អ្នកជូនដំណើរយើងកាត់តាមច្រកភ្នំ
ខ្ញុំធ្លាប់ឮគេនិយាយថា “ខ្ញុំមិនខ្លាចស្លាប់ទេ ព្រោះខ្ញុំមានទំនុកចិត្តថា ខ្ញុំនឹងបានទៅស្ថានសួគ៌ ប៉ុន្តែ អ្វីដែលខ្ញុំខ្លាចនោះ គឺរបៀបនៃការស្លាប់!” មែនហើយ ក្នុងនាមយើងជាគ្រីស្ទបរិស័ទ យើងទន្ទឹងរង់ចាំពេលដែលយើងទៅនៅនគរស្ថានសួគ៌ ប៉ុន្តែ យើងប្រហែលជាខ្លាចការស្លាប់។ យើងត្រូវហ៊ានទទួលស្គាល់ថា នេះជាការពិតមែន គឺមិនត្រូវមានការអៀនខ្មាស់ឡើយ។ វាគឺជារឿងធម្មតាទេ ដែលយើងខ្លាចឈឺចាប់ ពេលរៀបនឹងស្លាប់ ឬខ្លាចឃ្លាតឆ្ងាយពីអ្នកដែលខ្លួនស្រឡាញ់ ឬក៏ខ្លាចគ្រួសារយើងជួបភាពក្រីក្រ ឬខ្លាចបាត់បង់ឱកាសនៅលើផែនដីនេះ។
ហេតុអ្វីបានជាគ្រីស្ទបរិស័ទមិនចាំបាច់ត្រូវខ្លាចសេចក្តីស្លាប់? ព្រោះព្រះយេស៊ូវបានរស់ពីសុគតឡើងវិញ ហើយយើងរាល់គ្នា ដែលនៅក្នុងព្រះគ្រីស្ទក៏នឹងត្រូវប្រោសឲ្យរស់ឡើងវិញដែរ។ ហេតុនេះហើយបានជា ក្នុងបទគម្ពីរ ១កូរិនថូស ១៥:៥៦-៥៧ សាវ័កប៉ុលបានប្រកាសថា “រីឯទ្រនិចនៃសេចក្តីស្លាប់ គឺជាអំពើបាប ហើយអំណាចរបស់បាប គឺជាក្រិត្យវិន័យ។ តែអរព្រះគុណដល់ព្រះអង្គ ពីព្រោះទ្រង់ប្រទានឲ្យយើងរាល់គ្នាមានជ័យជំនះ ដោយសារព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើង។”
ដំណើរការនៃការស្លាប់ គ្រាន់តែជាការចម្លងយើង ចូលទៅក្នុងនគរព្រះ ដើម្បីរស់នៅទីនោះជាមួយព្រះអស់កល្បជានិច្ច។ ខណៈដែលយើង “ដើរកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់” យើងអាចមានទំនុកចិត្តចំពោះព្រះបន្ទូលរបស់ព្រះ ដែលបានចែងថា “ទ្រង់គង់នៅជាមួយនឹងទូលបង្គំ ព្រនង់ ហើយនិងដំបងរបស់ទ្រង់កំសាន្តចិត្តទូលបង្គំ”(ទំនុកដំកើង ២៣:៤)។ ត្រង់ចំណុចនេះ ព្រះអម្ចាស់ទ្រង់យាងជាមួយយើង កំសាន្តចិត្ត និងតម្រង់ផ្លូវយើង ខណៈពេលដែលទ្រង់កំពុងជូនដំណើរយើង ឆ្លងកាត់ច្រកភ្នំនៃម្លប់សេចក្តីស្លាប់ ឆ្ពោះទៅរក “ដំណាក់នៃព្រះយេហូវ៉ា។” នោះយើងរាល់គ្នានឹងបានរស់នៅទីនោះ ជាមួយទ្រង់ជារៀងរាបដរាបទៅ(ខ.៦)។—Albert…
មេរៀនដែលទទួលបានពីរបងផ្ទះ
នៅពេលខ្យល់បក់គំហុកក្នុងខែមិនា បានធ្វើឲ្យរបងព័ទ្ធជុំវិញផ្ទះរបស់យើងដួលរលំខូចអស់មួយផ្នែក ប្រតិកម្មដំបូងបំផុត ដែលខ្ញុំមាននៅពេលនោះ គឺខ្ញុំចង់ស្តីបន្ទោសឲ្យជាងដែលទើបតែបានសង់របងនោះឲ្យខ្ញុំ កាលពីរបីខែមុន។ គិតយូរៗទៅ ទើបខ្ញុំដឹងថា កំហុសគឺមកពីខ្ញុំទេ។ ព្រោះនៅពេលដែលគាត់ធ្វើរបងជិតរួចរាល់ ខ្ញុំបានឃាត់មិនឲ្យគាត់ដកបង្គោលចាស់បួនដើមចោល ដើម្បីយកបង្គោលថ្មីមកដាំជំនួស ដោយចាក់បេតុងនៅជើងបង្គោលទាំងនោះឡើយ។ កាលនោះ ខ្ញុំបានប្រាប់គាត់ថា “សូមគ្រាន់តែសង់របងពីលើបង្គោលចាស់ទាំងនោះបានហើយ។ វានឹងមិនអីទេ។” វាមិនអីមែន តែនៅពេលខ្យល់ខ្លាំងបក់មក ទើបវាមានបញ្ហា។
យ៉ាងណាមិញ ពេលដែលព្រះយេស៊ូវមានបន្ទូលអំពីរឿងអ្នកសង់ផ្ទះពីរនាក់ ទ្រង់បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃការសង់ជីវិតរបស់យើងលើគ្រឹះដ៏រឹងមាំ ដោយការស្តាប់បង្គាប់តាមព្រះបន្ទូលទ្រង់។ គឺដូចដែលទ្រង់បានមានបន្ទូលថា “ដូច្នេះ អស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ ហើយប្រព្រឹត្តតាម ខ្ញុំនឹងប្រៀបធៀបអ្នកនោះដូចជាមនុស្សប៉ិនប្រយ័ត្ន ដែលសង់ផ្ទះខ្លួននៅលើថ្ម។ រួចភ្លៀងធ្លាក់មក ទឹកក៏ជន់ ហើយខ្យល់ក៏បក់ប៉ះនឹងផ្ទះនោះ តែមិនបានរលំទេ ពីព្រោះបានសង់លើថ្ម។ ឯអស់អ្នកណាដែលឮពាក្យរបស់ខ្ញុំទាំងនេះ តែមិនប្រព្រឹត្តតាម អ្នកនោះធៀបដូចជាមនុស្សល្ងង់ ដែលសង់ផ្ទះរបស់ខ្លួននៅលើខ្សាច់វិញ” (ម៉ាថាយ ៧:២៤-២៦)។ កាលណាខ្យល់ និងភ្លៀងបក់ប៉ះនឹងផ្ទះទាំងនេះ គឺមានតែផ្ទះមួយដែលបានសង់នៅលើថ្មប៉ុណ្ណោះ ដែលនៅឈរមាំ។
ការស្តាប់ព្រះបន្ទូលរបស់ព្រះគឺសំខាន់ណាស់ ប៉ុន្តែ ការប្រព្រឹត្តតាមអ្វីដែលទ្រង់មានបន្ទូល នោះទើបជាគន្លឹះសំខាន់បំផុត ដើម្បីធន់នៅក្នុងព្យុះនៃជីវិតបាន។ ដរាបណាអ្នកនៅមានជីវិត នៅឡើយ សូមចាប់ផ្តើមសង់ផ្ទះនៅលើថ្មដាចុះ។ —David McCasland
វិមានពោត
គេបានដាក់តាំងពិពណ៌ផ្ទាំងគំនូរដ៏ស្រស់ស្អាត នៅលើជញ្ជាំងនៃវិមានពោត មីឆែល(Mitchell) ជារៀងរាល់ឆ្នាំ។ រូបភាពដ៏ស្រស់ស្អាតមានដូចជា រូបសត្វស្លាបដែលហើរលើអាកាស រូបរទេះខន់នេសស្តូហ្កា(Conesto-ga) ដែលមានកង់បួនដែលកំពុងឆ្ពោះទៅទិសខាងលិច រូបត្រសាលនៃជនជាតិដើមរបស់អាមេរិក និងរូបភាពជនបទផ្សេងៗទៀត។ ផ្ទាំងគំនូរទាំងនេះ មានលក្ខណៈពិសេសម្យ៉ាង ទោះជាវាបានកើតឡើងពីការយកផ្លែពោត គ្រាប់ធញ្ញជាតិ និងស្មៅ មកតម្រៀបចូលគ្នាក៏ដោយ។ រៀងរាល់មួយឆ្នាំម្តង គេបានយកផ្ទាំងរូបភាពផ្សេងមកជំនួសរូបទាំងនោះ ស្របតាមប្រធានបទថ្មី ដោយសារហេតុផលផ្សេងៗ ហើយក៏ដោយសារសត្វស្លាបដែលឃ្លាន បានមកចឹកស៊ីគ្រាប់ពោត និងគ្រាប់ធញ្ញជាតិក្នុងផ្ទាំងរូបទាំងនោះផងដែរ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹងចាំពី ព្រះបន្ទូលរបស់ព្រះយេស៊ូវ ជាពាក្យប្រៀបប្រដូច អំពីរឿងសត្វហើរលើអាកាស និងគ្រាប់ពូជ យ៉ាងដូចនេះថា “ចូរស្តាប់ចុះ! មើល មានអ្នកព្រោះពូជម្នាក់ព្រោះ។ កំពុងដែលព្រោះ មានខ្លះធ្លាក់ចុះតាមផ្លូវ ហើយសត្វហើរលើអាកាសក៏មកចឹកស៊ី”(ម៉ាកុស ៤:៣-៤)។ គ្រាប់ពូជខ្លះទៀតធ្លាក់ទៅក្នុងកន្លែងមានថ្ម និងក្នុងបន្លា ធ្វើឲ្យវាមិនកើតផលសោះ(ខ.៥-៧)។ តែខ្លះទៀតធ្លាក់ទៅក្នុងដីល្អ ក៏កើតផលចម្រើនកាន់តែច្រើនឡើង (ខ.៨)។
ព្រះយេស៊ូវបានពន្យល់ថា ពួកអ្នកតាមដើរផ្លូវ កាលគេឮព្រះបន្ទូលព្រះ “នោះអារក្សសាតាំងក៏មកលួចឆក់យកព្រះបន្ទូល ដែលព្រោះក្នុងចិត្តគេទៅភ្លាម”(ខ.១៥)។ អារក្សស្អប់ដំណឹងល្អ ហើយក៏ខំរកវិធីធ្វើយ៉ាងណា កុំឲ្យមនុស្សបានជឿដំណឹងល្អ។ ចំពោះអ្នកដែលបានឮដំណឹងល្អហើយ ជាញឹកញាប់ វាធ្វើឲ្យពួកគេពន្យារពេល មិនព្រមសម្រេចចិត្ត រួចក៏ភ្លេចអ្វីដែលពួកគេបានឮនោះ។ ដើម្បីជម្នះបញ្ហានេះ ពេលយើងធ្វើទីបន្ទាល់ពីព្រះគ្រីស្ទ យើងគួរតែអធិស្ឋានទូលសូមព្រះអម្ចាស់នៃចម្រូត ដើម្បីឲ្យព្រះបន្ទូលទ្រង់ចាក់ឫស ក្នុងចិត្តដែលបានបើកចំហរទទួលព្រះបន្ទូល។…
ពួកជំនុំដែលធ្វើការ
ខ្ញុំ និងភរិយារបស់ខ្ញុំ ឈ្មោះស៊័រលី(Shirley) ចូលចិត្តធ្វើដំណើរតាមនាវា កាត់តាមដៃនសមុទ្រ ដែលមានជួរភ្នំអមសងខាង នៅប្រទេសនរវេយ ក្នុងឱកាសខួបអាពាហ៍ពិពាហ៍លើកទី៥០របស់យើង។ នៅពេលយើងធ្វើដំណើរឆ្ពោះទៅទិសខាងជើង យើងបានឈប់សំចតនៅតាមបណ្តាទីក្រុង និងភូមិជាច្រើន ហើយជាញឹកញាប់ យើងបានទៅមើលព្រះវិហារមួយចំនួន។ នៅក្នុងចំណោមព្រះវិហារទាំងនោះ មានព្រះវិហារមួយ ដែលគេបានសង់នៅសតវត្សរ៍ទី១២។ អ្នកនាំភ្ញៀវទេសចរណ៍បានប្រាប់យើង ដោយមោទនភាពថា “ព្រះវិហារនេះ នៅតែមានដំណើរការ”។ ខ្ញុំក៏បានសួរថា “តើអ្នកចង់មានន័យថាម៉េច?” នាងក៏បានបកស្រាយថា នៅតាមបណ្តាព្រះវិហាររបស់រដ្ឋ គ្រូគង្វាលទទួលការរើសតាំងពីរដ្ឋ ហើយធ្វើការគ្រាន់តែដើម្បីប្រាក់ខែទេ តែគ្មាននរណាមកចូលរួមកម្មវិធីថ្វាយបង្គំរបស់ពួកគេឡើយ។ ប៉ុន្តែព្រះវិហារមួយនេះ នៅតែមានកម្មវិធីថ្វាយបង្គំ ដែលដំណើរការយ៉ាងស្មោះត្រង់ ហើយបានបម្រើព្រះអម្ចាស់យ៉ាងសកម្ម អស់រយៈពេលជិត១០០០ឆ្នាំហើយ!
ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញពួកជំនុំទាំងប្រាំពីរ ដែលមានចែងក្នុងព្រះគម្ពីរ វិវរណៈជំពូក២ និងជំពូក៣ ដែលក្នុងនោះ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេថា “អញដឹងពីការដែលឯងរាល់គ្នាធ្វើ” (២:២,៩,១៣,១៩ ៣:១,៨,១៥)។ ជាងនេះទៅទៀត ពួកជំនុំក្រុងថែស្សាឡូនីចក៏បានទទួលការសរសើរពីសាវ័កប៉ុល ដោយសារ “ការដែលធ្វើដោយសេចក្តីជំនឿ ការនឿយហត់ ដោយសេចក្តីស្រឡាញ់ និងសេចក្តីសង្ឃឹមយ៉ាងមាំមួន ដល់ព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់នៃយើងរាល់គ្នា”(១ថែស្សាឡូនីច ១:៣)។
ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតផងដែរ អំពីពួកជំនុំរបស់ខ្ញុំ នៅឯស្រុក។ អស់រយៈពេលជាង១៣០ឆ្នាំមកហើយ ដែលពួកជំនុំមួយនេះនៅតែស្មោះត្រង់ ក្នុងការចែកចាយព្រះបន្ទូល និងការមើលថែរសមាជិកពួកជំនុំ…
តក់ស្លត់ ឬអធិស្ឋាន
មានស្រ្តីអាយុ៨៥ឆ្នាំម្នាក់ រស់នៅក្នុងមជ្ឈមណ្ឌលមួយតែម្នាក់ឯង។ ថ្ងៃមួយ គាត់បានជាប់នៅក្នុងជណ្តើរយន្តតែម្នាក់ឯង អស់រយៈពេល៤យប់ ៣ថ្ងៃ។ ជាការប្រសើរណាស់ ដែលគាត់មានទឹកមួយថូ បន្លែស៊ីលើរីខ្លះៗ និងថ្នាំក្អកបន្តិចបន្តួច។ គាត់បានព្យាយាមបើកទ្វារជណ្តើរ យន្ត តែបើកមិនចេញសោះ ហើយទូរស័ព្ទក៏គ្មានសេវ៉ាទៀត បន្ទាប់មក គាត់ក៏បានសម្រេចចិត្តងាកមករកព្រះ ដោយការអធិស្ឋាន។ ក្រោយមក គាត់បានប្រាប់បណ្តាញទូរទស្សន៍ស៊ីអិនអិន(CNN)ថា “ពេលនោះ ខ្ញុំត្រូវសម្រេចចិត្តថា ត្រូវតក់ស្លត់ ឬក៏អធិស្ឋាន”។ ពេលមានគ្រោះអាសន្ន គាត់បានពឹងផ្អែកលើព្រះ ហើយបានរង់ចាំរហូតដល់ពេលគេមកជួយ។
យ៉ាងណាមិញ ស្តេចអេសាក៏បានប្រឈមមុខនឹងការសម្រេចចិត្តដូចនេះដែរ គឺថាតើត្រូវភ័យស្លុត ឬក៏អធិស្ឋាន(២របាក្សត្រ ១៤)។ កាលនោះ នគរទ្រង់កំពុងទទួលរងការវាយលុកពីកងទ័ពអេធីយ៉ូពី ដែលមានគ្នាប្រមាណជា១លាននាក់។ ប៉ុន្តែ នៅពេលទ្រង់ប្រឈមមុខនឹងកងទ័ពដ៏ធំបែបនេះ ទ្រង់មិនបានពឹងផ្អែកលើយុទ្ធសាស្រ្តយោធា ឬក្រាបពួន ដោយការភ័យខ្លាចឡើយ ផ្ទុយទៅវិញ ទ្រង់បានបែរមករកព្រះ ដោយការអធិស្ឋានជាបន្ទាន់។ ក្នុងការអធិស្ឋានដ៏មានអំណាច និងដោយការបន្ទាបខ្លួននេះ សេ្តចអេសាពឹងផ្អែកលើព្រះទាំងស្រុង ទ្រង់ទូលសូមជំនួយ ហើយបានទូលអង្វរឲ្យព្រះអម្ចាស់ទ្រង់ ការពារព្រះនាមរបស់ទ្រង់ “សូមជួយយើងខ្ញុំផង ដ្បិតយើងខ្ញុំផ្អែកលើទ្រង់ជាទីពឹង គឺដោយនៅតែព្រះនាមទ្រង់ប៉ុណ្ណោះ ដែលយើងរាល់គ្នាបានមកទាស់ នឹងពួកមានគ្នាច្រើនទាំងនេះ”(ខ.១១)។ ព្រះអម្ចាស់បានឆ្លើយតបនឹងសេចក្តីអធិស្ឋានរបស់ស្តេចអេសា ហើយស្តេចអង្គនេះ ក៏ទទួលបានជ័យជម្នះ លើកងទ័ពសាសន៍អេធីយ៉ូពី។
ពេលយើងជួបស្ថានការណ៍តានតឹង ឬមានធនធានតិចតួច ឬក៏ជួបបញ្ហាដ៏ច្រើនដូចជាកងទ័ពដ៏ធំ…
ព្រះយេស៊ូវគង់នៅជិត
មានក្មេងអាយុបួនឆ្នាំម្នាក់ ឈ្មោះសាំយូអែល បានសុំម៉ាក់វាចេញទៅលេងខាងក្រៅ បន្ទាប់ពីវាបានញាំអាហារពេលល្ងាចហើយ។ ប៉ុន្តែ កាលនោះ វានៅក្មេងពេក មិនអាចលេងនៅខាងក្រៅម្នាក់ឯងបានទេ ដូច្នេះម្ដាយរបស់វាក៏បាននិយាយថា “ទេ កូនមិនអាចចេញទៅក្រៅតែម្នាក់ឯងបានទេ។ កូនត្រូវចាំម៉ាក់ញ៉ាំរួចសិន ម៉ាក់នឹងទៅជាមួយកូនដែរ”។ វាក៏ឆ្លើយយ៉ាងលឿនថា “ប៉ុន្តែ ម៉ាក់ ព្រះយេស៊ូវគង់នៅជាមួយកូន!”
ត្រង់ចំណុចនេះ សាំយូអែលបានទទួលការបង្រៀនដ៏ល្អពីឪពុកម្តាយរបស់វា បានជាវាដឹងថា ព្រះអម្ចាស់តែងតែគង់នៅក្បែរវាជានិច្ច។ យ៉ាងណាមិញ តាមព្រះគម្ពីរ យើងអាចដឹងថា លោកយ៉ាកុបក៏បានទទួលការបង្រៀនដូចនេះផងដែរ។ លោកអ៊ីសាក់ ដែលជាឪពុករបស់គាត់បានឲ្យពរដល់គាត់ ហើយបានប្រាប់គាត់ ឲ្យទៅរកប្រពន្ធម្នាក់ ពីក្នុងចំណោមញាតិសន្តានខាងម្តាយគាត់(លោកុប្បត្តិ ២៨:១-៤)។ គាត់ក៏បានធ្វើដំណើរទៅស្រុកហារ៉ាន តាមបណ្តាំរបស់ឪពុកគាត់។
នៅពេលលោកយ៉ាកុបគេងលក់ ព្រះអម្ចាស់ទ្រង់ក៏បានយាងមកជួបគាត់ ក្នុងសុបិន ហើយមានបន្ទូលថា “មើល អញនៅជាមួយនឹងឯង អញនឹងថែរក្សាឯងនៅកន្លែងណាដែលឯងទៅ . . . អញមិនចោលឯងឡើយ”(ខ.១៥)។ ពេលគាត់ភ្ញាក់ឡើង គាត់ដឹងថា ព្រះបានមានបន្ទូលមកកាន់គាត់ហើយ ហើយគាត់ក៏បាននិយាយថា “ពិតប្រាកដជាព្រះយេហូវ៉ាទ្រង់គង់នៅទីនេះហើយ”(ខ.១៦)។ គាត់មានទំនុកចិត្ត ចំពោះព្រះវត្តមានរបស់ព្រះ ហេតុនោះហើយ គាត់ប្តេជ្ញាចិត្តថ្វាយខ្លួន ដើរតាមទ្រង់អស់មួយជីវិតរបស់គាត់(ខ.២០-២១)។
បើយើងបានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្គ្រោះរបស់យើងហើយ(យ៉ូហាន ១:១២) នោះយើងអាចមានទំនុកចិត្ត ហើយមានអំណរ ពេលបានដឹងថា…
នៅក្នុងព្រះហស្តព្រះជានិច្ច
ក្នុងអំឡុងរយៈពេលនៃការសិក្សាឆ្នាំទី១របស់ខ្ញុំ នៅសា លាព្រះគម្ពីរ មានមិត្តភក្តិថ្មីរបស់ខ្ញុំម្នាក់ បានរៀបរាប់អំពីជីវិតរបស់នាងឲ្យខ្ញុំស្តាប់។ ពេលប្តីរបស់នាងបោះបង់ នាងចោល នាងត្រូវចិញ្ចឹមកូនតូចៗពីរនាក់តែម្នាក់ឯង។ នាងអាចរកចំណូលបានតែបន្តិចបន្តួចប៉ុណ្ណោះ ដូច្នេះ នាងមានឱកាសតិចណាស់ នៅក្នុងការគេចចេញពីភាពក្រីក្រ និងគ្រោះថ្នាក់ទាំងឡាយ នៅក្នុងតំបន់ដែលនាងរស់នៅ។
ក្នុងនាមជាឪពុកម្នាក់ ខ្ញុំមានការប៉ះពាល់ចិត្ត ពេលបានឮនាងនិយាយអំពីក្តីបារម្ភ ដែលនាងមានចំពោះកូនៗរបស់នាង បានជាខ្ញុំសួរនាងថា “តើអ្នកអាចរ៉ាប់រងការទាំងអស់នេះដោយរបៀបណា?” នាងហាក់ដូចជាភ្ញាក់ផ្អើល ចំពោះសំណួរនេះ ហើយក៏បានឆ្លើយថា “យើងធ្វើអ្វីដែលយើងអាចធ្វើបាន ហើយខ្ញុំត្រូវថ្វាយពួកគេ ទៅក្នុងព្រះហស្តព្រះ។” ទំនុកចិត្តដែលនាងមានចំពោះព្រះ ក្នុងគ្រាមានទុក្ខលំបាក បានធ្វើឲ្យខ្ញុំនឹកចាំពីទំនុកចិត្តដែលលោកយ៉ូបមានចំពោះព្រះ(១:៦-២២)។
មួយឆ្នាំក្រោយមក នាងបានទូរស័ព្ទមកខ្ញុំ ដើម្បីអញ្ជើញឲ្យខ្ញុំទៅចូលរួមពិធីបុណ្យសព នៅផ្ទះរបស់នាង បន្ទាប់ពីកូនប្រុសរបស់នាងបានបាត់បង់ជីវិត ក្នុងការបាញ់សម្លាប់ពីក្នុងឡាន នៅតាមផ្លូវ។ ខ្ញុំក៏បានអធិស្ឋានសូមឲ្យខ្ញុំមានពាក្យ សម្រាប់កំសាន្តចិត្តនាង និងសូមឲ្យខ្ញុំមានប្រាជ្ញា ដើម្បីកុំឲ្យព្យាយាមពន្យល់អំពីរឿងដែលមិនអាចពន្យល់បាននោះ។
ទោះបីជាយ៉ាងណាក៏ដោយ ពេលខ្ញុំនៅជួយរំលែកទុក្ខនាងនៅថ្ងៃនោះ ខ្ញុំមានសេចក្តីស្ញប់ស្ញែង ពេលបានឃើញនាងនៅតែបន្តកំសាន្តចិត្តអ្នកឯទៀត ដូចកាលពីមុន ដូចនេះ ទំនុកចិត្តដែលនាងមានចំពោះព្រះ មិនបានរង្គោះរង្គើ ដោយសារព្យុះដ៏អាក្រក់ ដែលបានបក់បោកមកនោះឡើយ។ ដល់ពេលដែលខ្ញុំត្រូវលានាង នាងក៏បាននិយាយប្រាប់ខ្ញុំថា “កូនប្រុសរបស់ខ្ញុំនៅតែស្ថិតក្នុងព្រះហស្តព្រះជានិច្ច”។ ពាក្យនេះបានបង្ហាញអំពីជម្រៅនៃសេចក្តីជំនឿរបស់នាង ក្នុងពេលដ៏សោកសៅ។ នាងមិនខុសពីលោកយ៉ូបទេ ព្រោះនាង “មិនបានធ្វើបាបឡើយ ក៏មិនបានប្រកាន់ទោសដល់ព្រះដែរ”(ខ.២២)។
យ៉ាងណាមិញ…
ការជួយឲ្យឆ្លងឧបសគ្គរួច
កាលកូនស្រីរបស់ខ្ញុំ ដេប៊ី(Debbie)នៅតូច នាងបានចូលរៀនរបាំបាឡេ។ មានការហាត់រាំមួយបែប ដែលតម្រូវឲ្យនាងលោតរំលងកំរាលរមូលមួយដុំ។ ក្នុងការព្យាយាមជាលើកទី១ នាងក៏បានលោតប៉ះកំរាលមួយដុំនោះ ហើយថយមកវិញ។ នាងបានអង្គុយនៅលើកំរាលឥដ្ឋ មួយស្របក់ ដោយស្រឡាំងកាំង ហើយនាងក៏ចាប់ផ្តើមយំ។ រំពេចនោះ ខ្ញុំក៏ប្រញាប់លើកនាងឲ្យក្រោកឡើង ហើយនិយាយលួងនាង។ បន្ទាប់មក ខ្ញុំក៏កាន់ដៃនាង ហើយរត់ទៅជាមួយនាង រហូតទាល់តែនាងអាចលោតរំលងកំរាលមួយដុំនោះ ដោយជោគជ័យ។ ដូចនេះ ដេប៊ីត្រូវការការលើកទឺកចិត្តពីខ្ញុំ ដើម្បីផ្លោះឧបសគ្គ ដែលនៅពីមុខនាង។
ខណៈដែលលោកយ៉ូហាន-ម៉ាកុស កំពុងធ្វើការជាមួយលោកប៉ុល ក្នុងដំណើរបេសកកម្មលើកទី១ គាត់បានជួបប្រទះឧបស័គ្គដ៏ធំមួយ ក្នុងដំណើរនោះ។ ពេលគាត់ជួបការលំបាកកាន់តែខ្លាំង នៅតាមផ្លូវ គាត់ក៏បោះបង់ការងារចោល។ ក្រោយមក លោកបាណាបាសក៏បានព្យាយាមរាប់បញ្ចូលលោកម៉ាកុស ក្នុងដំណើរបេសកម្មជាលើកទី២របស់ប៉ុល ហើយការប្រកែកគ្នាក៏កើតមានឡើង។ លោកបាណាបាសចង់ផ្តល់ឱកាសលើកទី២ដល់លោកម៉ាកុស ប៉ុន្តែ សាវ័កប៉ុលមិនមានទំនុកចិត្តចំពោះគាត់ទៀតទេ។ ទីបំផុត ពួកគេក៏បានចែកគ្នាជាពីរក្រុម ដែលក្នុងនោះ លោកបាណាបាសក៏បាននាំលោកម៉ាកុសទៅជាមួយ ក្នុងដំណើរបេសកកម្មរបស់ខ្លួន(កិច្ចការ ១៥:៣៦-៣៩)។
ព្រះគម្ពីរមិនបានចែងអំពីការឆ្លើយតបរបស់យ៉ូហាន-ម៉ាកុសយ៉ាងណាទេ នៅពេលដែលលោកបាណាបាសបានជួយឲ្យគាត់ឆ្លងឧបសគ្គនៃការងារបម្រើព្រះ។ តែយ៉ាងណាក៏ដោយ គាត់ប្រាកដជាបានឆ្លងកាត់ឧបសគ្គនោះរួចហើយ បានជាក្រោយមក លោកប៉ុលបានសរសេរថា យ៉ូហាន-ម៉ាកុស “មានប្រយោជន៍ក្នុងការងារខ្ញុំ” (២ធីម៉ូថេ ៤:១១)។
ពេលយើងឃើញអ្នកជឿណាម្នាក់កំពុងជួបបរាជ័យ យើងគួរតែផ្តល់ជំនួយដល់គាត់។ តើលោកអ្នកដឹងថា មានអ្នកណាខ្លះ ដែលកំពុងត្រូវការជំនួយរបស់អ្នក…
នៅតែបង្កើតផលផ្លែ
មានពេលខ្លះ ការប្រមូលផលដំណាំមានភាពយឺតយ៉ាវ។ ជួនកាល លោកអ្នកបានព្រោះគ្រាប់ពូជ នៃសេចក្តីសង្ឃឹម ដោយមិនដឹងខ្លួន។ ពេលខ្លះ
ផលផ្លែនៃជីវិតរបស់លោកអ្នក កើតមានតាមរបៀប និងនៅពេលដែលខុសពីការរំពឹងទុករបស់អ្នក។
កូនស្រីរបស់ខ្ញុំគឺ មេលីសា(Melissa) បានទទួលអំណោយទាននៃសេចក្តីសង្រ្គោះរបស់ព្រះ តាំងពីក្មេង។ ប៉ុន្តែ នាងមិនដែលយល់ថា ខ្លួននាងគឺជាគ្រីស្ទបរិស័ទដ៏អស្ចា្យ ដែលអាចនាំអ្នកដទៃ ឲ្យមានជីវិតផ្លាស់ប្រែទេ។ នាងគ្រាន់តែជាសិស្សអនុវិទ្យាល័យម្នាក់ ដែលខំគិតពីរឿងការងារ ការសិក្សា និងកីឡា ហើយទន្ទឹមនឹងនោះ នាងខំរក្សាមិត្តភាពឲ្យបានល្អ។ និយាយរួម នាងគ្រាន់តែជាក្មេងម្នាក់ ដែលកំពុងខំរស់នៅ តាមដែលព្រះសព្វព្រះហឫទ័យ។
ប៉ុន្តែ នៅឆ្នាំ២០០២ ពេលដែលទ្រង់បានទទួលស្វាគមន៍នាង ឲ្យចូលមករស់នៅក្នុងនគរស្ថានសួគ៌ ពេលនាងទើបតែមានអាយុ១៧ឆ្នាំ សេចក្តីជំនឿដែលនាងមានចំពោះព្រះគ្រីស្ទ ព្រមទាំងជីវិតដ៏ស្មោះត្រង់របស់នាង ក៏នៅតែបន្តបង្កើតផលផ្លែ។ សេចក្តីស្លាប់បានមកដល់ ដោយមិនបានឲ្យដំណឹងជាមុន។ នាងក៏លែងមានពេលដោះស្រាយបញ្ហាជាមួយអ្នកឯទៀត។ ហើយនាងក៏លែងមានឱកាស ដើម្បី “បង្កើតផលឲ្យបានច្រើន” ដូចមុនទៀត(យ៉ូហាន ១៥:៨)។
កាលមេលីសានៅរស់ នាងបានខំរស់នៅដើម្បីគាប់ព្រះហឫទ័យព្រះ ហើយសព្វថ្ងៃនេះ នាងនៅតែបន្តបង្កើតផលផ្លែ ទោះនាងបានលាចាកលោកហើយក៏ដោយ។ ជាក់ស្តែង នៅពេលថ្មីៗនេះ ខ្ញុំបានឮដំណឹងថា មានយុវជនវ័យក្មេងម្នាក់ បានទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ នៅកន្លែងបោះជំរំកីឡា បន្ទាប់ពីគ្រូបង្វិកបានចែកចាយអំពីទីបន្ទាប់នៃជីវិតរបស់ម៉េលីសា។
យើងរាល់គ្នាសុទ្ធតែកំពុងសរសេររឿងនៃជីវិតពិតរបស់យើង…
ចូរដាក់ដៃចុះ
កាលនៅពីក្មេង ម្តាយរបស់ខ្ញុំបានក្តិចក្បាលជង្គង់របស់ខ្ញុំ ជាញឹកញាប់ ពេលយើងកំពុងអង្គុយក្នុងព្រះវិហារ ហើយគាត់ខ្សិបដាក់ត្រចៀកខ្ញុំច្បាស់ៗថា “នៅឲ្យស្ងៀម”។ អ្នកប្រហែលជាយល់ថា ស្នាមម្រាមដៃរបស់គាត់បានដឹតជាប់នឹងក្បាលជង្គង់ខ្ញុំហើយ។ ខ្ញុំមានទម្លាប់អាក្រក់មួយ គឺចេះតែរើខ្លួនចុះឡើង នៅទីកន្លែងផ្សេងៗ ដូចជា នៅព្រះវិហារជាដើម គឺមិនខុសពីក្មេងដទៃទៀតឡើយ។ ហេតុនេះហើយបានជា អស់រយៈពេលជាច្រើនឆ្នាំកន្លងមកនេះ នៅពេលខ្ញុំអានបទគម្ពីរដែលចែងថា “ចូរបង្អង់សិន ឲ្យដឹងថា អញជាព្រះ” (ទំនុកដំកើង ៤៦:១០) ខ្ញុំគិតថា បទគម្ពីរនេះកំពុងប្រាប់ខ្ញុំកុំឲ្យរពិស។
ប៉ុន្តែ ក្នុងព្រះគម្ពីរភាសាហេព្រើរ ពាក្យថា បង្អង់ ឬនៅឲ្យស្ងៀម គឺមានន័យថា “ឈប់ប្រឹងប្រែង”។ ពាក្យនេះមានន័យស្មើនឹងការដាក់ដៃចុះ ហើយអនុញ្ញាតឲ្យព្រះធ្វើអន្តរាគមន៍ នៅក្នុងស្ថានភាពរបស់អ្នក ដោយមិនរំខានទ្រង់ឡើយ។ ន័យធៀបនៃពាក្យនេះ គឺគួរឲ្យចាប់អារម្មណ៍ ព្រោះយើងតែងតែប្រើដៃរបស់យើង ដើម្បីរុញច្រានអ្វីៗ ដែលនៅរាំងមុខយើង ដើម្បីការពារខ្លួន ឬដើម្បីវាយតបទៅវិញ។ ពេលយើងដាក់ដៃចុះ សូមយើងទុកចិត្តថា “ព្រះទ្រង់ជាទីពឹងជ្រក ក៏ជាកំឡាំងនៃយើងខ្ញុំ ជាជំនួយដែលនៅជាប់ជាមួយក្នុងគ្រាអាសន្ន”(ខ.១) ហើយ “ព្រះយេហូវ៉ានៃពួកពលបរិវា ទ្រង់គង់នៅជាមួយយើងខ្ញុំ គឺព្រះនៃយ៉ាកុប ទ្រង់ជាទីពឹងជ្រករបស់យើងខ្ញុំ”(ខ.៧) ពុំនោះទេ យើងនឹងមានអារម្មណ៍ថា ខ្លួនយើងខ្សោយ មិនអាចការពារខ្លួនបាន ហើយងាយរងគ្រោះជាមិនខាន។ អាចនិយាយម្យ៉ាងទៀតថា យើងត្រូវឈប់តយុទ្ធ ហើយត្រូវទុកឲ្យព្រះធ្វើការរបស់ទ្រង់!…