ប្រភេទ  |  June

និយាយដោយសង្ខេប

មាន​ពេល​មួយ​នោះ​ ខ្ញុំ​ស្វែង​យល់​ឃើញ​ថា សន្ទរកថា​ដ៏​ល្បី​មួយ​របស់​លោ​ក​អប្រាហាំ​លីង​ខិន មាន​តែ​ពាក្យ​តិច​ជាង​៣០០​ប៉ុណ្ណោះ។ មាន​ន័យ​ថា មាន​ពេល​ខ្លះ​យើង​មិន​ចាំ​បាច់​និយាយ​ច្រើន​ពេក​ទេ ដើម្បី​អោយ​គេ​ចាំ។

ហេតុ​ដូច្នេះ​ហើយ​បាន​ជា​ខ្ញុំ​ចូល​ចិត្ត​ទំនុក​ដំកើង​ ១១៧។ ការ​សង្ខេប​ខ្លី​គឺ​ជា​និមិត្ត​សញ្ញា​មួយ។ អ្នក​និពន្ធ​គម្ពីរ​ទំនុក​ដំកើង​សរសេរ​ជា​៣​០​ពាក្យ មាន​តែ​១៧​ពាក្យ​ប៉ុណ្ណោះ​នៅ​ក្នុង​ភាសា​ហេព្រើ ។ ឱ​សាសន៍​ទាំងឡាយ​អើយ ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា ឱ​ជន​រាល់​គ្នា​អើយ ចូរ​ដំកើង​ទ្រង់​ចុះ ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់​ចំពោះ​យើង​រាល់​គ្នា នោះ​ធំក្រៃ​លែង ហើយ​សេចក្តី​ពិត​នៃ​ព្រះ​យេហូវ៉ា ក៏​ស្ថិត​ស្ថេរ​នៅ​ជា​ដរាប ចូរ​សរសើរ​ដល់​ព្រះ​យេហូវ៉ា​ចុះ!

នេះ​​ជា​​ដំណឹង​​ល្អ​​សម្រា​ប់​​អ្នក​​រាល់​​គ្នា។ បទ​​ទំនុក​ដំកើង​នេះ ជា​ព្រះ​រាជ​សារ​ទៅ​កាន់​សាសន៍​ទាំង​ឡាយ ដ្បិត​សេចក្តី​សប្បុរស​នៃ​ទ្រង់ ដែល​ជា​សេចក្តី​ស្រឡាញ់​នៃ​សម្ពន្ធ​មេត្រី​របស់​ទ្រង់ ធំ​ក្រៃ​លែង​ចំពោះ​យើង​រាល់​គ្នា។ ចូរ​គិត​មើល​ ថា​តើ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់​មាន​ន័យ​យ៉ាង​ណា ចំពោះ​យើង។ ទ្រង់​ស្រឡាញ់​យើង​ មុន​ពេល​យើង​កើត​នៅ​ផែន​ដី​នេះ ទោះ​ក្រោយ​យើង​ស្លាប់​ក៏​ទ្រង់​នៅ​តែ​ស្រឡាញ់​យើង​ដែរ។ គ្មាន​អ្វី​មួយ​អាច​បំបែក​យើង​ចេញ​ពី​ក្តី​ស្រឡាញ់​របស់​ព្រះ​ជា​ម្ចាស់​មាន​នៅ​ក្នុង​អង្គ​ព្រះ​គ្រីស្ទ​យេស៊ូវ​ឡើយ​(រ៉ូម ៨:៣៩)។ ព្រះ​ទ័យ​ទ្រង់​ជា​ប្រភព​ទឹក​នៃ​ក្តី​ស្រឡាញ់​ដែល​ហូរ​មិន​ចេះ​អស់​មិន​ចេះ​ហើយ។

ពេល​ខ្ញុំ​អាន​គម្ពីរ​ទំនុក​ដំកើង​ដ៏​ខ្លី​នេះ ខ្ញុំ​គិត​ថា​គ្មាន​ការ​លើក​ទឹក​ចិត្ត​ណា ពិសេស​ជាង​ការ​រំព្ញក​ពី​ក្តី​សប្បុរស​របស់​ព្រះ​ជា​ម្ចាស់។ សរសើរ​តម្កើង​ព្រះ​អម្ចាស់! David Roper

មួករបស់ឪពុកខ្ញុំ

នៅ​ក្នុ​ងកា​រ​ប្រកួត​កីឡា​អូឡាំពិក​ មាន​សោក​នាដ​កម្ម​មួយ​កើត​ឡើង។ ពិធី​បើក​ការ​ប្រកួត​កីឡា​អូឡាំពិក​នា​រដូវ​ក្តៅ​ឆ្នាំ​១៩៩២​នៅ​ក្នុង​ទីក្រុង​បា​សេ​ឡូណា។ ក្រុម​កីឡា​របស់​ប្រទេស​នីមួយ​ៗ​បាន​ដើរ​ជា​ក្បួន​ចូល​ក្នុង​ពហុ​កីឡា​ដ្ឋាន ដែល​មាន​អ្នក​អប​អរ​ចំនួន​៦៥០០០នាក់។ តែ​នៅ​ជ្រុង​មួយ​នៃ​ពហុ​កីឡា​ដ្ឋាន មាន​ការ​រន្ធត់​និង​​ក្រៀម​ក្រំ​កើត​ឡើង ខណៈ​ពេល​លោក​ភីតធ័រ​ កាណុហ្វ ជា​បិតា​អ្នក​ហែល​ទឹក​ប្រចាំ​សហរដ្ឋ​អាមេរិក​បាន​​ដួល​ស្លាប់ ដោយ​សារ​ជំងឺ​គាំង​បេះ​ដូង។

៥​ថ្ងៃ​ក្រោយ​មក លោក​រ៉ូន​បាន​បង្ហាញ​មុខ​ ក្នុង​ការ​ប្រកួត​ដោយ​ពាក់​មួក​ឪពុក​របស់​គាត់ ដែល​គាត់​បាន​ទុក​វា​មួយ​ឡែក​មុន​ពេល​ប្រកួត​ចាប់​ផ្តើម។ ហេតុ​អ្វី​បាន​ជា​គាត់​ធ្វើ​ដូច្នេះ​? វា​ជា​ការ​ដឹង​គុណ​របស់​អ្នក​ហែល​ទឹក​ចំពោះ​ឪ​ពុក​គាត់ ដែល​គាត់​រាប់​ថា​ជា​មិត្ត​ដ៏​ល្អ​ម្នាក់។ មួក​នោះ​ពាក់​លើ​ក្បាល​ឪពុក​គាត់ ពេល​ទៅ​ស្ទួច​ត្រី និង​ធ្វើ​អ្វី​ផ្សេង​ទៀត​ជា​មួយ​គ្នា។ ការពាក់មួកបង្ហាញ​ថា គាត់​គោរព​ចំពោះ​ឪពុក​ដែល​នៅ​ក្បែរ លើក​ទឹក​ចិត្ត និង​ណែនាំ​គាត់។ ពេល​លោក​រ៉ូន​មុជ​ចូល​ទៅ​ក្នុង​ទឹក គាត់​មិន​បាច់​មាន​វត្ត​មាន​ឪពុក​ឡើយ តែ​គាត់​ចង​ចាំ​ទុក​ក្នុង​ចិត្ត។

នៅ​ក្នុង​​ថ្ងៃ​​បុណ្យ​ដឹង​គុណ​ឪពុក មាន​របៀប​ជា​ច្រើន​យើង​គោរព​ឪពុក ដូច​ព្រះ​គម្ពីរ​មាន​បង្គាប់​យើង​ស្រាប់​ហើយ​(អេភេសូរ ៦:២)។ មាន​របៀប​មួយ​យើង​អាច​គោរព​គាត់ ទោះ​ជា​គាត់​លែង​នៅ​ជា​មួយ​យើង​ក៏​ដោយ គឺ​យើង​ត្រូវ​ផ្តល់​តម្លៃ​នូវ​អ្វី​ដែល​គាត់​បាន​បង្រៀន​យើង។ តើ​អ្នក​អាច​ធ្វើ​អ្វី​នៅ​ថ្ងៃ​នេះ​បង្ហាញ​ថា​អ្នក​គោរព​លោក​ឪពុក ដូច​ដែល​ព្រះ​គម្ពីរ​បាន​បង្គាប់​មក? Dave Branon

ផ្តោតការយកចិត្តទុកដាក់

ខ្ញុំ​ចូល​ចិត្ត​លែង​វាយ​កូន​ហ្គោល ដូច្នេះ យូរ​ៗ​ម្តង​ ខ្ញុំ​មើល​វីដេអូ​គេ​បង្រៀន​ពីរ​បៀប​លេង។ ទោះ​ជា​យ៉ាង​ក៏​ដោយ មាន​វីដេអូ​មួយ ពេល​មើល​ទៅ​ខ្ញុំ​អត់​សប្បាយ​ចិត្ត​សោះ​ លោក​គ្រូ​បង្រៀន​បង្ហាញ​ពី​របៀប​វាយ​ដែល​មាន​៨ចំនុច និង​មាន​ចំនុច​តូច​ៗ​ផេ្សង​ទៀត។ គេ​បង្រៀន​ច្រើ​នពេក​ហើយ។

ទោះ​ជា​ខ្ញុំ​មិន​មែន​ជា​អ្នក​លេង​ល្អ​ក៏​ដោយ តែ​ក្រោយ​ពេល​លេង​ច្រើន​ឆ្នាំ​មក​ខ្ញុំ​ដឹង​ថា៖ មុន​ពេល​អ្នក​វាយ បើ​អ្នក​គិត​ច្រើន​ពេក អ្នក​ទំនង​ជា​វាយ​មិន​សូវ​ចំគោល​ដៅ​ល្អ​ទេ។ អ្នក​ត្រូវ​តែ​បង្រួម​គំនិត​អោយ​តូច ហើយ​វាយ​អោយ​ចំ​គោល​ដៅ​ចង់​បាន ដោយ​សម្លឹង​មើល​កូន​បាល់។ គ្រូ​បង្វឹក​ភាគ​ច្រើន​វាយ​ចំ​គោលដៅ​បាន​ល្អ។

នៅ​ក្នុង​កីឡា​វាយ​កូន​ហ្គោល និង​ជីវិ​ត​យើង យើង​ត្រូវ​ផ្តោត​លើ​អ្វី​ដែល​សំខាន់​ជាង​គេ។ នៅ​ក្នុង​គម្ពីរ​ភីលីព​ជំពូក​៣ លោក​ប៉ូល​ពិព៌ណនា​ពីរ​បៀបយើ​ង​ទាក់​ទង​ជា​មួយគ្រិស្ត​បរិស័ទ។ យើង​គួរ​ផ្តោត​លើ​អ្វី​ដែល​សំខាន់​ជាង​រឿង​កំប៉ិក​កំប៉ុក។ លោក​ប៉ូល​មា​នប្រសាសន៍​ថា៖ «តែ​មាន​សេចក្តី​មួយ​នេះ​គឺ​ថា ខ្ញុំ​បំភ្លេច​សេចក្តី​ទាំង​ប៉ុន្មាន​ដែល​កន្លង​ទៅ​ហើយ ក៏​ខំ​មមុល​ឈោង​ទៅ​ឯ​សេចក្តី​ខាង​មុខ​ទៀត ទាំង​រត់​ដំរង់​ទៅ​ឯ​ទី​ដើម្បី​អោយ​បាន​រង្វាន់​នៃ​ការ​ងារ​ដ៏​ខ្ពស់​របស់​ព្រះ​ក្នុ​ងព្រះ​គ្រីស្ទ​យេស៊ូវ»។(ភីលីព ៣:១៣-១៤)។

«មាន​សេចក្តី​តែ​មួយ»។ នៅក្នុង​ពិភព​លោក​ពេញ​ដោយ​ការ​អាក្រក់​នេះ ជា​ការ​សំខាន់​ណាស់​សម្រាប់​កូន​ព្រះ​អង្គ​គ្រប់​រូប​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់ ហើយ​គ្មាន​អ្វី​ដែល​យើង​គួរ​យក​ចិត្ត​ទុក​ដាក់​ជាង​ព្រះ​យេស៊ូ​គ្រិស្ត​នោះ​ឡើ​យ។ តើ​ទ្រង់​សំខាន់​សម្រាប់​អ្នក​ដែរ​ឬទេ? Bill Crowder

ទ្រព្យសម្បត្តិដ៏ពិតប្រាកដ

ប្រាក់​ជា​អំណាច​មួយ​ ។ យើង​ខំ​ធ្វើ​ការ​រក​ប្រាក់ សន្សំ​ប្រាក់ ចំណាយ​ប្រាក់ និង​ប្រើ​វា​បំពេញ​សេចក្តី​ត្រូវ​ការ​នៅ​ផែន​ដី​នេះ រួច​យើង​ប្រាថ្នា​ចង់​បាន​ ហើយ​ចង់​បាន​ទៀត​មិន​ចេះ​ចប់។ ព្រះ​យេស៊ូ​បង្រៀន​យើង​អោយ​យល់​ដឹង​ ពី​ប្រាក់​ជាង​រឿង​អ្វី​ផ្សេង​ទៀត។ នោះ​យើង​នឹង​ដឹង​ថា ទ្រង់​មិន​បាន​ស្វែង​រក​ប្រាក់​ដើម្បី​ប្រយោជន៍​ខ្លួន​ឯង​ឡើយ។

ច្បាស់​ណាស់​ថា ទ្រង់​មិន​បាន​បង្រៀន​ដើម្បី​រក​ប្រាក់​ដាក់​ហោ​ប៉ៅ​ទ្រង់​ឡើយ។ ព្រះ​យេស៊ូ​ព្រមាន​ថា ការ​ទុក​ចិត្ត​ទ្រព្យ​សម្បត្តិ និង​​ប្រើ​វា​ដើម្បី​អំណាច​ខ្លួន​ឯង នឹង​ធ្វើ​ឲ្យ​រាំង​ស្ទះ​ការ​អភិវឌ្ឍន៍​ខាង​វិញ្ញណ​ជាង​អ្វី​ផ្សេង​ទៀត។ ព្រះ​យេស៊ូ​និទាន​រឿង​អំពី​«អ្នក​មាន​ឆោត​ល្ងង់​ម្នាក់» ហើយ​ទ្រង់​អោយ​គេ​ស្វែង​រក​សម្បត្តិ​សួគ៌​វិញ (លូកា ១២:១៣-២១) ដោយ​បញ្ជាក់​ថា ទ្រង់​អោយ​និយម​ន័យ​ទ្រព្យ​សម្បត្តិ​ច្រើ​ន​ជាង​យើង​គិត​ដល់។

តើ​សម្បត្តិ​សួគ៌​មាន​ន័យ​យ៉ាង​ដូច​ម្តេច? លោក​ប៉ូល​ប្រាប់​ថា កុំ​អោយ​អ្នក​នៅ​លោកីយ៍​នេះ​អួត​ពី​ទ្រព្យ​គេ ដែល​មិន​ទៀង​នោះ​ឡើយ (១ធីម៉ូថេ ៦:១៧) តែ​ចូរ​បង្គាប់​អោយ​គេ​ធ្វើ​គុណ និង​ការ​ល្អ​ជា​បរិបូរ ព្រម​ទាំង​ចែក​ទាន​ដោយ​សទ្ធា ហើយ​ប្រុង​ប្រយ័ត្ន​នឹង​ជួយ​គេ​ផង (១ធីម៉ូថេ ៦:១៨)។

តើ​គួ​រអោយ​ចាប់​អារម្មណ៍​ទេ? ព្រះ​ជា​ម្ចាស់​វាល់​ទ្រព្យ​សម្បត្តិ​យើង​ ដោយ​គុណភាព​នៃ​ជីវិត និង​ការ​ចែក​ទាន​របស់​យើង​ ដើម្បី​អោយ​ពរ​ដល់​អ្នក​ដទៃ មិន​មែន​ដោយ​បទ​ដ្ឋាន​នៃហិរញ្ញ​វត្ថុ​យើង​ឡើយ តែ​ជា​ដំបូន្មាន​ដ៏ល្អ​សម្រាប់​អ្នក​ណា​ដែល​គិត​ថា សន្តិសុខ និង កេរ្តិ៍​ឈ្មោះ​យើង​ផ្សា​ភ្ជាប់​ជា​មួយ​នឹង​គណនី​ធនាគារ​យើង ។ Joe Stowell

យើងបានសង្រ្គោះហើយ

ក្រោយ​ពី​ការ​រញ្ជួយ​ដី ​ដែល​បាន​បំផ្លិច​បំផ្លាញ​ប្រទេស​ហៃទី​ បានបញ្ចប់​កាលពី​ខែ​មករា​ឆ្នាំ​២០១០ ទិដ្ឋ​ភាព​នៃ​ការ​បំផ្លិច​បំផ្លាញ និង​ចំនួន​មនុស្ស​បាត់​បង់​ជីវិត ត្រូវ​បាន​ស្តែង​ចេញ​ពី​ការ​ទាញ​មនុស្ស​ទាំង​រស់ ពី​កំទេច​ថ្ម ទោះ​បី​ជា​អ្វី​ៗ​ហាក់​បី​ដូច​ជា​គ្មាន​សង្ឃឹម​ក្តី។ ជំនួយ​លាយ​នឹង​ទឹក​ភ្នែក​បាន​សម្តែង​ពី​ការ​ដឹង​គុណ​យ៉ាង​ជ្រាល​​ជ្រៅ អស់​អ្នក​ដែល​ធ្វើ​ការ​២៤​ម៉ោង ទោះ​ជា​ត្រូវ​ប្រថុយ​ជីវិត​ខ្លួ​នឯង​ក៏ដោយ គឺ​ធ្វើ​យ៉ាង​ណា​ផ្តល់​ឱកាស​ អោយអ្ន​កដ​ទៃមា​ន​ឱកាស​​រស់​រាន​មាន​ជីវិត។

តើ​អ្នក​គិត​យ៉ាង​ណា បើ​វា​កើត​ឡើង​ចំពោះ​រូប​អ្ន​កផ្ទាល់? តើ​មាន​គេ​ធ្លាប់​ជួយ​សង្រ្គោះ​អ្នក​ដែរ​ឬ​ទេ? នៅ​ក្នុង​គម្ពី​រកូល៉ុស ជំពូក១ លោក​ប៉ូល​បាន​សរសេរ​ទៅ​កាន់​អ្ន​កជឿ​ព្រះ​យេស៊ូគ្រិស្ត ហើយ​ពួក​គេ​រស់​នៅ​ដោយ​បង្ហាញ​ពី​ភ័ស្តុតាង​នៃ​ជំនឿ​របស់​ពួក​គេ។ គាត់​បាន​អធិស្ឋាន​អោយ​ពួក​គេ​ស្គាល់​បំណង​ព្រះ​ហប្ញទ័យ​ព្រះ​ជាម្ចាស់ និង​​ផ្គាប់​ព្រះ​ទ័យ​ព្រះ​ជា​ម្ចាស់ បន្ទាប់​មក​លោក​ប៉ូល​បាន​ប្រើ​រូបភាព​ដ៏​មាន​អំណាច​មួយ​ក្នុង​ការ​ពិព៌ណនានូ​វ​អ្វី ដែល​ព្រះ​ជា​ម្ចាស់​បាន​ធ្វើ​សម្រា​ប់​ពួក​គេ «ទ្រង់​បាន​ប្រោស​យើង​រួច​ពី​អំណាច​នៃសេចក្តី​ងងឹត ហើយ​ផ្លាស់​យើង​មក​ក្នុង​នគរ​របស់​ព្រះ​រាជ​បុត្រា​ស្ងួន​ភ្ងា​នៃ​ទ្រង់។ យើង​រាល់​គ្នា​បាន​សេចក្តី​ប្រោស​លោះ​ក្នុ​ងព្រះ​រាជ​បុត្រា​នោះ គឺ​ជាសេ​ចក្តី​ផ្តាច់​បាប ដោយ​សារ​ព្រះ​លោហិត​ទ្រង់» (កូល៉ុស ១:១៣-១៤)។

ដោយសារ​លោហិត​ព្រះ​គ្រិស្ត យើង​បាន​សង្រ្គោះ! ទ្រង់​បាន​រំដោះ​យើង​ពី​គ្រោះ​ថ្នាក់ ដាក់​យើង​នៅ​​កន្លែង​មាន​សុវត្ថិភាព រំដោះ​​ពី​អំណាច​អារក្ស ស្ថិត​ក្រោ​ម​អំណាច​ទ្រង់​វិញ និង ពី​សេចក្តី​ស្លាប់​នំា​ទៅ​រក​ជីវិត។ បើ​មនុស្ស​ទាំង​អស់​គិត​ពី​សេចក្តី​សង្រ្គោះ​របស់​ទ្រង់​ ពិត​ជា​មាន​តម្លៃ​ណាស់ កាល​ណា​យើង​ចេះ​អរ​ព្រះ​គុណ​ដល់​ព្រះ​ជា​ម្ចាស់​ដែល​បាន​ផ្តល់​ព្រះគុណ និង​ព្រះ​ចេស្តា​មក​យើង ។ David McCasland

តើខ្ញុំត្រូវអានគម្ពីរលេវីវិន័យដែរ

តើ​ខ្ញុំ​ត្រូវ​តែ​អាន​គម្ពីរ​លេវីវិន័យ​ដែរ​ឬ​ទេ? នាយក​ប្រតិ​បត្តិ​វ័យ​ក្មេង​ម្នាក់​សួរ​ខ្ញុំ​នូវ​សំណួរ​នេះ​ ចេញ​ពី​ចិត្ត ខណៈ​ពេល​ពួក​យើង​ពិភាក្សា​គ្នា​ អំពី​តម្លៃ​នៃ​ការ​ចំណាយ​ពេល​អាន​ព្រះ​គម្ពីរ។ គាត់​មាន​ប្រសាសន៍​ថា៖ «គម្ពីរ​សញ្ញា​ចាស់​ពិបាក​អាន​ និង​គួរ​អោយ​ធុញ​ទ្រាន់​ណាស់»។

មាន​​គ្រិស្ត​បរិស័ទ​ជាច្រើន​ក៏​មាន​អារម្មណ៍​បែប​នេះ​ដែរ។ តាម​ពិត​ទៅ គម្ពីរ​សញ្ញាចាស់​រួម​ទាំង​គម្ពីរ​លេវីវិន័យ​ផងដែរ បាន​ប្រាប់​យើង​ពី​ពង្សា​វតា ពិសេស​ផ្ទុយ​ពី​អ្វី​ដែល​មាន​ក្នុង​គម្ពីរ​សញ្ញា​ថ្មី។ តែ​លោក​អេសាយ​ដាស់​តឿន​យើង​ អោយ​ស្វែង​រក​ព្រះ​ជា​ម្ចាស់ (អេសាយ ៥៥:៦) ហើយ​លោក​ក៏​បាន​សន្យា​ថា ព្រះ​បន្ទូល​ព្រះ​ជាម្ចាស់​នឹង​សំរេច​ តាម​សេចក្តី​ប៉​ង​ប្រាថ្នា​របស់​ព្រះ​ជាម្ចាស់(ខ១១) ហើយ​មាន​ប្រយោជន៍​សម្រាប់​បង្រៀន ការ​រំព្ញក​អោយ​ដឹង​ខ្លួន និង​ការ​ប្រដៅ​ដំរង់ (២ធីម៉ូថេ ៣:១៦)។ ព្រះ​បន្ទូល​ព្រះ​ជា​ម្ចាស់​មិន​ដែល​វិល​មក​វិញ​ ឥត​កើត​ផល​នោះ​ឡើយ(អេសាយ ៥៥:៨-១១) តែ​ជួន​កាល​ព្រះ​បន្ទូល​មិន​ទាន់​កើត​ផល ដរាប​ណា​ចូល​មក​ក្នុង​ចិត្ត​យើង ពេល​យើង​ត្រូវ​ការ។

ព្រះ​វិញ្ញាណ​បរិសុទ្ធ​នឹង​ប្រើ​សេចក្តី​ពិត ដែល​យើង​ចង​ចាំ​ពី​ការ​អាន​ព្រះ​បន្ទូល ហើយ​ទ្រង់​នឹង​ជួយ​អោយ​យើង​យក​ទៅ​អនុវត្ត​ចំ​ពេល​ត្រូវ​ការ។ ឧទាហរណ៍ គម្ពីរ​លេវីវិន័យ ១៩:១០-១១ និយាយ​អំពី​ការ​ប្រកួត​ប្រជែង​ក្នុង​មុខជំ​នួញ និង​ការ​យក​ចិត្ត​ទុក​ដាក់​ដល់​ទុគ៌ត​ជន។ ព្រះ​វិញ្ញាណ​អាច​ក្រើន​រំព្ញក​យើង​អំពី​គំនិត​ទាំង​អស់​នេះ យើង​នឹ​ង​ចេះ​ប្រើ​ព្រះ​បន្ទូល​នេះ បើ​យើង​ចំណាយ​ពេល​អាន​ព្រះ​បន្ទូល​ព្រះ។

ការ​​អាន​​ព្រះ​បន្ទូល​ផ្លាស់​ប្តូរ​គំនិត​យើង​អោយ​ចេះ​រក្សា​ទុក​ព្រះ​បន្ទូល ហើយ​ព្រះ​វិញ្ញាណ​នឹង​ធ្វើ​ការ។ នេះ​ជា​ហេតុ​ផល​ល្អ​ជាង​គេ​ សម្រា​ប់​អោយ​យើង​អាន​គម្ពីរ​លេវីវិន័យ និង​​គម្ពីរ​៦៥​កណ្ឌ​ទៀត Randy Kilgore ។

បំពង់បង្ហូរខាងវិញ្ញាណរបស់អ្នក

បំពង់​បង្ហូរ​ឧស្ម័ន​ត្រន​អាឡាស្កា លាត​សន្ធឹ​ង​ប្រវែង​៨០០​ម៉ាយ​ កាត់​តាម​រដ្ឋ​អាឡាស្កា ហើយ​ដោយ​សារ​តែ​គេ​សង់​វា​ កាត់​តាម​តំបន់​មាន​រញ្ជួយ​ដី វិស្វករ​ត្រូវ​តែ​ប្រាកដ​ថា បំពង់​នេះ​អាច​ទប់​ទល់​នឹង​ការ​រញ្ជួយបា​ន។ ពួក​គេ​ត្រូវ​សង់​បណ្តាញ​រំអិល​ថេឡុន​ដើម្បី​កាត់​បន្ថយ​រំញ័រ ពេល​មាន​ការ​រញ្ជួយ​នៅ​ក្រោម​បំពង់។ វិស្វករ​សប្បា​យ​ចិត្ត​ណាស់ ពេល​ធ្វើ​ការ​សាក​ល្បង​លើក​ទីមួយ​បាន​ជោគ​ជ័យ។ កាល​ពី​ឆ្នាំ​២០០២ មាន​ការ​រញ្ជួយ​ដី​ធំ​មួយ​កើត​ឡើង បណ្តាល​អោយ​ស្រទាប់​ដី​ញែក​១៨​ហ្វ៊ីត។ ពេល​នោះ​បណ្តាញ​រំអិល​ធ្វើ​ចលនា​យឺត​ៗ សម្រប​តាម​ការ​រញ្ជួយ​ ដោយ​មិន​បណ្តាល​អោយ​មាន​ការ​ខូច​ខាត​ដល់​បំពង់​ឡើយ។ ចំនុច​ពិសេស​របស់​វា​ គឺ​ការ​បត់​បែន។

បំពង់​​បង្ហូ​រ​ខាង​វិញ្ញាណ​របស់​អ្ន​ក​ជឿ​ដែល​នាំ​ទៅ​រក​ស្ថាន​សួគ៌ បាន​សង់​គ្រឹះ​យ៉ាង​មាំ​នៅ​លើ​ព្រះ​ជា​ម្ចាស់។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ បើ​យើង​ចេះ​បត់​បែន​តាម​របៀប​ដែល​ព្រះ​ជា​ម្ចាស់​ធ្វើ​ការ យើង​អាច​ឆ្ល​ង​កាត់​បញ្ហា​បាន។ នៅ​ពេល​មាន​វិបត្តិ​កើត​ឡើង យើង​យល់​ច្រឡំ​ដោយ​ផ្លាស់​ប្តូ​រ​ពី​ការ​ទុក​ចិត្ត​លើ​ព្រះ​ជា​ម្ចាស់ មក​មើល​កាលៈ​ទេសៈ​ឈឺ​ចាប់​វិញ ។ យើង​គួរ​តែ​អធិស្ឋាន​បែប​នេះ​វិញ៖ «ព្រះ​អង្គ​អើយ ខ្ញុំ​មិន​យល់​សោះ​ថា​តើ​ហេតុ​អ្វី​បាន​ជា​មាន​ការ​ឈឺចាប់​កើត​ឡើង​ ចំពោះ​រូប​ខ្ញុំ តែ​ខ្ញុំ​ទុក​ចិត្ត​ថា ទ្រង់​អាច​រំដោះ​ខ្ញុំ​ចេញ​ពី​បញ្ហា​បាន ទោះ​ជា​បញ្ហា​នៅ​ជុំ​ជិត​ខ្ញុំ​ក៏​ដោយ»។ អ្នក​និពន្ធ​គម្ពី​រទំ​នុក​ដំកើង​បាន​សរសេរ​ថា៖ «ព្រលឹង​ទូល​បង្គំ​ពឹង​នៅ​ក្នុង​ទ្រង់...ដរាប​ដល់​សេចក្តី​អន្ត​រាយ​ទាំង​នេះ​បាន​បាត់​ទៅ»​(ទំនុក​ដំកើង ៥៧:១)។

ពេល​ផែន​ដី​រំកិល​នៅ​ក្រោម​យើង ចូរ​យើង​ចេះ​បត់​បែន​តាម​កាលៈ​ទេសៈ ប៉ុន្តែ​ចូរ​ទុក​ចិត្ត​លើ​សេចក្តី​ស្រឡាញ់ និង​ការ​ថែ​ទាំ​ដែល​គ្មាន​កា​រប្រែ​ប្រួល​របស់​ព្រះ​ជាម្ចាស់​វិញ Dennis Fisher ។

ការចម្រើនឡើងដូចដើមវិញ

យើង​ចូល​ចិត្ត​អាន​ប្រវត្តិ​មនុស្ស ឬ​ក្រុម​ហ៊ុន​ដែល​ជិត​នឹង​ក្ស័យទុន មាន​ឱកាស​រីក​ចម្រើន​ឡើង​ ដូច​ដើម​វិញ​បាន​ ដូច​ជា​ក្រុម​ហ៊ុន​ហ្វត​ម៉ូទ័​រ​ជា​ដើម។ កាល​ពី​ទសវត្ស​ឆ្នាំ​១៩៤០ ការ​ស្ទាក់​ស្ទើរ​របស់​ថ្នាក់​ដឹក​នាំ​ក្នុង​ការ​ធ្វើ​ទំនើប​កម្ម​ស្ទើរ​តែ​ធ្វើ​អោយ​ក្រុម​ហ៊ុន​ហ្វត ត្រូវ​រលាយ​អស់។ ជា​ការ​ពិត​ រដ្ឋាភិបាល​អាមេរិក​ស្ទើរ​តែ​កាន់​កាប់​ក្រុម​ហ៊ុន ព្រោះ​តែ​ការ​បាត់​បង់​របស់​​ក្រុម​​ហ៊ុន​ បាន​​គំរាម​​កំហែង​​ដល់​​កិច្ច​​ខិត​​ខំ​​ប្រឹង​ ក្នុង​​សង្រ្គាម​​របស់​​អាមេរិក។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ពេល​លោក​ហេនរី ហ្វតធូ​​បាន​បញ្ចប់​កាតព្វ​កិច្ច​យោធា ហើយ​លោក​ក៏​ចាប់​ផ្តើម​ដឹក​នាំ​ក្រុម​ហ៊ុន​នេះ​ឡើ​ង​វិញ អ្វី​ៗ​បាន​ផ្លាស់​ប្តូរ​ទាំង​អស់។ ហ្វត​ក្លាយ​ជា​សាជីវ​កម្ម​ធំជាង​គេ​មួយ​លើ​ពិភព​លោក​។

យូរ​ៗ​ម្ត​ង​យើង​ត្រូវ​ការ​រីក​ចម្រើន​ដូច​ដើម​វិញ។ យើង​ចាំ​បាច់​ត្រូវ​តែ​តម្រូវ​អោយ​ចំ​ទិស​ដៅ​ឡើង​វិញ ឬ​សង​ជំងឺ​ចិត្ត​នូវ​ការ​សម្រេច​ចិត្ត​ខុស។ នៅ​ក្នុង​ពេល​វេលា​បែប​នោះ យើង​មាន​ឧទាហរណ៍​លោក​ពេត្រុស។ បរាជ័យ​នៅ​ជុំវិញ​ខ្លួន​គាត់។ ទី​មួយ គាត់​ភ័យ​ខ្លាំង​ណាស់ ហើយ​ចាប់​ផ្តើម​លិច​ទៅ​ក្នុង​ទឹក។ រួច​មក ពេល​គាត់​និយាយ​ខុស ព្រះ​យេស៊ូ​ហៅ​គាត់​ថា​៖​«នែ មារ​សាតាំង​អើយ!» (ម៉ាថាយ ១៦:២២-២៣)។ ទីបី ពេល​ព្រះ​យេស៊ូ​ត្រូវ​ការ​គាត់ គាត់​បដិសេធ​មិន​ស្គាល់​ទ្រង់​សោះ (ម៉ាថាយ ២៦:៧៤)។

យ៉ាង​ណា​ក៏​ដោយ រឿង​នេះ​មិន​ទាន់​ចប់​នៅ​ឡើយ​ទេ ដោយសារ​អំណាច​ព្រះ​វិញ្ញាណ​បរិសុទ្ធ លោក​ពេត្រុស​ល្អ​ដូច​ដើម​វិញ។ នៅ​ថ្ងៃ​បុណ្យ​ទី​៥០ លោក​ពេត្រុស​ប្រកាស​ដំណឹង​ល្អ​មាន​មនុស្ស​បី​ពាន់​នាក់​ជឿ​ព្រះ​អង្គ​ (កិច្ចការ ២:១៤,៤១)។ លោក​ពេត្រុស​ត្រឡប់​ជា​មនុស្ស​មាន​ឥទ្ធិពល​ឡើង​វិញ ដោយ​សារ​ជំនឿ​គាត់​បាន​កែ​ប្រែ​ជា​ថ្មី គាត់​ការពារ​នូវ​អ្វី​គាត់​ប្រកាស និង​ក្រោក​ឈរ​ឡើង​ដើម្បី​ព្រះ​យេស៊ូ។ តើ​អ្នក​កំពុងតែតស៊ូ​ឬ​? ប្រសិន​លោក​ពេត្រុស​អាច​ត្រឡប់​មក​វិញ​បាន អ្នក​ក៏​ធ្វើ​បាន​ដែរ។ Dave Branon

វិវាហមង្គលការរបស់កូនចៀម

ពិធីមង្គលការគឺជាឱកាសមួយបង្ហាញភាពហ៊ឺហា។ មង្គលការនាសម័យថ្មីនេះបានក្លាយជាឱកាសមួយសម្រាប់ស្ត្រីវ័យក្មេងបង្ហាញម៉ូថសម្លៀកបំពាក់ឡូយឆាយថាពួកគេជាម្ចាស់ក្សត្រីស្អាតជាងគេនៅថ្ងៃនោះ។ សម្លៀកបំពាក់ស្អាតៗ ចម្រុះព៌ណ រួមជាមួយនឹងម៉ូថសក់ ប្លែកៗ ផ្ការស្រស់ និង ម្ហូបអាហារសំបូរបែបញ៉ាំងអោយមិត្តសំឡាញ់ និង​សមាជិកគ្រួសាររីករាយនឹងបរិយាកាសនៅថ្ងៃនោះ។ ឪពុកម្តាយជាច្រើនចាប់ផ្តើមសន្សំលុយកាក់ពីចម្ងាយ ដើម្បីអោយពួកគេអាចទិញសម្លៀកបំពាក់ថ្លៃៗក្នុងក្តីស្រមៃនៃកូនស្រីពួកគេ។ ចំណែកឯវិវាហមង្គលការរបស់រាជវង្សវិញ យើងជាមនុស្សសាមញ្ញកម្រនឹងឃើញណាស់។ ទោះជាយ៉ាងនេះក្តី កាលពីឆ្នាំ១៩៨១ យើងបានឈានឡើងដល់កំពូល ដោយបានឃើញការចាក់ផ្សាយពេញពិភពលោកនូវ ពិធីមង្គលការបស់ព្រះអម្ចាស់ ឆាល និង ម្ចាស់ក្សត្រីដាយអាណា។ មានវិវាហមង្គលការមួយទៀតគ្រោងនឹងរៀបចំឡើងពិសេសជាងគេទាំងអស់។ នៅក្នុងពិធីនោះ កូនកម្លោះជាមនុស្សពិសេសគឺជាព្រះគ្រិស្ត និង ក្រុមជំនុំទាំងអស់ជាកូនក្រមុំ ដែលជាអ្នកជឿទាំងអស់។ នៅក្នុងគម្ពីរវិវរណៈរបស់លោកយ៉ូហានប្រាប់យើងថា កូនក្រមុំបានតែងខ្លួនរួចជាស្រេចរង់ចាំកូនកម្លោះ(១៩:៧)ហើយសម្លៀកបំពាក់មង្គលការរបស់យើងគឺជាសេចក្តីសុចរិតរបស់ព្រះជាម្ចាស់(ខ៨) ទោះជាពិធីមង្គលការនៅផែនដីនេះស្ថិតស្ថេរនៅតែមួយរយៈខ្លីក្តី តែកូនក្រមុំទាំងអស់ខិតខំធ្វើការដើម្បីធ្វើអោយពិធីមង្គលការល្អឥតខ្ចោះ។ តើយើងជាកូនក្រមុំរបស់ព្រះគ្រិស្តនឹងត្រៀមខ្លួនយ៉ាងណាទៀត ដើម្បីចូលមង្គលការអស់កល្បជានិច្ច ដោយជូលៀ អាកឃ័រមែន លីង (Julie Ackerman Link)។

នាមប័ណ្ណ

នៅ ក្នុងវប្បធម៌ខ្លះ​ មុខតំណាងដែលដាក់ខាងក្រោមឈ្មោះរបស់អ្នកសំខាន់ណាស់ ព្រោះវាកំណត់អំពីឋានៈរបស់អ្នក។ មនុស្សម្នាគោរពអ្នករាល់គ្នាអាស្រ័យលើឋានៈរបស់អ្នកប្រៀបធៀបជាមួយមនុស្សនៅជុំវិញអ្នក។ បើសិនជានៅសម័យនោះ លោកប៉ូលមាននាមប័ណ្ណដែរ គាត់ប្រាកដជាមានឋានៈជាសាវក(១ធីម៉ូថេ ១:១)មានន័យថា មនុស្សម្នាក់ដែលព្រះជាម្ចាស់ចាត់បញ្ជូនមក។ គាត់មិនអាងឋានៈនោះទេ តែវាជាការអស្ចារ្យមកពីព្រះអម្ចាស់។ ឋានៈនេះបានមកមិនមែនដោយសារគាត់ខំប្រព្រឹត្តទេ តែគាត់បានទទួលមកពីព្រះយេស៊ូគ្រិស្តជាព្រះអង្គសង្រ្គោះនៃយើងវិញទេតើ។ ម្យ៉ាងវិញទៀត ឋានៈនេះមិនមែន​មកពីមនុស្សទេ គឺជាការតែងតាំងមកពីព្រះជាម្ចាស់ កាលដើមឡើយលោកប៉ូលធ្លាប់ប្រមាថ បៀតបៀន និង ប្រព្រឹត្តអំពើឃោរឃៅ(ខ១៣)។ គាត់ចាត់ទុកខ្លួនឯងថាជាអ្នកប្រព្រឹត្តអំពើបាបលេខមួយ(ខ១៥)។ ដោយសារព្រះគុណរបស់ព្រះជាម្ចាស់ ឥឡូវនេះគាត់ក្លាយជាសាវករបស់មហាក្សត្រគង់នៅអស់កល្បជានិច្ច (ខ១៧) ដែលបានបញ្ជូនគាត់អោយប្រកាសដំណឹងល្អដ៏មានសិរីរុងរឿង។ តែអ្វីដែលអស្ចារ្យជាងនេះគឺថា យើងមិនខុសពីសាវកប៉ូលទេ ដែលត្រូវបានចាត់បញ្ជូនទៅប្រកាសដំណឹងល្អគ្រប់ជាតិសាសន៍ដោយមហាក្សត្រលើអស់ទាំងមហាក្សត្រ (ម៉ាថាយ​ ២៨:១៨-២០ និង កិច្ចការ ១:៨)។ ចូរទទួលមហាបេសកកម្មដោយចិត្តទន់ទាប ដែលយើងមិនសក្តិសមសោះ។ យើងមានឯកសិទ្ធិបានធ្វើជាតំណាងព្រះអង្គ និង សេចក្តីពិតរបស់ទ្រង់តាមរយៈពាក្យសម្តី និង​កាយវិការជារៀងរាល់ថ្ងៃជាមួយមនុស្សនៅជុំវិញយើង ដោយស៊ី ភី ហៃ (C.P. Hia)។