កសាងជីវិតដែលសក្តិសម
ចៅៗរបស់ខ្ញុំ ចូលចិត្តលេងល្បែងសង់ផ្ទះណាស់។ក្មេងៗទាំងនោះ មានដុំជ័រជ្រុងៗតូចៗជាច្រើនពណ៌ សម្រាប់ឲ្យពួកគេសង់ប៉មបន្ទាយ យន្តហោះ ផ្ទះ ឬសាងសង់អ្វីផ្សេងទៀត តាមក្តីស្រមៃ និងចំណូលចិត្តរបស់ខ្លួន។
បន្ទាប់ពីចៅៗរបស់ខ្ញុំ បានចាប់ផ្តើមចាក់បំណែកតូចៗទាំងនោះ ចេញពីប្រអប់មកលើកម្រាលឥដ្ឋហើយ ពួកគេក៏ចាប់ផ្តើមផ្គុំបំណែកទាំងនោះចូលគ្នា។ ប៉ុន្តែ មិនយូរប៉ុន្មាន ពួកគេក៏យល់ថា ពួកគេមិនត្រូវការការណែនាំ នៅក្នុងការសាងសង់ទេ។ នៅទីបំផុត ការនេះក៏បាននាំឲ្យពួកគេឈានដល់ដំណាក់កាលមួយ ដែលពួកគេដឹងខ្លួនថា ការសាងសង់ទៅតាមការនឹកឃើញរបស់ខ្លួន មិននាំឲ្យមានលទ្ឋផលល្អ ទេ។ ដូច្នេះ ពួកគេក៏រុះរើបំណែកទាំងនោះចេញពីគ្នា ដើម្បីចាប់ផ្តើមសាងសង់សារជាថ្មីម្តងទៀត ប៉ុន្តែ លើកនេះ ពួកគេដឹងយ៉ាងច្បាស់ថា ការធ្វើតាមការណែនាំ ពិតជាមានសារៈសំខាន់យ៉ាងណា ចំពោះពួកគេ។
តើអ្នកចង់ឱ្យបំណែកនៃជីវិតរបស់អ្នក ត្រូវបានរុះរើចេញពីគ្នា ហើយផ្គុំចូលគ្នាឡើងវិញ តាមការណែនាំរបស់ព្រះអម្ចាស់ឬ? ប្រសិនបើអ្នកមានព្រះយេស៊ូវជាជើងជញ្ជាំងរបស់អ្នក នោះចូរចាប់ផ្តើមកសាងជីវិតតាមប្លង់របស់ទ្រង់ចុះ។ សាវ័កប៉ុលបានសរសេរថា “ត្រូវប្រយ័ត្នរៀងខ្លួន អំពីបែបណាដែលសង់”ពីលើជើងជញ្ជាំងនោះ(១កូរិនថូស ៣:១០-១១ )។ តើប្លង់នោះជាអ្វី? នៅក្នុងប្លង់នោះមានដូចជា ការរាប់អានគេឱ្យលើសជាងខ្លួន ដោយចិត្តសុភាព(ភីលីព ២:៣-៤) ការធ្វើទានដោយសប្បុរសនូវធនធានរបស់អ្នក ដល់អ្នកដែលគេត្រូវការ(យ៉ាកុប ២:១៤-១៧) ការឆ្លើយតបដោយសេចក្តីស្រឡាញ់ ចំពោះអស់អ្នកណាដែលបានធ្វើខុសនឹងអ្នក(រ៉ូម ១២:១៤-២១)។ ចំណុចទាំងនេះ គ្រាន់តែជាបំណែកដ៏តិចតួច ក្នុងចំណោមបំណែកជាច្រើន ទៀតដែលព្រះសព្វព្រះទ័យឲ្យអ្នកផ្គុំចូលគ្នា ដើម្បីកសាងជីវិតរបស់អ្នក…
ទូលបង្គំបានត្រៀមខ្លួនហើយ
ខណៈពេលលោកហ្គារី(Gary) កំពុងរង់ចាំតុលាការជំនុំជម្រះរឿងក្តីរបស់គាត់ នៅក្នុងបន្ទប់កាត់ក្តី គាត់បានស្តាប់ឮគេនិយាយគ្នា អំពីរឿងដ៏សោកសៅជាច្រើន របស់អ្នកដែលកំពុងតែបាត់បង់ផ្ទះសម្បែង។ ក្នុងចំណោមអ្នកទាំងនោះ មានមនុស្សជាច្រើនបានធ្វើតាមនិតិវិធី ដែលខ្លួនហាក់ដូចជាបានយល់ច្បាស់។ ប៉ុន្តែ សម្រាប់ស្ត្រីម្នាក់ ឈ្មោះលីសលី(Lesley) មើលទៅគាត់ ហាក់ដូចជាកំពុងសុញ្ញគំនិតចំពោះរឿងនេះ។ លោកហ្គារីបានដឹងថា ស្ត្រីម្នាក់នេះមិនដឹងថាត្រូវដោះស្រាយ ដោយរបៀបណាទេ ឬទៅរកជំនួយនៅកន្លែងណាទេ។
ពេលនោះ គាត់បានព្យាយាមបញ្ឈប់សម្លេងនៅក្នុងចិត្តគាត់ ដែលកំពុងជំរុញឱ្យគាត់ជួយនាង ប៉ុន្តែ គាត់មិនអាចបញ្ឈប់វាបានទេ។ គាត់បានគិតអំពីមូលហេតុជាច្រើន ដែលគាត់មិនត្រូវលូកដៃចូលក្នុងរឿងរបស់គេ។ ទីមួយ គាត់មិនមានជំនាញ នៅក្នុងការទៅសន្ទនាជាមួយអ្នកដែលខ្លួនមិនស្គាល់ទេ។ ទីពីរ គាត់ភ័យខ្លាចគេយល់ច្រឡំអំពីបំណងរបស់គាត់។ ប៉ុន្តែ ក្រោយមក គាត់យល់ថា ការជម្រុញចិត្តនោះ គឺមកពីព្រះអម្ចាស់ទេ ហើយគាត់មិនចង់ប្រថុយនឹងការមិនស្តាប់បង្គាប់ឡើយ។
ពេលលោកហ្គារីបានឃើញអ្នកស្រីលីសលី កំពុងដើរចេញពីបន្ទប់កាត់ក្តី គាត់ក៏បាននិយាយទៅកាន់នាងថា “អ្នកស្រី ខ្ញុំបានឮទីបន្ទាល់របស់អ្នកស្រី នៅក្នុងបន្ទប់កាត់ក្តី ហើយខ្ញុំជឿថាព្រះអម្ចាស់ចង់ឱ្យខ្ញុំជួយអ្នកស្រី”។
ដំបូងឡើយ អ្នកស្រីលីសលីមានចិត្តសង្ស័យ ចំពោះលោកហ្គារី ប៉ុន្តែ គាត់ក៏បានផ្តល់ការធានាអំពីភាពស្មោះត្រង់របស់គាត់។ គាត់ក៏បានទូរស័ព្ទទៅមនុស្សមួយចំនួន ក្នុងពួកជំនុំប្រចាំតំបន់ ដើម្បីឱ្យនាងភ្ជាប់ទំនាក់ទំនងជាមួយអ្នកដែលអាចផ្តល់ជំនួយ តាមសេចក្តីត្រូវការរបស់នាងបាន ដើម្បីកុំឲ្យនាងបាត់បង់ផ្ទះសម្បែង។
ព្រះអម្ចាស់ត្រាសហៅយើង ឱ្យមានតួនាទីដ៏សកម្ម(១យ៉ូហាន ៣:១៨)។ ពេលយើងដឹងថា ទ្រង់កំពុងបណ្តាលចិត្តយើងឱ្យជួយនរណាម្នាក់ នោះយើងគួរតែនិយាយប្រាប់អ្នកនោះថា “ខ្ញុំជឿថា…
ការរៀបចំពេលវេលារបស់ព្រះអម្ចាស់
នៅឆ្នាំ២០០៥ ខ្ញុំបានទៅលេងព្រះវិហាររបស់លោកគ្រូគង្វាល អូដលេយ ប្លេក(Audley Black) ដែលមានទីតាំងជិតឆ្នេរសមុទ្រខាងត្បូង នៃប្រទេសចាម៉ៃកា(Jamaica)។ កាលនោះ ពួកគេបានចាប់ផ្តើមកម្មវិធីសង់ពង្រីកកន្លែងថ្វាយបង្គំរបស់ពួកគេ។ ជារៀងរាល់ពេលដែលខ្ញុំបានត្រឡប់ទៅទីនោះវិញ ខ្ញុំបានកត់សម្គាល់ឃើញថា ដំណើរការសាងសង់របស់ពួកគេ មានការរីកចម្រើនទៅមុខបន្តិចម្តងៗ។
ទោះគម្រោងសាងសង់នេះ បានដំណើរការអស់ជាច្រើនឆ្នាំ ទំរាំតែបានចប់សព្វគ្រប់ក៏ដោយ ក៏ពួកគេនៅតែមិនមានការខកចិត្តដែរ! ព្រោះលោកគ្រូគង្វាលប្លេក(Black) និងពួកជំនុំរបស់គាត់មានការអត់ធ្មត់ ចំពោះពេលវេលាដែលព្រះអម្ចាស់បានរៀបចំ ហើយពួកគេមានចិត្តរំភើបរីករាយ ចំពោះការអ្វីដែលទ្រង់កំពុងតែធ្វើ។
ជាញឹកញាប់ យើងច្រើនតែខ្វះការអត់ធ្មត់។ យើងចង់ឲ្យពួកជំនុំរីកលូតលាស់ យ៉ាងឆាប់រហ័ស យើងចង់ឲ្យក្រុមយុវជនរបស់យើង ឆាប់មានភាពពេញវ័យខាងវិញ្ញាណ ហើយយើងចង់ឲ្យបញ្ហាទាំងអស់ ដែលយើងមាន ត្រូវបានដោះស្រាយនៅថ្ងៃនេះតែម្តង។
ប្រហែលជាយើងចាំបាច់ត្រូវចាំថា ក្នុងរឿងខ្លះ យើងត្រូវការពេលវេលា គឺពេលវេលាដែលព្រះបានកំណត់។ ជាតួយ៉ាង នៅពេលដែលពួកសាសន៍អ៊ីស្រាអែលបានចាកចេញពីនគរអេស៊ីព្ទ ព្រះបានដឹកនាំពួកគេទៅកាន់ទឹកដីសន្យា តាមផ្លូវដ៏វែងឆ្ងាយ(និក្ខមនំ ១៣:១៧-១៨)។ ហើយក្នុងពេលនោះ ព្រះអម្ចាស់បានរៀបចំពួកគេ បង្រៀនពួកគេ និងល្បងលពួកគេ។
ក្នុងសម័យជឿនលឿននៃពិភពលោកសព្វថ្ងៃ យើងតែងតែចង់ឲ្យការអ្វីគ្រប់យ៉ាងសម្រេចភ្លាមៗ។ ប៉ុន្តែ ជួនកាល ព្រះអម្ចាស់មិនមានផែនការយ៉ាងដូចនោះឡើយ។ ដូចនេះ ចូរយើងស្វែងរកជំនួយពីព្រះអម្ចាស់ ហើយរៀនសម្របខ្លួនតាមការរៀបចំពេលវេលារបស់ទ្រង់។—Dave Branon
ការអញ្ផើញរបស់ព្រះវរបិតា
ក័ណ្ឌគម្ពីរអេសេគាល ជាកណ្ឌគម្ពីរសញ្ញាចាស់ ដែលបាននិយាយអំពើការជំនុំជម្រះ ដែលព្រះអម្ចាស់ទម្លាក់មកលើរាស្ត្ររបស់ទ្រង់ដែលមិនស្តាប់បង្គាប់។ ព្រះអម្ចាស់បានហៅពួកគេថា “សាសន៍ដែលរឹងចចេស ដែលបានបះបោរនឹងអញ”(២:៣) ហើយ “ជាកូនចៅមានមុខរឹង ហើយចិត្តខែង”(ខ.៤)។ ការពិពណ៌នាអំពីអំពើបាបរបស់ពួកគេ និងអំពីទោសដ៏ធ្ងន់ធ្ងរ ដែលពួកគេត្រូវទទួល ស្តាប់ទៅគួរឱ្យភ័យខ្លាចណាស់។ តែទោះជាយ៉ាងណាក៏ដោយ នៅក្នុងពេលដ៏ខ្មៅងងឹត ព្រះអម្ចាស់ទ្រង់មានព្រះទ័យសោកសៅចំពោះរាស្ត្ររបស់ទ្រង់ ដែលកំពុងជាប់ជាឈ្លើយនៅចក្រភពបាប៊ីឡូន បានជាទ្រង់បង្ហាញសេចក្តីស្រឡាញ់ តាមរយៈការត្រាស់ហៅពួកគេ ឲ្យងាកមកដើរតាមផ្លូវនៃជីវិតវិញ។
គឺដូចដែលទ្រង់មានបន្ទូលថា “ចូរបោះបង់ចោលអំពើរំលងទាំងប៉ុន្មានរបស់ឯង ដែលឯងរាល់គ្នាប្រព្រឹត្ត នោះ ហើយឱ្យខ្លួនមានចិត្តថ្មី និងវិញ្ញាណថ្មីចុះ។ ដ្បិត ឱពូជពង្សអ៊ីស្រាអែលអើយ ឯងរាល់គ្នាចង់ស្លាប់ធ្វើអី? ពីព្រោះអញឥតមានសេចក្តីអំណរ ចំពោះការស្លាប់របស់អ្នកដែលត្រូវស្លាប់នោះទេ ដូច្នេះ ចូរឯងរាល់គ្នាវិលមក ដើម្បីឱ្យបានរស់នៅវិញ!”(១៨:៣១-៣២)។
ព្រះអម្ចាស់មិនបានប្រាប់យើងរាល់គ្នា ឲ្យមានអារម្មណ៍កើតទុក្ខកាន់តែខ្លាំងឡើងៗ ចំពោះសេចក្តីកំហុសរបស់យើងឡើយ ម្យ៉ាងទៀត ទ្រង់ក៏មិនឲ្យយើងខំប្រឹងប្រែងកាន់តែខ្លាំង ដើម្បីកាន់តាមក្រឹត្យវិន័យរបស់ទ្រង់ឲ្យបាននោះដែរ។ ផ្ទុយទៅវិញ ព្រះទ្រង់បានហៅយើងឱ្យមកទទួលនូវប្រភពនៃការលើកទឹកចិត្ត និងកម្លាំងថ្មីៗ ពោលគឺ “មកទទួលចិត្តថ្មី និងវិញ្ញាណថ្មី”ពីទ្រង់(៣៦:២៦-២៧)។
បើអ្នកកំពុងតែមានអារម្មណ៍ថា ខ្លួនកំពុងតែវង្វេងចេញកាន់តែឆ្ងាយពីព្រះ ហើយមានអារម្មណ៍ថាទ្រង់បោះបង់ចោលអ្នកហើយ នោះពេលនេះជាពេលដែលត្រូវក្រសោបយកសេចក្តីពិតហើយ។ តើអ្នកនឹងទទួលយកការអញ្ផើញរបស់ព្រះវបិតា “ដោយងាកមករកទ្រង់វិញ ដើម្បីមានជីវិតរស់” ក្នុងថ្ងៃនេះឬទេ?—David McCasland
មុនដែលអ្នកទូលសូមទ្រង់
មិត្តរួមការងារម្នាក់ ដែលធ្វើការជាមួយខ្ញុំ ក្នុងអង្គការ អា ប៊ី ស៊ីអន្តរជាតិ(RBC Ministry) បានចែកចាយដល់ខ្ញុំ អំពីសេចក្តីអំណរ ដែលនាងមាន នៅក្នុងការបំរើព្រះ ជាអ្នកបកប្រែសៀវភៅសម្រាប់សិក្សាព្រះបន្ទូល។ នាងបានប្រាប់ខ្ញុំថា នាងពិតជាមានពរខ្លាំងណាស់ ដែលបានមានឱកាសទទួលសេចក្តីបង្រៀនពីព្រះបន្ទូល ដែលមានក្នុងសៀវភៅដែលនាងបានបកប្រែនោះ។ នៅពេលដែលនាងបកប្រែសៀវភៅទាំងនេះ នាងបានកត់សំគាល់ឃើញថា “ជានិច្ចជាកាល ព្រះបន្ទូលព្រះបានប្រាប់ឲ្យខ្ញុំដឹង អំពីសេចក្តីត្រូវការដែលខ្ញុំកំពុងមាន”។ ជាតួយ៉ាងដូចជានៅពេលនាងកំពុងត្រូវការការលើកទឹកចិត្តពីព្រះអម្ចាស់ ទ្រង់ក៏បានប្រទានបទគម្ពីរជាជំនួយដល់នាង តាមរយៈសៀវភៅទាំងនោះ។
ការចែកចាយរបស់នាង បានធ្វើឲ្យខ្ញុំយល់ថា ព្រះដ៏ស្មោះត្រង់របស់យើង ទ្រង់មើលថែរយើង តាមមធ្យោបាយជាច្រើន។ ក្នុងជីវិតយើង មានរដូវកាលផ្សេងៗគ្នា ហើយយើងក៏បានជួបប្រទះនូវបញ្ហាគ្រប់ប្រភេទ ប៉ុន្តែ យើងមិនត្រូវជម្នះបញ្ហាទាំងនោះ ដោយពឹងផ្អែកលើខ្លួនឯងឡើយ។ គឺដូចដែលព្រះគ្រីស្ទបានមានបន្ទូលថា “ព្រះវរបិតានៃអ្នក ទ្រង់ជ្រាបនូវរបស់អ្វីដែលអ្នកត្រូវការ មុនដែលអ្នកសូមផង” (ម៉ាថាយ ៦:៨)។
ពេលណាយើងត្រូវការជំនួយ ទោះជាជំនួយខាងព្រលឹងវិញ្ញាណ ខាងផ្លូវអារម្មណ៍ ឬខាងសាច់ឈាមក៏ដោយ ក៏យើងអាចពឹងផ្អែកទៅលើការមើលថែរ និងព្រះទ័យទុកដាក់ ដ៏ស្មោះត្រង់របស់ព្រះវរបិតាបានជានិច្ច។ ព្រះទ្រង់ជ្រាបពីយើងយ៉ាងច្បាស់លាស់ណាស់ បានជាទ្រង់ជ្រើសរើសពេលដ៏ល្អឥតខ្ចោះ ដើម្បីផ្តល់ឲ្យយើងនូវអ្វីដែលល្អបំផុត និងដើម្បីផ្តល់នូវការធានាថា ទ្រង់យកព្រះទ័យទុកដាក់ជានិច្ច។ “គ្មានសត្វចាបណាមួយដែលព្រះទ្រង់ភ្លេចទេ សូម្បី ទាំងសក់ក្បាលរបស់អ្នករាល់គ្នា ក៏បានរាប់ទាំងអស់ដែរ ដូច្នេះកុំឱ្យខ្លាចឡើយ អ្នករាល់គ្នាមានតម្លៃលើសជាងសត្វចាបជាច្រើន”(លូកា ១២:៦-៧)។…
បងប្អូនត្រកូលរ៉ាយ
នៅថ្ងៃទី២៩ ខែកញ្ញា ឆ្នាំ១៩០៩ មានយុវជនវ័យក្មេងម្នាក់ បានបើកបរយន្តហោះដ៏ចម្លែកមួយគ្រឿង ដែលមានសណ្ឋានដូចខ្លែង ដែលមានរាងដូចប្រអប់ទ្រវែងដ៏ធំមួយ។ ពេលវាហោះឡើងខ្ពស់បានបន្តិច អាកាសយាន្តនិកម្នាក់នេះ ក៏បានបញ្ជាចង្កូត ដើម្បីឲ្យខ្លួនអាចបើកវារំលងពីលើកំពង់ផែក្រុងញូយ៉ក។ មនុស្សម្នាក៏បាននាំគ្នាសម្លឹងមើលទៅលើ ដោយការភ្ញាក់ផ្អើល។ នៅក្នុងកំពង់ផែនោះ នាវាទាំងឡាយបានបន្លឺសម្លេងស៊ីផ្លេរបស់ខ្លួន ដើម្បីអបអរសាទរ។ ហ្វូងមនុស្សដែលនៅក្បែររូបចម្លាក់សេរីភាពក៏បាននាំគ្នាស្រែកហូរ ពេលបានឃើញលោកវីលប័រ រ៉ាយ(Wilbur Wright) កំពុងហោះហើរនៅលើមេឃ។
លោកអរវីល(Orville) ជាបងប្អូនរបស់លោកវីលប័រ ដែលបានបើកបរយន្តហោះដំបូងបំផុត ក្នុងប្រវត្តិសាស្រ្ត មុនលោកវីលប័រប្រាំមួយឆ្នាំ។ គាត់បានបកស្រាយអំពីកត្តាដែលជំរុញចិត្តពួកគេឲ្យចង់ហោះហើរថា “ការមានបំណងចិត្តចង់ហោះហើរ គឺជាគំនិតដែលបន្សល់ទុកពីបុព្វបុរសរបស់យើង ដែលមានចិត្តច្រណែន សត្វបក្សីដែលចេះហោះហើរចុះឡើងៗ ដោយសេរី នៅក្នុងអាកាស យ៉ាងលឿន ដោយគ្មានអ្វីរារាំង តាមមហាវិថីខ្យល់ដែលគ្មានដែនកំណត់”។ បងប្អូនត្រកូលរ៉ាយទាំងពីរនាក់នេះ បានចំណាយពេលជាច្រើន នៅក្នុងការសិក្សាអំពីការហោះហើររបស់សត្វបក្សី មុនពេលរចនាយន្តហោះរបស់ខ្លួន ឲ្យចេញជារូបជារាង្គឡើង។ ក្នុងកណ្ឌលោកុប្បត្តិ មានសេចក្តីដែលចែងថា “កាលដើមដំបូងឡើយ ព្រះបានបង្កើតផ្ទៃមេឃ និងផែនដី”(១:១) ហើយទ្រង់មានបន្ទូលថា “ចូរឲ្យមានមច្ឆាជាតិរវើកនៅក្នុងទឹកជាបរិបូរ និងបក្សីជាតិហើរលើដីនៅនាអាកាស”(ខ.២០)។ យើងអបអរសាទរចំពោះការច្នៃបង្កើតរបស់បងប្អូនត្រកូលរ៉ាយ។ ប៉ុន្តែ ព្រះអទិករដែលបានបង្កើតសត្វបក្សី ដែលចេះហោះហើរតាំងពីដើមមក ទ្រង់សមនឹងទទួលការសរសើរតម្កើងដ៏ខ្ពស់បំផុត សម្រាប់ការបង្កើតបក្សី និងស្នាព្រះហស្ថដទៃទៀត!-Dennis Fisher
ដើរចេញពីការព្រួយបារម្ភ
កាលពីរបីឆ្នាំមុន អ្នកដឹកនាំការសិក្សាព្រះបន្ទូល ក្នុងក្រុមរបស់យើង បានលើកទឹកចិត្តឲ្យយើងទន្ទេញបទគម្ពីរ ឲ្យបានមួយជំពូក ហើយបានឱ្យយើងសូត្របទគម្ពីរនោះ ឲ្យក្រុមទាំងមូលស្តាប់។ ពេលនោះ ខ្ញុំក៏បានចាប់ផ្តើមប្រកែក និងត្អូញត្អែរនៅក្នុងចិត្តថា តើខ្ញុំត្រូវសូត្របទគម្ពីរមួយជំពូក នៅចំពោះមុនមនុស្សគ្រប់គ្នាឬ? ខ្ញុំមិនមែនជាមនុស្សពូកែទន្ទេញផង។ ខ្ញុំក៏ឈ្ងោកមុខចុះ ដោយនឹកស្រមៃឃើញថា ខ្លួនឯងកំពុងសូត្រខគម្ពីរ ហើយជាប់គាំងយ៉ាងយូរ ខណៈដែលគ្រប់គ្នាកំពុងមើលខ្ញុំ ទាំងរង់ចាំស្តាប់ពាក្យបន្ទាប់ ដែលខ្ញុំត្រូវសូត្រ។ ពីរបីថ្ងៃក្រោយមក ខ្ញុំមានការស្ទាក់ស្ទើរ នៅក្នុងការបើកព្រះគម្ពីរ រកមើលជំពូកណា ដែលត្រូវចិត្តខ្ញុំ ដើម្បីងាយស្រួលទន្ទេញ។ ខ្ញុំក៏ចេះតែបើករកមើល ទីបំផុតខ្ញុំក៏បានបើកដល់ក័ណ្ឌគម្ពីរភីលីពជំពូក៤។
ខ្ញុំក៏បានអានបទគម្ពីរនេះស្ងាត់ៗនៅក្នុងចិត្ត ត្រង់ខដែលចែងថា “កុំឱ្យខ្វល់ខ្វាយអ្វីឡើយ ចូរទូលដល់ព្រះ ឱ្យជ្រាបពីសេចក្តីសំណូមរបស់អ្នករាល់គ្នា ក្នុងគ្រប់ការទាំងអស់ ដោយសេចក្តីអធិស្ឋាន និងពាក្យទូលអង្វរ ទាំងពោលពាក្យអរព្រះគុណផង”(ខ.៦)។ គឺនៅពេលនោះហើយ ដែលខ្ញុំបានដឹងថាជំពូកណាត្រូវទន្ទេញ និងថែមទាំងបានដឹងពីរបៀបដែលខ្ញុំអាចដើរចេញពីការថប់បារម្ភ អំពីកិច្ចការដែលត្រូវធ្វើនោះទៀតផង។
ព្រះទ្រង់មិនចង់ឱ្យយើងរាល់គ្នាព្រួយបារម្ភ អំពីហេតុការណ៍ដែលនឹងកើតឡើង នៅពេលអនាគតឡើយ ពីព្រោះការថប់បារម្ភបង្ខាំងការអធិស្ឋានរបស់យើង។ លោកសាវ័កប៉ុលក៏បានរំឭកយើងផងដែរថា យើងមិនគួរមានការថប់បារម្ភឡើយ ផ្ទុយទៅវិញ យើងគួរអធិស្ឋានទូលសូមជំនួយពីព្រះអម្ចាស់វិញ។ ល្គឹកណាយើងប្រើវិធីសាស្រ្តនេះ ដើម្បីជម្នះការថប់បារម្ភ នោះសេចក្តីសុខសាន្តរបស់ព្រះ ដែលហួសលើសពីអស់ទាំងគំនិត នឹងជួយការពារចិត្ត និងគំនិតរបស់យើងរាល់គ្នា(ខ.៧)។
មានគេនិយាយលេងថា “បើអ្នកអាចព្រួយបារម្ភបាន ចុះហេតុអ្វីអ្នកមិនអាចអធិស្ឋានបាន?” សំនួរនេះបានបញ្ផាក់យ៉ាងច្បាស់ថា ការព្រួយបារម្ភគ្មានប្រយោជន៍ដល់យើងរាល់គ្នាទាល់តែសោះ…
តើអ្នកកំពុងបើកចំហរចិត្តឬ?
នៅពេលខ្ញុំកំពុងចម្រើនវ័យធំឡើង ខ្ញុំបានទៅលេងជីដូនជីតារបស់ខ្ញុំ អស់រយៈពេលមួយឬពីរសប្តាហ៍ នៅក្នុងរដូវក្តៅ ជារៀងរាល់ឆ្នាំ។ កាលនោះ ពួកគាត់មានទីលំនៅ នៅតាមបណ្តោយផ្លូវ ដែលកាត់តាមផ្លូវរទេះភ្លើងមួយចំនួន។ នៅក្នុងយប់ដំបូង ដែលខ្ញុំស្នាក់នៅទីនោះ ជាញឹកញាប់ ខ្ញុំបានភ្ញាក់ពីដំណេកបួនប្រាំដង ដោយសារសម្លេងញ័ររណ្តំនៃទូរថភ្លើង និងសម្លេងស៊ីផ្លេដែលអ្នកបើករថភ្លើងបានបន្លឺឡើង។ ទោះជាយ៉ាងណាក្តី នៅថ្ងៃចុងក្រោយនៃការស្នាក់នៅរបស់ខ្ញុំ ខ្ញុំក៏បានស៊ាំនឹងសម្លេងរំខានទាំងអស់នោះ បានជាខ្ញុំអាចគេងលក់ពេញមួយយប់ ដោយមិនភ្ញាក់ដូចមុនទៀតទេ។ មានន័យថា ខ្ញុំឈប់ខ្វល់ពីសម្លេងនោះទៀតហើយ។
ប៉ុន្តែ មានរឿងរំខានមួយចំនួនដែលខ្ញុំមិនចង់ឈប់ខ្វល់ពីវា! ឧទាហរណ៍ ខ្ញុំចូលចិត្តការដែលស្វាមីរបស់ខ្ញុំយកកាហ្វេមួយពែងមកឱ្យខ្ញុំ ដោយមិនដឹងខ្លួន ខណះដែលខ្ញុំកំពុងជាប់ដៃជាមួយនឹងកុំព្យូទ័រ។ ហើយខ្ញុំក៏មានអំណរណាស់ ពេលមិត្តសំឡាញ់របស់ខ្ញុំទូរស័ព្ទមក ដោយខ្ញុំមិនបានរំពឹងទុកជាមុន។
ជួនពេលខ្លះ មានការល្បួងដែលនាំឱ្យយើងមិនខ្វល់អំពី “ការរំខានដ៏បរិសុទ្ធ” របស់ព្រះវិញ្ញាណបរិសុទ្ធ ជាហេតុធ្វើឲ្យយើងមិនស្តាប់តាមការបណ្តាលចិត្តរបស់ទ្រង់។ ពេលនោះ ទ្រង់ប្រហែលជាកំពុងអង្រួនយើងឱ្យភ្ញាក់ដឹងខ្លួនថា យើងចាំបាច់ត្រូវទូលសូមការអត់ទោសបាប ចំពោះអ្វីដែលយើងបាននិយាយ ឬប្រព្រឹត្ត។ ម្យ៉ាងទៀត ទ្រង់ប្រហែលជាកំពុងរំឭកយើងម្តងហើយម្តងទៀតថា ដើម្បីឲ្យយើងអធិស្ឋានឱ្យអ្នកណាម្នាក់ដែលកំពុងជួបវិបត្តិ។ ឬមួយទ្រង់កំពុងដាស់តឿនយើងថា យើងមិនទាន់បានផ្សាយដំណឹងល្អដល់មនុស្សជាទីស្រឡាញ់របស់យើង ឲ្យបានគ្រប់ជ្រុងជ្រោងនៅឡើយទេ។
ពេលដែលព្រះវិញ្ញាណបរិសុទ្ឋសណ្ឋិតក្នុងចិត្តយើងម្នាក់ៗ ទ្រង់បង្រៀន ដាស់តឿន លើកទឹកចិត្ត និងដឹកនាំយើងឲ្យដើរតាមសេចក្តីពិត(យ៉ូហាន ១៤:១៦-១៧,២៦ ១៦:៧-៨,១៣)។ តើអ្នកកំពុងបើកចំហរចិត្ត ទទួលការរំខាននៃព្រះសូរសៀងរបស់ទ្រង់ឬទេ? —Cindy Hess Kasper
អ្នកដែលព្រះសព្វព្រះទ័យ
ក្នុងពីធីរៀបអភិសេកនៃព្រះអង្គម្ចាស់វីលៀម(William) ជាមួយកញ្ញាខេត មីឌលតុន(Kate Middleton) នៅឯព្រះវិហារវេស មីនស្ទ័រ អាប៊ី(Westminster Abbey) លោកអភិបាលព្រះវិហារប្រចាំនៅទីក្រុងឡុង បានចាប់ផ្តើមថ្លែងសន្ទរកថា ដោយដកស្រង់សម្តីរបស់សង់ ខេធ័ររីន នៃក្រុងសេណា(St. Catherine of Siena) ថា “ចូរធ្វើជាបុគ្គលម្នាក់ដែលព្រះអម្ចាស់សព្វព្រះទ័យ នោះអ្នកនឹងធ្វើឱ្យលោកិយនេះឆេះ”។ មានមនុស្សជាច្រើន ដែលបានទស្សនាតាមទូរទស្សន៍ បានប៉ះពាល់ចិត្តយ៉ាងខ្លាំង ខណៈពេលដែលលោកអភិបាលបាននិយាយប្រកាស់ថា អ្នកទាំងពីរបានសម្រេចចិត្ត“រៀបអភិសេក នៅក្នុងអធិបតីភាពនៃព្រះដ៏សប្បុរស ដែលទ្រង់បានស្រឡាញ់មនុស្សលោកដល់ម៉្លេះ បានជាទ្រង់លះបង់ព្រះជន្ម សម្រាប់យើងរាល់គ្នា ដោយព្រះនាមថា ព្រះយេស៊ូវគ្រីស្ទ”។ បន្ទាប់មកលោកក៏បានលើកទឹកចិត្តគូរស្វាមីភរិយាមួយគូរនេះ ឲ្យដេញតាមសេចក្តីស្រឡាញ់ ដែលមានព្រំដែនហួសសេចក្តីស្រឡាញ់ ដែលពួកគេមានចំពោះគ្នាទៅវិញទៅមកទៅទៀត។
ប្អូនប្រុសរបស់កូនក្រមុំក៏បានអានបទគម្ពីររ៉ូម ជំពូក១២ ដែលបានចែងថា “ដូច្នេះបងប្អូនអើយ ខ្ញុំទូន្មានអ្នករាល់គ្នាដោយសេចក្តីមេត្តាករុណានៃព្រះ ឱ្យបានថ្វាយរូបកាយទុកជាយញ្ញបូជារស់ ហើយបរិសុទ្ឋ ដែលគាប់ព្រះហឫទ័យដល់ព្រះ ជាការគោរពនៃអ្នករាល់គ្នា ដែលមានទំនង។ កុំឲ្យត្រាប់តាមសម័យនេះឡើយ ចូរឲ្យអ្នករាល់គ្នាបានផ្លាស់ប្រែវិញ ដោយគំនិតបានកែរជាថ្មីឡើង ដើម្បីនឹងអាចលមើលឲ្យបានស្គាល់បំណងព្រះហឫទ័យរបស់ព្រះ ដែលល្អ ស្រួលទទួល ហើយគ្រប់លក្ខណ៍ផង”(ខ.១-២)។
ការរៀបអភិសេកនៃខ្សែរាជ្យវង្សនេះ បានរំឭកយើងគ្រប់គ្នា ទាំងអ្នកនៅលីវ ក៏ដូចជាអ្នកដែលបានរៀបការហើយ អំពីសេចក្តីពិតធំៗ២យ៉ាង ដូចជា (១).សេចក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះមានចំពោះយើងគ្រប់គ្នា ដែលបានបង្ហាញចេញមក…
ការជួបជុំគ្នា
ក្នុងអំឡុងពេលបម្រើការ ជាអ្នកផ្សាយព្រះបន្ទូលក្នុងជួរទ័ព នៅបន្ទាយ YMCA ក្នុងប្រទេសអេស៊ីព្ទ លោកអូសវល ឆេមប័រ(Oswald Chambers ឆ្នាំ១៩១៥-១៩១៧)គាត់បានធ្វើឲ្យប៉ះពាល់ចិត្តទាហានជាច្រើន ដែលក្រោយមក ពួកគេបានពលីជីវិតក្នុងសង្គ្រាមលោកលើកទី១។ នៅថ្ងៃទី៦ វិច្ឆិការ ឆ្នាំ១៩១៦ លោកឆាមប័របានកត់ចុះក្នុងសៀវភៅកំណត់ហេតុថា “យើងទទួលសំបុត្រមួយច្បាប់ ពីមិត្តភ័ក្តម្នាក់ ដែលជាជនជាតិញូហ្សៀឡិន។ គាត់បានប្រាប់ថា លោក ធេដ ស្ត្រែក(Ted Strack)បានពលីជីវិតហើយ។ ដូចនេះ លោក ធេដ ស្ត្រែកបានទៅនៅជាមួយព្រះយេស៊ូវហើយ។” គាត់បានរៀបរាប់ទៀតថា ... លោកធេដ មានរូបសម្បត្តិ និងអត្តចរិតល្អ និងជាពួកបរិសុទ្ធដ៏តូចម្នាក់ ដែលមានចិត្តក្លាហាន គួរជាទីរាប់អាន។ សូមអរគុណព្រះអម្ចាស់ ដែលនៅនឹកចាំពីគាត់ … ពួកគេកំពុងទៅជួបជុំគ្នានៅនគរស្ថានសួគ៌ម្តងមួយៗ”។
ពេលយើងកំពុងកើតទុក្ខចំពោះការស្លាប់របស់អ្នកជាទីស្រឡាញ់ នោះយើងត្រូវប្រកាន់ខ្ផាប់តាមបន្ទូលសន្យារបស់ព្រះយេស៊ូវ អំពីជីវិតអស់កល្បជានិច្ច។ ក័ណ្ឌគម្ពីរវិវរណៈបានកត់ត្រាថា ព្រះបានបើកសម្តែង ឲ្យលោកយ៉ូហានឃើញមនុស្សមួយហ្វូងយ៉ាងធំ គេមកពីគ្រប់សាសន៍ គ្រប់ទាំងគ្រួសារ ហើយគ្រប់ទាំងភាសា ក៏ឈរនៅជុំវិញបល័ង្ករបស់ព្រះអម្ចាស់(៧:៩)។ បទគម្ពីរនេះបានពិពណ៌នាអំពីការជួបជុំគ្នាដ៏មានអំណរអស់កល្ប ដែលនឹងកើតមានជាពិត ពេលដែល“កូនចៀមដែលនៅកណ្តាលបល័ង្ក ទ្រង់នឹងឃ្វាល ហើយនាំគេទៅដល់រន្ឋទឹកនៃជីវិត (៧:១៧)។
មរណៈភាពនៃអ្នកជឿម្នាក់ៗ នៅក្នុងព្រះគ្រីស្ទ គឺជាការប្រាប់ទុកជាមុន អំពីថ្ងៃដែលយើងនឹងចូលរួមជាមួយពួកគេ នៅក្នុងការជួបជុំជាមួយព្រះអម្ចាស់នៅនគរស្ថានសួគ៌។…