដំកើង ដែលបានបកស្រាយអំពីភាពប៉ិនប្រសប់របស់ព្រះយ៉ាងដូចនេះថា “ទូលបង្គំនឹងអរព្រះគុណដល់ទ្រង់ ដ្បិតទ្រង់បានបង្កើតទូលបង្គំមកយ៉ាងគួរកោត គួរអស្ចារ្យ ឯស្នាដៃនៃទ្រង់ ក៏សុទ្ធតែអស្ចារ្យទាំងអស់ ព្រលឹងទូលបង្គំក៏ដឹងច្បាស់ហើយ”(ទំនុកដំកើង ១៣៩:១៤)។
ភាពសាំញុំាដ៏អស្ចារ្យនៃរូបកាយរបស់យើង បានឆ្លុះបញ្ចាំងអំពីភាពវ័យឆ្លាត និងប្រាជ្ញារបស់ព្រះអាទិករដ៏អស្ចារ្យនៃយើង។ ភាពអស្ចារ្យនៃការរចនារបស់ទ្រង់ គឺមិនគ្រាន់តែបានធ្វើឲ្យយើងស្ងើចសរសើរប៉ុណ្ណោះទេ តែថែមទាំងនាំឲ្យយើងថ្វាយបង្គំទ្រង់ ដោយហេតុផលច្រើនរាប់មិនអស់។–Bill Crowder
រឹងមាំតាមរយៈទុក្ខលំបាក
ជាញឹកញាប់ កម្មវិធីថ្វាយបង្គំព្រះនៅព្រះវិហារ ច្រើនតែបញ្ចប់ ដោយការអធិស្ឋានសូមព្រះពរ។ ហើយការអធិស្ឋានសូមព្រះពរ ដែលគេប្រើជាទូទៅនោះ គឺជាការអធិស្ឋានតាមលំនាំនៃសេចក្តីបញ្ចប់ ក្នុងសំបុត្រទីមួយរបស់សាវ័កពេត្រុស ដែលចែងថា “សូមព្រះទ្រង់មេត្តាប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង ក្នុងខណៈក្រោយដែលបានរងទុក្ខបន្តិចហើយ”(១ពេត្រុស ៥:១០)។ តែជួនកាល នៅក្នុងការអធិស្ឋាននេះ គេបានលុបចោលឃ្លាដែលថា “បន្ទាប់ពីអ្នកបានរងទុក្ខបន្តិចហើយ”។ តើដោយសាមូលហេតុអ្វី?ប្រហែលមកពី ការនិយាយអំពីការរងទុក្ខ មិនពិរោះស្តាប់ហើយមើលទៅ។
ទោះបីជាយ៉ាងណាក៏ដោយ ត្រង់ចំណុចនេះ យើងមិនគួរមានការភ្ញាក់ផ្អើលឡើយ ពេលដែលទុក្ខលំបាកកំពុងកើតមានក្នុងជីវិតយើង។ សាវ័កប៉ុលបានដឹងយ៉ាងច្បាស់ថា ការរងទុក្ខមានការលំបាកប៉ុណ្ណា បានជាគាត់សរសេរក្នុងសំបុត្ររបស់គាត់ថា “ឯអស់អ្នកណាដែលចង់រស់ ដោយគោរពប្រតិបត្តិដល់ព្រះគ្រីស្ទយេស៊ូវ នោះនឹងត្រូវមានសេចក្តីបៀតបៀនដែរ”(២ធីម៉ូថេ ៣:១២)។
បើសិនជាយើងរស់នៅ ដោយការចុះចូលព្រះ(១ពេត្រុស ៥:៦) ហើយតយុទ្ធនឹងអារក្ស (ខ.៩) នោះយើងអាចរំពឹងថា គេនឹងនិយាយបង្ខូចយើង គេមិនយល់អំពីយើង ហើយថែមទាំងកេងចំណេញពីយើងទៀត។ តែសាវ័កពេត្រុសបានមានប្រសាសន៍ថា ព្រះទ្រង់មានគោលបំណងច្បាស់លាស់ ពេលដែលទ្រង់អនុញ្ញាតឲ្យមានការរងទុក្ខទាំងនោះកើតឡើងចំពោះយើង។ គោលបំណងរបស់ទ្រង់ គឺដើម្បី “ប្រោសឲ្យអ្នករាល់គ្នាបានគ្រប់លក្ខណ៍ ទាំងចំរើនកំឡាំង ហើយតាំងអ្នករាល់គ្នាឲ្យមាំមួនឡើង”(ខ.១០)។
ផ្លូវដែលព្រះទ្រង់ដឹកនាំយើង ដើម្បីឲ្យយើងលូតលាស់ខាងវិញ្ញាណ គឺច្រើនតែមានការឆ្លងកាត់ការលំបាក ប៉ុន្តែ ការលំបាកទាំងនោះ បានជួយធ្វើឲ្យយើងមានភាពរឹងប៉ឹងឡើង ដើម្បីតយុទ្ធនឹងព្យុះនៃជីវិត នៅពេលអនាគត។ សូមឲ្យព្រះទ្រង់ជួយឲ្យយើង មានចិត្តស្មោះត្រង់ ពេលដែលយើងព្យាយាមរស់នៅ…