ព្រះអង្គហៅចំឈ្មោះយើង
នៅដើមឆ្នាំសិក្សារបស់សាលារៀនមួយកន្លែង ក្នុងទីក្រុងរបស់ខ្ញុំ លោកនាយកសាលាបានសន្យាថា គាត់នឹងរៀនស្គាល់ឈ្មោះរបស់សិស្សទាំង៦០០នាក់ក្នុងសាលារបស់គាត់ ឲ្យចាំទាំងអស់។ បើសិនជាមិនជឿគាត់ទេ គេអាចពិនិត្យមើលកំណត់ត្រារបស់គាត់កាលពីមុន។ កាលពីឆ្នាំមុន គាត់បានចាំឈ្មោះសិស្ស៧០០នាក់ នៅសាលារបស់គាត់ ហើយមុនឆ្នាំនោះ គាត់ក៏បានចាំឈ្មោះក្មេង៤០០នាក់ នៅសាលាផ្សេងទៀត។ ដូចនេះ សូមយើងគិតមើល តើការនេះមានន័យយ៉ាងណា ចំពោះសិស្សទាំងនេះ ដែលនាយកសាលាបានស្គាល់ឈ្មោះគេម្នាក់ៗ ហើយទទួលស្វាគមន៍ ដោយហៅចំឈ្មោះពួកគេ។
នៅក្នុងរឿងលោកសាខេជួបព្រះយេស៊ូវ(លូកា ១៩:១-១០) លោកសាខេក៏មានចិត្តរំភើបផងដែរ ពេលដែលព្រះយេស៊ូវហៅឈ្មោះគាត់។ ពេលដែលព្រះយេស៊ូវយាងកាត់តាមទីក្រុងយេរីខូ មានអ្នកយកពន្ធដែលមានស្តុកស្តម្ភម្នាក់ ឈ្មោះសាខេ បានឡើងដើមឈើ ដើម្បីឲ្យបានឃើញព្រះអង្គ។ “កាលព្រះយេស៊ូវយាងមកដល់ នោះទ្រង់ងើបព្រះនេត្រឡើងឃើញ ហើយមានព្រះបន្ទូលទៅគាត់ថា សាខេ ចូរអ្នកចុះមកជាប្រញាប់ ដ្បិតថ្ងៃនេះ ខ្ញុំត្រូវស្នាក់នៅផ្ទះអ្នក”(ខ.៥)។ ត្រង់ចំណុចនេះ ព្រះអង្គមិនបានធ្វើព្រងើយ ដាក់លោកសាខេ ហើយក៏មិនបានមានបន្ទូលដាក់គាត់ថា “នែ អ្នកនៅលើដើមឈើ” ផ្ទុយទៅវិញ ព្រះអង្គបានហៅឈ្មោះគាត់។ ចាប់តាំងពីពេលនោះមក ជីវិតរបស់គាត់ក៏ចាប់ផ្តើមផ្លាស់ប្រែ។
ពេលដែលយើងមានអារម្មណ៍ថា ហាក់ដូចជាគ្មាននរណាម្នាក់ស្គាល់យើង ឬយកចិត្តទុកដាក់ចំពោះយើង នោះសូមនឹកចាំអំពីព្រះយេស៊ូវចុះ។ ព្រះអង្គស្គាល់ឈ្មោះយើង ហើយសព្វព្រះទ័យឲ្យយើងស្គាល់ព្រះអង្គ ហើយប្រកបស្និទ្ធស្នាលជាមួយព្រះអង្គ ដោយផ្ទាល់ៗខ្លួន។ ព្រះវរបិតាដែលគង់នៅស្ថានសួគ៌ ទតមកមើលយើងដោយព្រះនេត្រនៃសេចក្តីស្រឡាញ់ និងយកព្រះទ័យទុកដាក់ ចំពោះផ្នែកទាំងអស់នៃជីវិតរបស់យើង។-David McCasland
តើអ្នកកាន់ខាងណា?
ក្នុងអំឡុងពេលសង្រ្គាមស៊ីវិលដ៏ក្តៅគគុក នៅសហរដ្ឋអាមេរិក ទីប្រឹក្សាម្នាក់ ក្នុងចំណោមទីប្រឹក្សាជាច្រើនរបស់លោកប្រធានាធិបតីលីនខិន(Lincoln) បានមានប្រសាសន៍ថា គាត់អរព្រះគុណព្រះខ្លាំងណាស់ ដែលព្រះអង្គបានកាន់ខាងកងទ័ពរបស់គាត់។ ពេលនោះ លោកលីនខិនបានឆ្លើយតបថា “លោក ខ្ញុំមិនខ្វល់ថា ព្រះកាន់ខាងយើងឬក៏អត់ទេ តែអ្វីដែលខ្ញុំខ្វល់បំផុតនោះគឺ តើយើងនៅកាន់ខាងព្រះអង្គឬអត់? ដ្បិតព្រះទ្រង់តែងតែកាន់ខាងមនុស្សត្រូវជានិច្ច”។
យើងប្រហែលជាគិតថា ព្រះអង្គគំាទ្រផែនការ ទស្សនវិស័យ ការសម្រេចចិត្ត និងសេចក្តីប៉ងប្រាថ្នារបស់យើង។ ប៉ុន្តែ វាមិនងាយស្រួលដូចយើងគិតទេ។ ទោះបីជាយ៉ាងណាក៏ដោយ ប្រសាសន៍របស់លោកលីនខិន បានរំឭកយើងថា សូម្បីតែផែនការដ៏ល្អបំផុតរបស់យើង ក៏ប្រហែលជាមិនបានធ្វើឲ្យព្រះសព្វព្រះទ័យសូម្បីតែបន្តិច។
ជាការពិតណាស់ អ្នកនិពន្ធទំនុកដំកើងចង់កាន់នៅខាងព្រះ បានជាគាត់ទូលអង្វរព្រះអង្គថា “ឱព្រះអង្គអើយ សូមពិនិត្យមើល ឲ្យបានស្គាល់ចិត្តទូលបង្គំផង សូមល្បងលឲ្យបានជ្រាបអស់ទាំងគំនិតនៃទូលបង្គំចុះ សូមទតមើលបើមានអំពើអាក្រក់ណានៅក្នុងទូលបង្គំ ហើយនាំទូលបង្គំតាមផ្លូវដ៏នៅអស់កល្បជានិច្ច”(ទំនុកដំកើង ១៣៩:២៣-២៤)។ ពេលដែលយើងយកគំរូតាមអ្នកនិពន្ធទំនុកដំកើង ដោយ “ចូលទៅជិតព្រះអង្គ”(៧៣:២៨) នោះយើងអាចដឹងច្បាស់ថា ព្រះអង្គកាន់ខាងយើង ដោយព្រះវិញ្ញាណព្រះអង្គជួយឲ្យយើង ថ្លឹងថ្លែងចិត្តគំនិត និងសកម្មភាពរបស់ខ្លួនឯង ឲ្យត្រូវតាមផ្លូវព្រះអង្គ ដែលតែងតែត្រឹមត្រូវជានិច្ច។
ដូចនេះ សូមយើងសួរខ្លួនឯងថា តើយើងកាន់នៅខាងព្រះអង្គទេ? ការកាន់នៅខាងព្រះអង្គ គឺមានន័យថា យើងនឹងបង្ហាញចេញនូវសេចក្តីស្រឡាញ់របស់ព្រះអង្គ ដល់លោកិយដែលនៅជុំវិញខ្លួនយើង នៅក្នុងទំនាក់ទំនងជាមួយអ្នកដទៃ។ ការចូលទៅជិតព្រះអង្គ នឹងនាំឲ្យយើងចេះអត់ទោសឲ្យ និងប្រព្រឹត្តចំពោះអ្នកដទៃ ដោយយុត្តិធម៌ ហើយស្វែងរកសន្តិភាព។…
វង្វេងចេញពីសេចក្តីពិត
មានក្រុមហ៊ុនមេធាវីមួយ នៅទីក្រុងញូយ៉កបានធ្វើការស្ទង់មតិ តាមប្រព័ន្ធអ៊ីនធឺណែត ហើយបានរកឃើញថា ៥២ភាគរយ នៃអ្នកជំនួញវលស្ទ្រីត ឈ្មួញកណ្តាល ធនាគាវិនិយោក និងពួកអ្នកអជីពផ្នែកហិរញ្ញវត្ថុដទៃទៀត បានប្រព្រឹត្តអំពើខុសច្បាប់ ឬយល់ថា ខ្លួនប្រហែលជាចាំបាច់ត្រូវប្រព្រឹត្តខុសច្បាប់នោះ ដើម្បីឲ្យមានជោគជ័យក្នុងមុខជំនួញ។ ការស្ទង់មតិនេះបានសន្និដ្ឋានថា អ្នកដឹកនាំផ្នែកហិរញ្ញវត្ថុទាំងនេះ “បានធ្វើហួសព្រំដែននៃក្រមសីលធម៌” ឬបាន “យល់ឃើញថា ទង្វើខុសឆ្គងរបស់ក្រុមហ៊ុន ជាអំពើអាក្រក់ដែលគេចាំបាច់ត្រូវធ្វើ”។
ពេលដែលសាវ័កប៉ុល កំពុងបណ្តុះបណ្តាលលោកធីម៉ូថេ ដែលជាយុវជន គាត់បានដាស់តឿនលោកធីម៉ូថេថា ការស្រឡាញ់លុយ និងការចង់ក្លាយជាអ្នកមាន បានបណ្តាលឲ្យអ្នកខ្លះវង្វេងចេញពីសេចក្តីពិត។ ពួកគេបានចាញ់ការល្បួង ហើយបានឱបក្រសោបយកសេចក្តីប៉ងប្រាថ្នា “ដ៏ល្ងង់ល្ងើ និងគ្រោះថ្នាក់”ជាច្រើន(១ធីម៉ូថេ ៦:៩)។ សាវ័កប៉ុលបានដឹងថា “ការស្រឡាញ់លុយ” ជាប្រភពនៃ “ការអាក្រក់គ្រប់យ៉ាង”(ខ.១០) ជាពិសេស គឺការទុកចិត្តលើលុយ ជាជាងពឹងផ្អែកលើព្រះគ្រីស្ទ។
ពេលដែលយើងរៀនទទួលស្គាល់ថា ព្រះគ្រីស្ទជាប្រភពនៃអ្វីៗគ្រប់យ៉ាងដែលយើងមាន យើងនឹងរកបានការស្កប់ចិត្តក្នុងព្រះអង្គ ជាជាងស្កប់ចិត្ត នៅក្នុងការមានរបស់ទ្រព្យសម្បត្តិ ជាកម្មសិទ្ធិ។ ពេលដែលយើងស្វែងរកការគោរពប្រតិបត្តិព្រះ ជាជាងស្វែងរកភាពមានបាន យើងនឹងមានចិត្តដែលចង់ស្មោះត្រង់ ចំពោះរបស់អ្វីដែលយើងបានទទួល។
ចូរយើងរៀនស្កប់ចិត្ត នៅក្នុងព្រះ ហើយចុះចូលចំពោះព្រះអង្គ ដោយចិត្តស្មោះត្រង់ ដ្បិតព្រះអង្គ នឹងផ្គត់ផ្គង់ ហើយមើលថែរយើង។-Marvin Williams
ការតយុទ្ធនឹងការញៀន
មានពេលមួយ លោកអេរិក(Eric)បានតយុទ្ធនឹងការញៀនថ្នាំ។ មិត្តភ័ក្តិ និងក្រុមគ្រួសារគាត់ ក៏បានលើកទឹកចិត្តគាត់ឲ្យផ្តាច់គ្រឿងញៀន។ ពេលនោះ គាត់បានទទួលស្គាល់ថា ការផ្តាច់គ្រឿងញៀនមានប្រយោជន៍បំផុតសម្រាប់សុខភាព និងទំនាក់ទំនងដែលគាត់មានជាមួយអ្នកដទៃ ប៉ុន្តែ គាត់មានអារម្មណ៍ថា មិនអាចផ្តាច់វាបានទេ។ ពេលដែលអ្នកដទៃប្រាប់គាត់ ពីរបៀបដែលពួកគេបញ្ឈប់ការញៀន គាត់ក៏បានឆ្លើយតបថា “អ្នកអាចបញ្ឈប់វាបាន ខ្ញុំសូមជួយអរ តែខ្ញុំហាក់ដូចជាមិនអាចផ្តាច់វាបានសោះ! បើសិនជាខ្ញុំមិនដែលត្រូវល្បួង ឲ្យប្រើគ្រឿងញៀនតាំងពីដំបូងមក នោះខ្ញុំក៏មិនធ្លាក់ខ្លួនញៀនថ្នាំដែរ។ ខ្ញុំចង់ឲ្យព្រះដកការញៀនថ្នាំ ចេញពីជីវិតខ្ញុំ ក្នុងពេលឥឡូវនេះតែម្តង”។
អ្នកខ្លះបានរួចពីចំណងអ្វីមួយភ្លាមៗ តែមនុស្សភាគច្រើនត្រូវមានការតយុទ្ធជារៀងរាល់ថ្ងៃ ទំរាំតែអាចមានសេរីភាព។ យើងប្រហែលជាឆ្ងល់ថា ហេតុអ្វីបានជាការល្បួងមិនចេញឆ្ងាយពីយើង ប៉ុន្តែ ទន្ទឹមនឹងនោះ យើងក៏ត្រូវដឹងផងដែរថា យើងអាចងាកបែរទៅរកព្រះបានគ្រប់ពេល ទោះជាយើងកំពុងដើរតាមផ្លូវខុសយ៉ាងណាក៏ដោយ។ ហើយការនេះអាចជាផ្នែកដ៏សំខាន់បំផុត នៃការតយុទ្ធរបស់យើង។ យើងត្រូវរៀនលះបង់ការពឹងផ្អែកលើកម្លាំងខ្លួនឯង ហើយងាកមករកការពឹងផ្អែកទាំងស្រុងទៅលើព្រះវិញ។
ព្រះយេស៊ូវក៏ធ្លាប់ត្រូវល្បួងផងដែរ គឺមិនខុសពីយើងទេ ដូចនេះ ព្រះអង្គយល់ពីអារម្មណ៍របស់យើង(ម៉ាកុស ១:១៣)។ ព្រះអង្គអាណិតដល់សេចក្តីកម្សោយរបស់យើង(ហេព្រើ ៤:១៥) បានជាយើងអាច “ចូលមកបល្ល័ង្កនៃព្រះគុណ ដោយក្លាហាន ដើម្បីនឹងទទួលសេចក្តីមេត្តា ហើយរកបានព្រះគុណសំរាប់នឹងជួយដល់ពេលត្រូវការ”(ខ.១៦)។ ព្រះអង្គក៏ប្រើអ្នកដទៃ ឲ្យជួយយើង តាមអំណោយទានរបស់ពួកគេផងដែរ។
ទោះថ្ងៃនេះ យើងកំពុងតយុទ្ធនឹងការអ្វីក៏ដោយ សូមយើងចាំថា ព្រះអង្គស្រឡាញ់យើង លើសពីការនឹកគិតរបស់យើងទៅទៀត ហើយព្រះអង្គស្មោះត្រង់ ប្រយោជន៍នឹងជួយយើងរាល់គ្នា។-Anne Cetas
ព្រះអង្គបានបង់ថ្លែ
មានផ្ទះមួយខ្នង ត្រូវបានគេដាក់លក់ ដោយមានការសរសេរអក្សរបញ្ជាក់ថា “ម្ចាស់ផ្ទះនេះមិនអាច ឬមិនចង់ចំណាយលុយ ទៅលើការជួសជុលផ្ទះនោះទេ។ ការជួសជុល ឬការកែផ្ទះនោះ ជាការទទួលខុសត្រូវរបស់អ្នកទិញ បន្ទាប់ពីគាត់បានទិញរួចរាល់ហើយ”។ ការបញ្ជាក់ដូចនេះ គឺមិនខុសពីការនិយាយថា “អ្នកទិញផ្ទះ សូមប្រុងប្រយ័ត្ន។ ផ្ទះនេះ ប្រហែលជាត្រូវការការជួសជុល ឬកែលម្អរដ៏ចាំបាច់”។
សម្រាប់ជីវិតខាងឯវិញ្ញាណវិញ អ្វីដែលគួរឲ្យកត់សំគាល់នោះ គឺថា ព្រះយេស៊ូវបានសុគត ដែលជាការបង់ថ្លៃដ៏ខ្ពស់បំផុត ដើម្បីលោះយើងម្នាក់ៗ ឲ្យរួចពីបាប ទោះយើងមានសណ្ឋានបែបណាក្តី។ បទគម្ពីរវិវរណៈ ជំពូក៥ បានរៀបរាប់ អំពីព្រឹត្តិការណ៍នៅនគរស្ថានសួគ៌ ដែលព្រះយេស៊ូវទ្រង់ជា “សត្វសិង្ហដែលកើតពីពូជអំបូរយូដា គឺជាឫសកែវនៃហ្លួងដាវីឌ” ដែលមានតែទ្រង់ទេដែលអាចបើកក្រាំង(ខ.៣-៥)។ ទ្រង់បានបង្ហាញព្រះអង្គទ្រង់ ដូចកូនចៀម ហើយក៏បានទទួលការសរសើរដំកើង ក្នុងទំនុកដំកើងថ្មី គឺដូចដែលមានសេចក្តីចែងថា “ទ្រង់បានត្រូវគេធ្វើគុត ហើយទ្រង់បានលោះយើងរាល់គ្នា ដោយព្រះលោហិតទ្រង់ ចេញពីគ្រប់ទាំងពូជមនុស្ស គ្រប់ភាសា គ្រប់នគរ ហើយពីគ្រប់ទាំងសាសន៍ ថ្វាយដល់ព្រះ។ ក៏តាំងយើងរាល់គ្នាឡើងជានគរ ហើយជាពួកសង្ឃ ថ្វាយដល់ព្រះនៃយើងរាល់គ្នា ឲ្យយើងបានសោយរាជ្យលើផែនដី”(ខ.៩-១០)។
ព្រះយេស៊ូវគ្រីស្ទ បានស្ម័គ្រព្រះទ័យបង់ថ្លៃទិញយើងថ្វាយព្រះ ដោយព្រះលោហិតរបស់ព្រះអង្គផ្ទាល់។ ព្រះអង្គបានទិញយើង ពេលដែលជីវិតយើងបានខូច និងត្រូវការការជួសជុល ឬកែប្រែ។ យើងក្លាយជាកម្មសិទ្ធិរបស់ព្រះ ពេលយើងទទួលជឿព្រះអង្គ ហើយព្រះអង្គក៏បានចាប់ផ្តើមជួសជុល…
ភាពសុខសាន្ត
មានកូនឆ្កែមួយក្បាលឈ្មោះ អាម៉ានី(Amani) ដែលក្នុងភាសាស្វាហ៊ីលី គឺមានន័យថា “សន្តិភាព”។ វាជាពូជឆ្កែប្រម៉ាញ់របស់ស្រុកឡាប្រាដូ ប្រទេសកាណាដា។ វាមានមិត្តភ័ក្តិពិសេសៗមួយចំនួន។ វារស់នៅជាមួយកូនខ្លារខិនឈីតាសពីរក្បាល ក្នុងសួនសត្វ នៅក្រុងដាឡាស រដ្ឋតិចសាស់។ អ្នកសត្វសាស្រ្តបានដាក់សត្វទាំងបីរក្បាលនេះ ឲ្យនៅជាមួយគ្នា ដើម្បីឲ្យកូនខ្លារខិនឈីតាស អាចរៀនរស់នៅ ដោយភាពសម្លូតដូចអាម៉ានីដែរ។ ដោយសារជាទូទៅ សត្វឆ្កែស្រុកមិនមានភាពតានតឹង នៅទីសាធារណៈទេ នោះអ្នកឯកទេសយល់ថា អាម៉ានីនឹង “ជះឥទ្ធិពលនៃភាពសម្លូត” ដល់សត្វខ្លារខិនឈីតាស ខណៈពេលដែលពួកគេរស់នៅជាមួយគ្នា។
ដាវីឌក៏បានជះឥទ្ធិពលនៃភាពសុខសាន្ត ដល់ជីវិតរបស់ស្តេចសូលផងដែរ នៅពេលដែល “វិញ្ញាណអាក្រក់” បានចូលមកបំភ័យទ្រង់(១សំាយ៉ូអែល ១៦:១៤)។ ពេលដែលអ្នកបម្រើរបស់ស្តេចសូលបានដឹងថា ទ្រង់មានបញ្ហានេះ ពួកគេយល់ថា តន្ត្រីនឹងជួយឲ្យទ្រង់ធូរព្រះទ័យ។ មានអ្នកបម្រើម្នាក់បានទៅហៅដាវីឌ ដែលជាអ្នកជំនាញខាងលេងស៊ុង ឲ្យចូលមកលេងថ្វាយស្តេច។ កាលណាវិញ្ញាណអាក្រក់ពីព្រះបានមកសណ្ឋិតលើសូល នោះដាវីឌក៏យកស៊ុងមកចាប់លេងថ្វាយ រួចសូលទ្រង់បានធូរ ហើយស្រួលឡើងវិញ វិញ្ញាណអាក្រក់ក៏ថយចេញពីទ្រង់ទៅ(ខ.២៣)។
យើងស្រេកឃ្លានចង់បានភាពស្រស់ស្រាយ និងសេចក្តីសុខឡើងវិញ ពេលដែលយើងមានកំហឹង ការភ័យខ្លាច ឬទុក្ខព្រួយ។ ព្រះនៃព្រះគម្ពីរបរិសុទ្ធ ទ្រង់ជា “ព្រះនៃសេចក្តីសុខសាន្ត ឬសន្តិភាព”(ហេព្រើ ១៣:២០-២១) ជាព្រះដែលបានប្រទានព្រះវិញ្ញាណបរិសុទ្ធ ដល់អស់អ្នក ដែលជឿលើព្រះអង្គ។ ពេលណាយើងមានអារម្មណ៍ភ័យព្រួយ ឬថប់បារម្ភ សូមយើងចាំថា ព្រះវិញ្ញាណនៃព្រះ ជាវិញ្ញាណដ៏មានអំណាច សេចក្តីស្រឡាញ់…
មេរៀនអំពីការសរសើរដំកើង
បទគម្ពីរទំនុកដំកើង ជំពូក១៥០ មិនគ្រាន់តែបានបង្ហាញចេញ នូវការសរសើរដំកើង តាមរបៀបដ៏ប្រសើរប៉ុណ្ណោះទេ តែក៏បានបង្រៀនយើង អំពីការសរសើរដំកើងព្រះអម្ចាស់ផងដែរ។ បទគម្ពីរនេះបានប្រាប់យើង អំពីទីកន្លែងដែលយើងត្រូវសរសើរដំកើង មូលហេតុដែលត្រូវសរសើរដំកើង របៀបដែលត្រូវសរសើរដំកើង និងអ្នកដែលយើងត្រូវសរសើរដំកើង។
យើងត្រូវសរសើរដំកើងព្រះ នៅទីណា? គឺនៅក្នុង “ទីបរិសុទ្ធ”របស់ទ្រង់ និង “នៅចន្លោះអាកាស”(ខ.១)។ ទោះយើងនៅកន្លែងណាក៏ដោយ ក៏យើងនៅតែអាចសរសើរដំកើងព្រះ ដែលបានបង្កើតអ្វីៗគ្រប់យ៉ាង។
ហេតុអ្វីបានជាយើងត្រូវសរសើរដំកើងព្រះ? ទីមួយ ដោយសារការអ្វីដែលព្រះអង្គបានធ្វើ ដោយ “ការឥទ្ធិឫទ្ធិរបស់ទ្រង់”។ ទីពីរ គឺដោយសារលក្ខណៈសម្បត្តិរបស់ព្រះ។ ជាក់ស្តែង អ្នកនិពន្ធទំនុកដំកើងបានសរសើរដំកើងព្រះ ដែលមាន “សណ្ឋានដ៏ធំប្រសើរ”(ខ.២)។ ព្រះអាទិករដ៏មានគ្រប់ចេស្តា ជាអ្នកទ្រទ្រង់ចក្រវាលទាំងមូល ឲ្យបន្តមានវត្តមាន។
តើយើងគួរសរសើរដំកើងដោយរបៀបណា? គឺដោយបន្លឺសម្លេង ដោយភាពស្រគត់ស្រគុំ ដោយភាពទន់ភ្លន់ ដោយភាពក្លៀវក្លា ដោយភាពស៊ីសង្វាក់ ដោយចិត្តក្លាហាន ដោយមិនបានត្រៀមទុកជាមុន ដោយគ្មានការភ័យខ្លាច។ និយាយរួម យើងអាចសរសើរដំកើងព្រះ តាមរបៀបជាច្រើន និងនៅគ្រប់កាលៈទេសៈ(ខ.៣-៥)។
តើនរណាគួរសរសើរដំកើងព្រះ? គឺ “ជីវិតទាំងឡាយដែលមានដង្ហើម”(ខ.៦)។ មនុស្សទាំងក្មេងចាស់ ទាំងអ្នកក្រ និងអ្នកមាន ទាំងអ្នកទន់ខ្សោយ និងអ្នកខ្លាំង។ អ្វីៗទាំងអស់ដែលមានជីវិត គួរសរសើរដំកើងព្រះអង្គ។ ព្រះទ្រង់មានបំណងព្រះទ័យឲ្យជីវិតទាំងអស់ ដែលព្រះអង្គបានប្រទានដង្ហើមជីវិត ឲ្យបានប្រើដង្ហើមនោះ ដើម្បីទទួលស្គាល់អំណាចចេស្តា និងភាពធំប្រសើររបស់ព្រះអង្គ។…
មាន“ត្រី”ហែលមកហើយ
ជាច្រើនឆ្នាំកន្លងទៅ ខ្ញុំនិងកូនប្រុសរបស់ខ្ញុំ បានសម្រាកលំហែរកាយជាមួយគ្នា ដោយមានការជិះកាណូត និងស្ទូចត្រី ក្នុងទន្លេម៉ាឌីសិន ក្នុងរដ្ឋមុនតាណា ដោយមានអ្នកនាំស្ទូចត្រីពីរនាក់ ដែលបើកកាណូតឲ្យយើង។
អ្នកនាំស្ទូចត្រី ដែលខ្ញុំបានជ្រើសរើស ជាអ្នកនេសាទ ដែលបានរស់នៅលើទឹកទន្លេពេញមួយជីវិត ហើយដឹងថា នៅទីណាមានត្រីត្រោតធំៗ។ គាត់ជាមនុស្សស្ងៀមស្ងាត់ ដែលមិនសូវនិយាយអ្វីច្រើនទេ ក្នុងពេលដែលគាត់នៅជាមួយយើង តែពាក្យសម្តីដ៏តិចតួចរបស់គាត់ បានធ្វើឲ្យដំណើរកម្សាន្តរបស់ខ្ញុំប្រកបដោយក្តីរីករាយ។
យើងក៏បានស្ទូចត្រី ដោយប្រើនុយសិប្បនិម្មិត ក្នុងទឹកដែលមានរលក។ ភ្នែកខ្ញុំមើលមិនច្បាស់ដូចពីមុនទេ ហើយខ្ញុំចេះតែភ្លេចលើកផ្លែសន្ទូច ជាច្រើនដង។ អ្នកនាំស្ទូចត្រី គាត់ក៏មានវិញ្ញាណអត់ធ្មត់ផងដែរ ហើយគាត់បាននិយាយខ្សិបៗប្រាប់ខ្ញុំ ពេលគាត់ដឹងថា មានត្រីត្រោតមួយក្បាលកំពុងឡើងមកស៊ីនុយខ្ញុំហើយ។ ពេលខ្ញុំឮសម្លេងស៊ីញ៉ូរបស់គាត់ ខ្ញុំក៏បានលើកសន្ទូច ហើយជាប់បានត្រីត្រោតមួយក្បាល។
ជាញឹកញាប់ ខ្ញុំបានគិត អំពីអ្នកនាំស្ទូចត្រីរូបនោះ និងអំពីការដែលព្រះយេស៊ូវប្រកាស ដល់ពួកសាវ័កដែលជាអ្នកនេសាទត្រីថា “ពីនេះទៅមុខ អ្នកនឹងនេសាទមនុស្សវិញ”(លូកា ៥:១០)។ មានមនុស្សជាច្រើននៅជុំវិញយើងកំពុងស្វែងរករបស់អ្វីមួយ ដែលវិញ្ញាណរបស់ពួកគេកំពុងស្រេកឃ្លាន ដោយមិនដឹងថា របស់នោះជាអ្វីទេ ដូចនេះ ជារៀងរាល់ថ្ងៃ មានឱកាសធំៗជាច្រើន កំពុងរង់ចាំឲ្យយើងបង្ហាញសេចក្តីស្រឡាញ់របស់ព្រះគ្រីស្ទ និងថ្លែងប្រាប់គេ អំពីក្តីសង្ឃឹមដែលយើងមានក្នុងព្រះគ្រីស្ទ ដែលនោះជាអ្វីដែលមនុស្សទំាងអស់កំពុងត្រូវការ។ បើមិនប្រយ័ត្នទេ យើងអាចបាត់ឱកាសទាំងនោះ។
ព្រះទ្រង់ជាអ្នកនេសាទដ៏អស្ចារ្យបំផុត ដែលស្គាល់ចិត្តថ្លើមយើង។ សូមព្រះអង្គខ្សិបដាក់ត្រចៀកយើងថា “ត្រី” មកហើយ…
សម្រាកក្នុងព្រះ
មុនពេលកូនប្រុសច្បងរបស់ខ្ញុំទៅរៀននៅសកលវិទ្យាល័យ ក្រុមគ្រួសាររបស់ខ្ញុំបានដើរលេងជុំគ្នា នៅពេលឈប់សម្រាក។ ពេលយើងអង្គុយនៅកៅអីជួរខាងក្រោយ នៃព្រះវិហារតូចមួយ ដែលនៅក្បែរមាត់សមុទ្រ ចិត្តរបស់ខ្ញុំមានពេញដោយក្តីស្រឡាញ់ ខណៈពេលដែលខ្ញុំក្រឡេកមើលកូនទាំង៥នាក់របស់ខ្ញុំ ដែលអង្គុយតាមជួរដ៏មានរបៀប។ ខ្ញុំក៏បានអធិស្ឋានក្នុងចិត្តថា “ព្រះអម្ចាស់ សូមការពារ ហើយជួយពួកគេឲ្យប្រកបស្និទ្ធស្នាលនឹងព្រះអង្គ”។ ទន្ទឹមនឹងនោះ ខ្ញុំក៏បានគិតអំពីសំពាធ និងការលំបាក ដែលពួកគេម្នាក់ៗជួបផងដែរ។
បទទំនុកបរិសុទ្ធចុងក្រោយ ដែលយើងច្រៀងក្នុងកម្មវិធីថ្វាយបង្គំថ្ងៃនោះ គឺមានវគ្គបន្ទរដែលចាក់ចុចចិត្ត ដែលបានប្រើពាក្យពេចន៍ ក្នុងបទគម្ពីរ ២ធីម៉ូថេ ១:១២។ យើងបានបន្លឺសម្លេងច្រៀងថា “តែ ខ្ញុំស្គាល់ព្រះ ដែលខ្ញុំបានជឿតាម ហើយខ្ញុំជឿពិតថា ទ្រង់អាចថែរក្សា បញ្ញើដែលខ្ញុំផ្ញើទុកនឹងទ្រង់ រហូតដល់ថ្ងៃនោះកាលណា”។ បទចម្រៀងនេះ បាននាំឲ្យខ្ញុំមានសន្តិភាពក្នុងចិត្ត ដោយបានធានាដល់ខ្ញុំថា ព្រះទ្រង់នឹងថែរក្សាព្រលឹងវិញ្ញាណរបស់ពួកគេ។
អស់រយៈពេលជាច្រើនឆ្នាំក្រោយមក ជួនកាល ក្នុងចំណោមកូនរបស់ខ្ញុំ មានកូនខ្លះបានវង្វេងចេញពីព្រះ ហើយក៏មានពេលដែលកូនខ្លះទៀត បានប្រឆាំងបះបោរនឹងព្រះយ៉ាងខ្លាំង។ ជួនកាល ខ្ញុំឆ្ងល់អំពីភាពស្មោះត្រង់របស់ព្រះ។ តែពេលនោះ ខ្ញុំនឹកចាំអំពីលោកអ័ប្រាហាំ។ គាត់ធ្លាប់ជំពប់ដួល តែគាត់មិនដែលខាននឹងទុកចិត្តលើព្រះបន្ទូលសន្យា ដែលគាត់បានទទួលពីព្រះឡើយ(លោកុប្បតិ្ត ១៥:៥-៦ រ៉ូម ៤:២០-២១)។ ក្នុងអំឡុងពេលជាច្រើនឆ្នាំ នៃការរង់ចាំ និងប្រព្រឹត្តខុស លោកអ័ប្រាហាំបានប្រកាន់ខ្ជាប់ តាមព្រះបន្ទូលសន្យារបស់ព្រះ រហូតដល់អ៊ីសាក់ចាប់កំណើត។
គំរូរបស់លោកអ័ប្រាហាំបានលើកទឹកចិត្តខ្ញុំ ឲ្យនឹកចាំថា…
ក្តីសង្ឃឹម ក្នុងពេលឈឺចាប់
ពេលខ្ញុំបើកព្រះគម្ពីរ មើលបទគម្ពីរយេរេមា ជំពូក១ ដល់ជំពូក៤ ខ្ញុំមានការចាប់អារម្មណ៍យ៉ាងខ្លាំង ចំពោះបទគម្ពីរទាំងនោះ ដែលនិយាយអំពី “សេចក្តីសង្ឃឹម ក្នុងពេលទួញយំ”។ ខ្ញុំស្ទើរតែស្រក់ទឹកភ្នែក។ ខ្ញុំបានអានបទគម្ពីរនេះចំពេលល្អណាស់ គឺនៅពេលដែលខ្ញុំកំពុងឆ្លងកាត់រដូវកាលនៃការទួញយំ ដោយសារម្តាយរបស់ខ្ញុំបានលាចាកលោក។ កាលពីថ្ងៃអាទិត្យ ខ្ញុំក៏មានអារម្មណ៍ដូចនេះផងដែរ បន្ទាប់ពីបានស្តាប់ឮលោកគ្រូគង្វាលរបស់ខ្ញុំ អធិប្បាយព្រះបន្ទូល អំពី “ក្តីអំណរ ក្នុងពេលរងទុក្ខ” ដែលផ្អែកទៅលើបទគម្ពីរ ១ពេត្រុស ១:៣-៩។ គាត់បានលើកឡើង អំពីការស្លាប់របស់ឪពុកគាត់ ដែលមានរយៈពេលមួយឆ្នាំហើយ។ ការអធិប្បាយរបស់គាត់ គឺមានន័យសម្រាប់មនុស្សជាច្រើន តែក៏ជាអំណោយ ដែលព្រះបានប្រទានដល់ខ្ញុំផងដែរ។
ព្រះទ្រង់បានប្រើការប៉ះពាល់ចិត្តពេលនោះ និងនៅពេលក្រោយៗទៀត អមដោយបទគម្ពីរ ដើម្បីបង្ហាញថា ព្រះអង្គនឹងមិនទុកឲ្យខ្ញុំ នៅទួញយំតែម្នាក់ឯងទេ។ ទោះបីជាទុក្ខព្រួយធ្វើឲ្យយើងពិបាកទ្រាំក៏ដោយ ក៏ព្រះទ្រង់នៅតែមានវិធីរំឭកយើងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច។ ពេលដែលពួកអ៊ីស្រាអែលត្រូវបានគេនិរទេស ចេញពីទឹកដីសន្យា ដោយសារពួកគេមិនស្តាប់បង្គាប់ព្រះអង្គ ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គមានវត្តមាននៅជាមួយពួកគេជានិច្ច ដោយព្រះអង្គបានចាត់ពួកហោរា ដែលមានដូចជាលោកយេរេមាជាដើម ដើម្បីនាំឲ្យពួកគេមានក្តីសង្ឃឹម គឺសង្ឃឹមថា ពួកគេនឹងមានការផ្សៈផ្សាជាមួយព្រះអង្គឡើងវិញ ដោយសារការប្រែចិត្តចេញពីបាប។ ពេលពួកជំនុំកំពុងឆ្លងកាត់ការល្បងល ព្រះអង្គក៏បានបង្ហាញថា ព្រះអង្គគង់នៅជាមួយពួកគេ គឺបង្ហាញតាមរយៈសហគមន៍នៃអ្នកជឿព្រះ ដែល “ស្រឡាញ់គ្នាទៅវិញទៅមកយ៉ាងខ្លាំង ដោយចិត្តដ៏ស្អាត”(១ពេត្រុស ១:២២)។
ព្រះអង្គបានបង្ហាញឲ្យយើងដឹងថា ព្រះអង្គគង់នៅជាមួយយើងជានិច្ច…