ការថ្វាយបង្គំខុសឆ្គង
ប្រសិនបើ អ្នកពិតជាចង់ឱ្យមនុស្សជាច្រើនមានការជំពប់ចិត្ត នោះអ្នកត្រូវគំរាមកំហែងដល់សេដ្ឋកិច្ចរបស់ពួកគេ។ សេដ្ឋកិច្ចទន់ខ្សោយធ្វើឱ្យអ្នកនយោបាយធ្លាក់ចេញពីដំណែង រីឯការរកស៊ីធ្លាក់ចុះបានធ្វើឱ្យប៉ូលជិតត្រូវគេបណ្តេញចេញពីទីក្រុងអេភេសូ។
មានរឿងអីកើតឡើងនៅត្រង់នេះ។ លោកប៉ូលបានចូលទៅក្នុងក្រុង ហើយក៏បានចាប់ផ្តើម “ជជែកពន្យល់ និងបញ្ចុះបញ្ចូលមនុស្ស ... ពីនគរព្រះ”(កិច្ចការ 19:8)។ គាត់បានចាប់ផ្តើមផ្សាយដំណឹងល្អនៅទីនោះជាង2ឆ្នាំ ក៏មានមនុស្សច្រើនសន្ឋឹកចាប់ផ្តើមដើរតាមព្រះយេស៊ូវ ។
ខណៈពេលលោកប៉ូល ទទួលបានជោគជ័យក្នុងការនាំមនុស្សឱ្យយល់ឃើញថា មានព្រះពិតតែមួយប៉ុណ្ណោះ ធ្វើឱ្យអ្នកក្រុងអេភេសូជាច្រើន ឈប់ថ្វាយបង្គំរូបព្រះឌីអាន។ នេះគឺជាដំណឹងអាក្រក់សំរាប់ជាងប្រាក់ និងអស់អ្នកណា ដែលប្រកបរបបធ្វើរូបចម្លាក់នាងឌីអាន សំរាប់លក់ចិញ្ចឹមជីវិតរបស់ពួកគេនៅក្នុងទីក្រុងនោះ។ ប្រសិនបើមានមនុស្សច្រើនល្មមឈប់ជឿលើនាងឌីអាន អាចធ្វើឱ្យមុខរបបនេះបិទទ្វារ។ កាលគេដឹងពីសេចក្តីនេះ ហើយក៏កើតមានភាពរំជើបរំជួលជាខ្លាំង និងសម្រែកបានផ្ទុះឡើង ។
ឧប្បត្តិហេតុដែលកើតមានឡើងនៅក្នុងទីក្រុងអេភេសូនេះ រំលឹកយើងដើម្បីយើងចេះវាយតម្លៃទៅលើមូលហេតុរបស់យើងក្នុងការថ្វាយបង្គំព្រះជាម្ចាស់ ។ ពួកជាងប្រាក់ការពារការថ្វាយបង្គំរបស់ពួកគេ ក៏ដូចជាការពារផលប្រយោជន៍របស់ពួកគេដែរ តែក្នុងចំណោមយើងរាល់គ្នាកុំឱ្យគេរាប់បញ្ចូលក្នុងពួកគេទ្បើយ ។ កុំបណ្តោយឱ្យការថ្វាយបង្គំព្រះរបស់អ្នករាល់គ្នា ក្លាយទៅជាការនាំលាបនាំសំណាងឡើយ ។
យើងថ្វាយបង្គំព្រះជាម្ចាស់ដោយព្រោះសេចក្តីស្រឡាញ់របស់ទ្រង់មានសំរាប់យើង រាល់គ្នា និងដោយព្រោះទ្រង់គឺជាព្រះ មិនដោយសារទ្រង់ជួយខាងផ្នែកហរិញ្ញវត្ថុរបស់យើងទេ។ ចូរយើងរាល់គ្នាថ្វាយបង្គំព្រះជាម្ចាស់ក្នុងរបៀបដែលត្រឹមត្រូវ ។ – Dave Branon
ដល់ពេលហើយ
កំឡុងពេលបុណ្យណូអែល នៅព្រះវិហាររបស់ពួកយើង។ ខ្ញុំបានមើលសមាជិកក្រុមចំរៀងជាច្រើន រៀបចំខ្លួនឈរនៅចំពោះមុខពួកជំនុំ ខណះពេលគ្រូបញ្ផារបទភ្លេងបានបើកក្រដាសបទភ្លេងនៅលើជើងទ្រពណ៌ខ្មៅមួយ។ ឧបករណ៍ ភ្លេងជាច្រើន បានចាប់ផ្តើមប្រគំឡើង អ្នកចម្រៀងក៏បានបន្លឺសម្លេងជាបទចម្រៀងយ៉ាងពិរោះ ដោយពាក្យថា “ចូរមកដល់ពេលថ្វាយបង្គំហើយ។”
ទោះបីបើខ្ញុំនឹកស្មានថា នឹងបានឮចម្រៀងសរសើរពីបុណ្យណូអែលយ៉ាងណាក៏ដោយ ក៏ខ្ញុំនៅតែញញឹម សរសើរដល់ការជ្រើសរើសបទចម្រៀង បានយ៉ាងត្រឹមត្រូវផងដែរ។ កាលពីសប្តាហ៍ដំបូង ខ្ញុំបានអានបទគម្ពីរពីការ ប្រសូតរបស់ព្រះយេស៊ូវក្នុងព្រះគម្ពីរលូកា កាលនោះខ្ញុំបាននឹកចាំថា នៅថ្ងៃបុណ្យណូអែលដំបូងបង្អស់ មិនមានការជប់លៀងទំនើបៗ ការឱ្យអំណោយ និងការស៊ីលៀងផ្សេងៗទេ ប៉ុន្តែ មានការថ្វាយបង្គំ។
ក្រោយពីទេវតាបានប្រកាស់ដំណឹងប្រាប់ទៅដល់ពួកអ្នកគង្វាល ពីការប្រសូតមករបស់ព្រះយេស៊ូវហើយ នោះក្រុមចម្រៀងនៃពួកទេវតា បានចាប់ផ្តើមបន្លឺឡើងជាបទសរសើរដល់ព្រះដោយច្រៀងថា “សួរស្តីដល់ព្រះ នៅស្ថានដ៏ខ្ពស់បំផុត!”(លូកា 2:13-14)។ ពួកអ្នកគង្វាលបានឆ្លើយតប ដោយការរត់សំដៅទៅភូមិបេថ្លិហឹម ជាកន្លែងដែលពួកគេបានជួបព្រះអង្គដែលទើបនឹងប្រសូតមកផ្ទុំនៅក្នុងស្នូតសត្វក្នុងក្រោលសត្វ។ ពួកគេក៏បានវិលមកកន្លែងពួកគេវិញ “ទាំងសរសើរដំកើងដល់ព្រះ ដោយព្រោះគ្រប់ទាំងការដែលគេបានឮ ហើយឃើញនោះ ដូចជា ទេវតាបានប្រាប់មក”(ខ.20)។ ចូលមក ជួបជាមួយព្រះរាជបុត្រា ដោយមុខទល់នឹងមុខដោយបាននឹកចាំថា ពួកអ្នកគង្វាលថ្វាយបង្គំព្រះវបិតា។
ចូរពិចារណាមើលពីការឆ្លើយតបរបស់អ្នក ចំពោះការយាងមកផែនដីរបស់ព្រះយេស៊ូវនៅសព្វថ្ងៃនេះ ។
តើមានកន្លែងសំរាប់ថ្វាយបង្គំព្រះជាម្ចាស់នៅក្នុងចិត្តរបស់អ្នករាល់គ្នា ដើម្បីអបអរសាទរចំពោះការប្រសូតរបស់ទ្រង់ដែរឬទេ? —Jennifer Benson Schuldt
បំផ្លាញសេចក្តីស្លាប់!
អ្នកពិសោធន៍វេជ្ផសាស្ត្រជាច្រើន កំពុងធ្វើការដោយមិនខ្លាចនឿយហត់ ដើម្បីស្វែងរកថ្នាំព្យាបាលជំងឺមហារីក ហើយអាល់ហ្សីមើ (Alzheimer) គឺព្រះគម្ពីរសញ្ញាថ្មីបានប្រាប់ថា អស់អ្នកដែលជឿលើព្រះគ្រីស្ទ នោះសេចក្តីស្លាប់ត្រូវបានបំផ្លាញហើយ “កាលណារូបកាយពុករលួយនេះ បានប្រដាប់ដោយសេចក្តីមិនពុករលួយ ហើយរូបកាយដែលតែងតែស្លាប់នេះ បានប្រដាប់ដោយសេចក្តីមិនចេះស្លាប់វិញ នោះទើបនឹងបានសម្រេចតាមពាក្យដែលចែងទុកមកថា “សេចក្តីជ័យជំនះបានលេបសេចក្តីស្លាប់បាត់ហើយ”(១កូរិនថូស 15:54)។
ដំណឹងល្អនេះ គឺសំរាប់អស់អ្នកណាដែលទទួលជឿ ដូចដែលទេវតាបានប្រាប់ពួកអ្នកគង្វាល នៅពេលព្រះយេស៊ូវបានប្រសូតមក “កុំខ្លាចអី មើលខ្ញុំ មកប្រាប់ដំណឹងល្អដល់អ្នករាល់គ្នាពីសេចក្តីអំណរយ៉ាងអស្ចារ្យ ដែលសំរាប់បណ្តាជនទាំងអស់គ្នា ដ្បិតនៅថ្ងៃនេះមានព្រះអង្គសង្គ្រោះមួយអង្គប្រសូតដល់អ្នករាល់គ្នានៅក្រុងហ្លួងដាវិឌ គឺជាព្រះគ្រីស្ទដ៏ជាព្រះអម្ចាស់”(លូកា 2:10-11)។
កំណើតព្រះយេស៊ូវបានបញ្ចប់សេចក្តីស្លាប់។ “ទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាបគឺជាក្រិត្យវិន័យ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឱ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង”(១កូរិនថូស 15:56-57)។ នេះហើយគឺជាមូលហេតុដែលយើងអបអរសាទរបុណ្យណូអែល! —David McCasland
ការតាមរករបស់ព្រះជាម្ចាស់
អ្នកដឹកនាំក្រុមជំនុំម្នាក់ឈ្មោះ ទីម ខិលលឺរ(Tim Keller) ធ្វើការសង្កេត ទៅលើគ្រីស្ទសាសនាថា គ្រីស្ទសាសនា គឺជាសាសនាដែលមានតែមួយក្នុងចំណោមសាសនាទាំងអស់ ដែលបាននិយាយអំពីការតាមរករបស់ព្រះជាម្ចាស់ ដើម្បីនាំយើងមកឯទ្រង់វិញ។ ក្នុងប្រព័ន្ឋសាសនាដទៃផ្សេងៗទៀត គឺនិយាយអំពីមនុស្សតាមរកព្រះរបស់ពួកគេ ដោយជឿថា តាមរយៈឥរិយាបថល្អ ការរក្សានូវការបុណ្យច្រើន ការធ្វើល្អ ឬក៏ការសម្តែងទុក្ខកិរិយា ពួកគេនឹងត្រូវបានទទួលយកដោយព្រះដែលពួកគេតាមរកនោះ។
កវី ហ្វ្រេស៊ីស ថម្ពសុន (Francis Thompson) យល់ឃើញពីការពិតយ៉ាងជ្រាលជ្រៅ នៅពេលគាត់សរសេរពីការតាមរកឥតឈប់ឈរ របស់ព្រះជាម្ចាស់នៅក្នុងជីវិតរបស់គាត់។ ចំណងជើងនៃការនិពន្ឋរបស់គាត់គឺ “ឆ្កែប្រដេញសត្វរបស់ស្ថានសួគ៌” គាត់សរសេរថា តាំងពីពេលដែលគាត់បានរត់គេចចេញពីព្រះជាម្ចាស់មក គាត់មិនអាចរត់ឱ្យហួស “ពីជើងរឹងម៉ាំ ដែលបានដើរតាមទាំងនោះឡើយ.... មិនរុសរាន់ដេញតាមរក ហើយនិងមិនមានការខ្វាយខ្វល់ពីល្បឿនដែរ”។ សូម្បីយ៉ាងនេះក្តី ការតាមរកមិនចេះនឿយហត់របស់ព្រះជាម្ចាស់ មិនគ្រាន់តែមាននៅក្នុងរឿងរបស់លោកថម្ពសុន(Thompson)ទេ។ សារសំខាន់នៅថ្ងៃបុណ្យណូអែលនេះ គឺសេចក្តីពិតនៃការតាមរកយើងម្នាក់របស់ព្រះជាម្ចាស់យ៉ាងអស្ចារ្យ។ លោកប៉ូលបានអះអាងថា “ព្រះទ្រង់បានចាត់ព្រះរាជបុត្រាទ្រង់ឱ្យមកចាប់កំណើតនឹងស្ត្រី គឺកើតនៅក្រោមអំណាចក្រិត្យវិន័យ ដើម្បីនឹងលោះពួកអ្នកដែលនៅក្រោមក្រិត្យវិន័យ ប្រយោជន៍ឱ្យយើងបានទទួលសគុណទុកជាកូនចិញ្ចឹម”(កាឡាទី 4:4-5)។
វាមិនគ្រាន់តែជារឿងបុណ្យណូអែលប៉ុណ្ណោះទេ។ វាជារឿងដែលនិយាយពីការតាមរកអាដាំ និងអេវ៉ារបស់ព្រះជាម្ចាស់ បន្ទាប់ពីការធ្លាក់ចុះផងដែរ។ ទ្រង់តាមរកខ្ញុំ! ទ្រង់តាមរកអ្នក! តើកន្លែងណាដែលយើងអាចនៅរស់សព្វថ្ងៃនេះបាន ប្រសិនបើព្រះជាម្ចាស់មិនមែនជាអ្នកប្រដេញរបស់ស្ថានសួគ៌? —Joe Stowell
រតនៈសម្បត្តិលាក់កំបាំង
អ្នករុករកកំណប់ម្នាក់ បានរកឃើញប្រាក់កាក់របស់ចក្រភពរ៉ូមច្រើនសន្ឋឹក សន្ឋាប់ ដែលបានកប់ទុកយ៉ាងអាថ៌កំបាំង នៅទិសនារតីក្នុងប្រទេសអង់គ្លេស។ លោកដេវ គ្រីស្ព(Dave Crisp) បានរកឃើញកំសៀវយ៉ាងធំធ្វើពីដែក និងមានប្រាក់កាក់ចំនួន 52,000ប្រាក់កាក់នៅក្នុងនោះ។ ប្រាក់កាក់ទាំងនោះ ធ្វើអំពីប្រាក់ និងទង់ដែងនៅសម័យបុរាណ ដែលមានអាយុកាលតាំងពីសតវត្សទី3 មុនគ្រឹស្ទសករាជមកម៉្លេះ ហើយមានទំម្ងនច្រើនជាងពី350ផោនទៅទៀត វាគឺជាធនធានយ៉ាងមានតម្លៃ។
រតនៈសម្បត្តិមានតម្លៃរបស់លោកគ្រីស្ព បានធ្វើឱ្យយើងនឹកប្រាថ្នាចង់ បានកំណប់ទ្រព្យដែលមានតម្លៃប្រហាក់ប្រហែលនេះ មិនដឹងជាល្អយ៉ាងណាទៅហ្ន៎។ ប៉ុន្តែ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ គួរតែស្វែងរករតនះសម្បត្តិផ្សេងពីនេះវិញ។ អ្វីដែលយើងស្វែងរកនោះ មិនមែនធ្វើឡើងពីប្រាក់ និងមាសទេ។
ផ្ទុយទៅវិញ យើងត្រូវខំស្វែងរកឱ្យបាននូវសេចក្តីរួបរួមគ្នា ដែលមានផលថ្លៃវិសេសវិសាល។ ដូច្នេះ យើងអាចនឹងចម្រើនឡើង “ដើម្បីឱ្យបានស្គាល់សេចក្តីអាថ៌កំបាំងនៃព្រះ គឺជាព្រះគ្រីស្ទ និងព្រះវបិតា ដែលមានគ្រប់ទាំងផលថ្លៃវិសេសនៃប្រាជ្ញា នឹងសេចក្តីចេះដឹងលាក់ទុកក្នុងទ្រង់”(កូល៉ុស 2:2-3)។ សេចក្តីស្គាល់ព្រះអម្ចាស់ជាកំណប់ទ្រព្យដែលលាក់កំបាំង ហើយត្រូវបានគេប្រទះឃើញនៅក្នុងព្រះគម្ពីរបរិសុទ្ឋទាំងអស់។ អ្នកនិពន្ឋទំនុកដំកើង បាននិយាយថា “ទូលបង្គំមានសេចក្តីរីករាយចំពោះព្រះបន្ទូលទ្រង់ ប្រៀបដូចមនុស្សណាប្រទះនឹងរបៀបជាច្រើន”(ទំនុកដំកើង 119:162)។
ប្រសិនបើយើងអានព្រះបន្ទូលទ្រង់ដោយចិត្តអន្ទះសា ឬធ្វេសប្រហែស នោះយើងនឹងបាត់នូវការយល់ដឹងពីអត្ថន័យពិត។ សេចក្តីពិតទាំងនេះត្រូវបានគេរកឃើញយ៉ាងងាយស្រួលដោយគ្រាន់តែមនុស្សនោះ តាំងចិត្តស្វែងរកនូវកំណប់ទ្រព្យទាំងនេះ។
តើអ្នករាល់គ្នាមានចិត្តចង់ស្វែងរកនូវរតនៈសម្បត្តិដែលបានរក្សាទុកនៅក្នុងព្រះគម្ពីរដែរឬទេ? ចូរចាប់ផ្តើមជីករកចុះ! —Dennis Fisher
បដិសេធពន្លឺ
ពីព្រលឹមថ្ងៃទី 21ខែធ្នូ ឆ្នាំ 2010 មានច័ន្ទគ្រាសពេញតួនៅក្នុងរដូវរងារ ហើយខ្ញុំជាមនុស្សម្នាក់បានឃើញព្រឹត្តិការណ៍នេះផ្ទាល់ភ្នែក ដែលព្រឹត្តិការណ៍នេះធ្លាប់បានកើតឡើងម្តងដែរ កាលពីឆ្នាំ1638។ ស្រមោលងងឹតនៃផែនដីខិតចូលមកបន្តិចម្តងៗ ហើយបានឈប់ទ្រឹងបាំងពន្លឺខែពេញវង្ស ក៏បានបង្កើតជាពន្លឺក្រហមស្រគាំឡើង។ វាជាព្រឹត្តិការណ៍គួរឱ្យកត់សម្គាល់ និងស្រស់ស្អាតណាស់។ យ៉ាងណាម៉ិញ ហេតុការណ៍នេះបានរំលឹកខ្ញុំថា ភាពងងឹតដែលមើលឃើញនេះ ជាផ្នែកមួយនៃស្នាមព្រះហស្តរបស់ព្រះជាម្ចាស់ បានបង្កើតមក រីឯភាពងងឹតខាងឯវិញ្ញាណវិញ គឺមិនមែនទេ។
លោក ស្គូតធីស ជាគ្រូគង្វាលនៅអាឡិកសាន់ឌឺ ម៉ាកឡារ៉ែន (Scottish pastor Alexander MacLaren) បាននិយាយថា “អស់អ្នកណាបានច្រានចោល មិនទទួលយកពន្លឺគឺជាឪពុកនៃសេចក្តីងងឹតសូន្យសុង រីឯអស់អ្នកណាដែលមានពន្លឺហើយ តែមិនបានទុកចិត្តនឹងពន្លឺនោះប្រៀបដូចជាដុំពពកខ្មៅងងឹតយ៉ាងក្រាស រុំព័ទ្ឋជុំវិញខ្លួនអ្នកនោះ រកមើលអ្វីមិនយល់សោះ”។ ព្រះយេស៊ូវបានរៀបរាប់ពីការរូបកាយនេះ ដើម្បីនាំឱ្យស្គាល់ពីចិត្ត និងគំនិតខាងឯព្រលឹងវិញ្ញាណ ដែលបានបាត់ពន្លឺទៅដោយទ្រង់មានបន្ទូលថា “ដូច្នេះ បើពន្លឺដែលនៅក្នុងខ្លួនអ្នកជាសេចក្តីងងឹតហើយ ចុះសេចក្តីងងឹតនោះបានជាខ្លាំងអម្បាលម៉ានទៅហ្ន៎!”(ម៉ាថាយ 6:23)។
ចូរបើកទ្វារចិត្តថ្វាយព្រះអង្គសង្គ្រោះ ទ្រង់យាងចូលមកបញ្ចប់ភាពងងឹតរបស់យើងរាល់គ្នា ដែលជាការស្នើរសុំយ៉ាងអស្ចារ្យនៅថ្ងៃបុណ្យណូអែលនេះ។ ព្រះយេស៊ូវបានមានបន្ទូលថា “ចូរអ្នករាល់គ្នាជឿដល់ពន្លឺ កំពុងដែលនៅមាននៅឡើយចុះ ដើម្បីឱ្យបានធ្វើជាកូនពន្លឺ …ខ្ញុំបានមកក្នុងលោកីយជាពន្លឺភ្លឺ ដើម្បីកុំឱ្យអ្នកណាដែលជឿដល់ខ្ញុំ នៅក្នុងសេចក្តីងងឹតឡើយ”(យ៉ូហាន 12:36,46)។
ច្រកចេញពីភាពងងឹតខាងឯវិញ្ញាណ គឺត្រូវដើរនៅក្នុងពន្លឺជាមួយព្រះអម្ចាស់។ —David McCasland
ធ្វើការជាប់ជានិច្ច
កូនៗខ្ញុំ បានកំពុងតែយកសំរាមរបស់ពួកគេគ្រវែងចោល ក្បែរកន្លែងលក់អាហារ មួយកន្លែង ។ មានបុរសម្នាក់ស្ទើរតែបានរត់បុកប៉ះត្រូវកូនប្រុសច្បងរបស់ខ្ញុំ ហើយកូនប្រុសប្អូន បាននិយាយសើចសប្បាយលេងថា “ប្រហែលជាបុរសម្នាក់នេះ បានលួចរបស់អ្វីមួយហើយមើលទៅ” ។ ខ្ញុំគិតឃើញថា ខ្ញុំគួរតែប្រើរឿងនេះ ជាឱកាសបង្ហាត់បង្រៀនដល់ពួកគេ ហើយខ្ញុំបាននិយាយថា “ការហ្នឹងឯង ជាអ្វីដែលព្រះគម្ពីរហៅថា ជាការជំនុំជំរះនោះ”។ កូនខ្ញុំបានសួរខ្ញុំទាំងទឹកមុខញញឹមថា “ហេតុអ្វីបានជាអ្នកម៉ាក់តែងតែបង្រៀនខ្ញុំយ៉ាងដូច្នោះ?” ក្រោយពេលខ្ញុំបានសើចចប់ហើយនោះខ្ញុំបានប្រាប់ទៅកូនខ្ញុំថា ម៉ាក់នឹងមិនដែលឈប់ឃ្វាលពួកកូនៗ នោះទេ ។
លោកសាវ័កប៉ូល បានបង្រៀនដល់ចាស់ទុំនៅក្នុងពួកជំនុំអេភេសូរថា អ្នករាល់គ្នាមិនត្រូវឈប់សំរាក់ពីការឃ្វាលប្រជារាស្ត្ររបស់ព្រះជាម្ចាស់ឡើយ(កិច្ចការ 20)។ ដ្បិតលោកបានដឹងថា មានគ្រូខុសឆ្គងជាច្រើន ព្យាយាមទាញនាំពួកជំនុំឱ្យទៅតាមគេវិញ(ខ.29) អ្នករាល់គ្នាត្រូវខំការពារ ពួកជំនុំចេញពីពួកអ្នកខុសឆ្គងទាំងនោះ។ ហេតុនេះ អ្នកដឹកនាំពួកជំនុំទាំងឡាយអើយ ចូរមើលថែប្រជារាស្ត្ររបស់ព្រះជាម្ចាស់ ដោយបង្រៀនពួកគេខាងវិញ្ញាណ នាំមុខពួកគេដោយសុភាព និងប្រមានពួកគេដោយម៉ាត់យ័ត្ន។ ត្រូវប្រាប់ពីព្រះគ្រីស្ទដែលបានទិញពួកគេមក ដោយបង់ព្រះជន្មនៅលើឈើឆ្កាង រកអ្វីមកកាត់ថ្លៃមិនបានឡើយ(ខ.28)។
អ្នកដឹកនាំពួកជំនុំគ្រប់រូប មានការទទួលខុសត្រូវយ៉ាងសម្បើម ដើម្បីមើលថែរព្រលឹងយើងរាល់គ្នា ហើយពួកគាត់នឹងរៀបរាប់ពីកិច្ចការ ដែលបានធ្វើនៅកណ្តាលចំណោមយើងរាល់គ្នា ទូលដល់ព្រះអម្ចាស់វិញ។ ចូរយើងរាល់គ្នានាំយកសេចក្តីអំណរសំរាប់អ្នកមើលថែទាំងនោះ ដើម្បីឆ្លើយតបនឹងភាពស្មោះត្រង់ និងភាពជាអ្នកដឹកនាំដ៏ល្អរបស់ពួកគេ ដោយការស្តាប់តាម និងចុះចូលគ្រប់ជំពូក(ហេព្រើរ 13:17)។
យើងនាំគ្នារួមចិត្តគំនិត និងព្រួតដៃគ្នាដើម្បីភ័ក្តីភាព ចំពោះព្រះរាជបញ្ផាររបស់ព្រះអម្ចាស់ យើងជ្រោងគ្នាទៅវិញទៅមកដើម្បីឈានទៅរកបទដ្ឋានរបស់ព្រះជាម្ចាស់ គ្រប់កិច្ចការទាំងអស់នេះ ទាមទារឱ្យមានការទុកចិត្ត…
មិនអីទេ
ថ្មីៗនេះ ប្តីរបស់ខ្ញុំ ហើយនិងខ្ញុំ បានជួបមនុស្សកំលោះម្នាក់ដែលធ្លាប់ស្គាល់គ្នាកាលពីមុនមក។ ពួកយើងបានស្គាល់គាត់ជាច្រើនឆ្នាំកន្លងមកហើយ តាំងពីគាត់នៅក្មេងៗមកម៉្លេះ។ ពួកយើងបានសំណេះសំណាលគ្នាពីកម្មវិធីបុណ្យ ណូអែលយ៉ាងជក់ចិត្ត នៅពេលម៉ាថាយបានប្រើសំលេងសាប្រាណូបុរសដែលល្អឥតខ្ចោះ ច្រៀងចំរៀងបទ “មិនអីទេ” ដែលជាស្នាដៃនិពន្ឋដោយ Wayne Kirkpatrick and Michael W. Smith។ បទនេះច្រៀងបានយ៉ាងពិរោះ ណាស់ ហើយក៏ជាការចងចាំមួយយ៉ាងអស្ចារ្យដែរ ។
មិនអីទេ មិនអីទេ
ចូរតម្លើងសំលេងរបស់អ្នក ហើយច្រៀងចុះ
ពីព្រោះអេម៉ាញ៉ូអែលប្រសូតហើយ
ប្រសូតមកជាព្រះអម្ចាស់ និងព្រះអង្គសង្គ្រោះរបស់យើង។
ច្រៀងថា ហាលេលូយ៉ា ច្រៀងថា ហាលេលូយ៉ា មិនអីទេនៅក្នុងចិត្ត។
ពេលស្តាប់ពាក្យគ្រប់ម៉ាត់នៃបទចំរៀងនេះ នៅថ្ងៃបុណ្យណូអែល ធ្វើឱ្យយើងគ្រប់រូបស្រាកស្រាន្តនៅក្នុងចិត្តច្រើនណាស់។ ប៉ុន្តែ ក៏មានមនុស្សមួយចំនួនមិនបានជក់ចិត្តគំនិតពីអត្ថបទចំរៀងនេះទេ ពីព្រោះការរស់នៅរបស់គេ កំពង់ស្ថិតនៅក្នុងភាពច្របូកច្របល់។ ពួកគេធ្លាប់បានឆ្លងកាត់រឿងជាច្រើនដូចជា បាត់បងនូវសេចក្តីស្រឡាញ់ គ្មានការងារធ្វើ មានជម្ងឺធ្ងន់ធ្ងរ ឬក៏មានទុក្ខក្រៀមក្រំនៅក្នុងចិត្តគ្មានថ្ងៃណាបានធូរស្បើយឡើយ។ ក្នុងចិត្តរបស់ពួកគេបានស្រែកយំខ្លាំងៗថា “មិនមានអ្វីល្អទាល់តែសោះសំរាប់រូបខ្ញុំ!”
យើងរាល់គ្នាដែលមកអបអរសាទរខួបកំណើតរបស់ព្រះអង្គសង្គ្រោះរបស់យើង ទោះជាមានស្រមោលអតីតកាលខ្មៅងងឹតនៅជាប់ព្រលឹងរបស់យើងយ៉ាងណាក៏ដោយ នោះគ្រប់យ៉ាងមិនអីទេដោយសារតែមានព្រះគ្រីស្ទ។ យើងរាល់គ្នាមិននៅឯកកោរ ក្នុងការឈឺចាប់របស់យើងតែម្នាក់ឯងទៀតទេ។ ព្រះជាម្ចាស់គង់នៅក្បែរយើង ហើយសន្យាថាមិនបោះបង់យើងចោលឡើយ(ហេព្រើរ 13:5)។ ទ្រង់សន្យាថា ទ្រង់ផ្តល់ព្រះគុណរបស់ទ្រង់ល្មមដល់យើងរាល់គ្នា(២កូរិនថូស 12:9)។ ព្រះទ្រង់សន្យាទៀតថា ទ្រង់នឹងបំពេញគ្រប់ទាំងអស់ ដែលយើងរាល់គ្នាត្រូវការ(ភីលីព 4:19)។ ព្រះអង្គក៏បានសន្យាដែរថា ទ្រង់ឱ្យជីវិតអស់កល្បជានិច្ចដល់យើងរាល់គ្នា…
ដំណើរឆ្ពោះទៅបុណ្យណូអែល
តើមានចំងាយផ្លូវប៉ុន្មាន ពីណាសារ៉ែតទៅភូមិបេថ្លេហឹម? បើសិនអ្នកនៅភិន្ន ស៊ីលវ៉ែនញៀ និងអាមេរិច រវាងតំបន់ទាំងពីរនេះ វាមានចំងាយផ្លូវប្រហែលជា 9ម៉ៃយ ហើយចំណាយពេល១០នាទីបើជិះរថយន្ត។ យ៉ាងណាម៉ិញ បើអ្នកនៅណាសារ៉ែតស្រុកកាលីឡេ ហើយកំពុងធ្វើដំណើរតាមផ្លូវទៅភូមិបេថ្លេហឹម ជាមួយប្រពន្ឋពោះធំដូចជាករណីលោកយ៉ូសែប នោះប្រហែលជាមានចំងាយ 80ម៉ៃយ ។ ចំងាយផ្លូវនេះប្រហែលជាលោកយ៉ូសែប និងនាងម៉ារា បានចំណាយពេលអស់មួយសប្តាហ៍ ហើយពេលមកដល់អ្នកទាំងពីរមិនអាច រកបានសណ្ឋាគាស្នាក់នៅទៀត។ ចុងបញ្ចប់ លោកយ៉ូសែប អាចរកបានតែក្រោលសត្វសំរាប់ស្នាក់នៅតែប៉ុណ្ណោះ ហើយក៏ជាទីកន្លែងដែលនាងម៉ារី បានប្រសូត “បុត្រាដំបូងគេរបស់នាងដែរ”(លូកា 2:7)។
សូម្បីយ៉ាងនោះក្តី ចំងាយផ្លូវធ្វើដំណើររបស់ព្រះឱរស់យេស៊ូវ គឺមានចំងាយឆ្ងាយជាង80ម៉ៃយទៅទៀត។ ទ្រង់បានលៈចោលស្ថានសួគ៍ ជាកន្លែងដែលទ្រង់គង់ខាងស្តាំព្រះវបីតា មកឯលោកីយ៍នេះ ទាំងប្រសូតមកជាមនុស្សយើងទៀតផង។ ព្រះទ្រង់ត្រូវបានគេបោះភ្ផាប់នៅលើឈើឆ្កាងរហូតដល់សុគត ហើយត្រូវបានគេបញ្ចុះនៅក្នុងផ្នូរ។ តែដំណើររបស់ទ្រង់មិនទាន់បញ្ចប់ទេ ទ្រង់បានច្បាំងឈ្នះសេចក្តីស្លាប់ ហើយមានព្រះជន្មរស់ឡើងវិញ ក៏គង់នៅកណ្តាលចំណោមមនុស្សយើងម្តងទៀត ហើយទ្រង់បានយាងឡើងទៅស្ថានសួគ៍វិញ។ ទោះបីជាយ៉ាងនេះក្តី ដំណើររបស់ទ្រង់នៅតែមិនទាន់ចប់ទៀត នៅថ្ងៃណាមួយទ្រង់នឹងយាងមកលោកីយ៍ម្តងទៀតក្នុងសណ្ឋានជាស្តេចលើអស់ទាំងស្តេច ហើយជាព្រះលើអស់ទាំងព្រះ។
ដូច្នេះខណៈពេលយើងធ្វើដំណើរ សំរាប់បុណ្យណូអែលនៅក្នុងខែនេះ នោះចូរសញ្ចឹងគិតពីដំណើរព្រះយេស៊ូវ ដែលបានរៀបចំសំរាប់យើងគ្រប់រូប។ ទ្រង់បានលៈចោលស្ថានសួគ៍មកយកនិស្ស័យជាមនុស្សនៅផែនដីដើម្បីសុគតសំរាប់យើង និងបើកផ្លូវសង្គ្រោះតាមរយះការសុគតរបស់ទ្រង់នៅលើឈើឆ្កាង និងការមានព្រះជន្មរស់ឡើងវិញ ដែលប្រកបទៅដោយសិរីរុងរឿង។ សូមសរសើរព្រះនាមទ្រង់ សំរាប់ថ្ងៃបុណ្យមុនដំបូងគេបង្អស់! —Dave Egner
ចូរសង្ឃឹមក្នុង ព្រះជាម្ចាស់
ខណៈពេល ដែលខ្ញុំបានបើកឡានចេញពីពិធីបុណ្យណូអែលនៅល្ងាចមួយ នោះក្រុមគ្រួសារខ្ញុំ ហើយនិងខ្ញុំបានជិះទៅក្បែរព្រះវិហារមួយនៅជនបទ ដែលបានក្រសោប ដោយផ្ទាំងព្រិលពាសពេញ ហើយនៅចន្លោះនោះគេឃើញមានពន្លឺព្រិចៗជះចេញ មកក្រៅ។ បើមើលពីចម្ងាយទៅ ខ្ញុំអាចដឹងថា វាជាការឈប់សម្រាកបុណ្យ ។
ខ្សែអំពូលភ្លើងពណ៌សបានបង្កើតជាទំរងអក្សធំថា ៖H-O-P-E ប្រែថាសង្ឃឹម ។ ពន្លឺដែលជះចេញមកពីពាក្យទាំងនេះចូលទៅក្នុងភាពងងឹកបានរំលឹកខ្ញុំថា ព្រះយេស៊ូវគឺជាតួនៃក្តីសង្ឃឹម ហើយទ្រង់តែងតែគង់នៅជាក្តីសង្ឃឹមសំរាប់មនុស្សជាតិទាំងអស់ជាដរាប។
មុនពេលព្រះយេស៊ូវប្រសូត បណ្តាជនបានសង្ឃឹមដល់ព្រះមេស៊ី ដ្បិតអី មានតែទ្រង់ទេអាចទទួលយកនូវអំពើបាបរបស់ពួកគេ ហើយនឹងអាចសុំការអត់ទោសពីព្រះជាម្ចាស់ក្នុងនាមរបស់ពួកគេផងដែរ(អេសាយ 53:12)។ ពួកគេបានសង្ឃឹមថា ព្រះមេស៊ីនឹងប្រសូតមកតាមរយៈនាងព្រហ្មចារី ហើយនាងនឹងប្រសូតបានបុត្រា ១ នៅភូមិបេថ្លេហឹម ត្រូវថ្វាយព្រះនាមថា អេម៉ាញូអែល “ព្រះគង់ជាមួយ”(7:14)។ នៅយប់ដែលព្រះយេស៊ូវ បានប្រសូតមក សេចក្តីសង្ឃឹមរបស់ពួកគេបានសម្រេច(លូកា 2:1-14)។
ទោះបីជា យើងមិនបានមកទាន់កាលព្រះយេស៊ូវប្រសូតមកជាព្រះឱរស់យ៉ាងណាក៏ដោយ ក៏ព្រះអង្គនៅតែជាប្រភពនៃសេចក្តីសង្ឃឹមដដែល។ យើងទន្ទឹងរង់ចាំនូវការយាងមកជាលើកទី២(ម៉ាថាយ 24:30) យើងបានដឹងជាមុនថា ព្រះទ្រង់នឹងរៀបចំកន្លែងនៅស្ថានសួគ៌សំរាប់យើង(យ៉ូហាន 14:2) ហើយនឹងបានរស់នៅជាមួយទ្រង់ ក្នុងទីក្រុងបរិសុទ្ឋ(ថែស្សាឡូនិចទី១ 4:16)។ ក្នុងនាមយើងជាគ្រីស្ទាន យើងអាចសម្លឹងឆ្ពោះទៅមុខ ពីព្រោះ បុត្រតូចនោះគឺជាអ្នកគ្រប់គ្រង ហើយមកដល់ពេលនេះទៀត ទ្រង់នៅតែជាអ្នកគ្រប់គ្រងដដែល“ជាព្រះអម្ចាស់យេស៊ូវ ជាក្តីសង្ឃឹមរបស់យើងរាល់គ្នា”(ធីម៉ូថេទី១ 1:1)។ _Jennifer Benson Schuldt