មិនអាចរារាំងខ្ញុំបាន
មនុស្សខ្លះ ពេលដែលពួកគេមានគំនិត ឬមើលឃើញឱកាស ដែលហាក់ដូចជាល្អ ឬនាំឲ្យមានផលចំណេញ ជាញឹកញាប់ ពួកគេច្រើនតែតាំងចិត្តថា “ទោះខ្ញុំត្រូវរត់ ត្រូវដើរ ឬត្រូវលូនវា ក៏គ្មានអ្វីអាចរារាំងខ្ញុំបានឡើយ”។ ពោលគឺ ពួកគេបានខិតខំអស់ពីសមត្ថភាព ដើម្បីឲ្យបានសម្រេចដូចបំណង។
ទោះជាយ៉ាងណាក៏ដោយ មានភស្តុតាងបញ្ជាក់ថា ការមានគំនិតដូចនេះ មិនមែនជាការត្រឹមត្រូវជានិច្ចឡើយ។ ខ្ញុំសូមលើកឡើងអំពីរឿងរបស់សត្វលា ដែលជាកម្មសិទ្ធិរបស់បុរសម្នាក់ ឈ្មោះបាឡាម។ ស្តេចរបស់នគរជិតខាង បានឲ្យលោកបាឡាមធ្វើកិច្ចការអាក្រក់មួយ ដែលនឹងនាំឲ្យគាត់ទទួលផលចំណេញជាច្រើន ហើយគាត់ក៏បានសូមឲ្យព្រះបើកឲ្យគាត់ ធ្វើកិច្ចការនេះ(ជនគណនា ២២)។ ពេលដែលព្រះបដិសេធនឹងគាត់ អ្នកតំណាងរបស់ស្តេចនោះ ក៏បានមកសន្យាថា នឹងផ្តល់ឲ្យនូវផលប្រយោជន៍ ដល់គាត់ កាន់តែច្រើនថែមទៀត។ លោកប៉ាឡាមស្មានថា ព្រះនឹងផ្លាស់ប្តូរព្រះទ័យហើយ បានជាគាត់ទូលសូមទ្រង់ម្តងទៀត។
ព្រះទ្រង់ក៏បានអនុញ្ញាតឲ្យលោកបាឡាម ទៅជាមួយពួកសាសន៍នោះ ប៉ុន្តែ ទ្រង់បានដាក់លក្ខខ័ណ្ឌដ៏តឹងរឹង។ ព្រះទ្រង់ជ្រាបអំពីបំណងចិត្តរបស់លោកបាឡាម ហើយមិនសព្វព្រះទ័យនឹងគាត់ទេ ដូចនេះ ទ្រង់ក៏បានឲ្យទេវតាទ្រង់ទៅឈរពាំងផ្លូវគាត់។ លោកបាឡាមមិនអាចមើលឃើញទេវតាឡើយ ប៉ុន្តែ សត្វលារបស់គាត់បានមើលឃើញ។ ពេលដែលសត្វលាមិនព្រមដើរទៅមុខទៀត លោកបាឡាមក៏ខឹងនឹងសត្វលានោះ ដែលរារាំងដំណើររបស់គាត់។
រឿងរបស់លោកបាឡាម បានបង្រៀនយើងថា ឧបស័គ្គទាំងអស់ មិនមែនសុទ្ធតែសម្រាប់ឲ្យយើងជម្នះនោះឡើយ។ ព្រះបានដាក់ឧបស័គ្គខ្លះ ដើម្បីរារាំងមិនឲ្យយើងធ្វើការអ្វី ដែលល្ងង់ល្ងើ។ ម្យ៉ាងទៀត ពេលដែលផែនការយើងជួបឧបស័គ្គ យើងមិនគួរសន្និដ្ឋានថា…
ថ្ងៃដ៏ល្អ កាលពីមុន
ជួនកាលគំនិតរបស់យើង ចេះតែនឹកពេលអតីតកាល ហើយចង់ត្រឡប់ទៅរកពេល និងទីកន្លែងដ៏ល្អនោះវិញ និយាយរួម យើងចង់បាន “ថ្ងៃដ៏ល្អកាលពីមុន”។ ប៉ុន្តែ សម្រាប់អ្នកខ្លះ អតីតកាលមានតែអនុស្សាវរីយដ៏ជូរចត់។ ពួកគេសញ្ជឹងគិតអំពីបរាជ័យ ការខកចិត្ត និងការរវើរវាយ ហើយគិតអំពីភាពឃោរឃៅ ដែលកើតមានក្នុងជីវិត។
យកល្អយើងគួរតែនឹកចាំពីពេលអតីតកាល តាមគំរូរបស់ស្តេចដាវីឌ ដោយពិចារណាអំពីការល្អដែលព្រះបានធ្វើ “ក៏រំពឹងគិតពីអស់ទាំងកិច្ចការរបស់ទ្រង់ ហើយជញ្ជឹងពីអស់ទាំងស្នាដៃ នៃព្រះហស្តទ្រង់ដែរ”(ទំនុកដំកើង ១៤៣:៥)។ ពេលដែលយើងរំឭកខ្លួនឯង អំពីភាពសប្បុរស ដែលទ្រង់បង្ហាញមកយើង ដោយសេចក្តីស្រឡាញ់ យើងអាចនឹកចាំអំពីព្រះពរដែលទ្រង់បានប្រទាន ជាច្រើនឆ្នាំកន្លងមក។ ការនឹកចាំដូចនេះ មានប្រយោជន៍ចំពោះយើងណាស់ ដោយបណ្តាលចិត្តយើង ឲ្យត្រូវការព្រះ និងត្រូវការការថែរក្សាដ៏ស្រទន់របស់ទ្រង់កាន់តែខ្លាំង ព្រមទាំងកែប្រែអតីតកាល ឲ្យក្លាយជាកន្លែងដែលយើងស្គាល់ និងប្រកបស្និទ្ធស្នាលជាមួយព្រះអម្ចាស់នៃយើង។
ខ្ញុំធ្លាប់ឮគេនិយាយអំពីរឿងរបស់ដូនចាស់ម្នាក់ ដែលមានទម្លាប់អង្គុយស្ងាត់ស្ងៀមជាច្រើនម៉ោង នៅលើកៅអីបាស់បើករបស់គាត់ ដោយសង្រួមដៃចូលគ្នា ដាក់នៅលើភ្លៅរបស់គាត់ ហើយភ្នែករបស់គាត់សម្លឹងមើលទៅឆ្ងាយ។ ថ្ងៃមួយ កូនស្រីរបស់គាត់ក៏បានសួរថា “ម៉ែ តើម៉ែកំពុងគិតអំពីអ្វី ពេលដែលម៉ែអង្គុយយ៉ាងស្ងាត់ស្ងៀមដូចនេះ?” គាត់ក៏ឆ្លើយតបដោយសម្លេងស្រទន់ ដោយព្រិចភ្នែកយ៉ាងញាប់ថា “ម៉ែកំពុងប្រកបជាមួយព្រះយេស៊ូវ”។
ខ្ញុំសូមអធិស្ឋាន សូមឲ្យការនឹកចាំ និងការជញ្ជឹកគិតព្រះបន្ទូល នាំឲ្យយើងចូលទៅជិតព្រះវត្តមានទ្រង់។–David Roper
សញ្ញាសំគាល់នៃអ្នកដឹកនាំ
ក្នុងអំឡុងពេលដែលខ្ញុំទៅលេងទីធ្លាសកលវិទ្យាល័យព័រឌូ(Purdue) នៅថ្ងៃដែលមានអាកាសធាតុត្រជាក់ខ្លាំង ក្នុងរដូវរងា ខ្ញុំក៏បានឃើញយុវជនពីរនាក់ កំពុងជោកទឹកកកក្រាស់ៗ នៅតាមផ្លូវដើរ នៅក្បែរគេហដ្ឋានសមាគមន៍បុរស។ ខ្ញុំគិតថា ពួកគេប្រាកដជាសមាជិកជាន់ទាបហើយ បានជាពួកបងប្រុសក្នុងសមគមន៍ ឲ្យពួកគេធ្វើការងារពិបាកៗដូចនេះ។ ខ្ញុំសួរពួកគេថា “មុនពេលអ្នកចូលរួមក្នុងសមាគមន៍នេះ តើគេមិនបានប្រាប់អ្នក អំពីការងារដ៏ពិបាកនេះទេឬ?” ភ្លាមនោះ ក្នុងចំណោមអ្នកទាំងពីរ មានម្នាក់បានងើបមុខឡើង ញញឹមដាក់ខ្ញុំ ហើយនិយាយថា “បាទ យើងទាំងពីរនាក់គឺជាសមាជិកជាន់ខ្ពស់។ ខ្ញុំជាអនុប្រធានសមាគន៍ ហើយមិត្តភ័ក្ររបស់ខ្ញុំម្នាក់នេះ ជាប្រធាន។” ខ្ញុំក៏បានអរគុណពួកគេ សម្រាប់ការខិតខំធ្វើការងារ ហើយក៏បានបន្តដំណើរទៅមុខទៀត ដោយនឹកចាំថា ការបម្រើអ្នកដទៃ គឺជាសញ្ញាសំគាល់ នៃអ្នកដឹកនាំដ៏ពិត។
មានពេលមួយសិស្សរបស់ព្រះយេស៊ូវពីរនាក់ បានសួរទ្រង់ អំពីមុខតំណែងកិត្តិយស ដែលពួកគេនឹងទទួល នៅពេលដែលនគរព្រះបានមកដល់។ ពេលនោះព្រះអម្ចាស់បានប្រមូលពួកសិស្សទាំង១២នាក់ឲ្យមកជុំគ្នា ហើយប្រាប់ពួកគេថា “អ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់ធ្វើធំ នោះនឹងត្រូវធ្វើជាអ្នកបំរើដល់អ្នករាល់គ្នាវិញ ឯអ្នកណាក្នុងពួកអ្នករាល់គ្នាដែលចង់បានជាលេខ១ អ្នកនោះត្រូវធ្វើជាបាវដល់អ្នកទាំងអស់វិញ”(ម៉ាកុស ១០:៤៣-៤៤)។ ទ្រង់បានបញ្ជាក់ឲ្យកាន់តែច្បាស់ទៀតថា ទ្រង់មិនបានមកដើម្បីឲ្យគេបម្រើទ្រង់ឡើយ តែដើម្បីបម្រើគេ ហើយលះបង់ព្រះជន្មទ្រង់ ដើម្បីលោះពួកគេឲ្យរួចពីអំណាចបាប(ខ.៤៥)។
សញ្ញាសំគាល់នៃអ្នកដឹកនាំដ៏ពិត និងកោតខ្លាចព្រះ គឺមិនមែនជាអំណាច និងអភ័យឯកសិទ្ធិនៃមុខតំណែងឡើយ តែជាការបម្រើដោយបន្ទាបខ្លួន។ ព្រះប្រទានឲ្យយើងមានកម្លាំង សម្រាប់ដើរតាមគំរូរបស់ព្រះយេស៊ូវ និងដឹកនាំតាមផ្លូវទ្រង់។–David McCasland
ពេលនិទានរឿង
កាលនៅពីក្មេង ខ្ញុំចូលចិត្តស្តាប់ម្តាយខ្ញុំអានរឿងនិទាន។ តាមធម្មតា ខ្ញុំឡើងអង្គុយនៅលើភ្លៅគាត់ ហើយស្តាប់ពាក្យគាត់អានគ្រប់ម៉ាត់។ ពេលដែលគាត់អាន ខ្ញុំតែងពិនិត្យមើលរូបភាពនីមួយៗ ក្នុងទំព័រសៀវភៅ ដោយចិត្តអន្ទះសារចង់ដឹងថា ទំព័របន្ទាប់និយាយអំពីអ្វីទៀត។
តើអ្នកធ្លាប់គិតថា ដំណើរជីវិតរបស់យើង គឺជារឿង និទានដែលអ្នកដទៃកំពុងតែស្តាប់ឬទេ? មនុស្សនៅជុំវិញខ្លួនយើងកំពុងទស្សនា និងស្តាប់រឿងនៃជីវិតយើង ដែលយើងកំពុងតែនិទាន នៅក្នុងស្ថានភាពនីមួយៗ ដែលរាប់បញ្ចូលទាំងស្ថានភាពល្អ អាក្រក់ ឬស្ថានភាពដែលគេមិនចាប់អារម្មណ៍។ យើងមិនគ្រាន់តែនិទានរឿងរបស់យើង តាមរយៈពាក្យសម្តីរបស់យើងប៉ុណ្ណោះទេ តែថែមទាំងតាមរយៈអាកប្បកិរិយ៉ា និងទង្វើររបស់យើងផងដែរ គឺនៅពេលដែលយើងឆ្លើយតប ចំពោះការលំបាក និងព្រះពរក្នុងជីវិត។ កូនចៅ ប្តីប្រពន្ធ អ្នកជិតខាង និងមិត្តរួមការងាររបស់យើង សុទ្ធតែអាចសង្កេតមើលរឿង ដែលយើងកំពុងតែនិទានប្រាប់ពួកគេនោះ។
សាវ័កប៉ុលបានរំឭកយើងថា ក្នុងនាមជាអ្នកដើរតាមព្រះយេស៊ូវ ដំណើរជីវិតយើង “ជាសំបុត្រ ដែលមនុស្សទាំងអស់ក៏ដឹង ហើយអានមើលដែរ … អ្នករាល់គ្នាជាសំបុត្ររបស់ព្រះគ្រីស្ទ …មិនមែនសរសេរនឹងទឹកខ្មៅទេ គឺនឹងព្រះវិញ្ញាណនៃព្រះដ៏មានព្រះជន្មរស់”(២កូរិនថូស ៣:២-៣)។
តើអ្នកដទៃកំពុងតែអានរឿងអ្វី នៅក្នុងសំបុត្រនៃជីវិតយើង? តើគេកំពុងអាចរឿងនៃការអត់ទោស? ការមានចិត្តអាណិតមេត្តា? ការមានចិត្តសប្បុរស? ការមានភាពអត់ធ្មត់? ឬការមានសេចក្តីស្រឡាញ់?
បើសិនជាអ្នកធ្លាប់បានពិសោធនឹងក្តីអំណរ នៅក្នុងជីវិតដែលពេញដោយព្រះគុណ ដែលកើតចេញពីព្រះវិញ្ញាណបរិសុទ្ធដែលគង់ក្នុងជីវិតអ្នក នោះចូរអសប្បាយចុះ ដ្បិតអ្នកបានធ្វើជាអ្នកនិទានរឿងដ៏អស្ចារ្យរបស់ព្រះហើយ!–Joe Stowell
ការអញ្ជើញភ្ញៀវ
សហគមន៍គុមរ៉ាន ជាសហគមន៍មួយ របស់សាសន៍យូដា នៅសតវត្សរ៍ទី១ ដែលបានកាត់ផ្តាច់ខ្លួន ចេញពីឥទ្ធិពលខាងក្រៅ ដើម្បីត្រៀមខ្លួនសម្រាប់ការយាងមកជាលើកទី១នៃព្រះមែស៊ី។ ពួកគេមានការប្រុងប្រយ័ត្នខ្ពស់ នៅក្នុងការថ្វាយបង្គំផ្ទាល់ខ្លួន ការប្រារព្ធពិធីលៀងសម្អាតបាប និងកាន់តាមក្រឹត្យវិន័យយ៉ាងតឹងរឹង។ តាមឯកសារដែលនៅសេសសល់ បានបង្ហាញថា ពួកគេមិនអនុញ្ញាតឲ្យមនុស្សស្លាប់ដៃជើង ជនពិការភ្នែកចូលក្នុងសហគមន៍របស់ពួកគេឡើយ។ ពួកគេបានប្រព្រឹត្តដូចនេះ ដោយផ្អែកទៅលើការបង្រៀនថា អ្នកដែលមាន “ភាពពិការ” ខាងរូបកាយ គឺត្រូវរាប់ជាមិនស្អាតតាមក្រឹត្យវិន័យ។ ដូចនេះ នៅក្នុងការប្រកបគ្នាម្តងៗ ពួកគេមិនដែលអញ្ជើញជនពិការឲ្យចូលរួមឡើយ។
នៅសម័យនោះ ព្រះមែស៊ីនៃសាសន៍អ៊ីស្រាអែលកំពុងតែបំពេញព្រះរាជកិច្ចទ្រង់ នៅតាមទីក្រុង និងភូមិ នៅស្រុកយូដា និងកាលីឡេ។ ព្រះយេស៊ូវបានប្រកាស់អំពីនគររបស់ព្រះវរបិតាទ្រង់ បាននាំមកនូវការបង្រៀន និងការកម្សាន្តចិត្ត ហើយបានធ្វើការអស្ចារ្យជាច្រើនផង។ គួរឲ្យកត់សំគាល់ណាស់ ទ្រង់បានប្រកាសថា “បើកាលណាអ្នករៀបលៀងភ្ញៀវនោះ ចូរអញ្ជើញពួកអ្នកក្រ អ្នកពិការ អ្នកខ្ញើច និងអ្នកខ្វាក់វិញ យ៉ាងនោះ អ្នកនឹងបានពរពិត ដ្បិតមនុស្សទាំងនោះគ្មានអ្វីនឹងសងអ្នកវិញទេ លុះកាលណាពួកមនុស្សសុចរិតរស់ឡើងវិញ នោះអ្នកនឹងបានរង្វាន់ហើយ”(លូកា ១៤:១៣-១៤)។
ភាពខុសគ្នារវាងព្រះបន្ទូលព្រះយេស៊ូវ និងរបៀបអញ្ជើញភ្ញៀវរបស់សហគមន៍គុមរ៉ាន បានផ្តល់នូវការបង្រៀនជាច្រើន សម្រាប់យើងរាល់គ្នា។ ជាញឹកញាប់ យើងចូលចិត្តប្រកបជាមួយមនុស្ស ដែលមានសម្បកក្រៅ គំនិត និងការប្រព្រឹត្តដូចយើង។ ប៉ុន្តែ ព្រះអម្ចាស់នៃយើង បានលើកទឹកចិត្តយើង ឲ្យយកតម្រាប់តាមទ្រង់…
ដូចព្រះយេស៊ូវ
ក្នុងអំឡុងពេលនៃកម្មវិធីថ្វាយបង្គំរបស់ក្រុមកុមារ ក្នុងព្រះវិហារនៅថ្ងៃអាទិត្យ អ្នកគ្រូកុមារបានលើកឡើងអំពីក្រឹត្យវិន័យទីមួយ នៃក្រឹត្យវិន័យទាំងដប់ប្រការ ដែលបានចែងថា “កុំឲ្យមានព្រះឯណាទៀត នៅចំពោះអញឲ្យសោះ”(និក្ខមនំ ២០:៣)។ គាត់ក៏បានប្រាប់ក្មេងៗពីរបៀបកាន់តាមក្រឹត្យវិន័យមួយនេះថា “មិនត្រូវយកអ្វី ជាសំខាន់ជាងព្រះឡើយ គឺសូម្បីតែស្ករគ្រាប់ កិច្ចការសាលា និងវីដេអូហ្គេមក៏ដោយ”។ គាត់បានប្រាប់ពួកគេថា ការយកព្រះជាទីមួយ គឺមានន័យថា យើងត្រូវយកការអានព្រះគម្ពីរ និងការអធិស្ឋាន ជាសំខាន់ជាងការអ្វីផ្សេងទៀត។ មានក្មេងម្នាក់ដែលធំជាងគេ នៅក្នុងថ្នាក់បានឆ្លើយតប ដោយសំណួរដែលគួរឲ្យយើងគិតពិចារណា។ នាងបានសួរថា តើការធ្វើជាគ្រីស្ទបរិស័ទ គឺជាការកាន់តាមក្រឹត្យវិន័យ ឬជាការអនុញ្ញាតឲ្យព្រះធ្វើការទ្រង់ នៅក្នុងគ្រប់ផ្នែកទាំងអស់នៃជីវិតយើង?
ជួនកាល យើងមានការយល់ច្រឡំ ដោយគិតថា ព្រះគម្ពីរគ្រាន់តែជាសៀវភៅក្រឹត្យវិន័យ។ ជាការពិតណាស់ ការស្តាប់បង្គាប់ព្រះ(យ៉ូហាន ១៤:២១) និងការចំណាយពេលជាមួយទ្រង់ គឺជាការសំខាន់ តែមិនមែនដោយសារយើង ត្រូវតែធ្វើជាអ្នកកាន់តាមក្រឹត្យវិន័យនោះឡើយ។ ព្រះយេស៊ូវ និងព្រះវរបិតាមានទំនាក់ទំនង ដែលស្រឡាញ់គ្នាទៅវិញទៅមក។ ពេលដែលយើងមានទំនាក់ទំនងជាមួយព្រះ យើងចង់ចំណាយពេលជាមួយទ្រង់ ហើយស្តាប់បង្គាប់ទ្រង់ ដើម្បីឲ្យយើងមានលក្ខណៈកាន់តែដូចព្រះយេស៊ូវ។ លោកយ៉ូហានបានមានប្រសាសន៍ថា “អ្នកណាដែលថាខ្លួននៅក្នុងទ្រង់ នោះត្រូវតែប្រព្រឹត្តដូចជាទ្រង់ដែរ”(១យ៉ូហាន ២:៦)។ ទ្រង់ជាគំរូ ដែលយើងអាចយកតម្រាប់តាម។
បើសិនជាយើងចង់ដឹងពីរបៀបបង្ហាញសេចក្តីស្រឡាញ់ របៀបបន្ទាបខ្លួន របៀបមានជំនឿ ឬរបៀបដាក់អទិភាព សូមយើងសម្លឹងមើលទៅព្រះយេស៊ូវ ហើយធ្វើតាមបំណងព្រះទ័យទ្រង់ចុះ។–Anne Cetas
…
ពាក្យសម្តីដែលសមរម្យ
កាលពីពេលកន្លងទៅ តារាភាពយន្តដែលបានឈ្នះពានរង្វាន់អេមមី(Emmy) បានក្រោកឈរឡើង ហើយដើរចេញទៅខាងក្រៅ ដោយចិត្តក្លាហាន នៅពេលដែលកម្មវិធីពាន់រង្វាន់តន្រ្តីអាមេរិកប្រចាំឆ្នាំ កំពុងតែប្រព្រឹត្តទៅ។ មូលហេតុដែលនាងបានសម្រេចិត្តធ្វើដូចនេះ គឺដោយសារតែនាងមានការមិនសប្បាយចិត្ត និងខកចិត្តកាន់តែខ្លាំង ដោយសារតែ “ការនិយាយចម្អកឡកឡឺយ យ៉ាងស្មោកគ្រោក និងការបញ្ចេញយោបល់ដ៏អសុរោះ និងអាសអាភាស” របស់ពួកអ្នកឡើងធ្វើបទបង្ហាញ អ្នកសម្តែង និងពិធីករ។ នាងនិយាយថា កម្មវិធីនៅពេលល្ងាចថ្ងៃនោះ គឺជាការមាក់ងាយ មកលើអស់អ្នកដែលស្រឡាញ់ភាពថ្លៃថ្នូរ និងមានការគោរពខ្លួនឯង។
ការនិយាយស្តីឥតបើគិត ក៏ជាបញ្ហា ដែលកើតមានក្នុងសម័យរបស់សាវ័កប៉ុលផងដែរ។ គាត់បានរំឭកគ្រីស្ទបរិស័ទ នៅក្រុងអេភេសូរថា ពួកគេត្រូវតែលះអស់ទាំងរឿងគួរខ្មាស ពាក្យសំដីចំកួត និងពាក្យកំប្លែងស្មោកគ្រោក ពាក្យមួលបង្កាច់ ពាក្យសម្តីអាសអាភាស ចេញពីជីវិតរបស់ពួកគេ(អេភេសូរ ៥:៤ កូល៉ុស ៣:៨)។ ពាក្យសម្តីទាំងនោះបានបង្ហាញពីជីវិតចាស់របស់ពួកគេ(១កូរិនថូស ៦:៩-១១) ហើយវាមិនសក្តិសម ចំពោះអត្តសញ្ញាណថ្មីរបស់ពួកគេក្នុង ព្រះគ្រីស្ទឡើយ។ ផ្ទុយទៅវិញ ជីវិតរបស់ពួកគេត្រូវតែមានភាពត្រឹមត្រូវ ដោយពាក្យសម្តីដែលសមរម្យ។ ពាក្យសម្តីដែលល្អ ឬត្រឹមត្រូវរបស់ពួកគេ នឹងផ្តល់ព្រះគុណដល់អ្នកដែលស្តាប់(អេភេសូរ ៤:២៩)។ ព្រះវិញ្ញាណបរិសុទ្ធ នឹងជួយការពារពាក្យសម្តីរបស់ពួកគេ ហើយធ្វើឲ្យពួកគេភ្ញាក់ខ្លួន ពេលដែលពួកគេនិយាយពាក្យសម្តីដែលស្មោកគ្រោក ព្រមទាំងជួយពួកគេ ឲ្យចេះប្រើពាក្យសម្តី ដែលមានប្រយោជន៍ចំពោះអ្នកដទៃ(យ៉ូហាន ១៦:៧-១៣)។
ព្រះបានត្រាសហៅយើងឲ្យឆ្លុះបញ្ចាំងជីវិតយើង ឲ្យអ្នកដទៃឃើញទ្រង់ តាមរយៈការរស់នៅរបស់យើង…
ចូរជ្រើសរើសព្រះសម្រាប់ខ្លួនឯង
ថ្មីៗនេះ ខ្ញុំបានឃើញគេផ្សាយពាណិជ្ជកម្ម អំពីល្បែងនៅលើអ៊ីនធើណែត ដែលផ្អែកទៅលើរឿងទេវកថារបស់ជនជាតិក្រិក។ គេបាននិយាយអំពីកងទ័ព ពួកព្រះក្នុងទេវកថា ពួកវីរ:បុរស និងការបំពេញបេសកកម្ម។ អ្វីដែលខ្ញុំចាប់អារម្មណ៍ជាងគេ គឺការដែលគេរៀបរាប់ អំពីរបៀបចាប់ផ្តើមនៃល្បែងនេះថា “អ្នកត្រូវចុះឈ្មោះក្នុងអ៊ីនធើណែត ត្រូវជ្រើសរើសព្រះមួយ ក្នុងចំណោមព្រះទាំងនោះ ហើយបង្កើតអាណាចក្ររបស់អ្នក”។
គ្រាន់តែខ្ញុំឮគេនិយាយថា “ចូរជ្រើសរើសយកព្រះមួយ” ខ្ញុំមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង។ ថ្វីដ្បិតតែនេះគ្រាន់តែជាការផ្សាយពាណិជ្ជកម្ម ដែលខ្ញុំឮយូរៗម្តងមែន តែវាបានធ្វើឲ្យខ្ញុំនឹកចាំ អំពីចារិកលក្ខណៈនៃការសម្រេចចិត្តដ៏គ្រោះថ្នាក់បំផុត ក្នុងពិភពលោកសព្វថ្ងៃ។ នៅក្នុងការលេងល្បែងប្រភេទនេះ គេអាចជ្រើសរើសយក “ព្រះ” មួយណាក៏បាន ប៉ុន្តែ ក្នុងជីវិតពិត ការសម្រេចចិត្តជ្រើសរើសព្រះខុស នឹងនាំឲ្យយើងទទួលលទ្ធផលអាក្រក់អស់កល្បជានិច្ច។
ក្នុងសម័យ ដែលពួកកូនចៅអ៊ីស្រាអែលមួយជំនាន់ ដែលត្រូវបានហុំព័ទ្ធ ទៅដោយសាសន៍ដទៃដែលថ្វាយបង្គំព្រះជាច្រើន លោកយ៉ូស្វេបានប្រកាស់ថា ពួកគេត្រូវសម្រេចចិត្តជ្រើសរើសយកព្រះមួយអង្គ សម្រាប់ខ្លួនឯង ប៉ុន្តែ មិនមែនចេះតែជ្រើសរើសតាមតែចិត្តនឹកឃើញនោះឡើយ។ គាត់បានធ្វើជាគំរូ សម្រាប់ពួកគេ ដោយមានប្រសាសន៍ថា “ចូររើសយកព្រះណា ដែលឯងចង់គោរពប្រតិបត្តិតាមនៅថ្ងៃនេះចុះ ទោះបើជាព្រះទាំងប៉ុន្មាន ដែលពួកឰយុកោឯងបានគោរពប្រតិបត្តិនៅខាងនាយទន្លេ ឬអស់ទាំងព្រះរបស់សាសន៍អាម៉ូរីនេះ ដែលឯងរាល់គ្នានៅក្នុងស្រុកគេក្តី តែឯអញ និងពួកគ្រួអញ យើងទាំងអស់គ្នានឹងគោរពប្រតិបត្តិដល់ព្រះយេហូវ៉ាតែមួយប៉ុណ្ណោះ”(យ៉ូស្វេ ២៤:១៥)។
សព្វថ្ងែនេះ គឺមិនខុសពីសម័យលោកយ៉ូស្វេឡើយ យើងមានជម្រើសជាច្រើន។ ប៉ុន្តែ មានជម្រើសតែមួយប៉ុណ្ណោះដែលជាជម្រើសដ៏ឆ្លាតវ័យ គឺការសម្រេចចិត្តគោរពប្រតិបតិ្តព្រះដ៏ពិត។ លោកយ៉ូស្វេបានធ្វើការសម្រេចចិត្តដ៏ត្រឹមត្រូវ។…
បើកដៃចំហរ
នៅក្នុងពិធីបុណ្យសព របស់លោកស្រីបេតធី ហ្វ៊ឌ(Betty Ford) ដែលជាភរិយារបស់ប្រធានាធិបតីនៃសហរដ្ឋអាមេរិក លោកស្ទីវិន ហ្វ៊ឌ(Steven Ford) ដែលជាកូនប្រុសរបស់គាត់ បានមានប្រសាសន៍ថា “គាត់ជាស្រ្តីដែលមានសេចក្តីស្រឡាញ់ និងការកម្សាន្តចិត្ត គាត់ជាស្រ្តីទីមួយ ដែលបានឱបខ្ញុំ។ កាលពី១៩ឆ្នាំមុន ពេលដែលខ្ញុំកំពុងញាណស្រា ម្តាយរបស់ខ្ញុំ…បានឲ្យអំណោយដ៏អស្ចារ្យបំផុតមកខ្ញុំ ហើយការនោះបាននាំឲ្យខ្ញុំចុះចូលចំពោះព្រះ ហើយទទួលព្រះគុណរបស់ទ្រង់ ក្នុងជីវិតរបស់ខ្ញុំ។ ជាការពិតណាស់ ពេលដែលខ្ញុំបាននៅក្នុងរង្វង់ដៃគាត់ ខ្ញុំមានអារម្មណ៍ថា ខ្ញុំប្រៀបដូចជាកូនពៅវង្វេង ដែលបានត្រឡប់មកផ្ទះវិញអញ្ចឹង ហើយខ្ញុំបានទទួលសេចក្តីស្រឡាញ់របស់ព្រះ តាមរយៈគាត់។ ហើយនោះជាអំណោយដ៏ប្រពៃ”។
ព្រះយេស៊ូវមានបន្ទូល ជាពាក្យប្រៀបប្រដូច អំពីបុរសវ័យក្មេងម្នាក់ ដែលបានសុំកេរមរតកពីឪពុករបស់ខ្លួន ហើយយកទៅបំផ្លាញអស់ បន្ទាប់មក ក៏បានវិលត្រឡប់មកផ្ទះវិញទាំងក្តីអាម៉ាស់។ ពេលនោះឪពុករបស់គាត់បានឆ្លើយតប តាមរបៀបដ៏គួរឲ្យភ្ញាក់ផ្អើល “ដោយរត់ទៅឱបថើបវា ដោយចិត្តមេត្តា ពេលឃើញ វាដើរមកពីចម្ងាយ”(លូកា ១៥:២០)។ គាត់មិនបានស្តីបន្ទោស ឬដាក់ទោសកូននោះឡើយ ផ្ទុយទៅវិញ គាត់បានបង្ហាញសេចក្តីស្រឡាញ់ និងការអត់ទោសបាប ដោយឲ្យគេធ្វើពិធីជប់លៀងឲ្យវាទៀត។ តើហេតុអ្វី? ព្រោះ “កូននោះបានស្លាប់ ឥឡូវរស់ឡើងវិញ ក៏បាត់ទៅ ហើយបានឃើញមកវិញ”(ខ.២៤)។
លោកស្ទីវិន ហ្វ៊ឌ បានបញ្ចប់សន្ទរកថា ដោយពាក្យថា “កូនសូមអរគុណអ្នកម្តាយ ដែលបានស្រឡាញ់យើងខ្ញុំ…
បទចម្រៀងដែលត្រូវចាំ
ខ្ញុំសប្បាយចិត្តណាស់ ពេលដែលបានទទួលអំណោយដ៏ឥតគិតថ្លៃមួយ នៅក្នុងសំបុត្រ។ អំណោយនោះ គឺជាស៊ីឌីមួយបន្ទះ ដែលផ្ទុកទៅដោយបទចម្រៀងតាមព្រះគម្ពីរ។ បន្ទាប់ពីបានចាក់ស៊ីឌីនោះស្តាប់បួនប្រាំដង ទំនុកបទភ្លេងខ្លះបានចាក់ឫសចូលជ្រៅ ក្នុងគំនិតរបស់ខ្ញុំ។ មិនយូរប៉ុន្មាន ខ្ញុំក៏អាចច្រៀងបានពីរបីវគ្គ តាមបទចម្រៀងដែលគេបានតែងតាមព្រះគម្ពីរទំនុកដំកើង ដោយមិនចាំបាច់ចាក់ស៊ីឌីនោះជាជំនួយ។
តន្រ្តីអាចជួយឲ្យយើងនឹកចាំអំពីពាក្យ និងគំនិតដែលយើងបានឮកាលពីមុន។ ព្រះទ្រង់ជ្រាបថា ពួកអ៊ីស្រាអែលនឹងលែងនឹកចាំពីទ្រង់ ពេលដែលពួកគេបានចូលទឹកដីសន្យាហើយ(ចោទិយកថា ៣១:២០)។ ពួកគេនឹងលាចេញពីទ្រង់ ហើយបែរទៅរកការថ្វាយបង្គំរូបព្រះវិញ ហើយការអាក្រក់នឹងកើតមាន ចំពោះពួកគេជាមិនខាន(ខ.១៦-១៨)។ ហេតុនេះហើយបានជាទ្រង់ បង្គាប់លោកម៉ូសេឲ្យនិពន្ធបទចម្រៀងមួយបទ សម្រាប់បង្រៀនពួកអ៊ីស្រាអែល ដើម្បីឲ្យពួកគេអាចនឹកចាំ អំពីការប្រកបស្និទ្ធស្នាលដែលពួកគេធ្លាប់មាន ជាមួយទ្រង់កាលពីមុន ព្រមទាំងនឹកចាំពីអំពើបាប ដែលបំផ្លាញទំនាក់ទំនងដែលពួកគេមានជាមួយទ្រង់(៣១:១៩-២២)។ ប្រហែលជាអ្វីដែលសំខាន់បំផុតនោះ គឺព្រះសព្វព្រះទ័យឲ្យរាស្រ្តទ្រង់ នឹកចាំអំពីសេចក្តីល្អ ដូចដែលមានចែងថា “ទ្រង់ជាថ្មដា ការរបស់ទ្រង់សុទ្ធតែគ្រប់ល័ក្ខណ៍ ដ្បិតអស់ទាំងផ្លូវទ្រង់ សុទ្ធតែប្រកបដោយយុត្តិធម៌ ទ្រង់ជាព្រះដ៏ស្មោះត្រង់ ឥតមានសេចក្តីទុច្ចរិតណាឡើយ ទ្រង់ក៏ត្រឹមត្រូវ ហើយទៀងត្រង់”(៣២:៤)។
ចូរពិចារណាអំពីចំណុច ដែលព្រះសព្វព្រះទ័យឲ្យអ្នកនឹកចាំអំពីទ្រង់។ តើអ្នកត្រូវនឹកចាំអំពីអំណាច ភាពបរិសុទ្ធ សេចក្តីស្រឡាញ់ ឬភាពស្មោះត្រង់របស់ទ្រង់ឬ? តើអ្នកអាចនឹកចាំពីបទចម្រៀង ដែលសរសើរដំកើងសេចក្តីល្អរបស់ព្រះឬទេ? ចូរច្រៀងបទនោះ នៅក្នុងចិត្តរបស់អ្នក ថ្វាយដល់ព្រះអម្ចាស់ចុះ(អេភេសូរ ៥:១៩)។–Jennifer Benson Schuldt