មានអារម្មណ៍ថា ជាប់ច្រវ៉ាក់ឬ?
លោកបូអ៊ីសៀស(Boethius) ជាអ្នកនយោបាយដ៏ស្ទាត់ជំនាញម្នាក់ ដែលធ្វើការងាររាជការ នៅប្រទេសអ៊ីតាលី ក្នុងសតវត្សរ៍ទី៦។ តែគួរឲ្យស្តាយណាស់ ដែលគាត់បានធ្វើឲ្យស្តេចមិនគាប់ព្រះទ័យ។ គេបានចោទប្រកាន់ថា គាត់ក្បត់ជាតិ ហើយក៏បានចាប់គាត់ដាក់គុក។ ខណៈពេលដែលគាត់កំពុងរង់ចាំការកាត់ទោសប្រហារជីវិត គាត់ក៏បានសុំឲ្យគេយកក្រដាស និងស្លាបប៉ាកកាមក ដើម្បីឲ្យគាត់សរសេរអំពីគំនិតរបស់គាត់។ ក្រោយមក អ្វីដែលគាត់បានសរសេរនៅពេលនោះ ក៏បានក្លាយជាការលើកទឹកចិត្តខាងវិញ្ញាណរហូតមកដល់ពេលសព្វថ្ងៃ។
ពេលដែលលោកបូអ៊ីសៀសកំពុងអង្គុយនៅក្នុងគុក សញ្ជឹងគិតអំពីស្ថានភាពដ៏អស់សង្ឃឹម គាត់ក៏បានឆ្លុះបញ្ចាំងអំពីសេចក្តីជំនឿលើព្រះគ្រីស្ទ ដោយសរសេររៀបរាប់អំពីទស្សនៈរបស់គាត់ យ៉ាងដូចនេះថា “ក្នុងលោកនេះ គ្មានអ្វីដែលវេទនាទេ។ បើយើងគិតថា យើងវេទនា គឺវេទនាហើយ ហើយបើយើងគិតថា យើងមានអំណរ គឺយើងមានអំណរ។ ក្តីអំណរមានក្នុងស្ថានភាពនីមួយៗ ឲ្យតែយើងមានចិត្តស្កប់ នៅក្នុងស្ថានភាពនោះ”។ ត្រង់ចំណុចនេះ គាត់ដឹងថា យើងអាចសម្រេចចិត្តមានទស្សនៈវិជ្ជមាន ឬអវិជ្ជមាន និងមានការស្កប់ចិត្តឬអត់ នៅក្នុងស្ថានភាពដែលកំពុងប្រែប្រួល។
សាវ័កប៉ុលបានបកស្រាយ អំពីទស្សនៈនេះកាន់តែច្បាស់ថែមទៀតថា ភាពស្កប់ចិត្តដែលយើងមានក្នុងស្ថានភាពនីមួយៗ គឺសំខាន់ជាងស្ថានភាពរបស់យើង។ ពេលដែលគាត់កំពុងជាប់គុក គាត់បានសរសេរក្នុងសំបុត្រថា គាត់បានរៀនឲ្យមានសេចក្តីសន្តោស ឬការស្កប់ចិត្ត ក្នុងស្ថានភាពទាំងអស់(ភីលីព ៤:១១)។ មនុស្សទាំងអស់សុទ្ធតែអាចមានការស្កប់ចិត្ត ព្រោះពួកគេអាចរកឃើញការស្កប់ចិត្ត នៅក្នុងព្រះ ដែលព្រះអង្គមិនចេះប្រែប្រួលឡើយ។
តើអ្នកមានអារម្មណ៍ថា កំពុងជាប់ច្រវ៉ាក់ក្នុងស្ថានភាពដ៏ពិបាកឬទេ? ព្រះអង្គអាចជួយឲ្យអ្នកមានចិត្តស្កប់បាន។ គេអាចរកការស្កប់ចិត្តដ៏ស្ថិតស្ថេរបាន តែនៅក្នុងអង្គព្រះយេស៊ូវប៉ុណ្ណោះ ដ្បិតព្រះវត្តមានព្រះអង្គ “មានសេចក្តីអំណរដ៏ពោរពេញ…
ភាពស្មោះត្រង់ដ៏ពិត
គេបានប៉ាន់ប្រម៉ាណថា ជាសរុប មនុស្សទាំងអស់នៅទូទាំងពិភពលោក បានធ្វើដំណើរតាមយន្តហោះជាញឹកញាប់ បានចម្ងាយជាង ២២លានលានគីឡូម៉ែត្រ។ ការនិយមធ្វើដំណើរតាមយន្តហោះ បានចាប់ផ្តើមពីដើមទសវត្សរ៍ឆ្នាំ ១៩៨០ ពេលដែលក្រុមហ៊ុនអាកាសចរណ៍ទាំងឡាយ បានចាប់ផ្តើមកម្មវិធីសន្សំពិន្ទុជាលើកដំបូង សម្រាប់ការធ្វើដំណើរតាមយន្តហោះញឹកញាប់ ដោយលើកទឹកចិត្តអតិថិជន ឲ្យធ្វើដំណើរតាមជើងហោះហើររបស់ខ្លួន ម្តងហើយម្តងទៀត ដោយផ្តល់រង្វាន់ឲ្យពួកគេ សម្រាប់ការស្មោះស្ម័គ្ររបស់ពួកគេ។ អ្នកដំណើរទាំងឡាយអាចយកពិន្ទុដែលបានសន្សំ មកដូរយករង្វាន់ដែលមានដូចជា ការធ្វើដំណើរមួយជើងដោយឥតគិតថ្លៃ សម្ភារៈប្រើប្រាស់ និងសេវ៉ាកម្មផ្សេងៗ។ ហេតុនេះហើយបានជាមិនយ៉ូរប៉ុន្មាន គេក៏បានចាប់ផ្តើមមានគម្រោងសន្សំពិន្ទុ ដោយធ្វើដំណើរឲ្យញឹកញាប់តាមយន្តហោះរបស់ក្រុមហ៊ុនអាកាសចរណ៍ណាមួយ ដើម្បីឲ្យបានរង្វាន់។
យ៉ាងណាមិញ សាវ័កប៉ុលក៏ស្ថិតក្នុងចំណោមអ្នកដែលធ្វើដំណើរជាញឹកញាប់ នៅសតវត្សរ៍ទី១ផងដែរ តែគាត់បានធ្វើដំណើរជាញឹកញាប់ មិនមែនដើម្បីឲ្យបានរង្វាន់ពីក្រុមហ៊ុនទេសចរណ៍ណាមួយទេ។ គោលដៅរបស់គាត់ គឺដើម្បីឈោងចាប់មនុស្សឲ្យបានច្រើនបំផុត តាមឱកាសដែលគាត់មាន ដោយផ្សាយដំណឹងល្អនៃការអត់ទោសបាប និងជីវិតអស់កល្បជានិច្ច ដែលគេអាចទទួលយកបាន ដោយសេចក្តីជំនឿលើព្រះយេស៊ូវ។ ពេលដែលមានអ្នកខ្លះ នៅក្រុងកូរិនថូសបានចោទសួរថា គាត់អាងអំណាចអ្វី ដែលគាត់ធ្វើការទាំងអស់នោះ គាត់ក៏បានឆ្លើយតបនៅក្នុងសំបុត្រមួយច្បាប់ ដោយរៀបរាប់អំពីការលះបង់ដែលគាត់បានធ្វើ ដើម្បីនាំដំណឹងល្អទៅដល់អ្នកដទៃ យ៉ាងដូចនេះថា “គេវាយខ្ញុំនឹងដំបង៣ដង គេចោលខ្ញុំនឹងថ្ម១ដង ខ្ញុំត្រូវសំពៅលិច៣ដង ខ្ញុំនៅនាសមុទ្រជ្រៅអស់១ថ្ងៃ១យប់”(២កូរិនថូស ១១:២៥)។
ព្រះអម្ចាស់បានប្រទានសាវ័កប៉ុល នូវព្រះគុណ និងការអត់ទ្រាំ ក្នុងការប្រថុយជីវិត ដើម្បីទៅប្រាប់អ្នកដទៃ អំពីព្រះយេស៊ូវ ដោយមិនគិតពីប្រយោជន៍ផ្ទាល់ខ្លួន។ ទោះបីជាគេធ្វើទុក្ខបៀតបៀនយើង ឬសរសើរយើង សម្រាប់កិច្ចការដែលយើងបម្រើដល់ព្រះអម្ចាស់ក៏ដោយ…
ស្រូវនៅលើកំពូលភ្នំ
ខ្ញុំបានឡើងកំពូលភ្នំ នៅសហរដ្ឋអាមេរិកជាច្រើនដងហើយ ដែលនៅលើនោះ មិនសូវមានរុក្ខជាតិអ្វីដុះច្រើនទេ គឺសំបូរទៅដោយផ្ទាំងថ្មរធំៗ និងពពួកផ្សិត។ ដូចនេះ កំពូលភ្នំមិនមែនជាកន្លែង ដែលយើងអាចរកបានដើមស្រូវច្រើនឡើយ។
តែស្តេចសាឡូម៉ូន ដែលជាអ្នកនិពន្ធទំនុកដំកើង ជំពូក៧២ បានមានបន្ទូលថា “នឹងមានស្រូវជាបរិបូរនៅក្នុងស្រុក រហូតដល់កំពូលភ្នំ”។ តាមធម្មតា យើងមិនឃើញមានស្រូវដុះ នៅលើកំពូលភ្នំទេ ដូចនេះ តើស្តេចសាឡូម៉ូនកំពុងមានបន្ទូលសំដៅទៅលើអ្វី? តើទ្រង់កំពុងមានបន្ទូលប្រៀបប្រដូច អំពីអំណាចចេស្តារបស់ព្រះ ដែលអាចបង្កើតផល នៅកន្លែងដែលរុក្ខជាតិពិបាកលូតលាស់បំផុតឬ?
យើងប្រហែលជាគិតថា យើងជាមនុស្សតូចតាច មិនអាចនាំផលអ្វីច្រើន ចូលក្នុងនគរព្រះទេ។ ប៉ុន្តែ ចូរយើងមានចិត្តក្លាហានឡើង ដ្បិតព្រះទ្រង់អាចបង្កើតផលជាបរិបូរ តាមរយៈជីវិតរបស់យើង។ ព្រះទ្រង់ប្រើមនុស្សតូចទាប ឲ្យសម្រេចកិច្ចការធំ។ នេះហើយជាការអស្ចារ្យនៃសេចក្តីជំនឿ។ ក្នុងចំណោមយើង មិនមានមនុស្សច្រើនទេ ដែលមានប្រាជ្ញា ឬមានភាពខ្ពង់ខ្ពស់ក្នុងសង្គម ពោលគឺយើងច្រើនតែជាមនុស្សដែលគេមិនស្គាល់ ដែលគ្មានអ្វីដែលអស្ចារ្យទេ។ តែយើងរាល់គ្នាសុទ្ធតែអាចឲ្យព្រះអង្គប្រើប្រាស់ជីវិតយើង។ ដោយសារតែយើងអន់ខ្សោយនោះហើយ បានជាព្រះទ្រង់ប្រើយើង(១កូរិនថូស ១:២៧-២៩ ២កូរិនថូស ១២:១០)។
យើងប្រហែលជាមិនគិតដូច្នោះទេ តែនេះជាការពិតមែន។ ព្រះមិនប្រើយើងទេ បើយើងខ្ពង់ខ្ពស់ ឬមានអំណួតពេក តែព្រះនៅតែអាចប្រើយើង ទោះបីជាយើងមានភាពតូចទាបយ៉ាងណាក៏ដោយ។ ដ្បិតព្រះទ្រង់ជួយឲ្យយើង“ខ្លាំងឡើង” ដោយសារ “ភាពកម្សោយរបស់យើង”(ហេព្រើ ១១:៣៤)។ ដូចនេះ យើងអាចធ្វើការទាំងអស់…
“គ្មានមេត្តា”
មានពេលមួយ ខ្ញុំបានជួបរឿងគួរឲ្យរំខាន់ នៅពេលព្រឹកថ្ងៃអាទិត្យ។ ខ្ញុំបានដាក់សម្ភារៈចូលទៅក្នុងឡាន សម្រាប់ប្រើនៅព្រះវិហារ តាមដែលចាំបាច់ រួចខ្ញុំក៏បានចូលអង្គុយ ទាញទ្វារបិទ ហើយក៏បើកថយក្រោយ ចេញពីកន្លែងដាក់ឡាន។ ពេលដែលខ្ញុំមិនទាន់បានអង្គុយបើកបរស្រួលបួលផង ឡានរបស់ខ្ញុំបន្លឺសម្លេងរោទ៍ឲ្យខ្ញុំដឹងថា ខ្ញុំបានភ្លេចពាក់ខ្សែក្រវ៉ាត់ហើយ។ ខ្ញុំមិនទាន់ចង់ពាក់ខ្សែក្រវ៉ាត់ភ្លាមៗទេ គឺចង់ពន្យាពេលមួយនាទីទៀត។ តែឡានរបស់ខ្ញុំនៅតែមិនព្រមឲ្យខ្ញុំពន្យាពេល ទាល់តែខ្ញុំពាក់ខ្សែក្រវ៉ាត់ហើយ ទើបវាឈប់រោទ៍។ ដូចនេះ ឡានរបស់ខ្ញុំពិតជាគ្មានការលើកលែងមែន។
យ៉ាងណាមិញ ការរំខានដ៏តូចនេះក៏បានក្រើនរំឭកយើងផងដែរថា ជីវិតយើងនឹងទៅជាយ៉ាងណា បើសិនព្រះគ្មានព្រះគុណ ដែលលើកលែងទោសបាបឲ្យយើងទេនោះ។ បើសិនជាគ្មានព្រះគុណទេ នោះយើងរាល់គ្នានឹងត្រូវទទួលការជំនុំជម្រះ សម្រាប់អំពើបាបទាំងអស់ដែលយើងមាន។ បើគ្មានព្រះគុណរបស់ព្រះទេ នោះយើងក៏គ្មានឱកាសសារភាពបាប ឬកែប្រែអត្តចរិកដែរ ហើយក៏គ្មានការអត់ទោសបាប សេចក្តីមេត្តាករុណា និងក្តីសង្ឃឹមឡើយ។
ជួនកាល ការរស់នៅក្នុងលោកិយនេះ ប្រៀបបាននឹងការធ្លាក់ចូលទៅក្នុងរណ្តៅដ៏សែនជ្រៅ ដែលគ្មានមេត្តា។ តាមធម្មតា យើងមានអារម្មណ៍ថាខ្លួនឯងមានកំហុស ដែលជាបន្ទុកដ៏ធ្ងន់ ពេលដែលកំហុសដ៏តូចត្រូវគេបំប៉ោងឲ្យក្លាយជាធំ ឬពេលដែលគេមិនព្រមមើលរំលងកំហុសដ៏តូចរបស់យើង។ ប៉ុន្តែ ព្រះដែលប្រកបដោយព្រះគុណ បានចាត់ព្រះយេស៊ូវឲ្យយាងចុះមកទទួលបន្ទុកជួសយើង។ អ្នកដែលទទួលអំណោយនៃព្រះគុណព្រះ មានអភ័យឯកសិទ្ធិ នៅក្នុងការនាំអ្នកដទៃ ឲ្យទទួលអំណោយនៃព្រះគុណ។ គឺដូចដែលមានសេចក្តីចែងថា “មុនដំបូងបង្អស់ ត្រូវឲ្យអ្នករាល់គ្នាមានសេចក្តីស្រឡាញ់គ្នា ឲ្យអស់ពីចិត្ត ដ្បិតសេចក្តីស្រឡាញ់នឹងគ្របបាំងអំពើបាបជាអនេកអនន្ត”(១ពេត្រុស ៤:៨)។-Julie Ackerman Link
ព្រះនាមដែលមានអំណាច
ឈ្មោះហៅក្រៅ ច្រើនតែបង្ហាញពីចំណុចដែលគួរឲ្យកត់សម្គាល់មួយចំនួន នៃបុគ្គលិកលក្ខណៈ ឬលក្ខណៈនៃកាយសម្បទារបស់មនុស្សម្នាក់ៗ។ កាលខ្ញុំនៅរៀននៅថ្នាក់បឋម មិត្តរួមថ្នាក់បានដាក់រហ័សនាមឲ្យខ្ញុំ ដោយឥតមេត្តាថា “អាមាត់ធំ” ដោយសារកាលនោះមាត់ខ្ញុំធំ មិនទាន់មានការលូតលាស់បានល្អ។ តែក្រោយមក ខ្ញុំមានចិត្តសប្បាយរីករាយ ពេលគេឈប់ហៅឈ្មោះខ្ញុំអញ្ចឹងទៀត។
ខ្ញុំមិនចូលចិត្តឈ្មោះហៅក្រៅនេះទេ តែខ្ញុំស្រឡាញ់ព្រះនាមរបស់ព្រះ ដែលបានបង្ហាញអំពីបុគ្គលិកលក្ខណៈដ៏អស្ចារ្យរបស់ព្រះអង្គ។ ព្រះអង្គមានលក្ខណៈពិសេស និងអស្ចារ្យច្រើនណាស់ បានជាព្រះអង្គមានព្រះនាមជាច្រើន ដែលបង្ហាញអំពីសមត្ថភាព និងបុគ្គលិកលក្ខណៈរបស់ព្រះអង្គ។ ឧទាហរណ៍ :
អេឡូហ៊ីម មានន័យថា ព្រះខ្ពស់លើសអស់ទាំងព្រះ។
យេហូវ៉ា យីរេ ព្រះដែលផ្គត់ផ្គង់។
អែល សាដាយ ព្រះដ៏មានគ្រប់ចេស្តា។
យេហូវ៉ា រ៉ាហ្វា ព្រះដែលប្រោសឲ្យជា។
យេហូវ៉ា សាឡូម ព្រះនៃសន្តិភាព។
យេហូវ៉ា សាំម៉ា ព្រះដែលគង់ជាមួយ។
យេហូវ៉ា យ៉ាវេ ព្រះដែលមានក្តីស្រឡាញ់ និងស្មោះត្រង់ចំពោះសេចក្តីសញ្ញា។
ហេតុនេះហើយ បានជាអ្នកនិពន្ធសុភាសិតបានលើកទឹកចិត្តយើង ឲ្យចងចាំថា “ព្រះនាមព្រះយេហូវ៉ា ជាប៉មមាំមួន មនុស្សសុចរិតរត់ចូលទៅពឹងជ្រក ហើយមានសេចក្តីសុខ”(សុភាសិត ១៨:១០)។ ពេលដែលយើងជួបការគំរាមកំហែង ហើយមានអារម្មណ៍ថាងាយរងគ្រោះ ចូរយើងនឹកចាំព្រះនាមរបស់ព្រះអង្គចុះ។ ចូរយើងជឿជាក់ថា ព្រះអង្គនៅតែមានភាពស្មោះត្រង់ ចំពោះព្រះនាមព្រះអង្គជានិច្ច។-Joe…
មើលទៅឯភ្នំ
គេអាចមើលឃើញទីក្រុងរីអូ ដឺ ចេនេរ៉ូ នៃប្រទេសប្រេស៊ីល ពីលើកំពូលភ្នំ ខរខូវ៉ាដូ ដែលនៅលើកំពូលភ្នំនោះ មានរូចចម្លាក់ព្រះគ្រីស្ទ ដ៏ជាព្រះប្រោសលោះ ដែលស្ថិតក្នុងចំណោមរូបចម្លាក់ព្រះគ្រីស្ទដែលខ្ពស់ជាងគេ ក្នុងពិភពលោក។ រូបចម្លាក់នេះមានកម្ពស់ ២៨ម៉ែត្រ និងមានទម្ងន់៦៣៥តោន។ គេអាចមើលឃើញរូបចម្លាក់មួយនេះ ទាំងយប់ថ្ងៃ ពីទីកន្លែងស្ទើរតែទាំងអស់ ក្នុងទីក្រុងរីអូ។ ដូចនេះ គេគ្រាន់តែងាកទៅរកភ្នំនោះតែបន្តិច គឺនឹងបានឃើញរូបចម្លាក់ព្រះគ្រីស្ទដ៏ជាព្រះប្រោសលោះហើយ។
យ៉ាងណាមិញ ព្រះគម្ពីរសញ្ញាថ្មីបានប្រាប់យើងថា ព្រះគ្រីស្ទមិនគ្រាន់តែជាព្រះដ៏ប្រោសលោះប៉ុណ្ណោះទេ តែព្រះអង្គក៏ជាព្រះអាទិករនៃចក្រវាលទាំងមូល គឺដូចដែលមានចែងយ៉ាងច្បាស់ ក្នុងបទគម្ពីរទំនុកដំកើង ជំពូក១២១។ ក្នុងបទគម្ពីរនេះ អ្នកនិពន្ធបានលើកទឹកចិត្តយើង ឲ្យងើបភ្នែកមើលទៅឯភ្នំ ហើយសួរថា តើសេចក្តីជំនួយជួយដល់យើងមកពីណា “សេចក្តីជំនួយរបស់យើងមកតែពីព្រះយេហូវ៉ាទេ គឺជាព្រះដែលបង្កើតផ្ទៃមេឃ និងផែនដី”(ខ.១-២)។ មានតែព្រះអង្គទេ ដែលអាចប្រទានកម្លាំងដល់យើង និងនាំផ្លូវយើងគ្រប់ជំហាន ខណៈពេលដែលយើងកំពុងធ្វើដំណើរឆ្លងកាត់លោកិយដ៏គ្រោះថ្នាក់ និងមានពេញដោយបញ្ហា។
យើងងើបភ្នែកឡើង ឆ្ពោះទៅរកព្រះ ដែលមើលថែរយើង(ខ.៣) ការពារយើង (ខ.៥-៦) ហើយគ្របបាំងយើងដោយស្រមោល ទោះជាមានគ្រោះភ័យអ្វីក៏ដោយ។ ព្រះអង្គថែរក្សាយើងឲ្យរួចពីការអាក្រក់ ហើយមើលថែរព្រលឹងយើង ឲ្យមានសុវត្ថិភាពអស់កល្បជានិច្ច(ខ.៧-៨)។ យើងងើបភ្នែកឡើង ទៅរកព្រះដ៏ប្រោសលោះ និងព្រះអាទិករនៃយើង ដោយសេចក្តីជំនឿ។ ព្រះអង្គជាជំនួយ និងជាក្តីសង្ឃឹម ហើយជាទីលំនៅដ៏អស់កល្បជានិច្ចរបស់យើង។-Bill Crowder
ការសួរសំណួរផ្សេង
ពេលដែលជីវិតយើងជួបសោកនាដកម្ម មានសំណួរជាច្រើនបានចោទឡើង។ ពេលយើងបាត់បង់មនុស្សជាទីស្រឡាញ់ យើងប្រហែលជាទូលសួរព្រះ នូវសំណួរជាច្រើន ដែលមានដូចជា “ហេតុអ្វីបានជាព្រះអង្គបណ្តោយឲ្យមានរឿងនេះកើតឡើង?” “តើវាជាកំហុសរបស់អ្នកណា?” “តើព្រះអង្គជ្រាបទេថា ទូលបង្គំឈឺចាប់ប៉ុណ្ណា?” សម្រាប់ខ្លួនខ្ញុំផ្ទាល់ ពេលដែលកូនស្រីរបស់ខ្ញុំស្លាប់យ៉ាងសោកសៅ ខ្ញុំក៏បានសួរសំណួរដូចនេះផងដែរ។
ព្រះគម្ពីរយ៉ូបបានកត់ទុកនូវសំណួរ ដែលលោកយ៉ូបបានសួរ ពេលគាត់កំពុងអង្គុយរៀបរាប់ពីទុក្ខវេទនារបស់គាត់ ដល់មិត្តសំឡាញ់ទាំងឡាយ។ គាត់បានបាត់បង់គ្រួសារ និងទ្រព្យសម្បត្តិអស់ ហើយថែមទាំងធ្លាក់ខ្លួនមានជម្ងឺទៀត។ បានជាគាត់សួរថា “ហេតុអ្វីបានជាឲ្យមានពន្លឺភ្លឺ ដល់មនុស្សរងវេទនា ព្រមទាំងឲ្យជីវិត ដល់អ្នកដែលមានសេចក្តីជូរចត់ក្នុងចិត្តដូច្នេះ”(៣:២០)។ ក្រោយមក គាត់ក៏បានសួរទៀតថា “តើកំឡាំងខ្ញុំជាអ្វី ដែលខ្ញុំនឹងនៅចាំទៀត តើចុងបំផុតខ្ញុំជាយ៉ាងណា បានជាត្រូវឲ្យខ្ញុំទ្រាំអត់”(៦:១១)។ “ដែលសង្កត់សង្កិនដូច្នេះ តើមានប្រយោជន៍ដល់ទ្រង់ឬ?”(១០:៣)។ ក្នុងលោកិយនេះ មានមនុស្សជាច្រើន បានឈរនៅទីបញ្ចុះសពរបស់អ្នកដែលឆាប់លាចាកលោក ហើយពួកគេក៏បានសួរសំណួរ ស្រដៀងនឹងសំណួរលោកយ៉ូបផងដែរ។
ប៉ុន្តែ ពេលដែលអ្នកបានអានកណ្ឌគម្ពីរយ៉ូប រហូតដល់ចុងបញ្ចប់ អ្នកនឹងមានការភ្ញាក់ផ្អើល។ ពេលដែលព្រះអម្ចាស់ឆ្លើយតប ចំពោះលោកយ៉ូប(ជំពូក ៣៨-៤១) គឺព្រះអង្គបានឆ្លើយតប តាមរបៀបដែលគេមិននឹកស្មានដល់។ ព្រះអង្គក៏បានកែប្រែស្ថានការណ៍ ហើយសួរលោកយ៉ូបវិញ ដោយសំណួរផ្សេង ដែលបង្ហាញពីប្រាជ្ញា និងអំណាចគ្រប់គ្រងរបស់ព្រះអង្គ។ គឺសំណួរអំពីស្នាព្រះហស្តដ៏អស្ចារ្យរបស់ព្រះអង្គ ដែលមានដូចជា ផែនដី ផ្កាយ និងសមុទ្រជាដើម។ ហើយសំណួរទាំងនោះ សុទ្ធតែនាំឲ្យគេគិត នឹងស្ងែងខ្លាចដល់ព្រះដែលមានអំណាចគ្រប់គ្រង មានគ្រប់ចេស្តា…
ពេលដែលច្របូកច្របល់
ក្នុងអំឡុងពេលនៃការធ្លាក់ចុះនៃសេដ្ឋកិច្ចពិភពលោក កាលពីប៉ុន្មានឆ្នាំមុន មានមនុស្សជាច្រើនបានបាត់បង់ការងារ។ គួរឲ្យស្តាយណាស់ ប្អូនថ្លៃរបស់ខ្ញុំ ក៏ស្ថិតក្នុងចំណោមអ្នកដែលបាត់បង់ការងារផងដែរ។ មានពេលមួយ ប្អូនស្រីរបស់ខ្ញុំ និងស្វាមីក៏បានសរសេរសំបុត្រផ្ញើមកខ្ញុំ ដើម្បីប្រាប់អំពីស្ថានភាពរបស់ខ្លួន។ ប្អូនស្រីរបស់ខ្ញុំបានរៀបរាប់ថា ទោះបីជាពួកគេមិនដឹងថា ពេលអនាគតនឹងទៅជាយ៉ាងណាក៏ដោយ ក៏ពួកគេនៅតែមានសន្តិភាពក្នុងចិត្ត ព្រោះពួកគេដឹងថា ព្រះនៅតែមើលថែរពួកគេជានិច្ច។
អ្នកដែលទុកចិត្តលើព្រះយេស៊ូវអាចមានចិត្តស្ងប់ ពេលស្ថិតក្នុងស្ថានភាពច្របូកច្របល់ ព្រោះពួកគេបានទទួលការធានាថា ព្រះវរបិតានៃយើងដែលគង់នៅស្ថានសួគ៌ ទ្រង់ស្រឡាញ់កូនរបស់ព្រះអង្គ ហើយក៏បំពេញការខ្វះខាតរបស់ពួកគេ(ម៉ាថាយ ៦:២៥-៣៤)។ យើងអាចថ្វាយការព្រួយបារម្ភរបស់យើង ដល់ព្រះអង្គដោយចិត្តដែលដឹងគុណ ដោយទុកចិត្តថា ព្រះអង្គនឹងបំពេញសេចក្តីត្រូវការរបស់យើង ហើយឲ្យយើងមានសន្តិភាពក្នុងចិត្ត(ភីលីព ៤:៦-៧)។
គឺដូចដែលសាវ័កប៉ុលមានប្រសាសន៍ថា “សេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត និងជួយការពារចិត្ត ហើយនិងគំនិតរបស់អ្នករាល់គ្នា ក្នុងព្រះគ្រីស្ទយេស៊ូវ”(ខ.៧)។ សេចក្តីសុខសាន្ត ឬសន្តិភាពរបស់ព្រះយេស៊ូវ ហួសលើសអស់ទាំងគំនិតរបស់យើង ដូចនេះយើងមិនអាចពន្យល់អំពីសន្តិភាពរបស់ព្រះអង្គ ឲ្យអស់សេចក្តីទេ តែយើងអាចពិសោធនឹងសន្តិភាពរបស់ព្រះអង្គ ដោយសារព្រះអង្គបានការពារចិត្ត និងគំនិតរបស់យើង។
សន្តិភាពក្នុងចិត្តរបស់យើង គឺកើតចេញពីការទុកចិត្តថា ព្រះអម្ចាស់ស្រឡាញ់យើង ហើយព្រះអង្គកំពុងគ្រប់គ្រងស្ថានភាពរបស់យើង។ មានតែព្រះអង្គទេដែលប្រទាននូវការកម្សាន្តចិត្ត ដែលសម្រួលអារម្មណ៍យើង ជួយឲ្យគំនិតយើងមានពេញដោយក្តីសង្ឃឹម ហើយអនុញ្ញាតឲ្យយើងសម្រាក សូម្បីតែនៅពេលដែលមានការប្រែប្រួល និងឧបស័គ្គ។-POH FANG CHIA
ឫសគល់នៃសេចក្តីស្លាប់
កញ្ញាឡូរេន ខូណាគី(Lauren Kornacki) មានចិត្តសប្បាយរីករាយ ដែលបានទៅរៀន នៅថ្នាក់ជួយសង្រ្គោះបឋម តែកាលនោះ នាងមិនបាននឹកស្មានថា នឹងបានអនុវត្តការជួយសង្រ្គោះនោះ សម្រាប់នរណាម្នាក់ ឬសម្រាប់មនុស្សជាទីស្រឡាញ់ក្នុងពេលឆាប់ៗឡើយ។ ថ្ងៃមួយ ពេលឪពុករបស់នាងកំពុងជួសជុលឡានរបស់គាត់ ដែកគ្រីបក៏បានដួល បណ្តាលឲ្យឡានសង្កត់មកលើគាត់។ សារពត៌មានក៏បានផ្សាយអំពីហេតុការណ៍នេះថា កញ្ញាឡូរេន ដែលមានអាយុ២២ឆ្នាំ បានបំបាស់ឡានដែលមានទម្ងន់ជាង១តោនកន្លះ ដោយគ្មានចិត្តអល់ឯក ល្មមនឹងអាចទាញគាត់ចេញពីក្រោមឡាននោះបាន។ បន្ទាប់មក នាងក៏បានធ្វើការជួយសង្រ្គោះបឋម ដល់ឪពុកនាង រហូតដល់ពេលដែលឡានពេទ្យមកដល់។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីការជួយសង្រ្គោះដែលអស្ចារ្យជាងនេះទៀត គឺការជួយសង្រ្គោះរបស់ព្រះយេស៊ូវ ដែលរំដោះយើងឲ្យរួចពីបាប ដោយការសុគត និងការមានព្រះជន្មរស់ឡើងវិញរបស់ព្រះអង្គ។ ពេលព្រះយេស៊ូវចាត់ពួកសាវ័កទាំង១២នាក់ ឲ្យចេញទៅធ្វើការថ្វាយព្រះអង្គ ព្រះអង្គបានឲ្យពួកគេផ្សាយដំណឹងល្អ ដើម្បីឲ្យគេបានដឹងថា ព្រះអង្គសព្វព្រះទ័យនឹងជួយសង្រ្គោះមនុស្សលោក(លូកា ៩:១-៦)។ ពួកគេមិនបានធ្វើកិច្ចការនេះ ដោយពឹងអាងកម្លាំងខ្លួនឯងឡើយ តែពេលដែលពួកគេបង្រៀនអ្នកដទៃ អំពីសេចក្តីសង្រ្គោះរបស់ព្រះយេស៊ូវ ព្រះអង្គបានត្រៀមខ្លួនជាស្រេច ដើម្បីលើកបន្ទុកដ៏ធ្ងន់នៃអំពើបាប ចេញពីជីវិតរបស់អ្នកដែលបានឮដំណឹងល្អនៃសេចក្តីសង្រ្គោះ។ ការអធិប្បាយ និងការប្រោសជម្ងឺ ដែលពួកគេបានធ្វើដោយអំណាច និងចេស្តារបស់ព្រះយេស៊ូវ គឺបានបង្ហាញថា ព្រះយេស៊ូវពិតជាបាននាំការសង្រ្គោះរបស់ព្រះ មកក្នុងលោកិយនេះមែន។
សព្វថ្ងៃនេះ មានមនុស្សជាច្រើន កំពុងជាប់នៅក្រោមទម្ងន់នៃអំពើបាប តែព្រះដ៏អស្ចារ្យនៃយើង អាចសង្រ្គោះយើង ឲ្យរួចពីបន្ទុកទាំងនោះបាន ហើយព្រះអង្គក៏ចាត់យើងឲ្យចេញទៅក្នុងលោកិយ ដើម្បីប្រាប់អ្នកដទៃថា ព្រះអង្គអាចរំដោះពួកគេឲ្យរួចពីបាបផងដែរ។-Marvin Williams…
មិនមែនជាបង្គោលចងសេះ
អ្នកប្រហែលជាធ្លាប់ឮគេនិយាយថា “យើងគួរតែឲ្យអតីតកាល ធ្វើជាបង្គោលនាំផ្លូវ ជាជាងធ្វើជាបង្គោលចងសេះ”។ យើងងាយនឹងចងខ្លួនឯង ជាប់នឹងអនុស្សាវរីយនៃ “ថ្ងៃដ៏ល្អ ដែលយើងមានកាលពីមុន” ជាជាងប្រើបទពិសោធន៍របស់យើង ដើម្បីស្វែងរកទិសដៅធ្វើដំណើរទៅមុខទៀត។ យើងងាយនឹងទទួលឥទ្ធិពល ពីសេចក្តីប៉ងប្រាថ្នាដែលធ្វើឲ្យយើងទៅមុខលែងរួច គឺការប៉ងប្រាថ្នាចង់បាន អ្វីដែលធ្លាប់មានពីមុន។
មានពេលមួយព្រះអម្ចាស់បានត្រាស់ហៅលោកយេរេមា ឲ្យធ្វើជាហោរាដល់អស់ទាំងសាសន៍ ដែលកាលនោះ គាត់ជាសង្ឃរបស់ព្រះ នៅក្រុងតូចមួយក្បែរទីក្រុងយេរូសាឡិម(យេរេមា ១:៥)។ ព្រះអង្គបានឲ្យគាត់ធ្វើកិច្ចការដ៏ពិបាកមួយ គឺឲ្យគាត់ប្រកាសប្រាប់អំពីការជំនុំជម្រះរបស់ព្រះ មកលើជនជាតិយូដា ដែលបានងាកបែរចេញពីព្រះអង្គ។ ពេលលោកយេរេមាប្រកាសប្រាប់ពួកគេ គាត់ក៏បានបញ្ចាក់យ៉ាងច្បាស់ថា គាត់កំពុងប្រកាសព្រះរាជសាររបស់ព្រះ គឺមិនមែនចេះតែពោលតាមចិត្តខ្លួនឯងទេ(៧:១-២)។
ព្រះអម្ចាស់ទ្រង់មានព្រះបន្ទូលថា “ចូរឲ្យឯងរាល់គ្នាឈរតាមផ្លូវ ហើយមើលចុះ ត្រូវឲ្យសួររកផ្លូវចាស់ទាំងប៉ុន្មាន មើលជាមានផ្លូវណាដែលល្អ រួចឲ្យដើរតាមផ្លូវនោះចុះ នោះឯងរាល់គ្នានឹងបានសេចក្តីសម្រាកដល់ព្រលឹង”។ តែគេប្រកែកថា “យើងរាល់គ្នាមិនព្រមដើរតាមទេ”(៦:១៦)។
ព្រះអម្ចាស់បានជំរុញរាស្រ្តរបស់ព្រះអង្គ ឲ្យងាកមកក្រោយសិន ដើម្បីឲ្យពួកគេអាចធ្វើដំណើរឆ្ពោះទៅមុខ ពោលគឺងាកមកគិតពិចារណា អំពីផ្លូវចាស់ដែលព្រះអង្គបានប្រទានពីបុរាណមក ដើម្បីឲ្យពួកគេរកឃើញ “ផ្លូវដ៏ល្អ”នៅខាងមុខ ដែលមានភាពស្មោះត្រង់ ការអត់ទោស និងការត្រាសហៅរបស់ព្រះអង្គ។
ព្រះទ្រង់អាចបង្រៀនយើង ឲ្យងាកមកគិតអំពីផ្លូវចាស់ ដែលយើងធ្លាប់ដើរជាមួយព្រះអង្គកាលពីមុន ដែលជាផ្លូវដ៏ល្អបំផុត។-David McCasland