ទីកន្លែងដែលលំបាក
ពេលដែលការផ្លាស់ប្ដូរភ្លាមៗ នៃបច្ចេកវិទ្យា បានធ្វើឲ្យការងារមួយចំនួន ក្លាយជាការងារហួសសម័យ អ្នកវិទ្យាសាស្រ្តដែលមានការហ្វឹកហ្វឺនខ្ពស់ម្នាក់ បានធ្លាក់ខ្លួនមកធ្វើការ នៅក្នុងភោជនីយដ្ឋានអាហាររហ័សមួយ។ នៅពេលល្ងាចថ្ងៃមួយ បន្ទាប់ពីការសិក្សាព្រះគម្ពីរជាក្រុមចប់ គាត់បានរៀបរាប់ថា គាត់កំពុងស្ថិតនៅក្នុងស្ថានភាពដ៏ពិបាក ដែលមានការបន្ទាបខ្លួន។ គាត់មានប្រសាសន៍ថា “មានការល្អមួយដែលខ្ញុំចង់ចែកចាយ។ យុវជននៅក្នុងភោជនីយដ្ឋាននោះ ហាក់ដូចជាចាប់អារម្មណ៍ចំពោះសេចក្តីជំនឿរបស់ខ្ញុំណាស់។” សមាជិកម្នាក់ នៅក្នុងក្រុមយើង ក៏បានឆ្លើយតបថា “ខ្ញុំសូមសរសើរលោកដែលបន្ទាបខ្លួនដូច្នេះ។ ខ្ញុំដឹងថាសេចក្តីជំនឿរបស់លោក ច្បាស់ជាមានការអ្វីមួយបានជួយបណ្តាលឲ្យរឹងមាំហើយ។”
មានពេលមួយ ព្រះបានដកលោកភីលីព ចេញពីភារៈកិច្ច ក្នុងស្រុកសាម៉ារី(កិច្ចការ ៨:៤-៨) ហើយយកគាត់ទៅដាក់ នៅកណ្ដាលទីរហោស្ថានវិញ(ខ.២៦) ពេលនោះគាត់ប្រហែលជាឆ្ងល់អំពីបញ្ហានេះផងដែរ។ ប៉ុន្តែ បន្ទាប់មក គាត់ក៏បានឃើញមានសាសន៍អេធីយ៉ូពីម្នាក់ កំពុងត្រូវការឲ្យគេជួយពន្យល់បទគម្ពីរសញ្ញាចាស់(ខ.២៧-៣៥) ហើយនៅពេលនោះហើយ ដែលគាត់យល់ពីមូលហេតុដែលព្រះអង្គបញ្ជូនគាត់ ឲ្យទៅកន្លែងដែលពិបាកជាងមុខ។
ពេលដែលព្រះយេស៊ូវសន្យាថា ព្រះអង្គនឹងមិនចាកចេញពីយើង(ម៉ាថាយ ២៨:២០ ហេព្រើរ ១៣:៥) ព្រះអង្គចង់មានន័យថា ទោះជាក្នុងពេលលំបាក ឬពេលសុខស្រួលក៏ដោយ ក៏ព្រះអង្គមិនយាងចោលយើងឡើយ។ បេសកកម្មរបស់យើង នៅក្នុងរដូវកាលដ៏លំបាកនៃជីវិត គឺត្រូវធ្វើការ ឬបំរើ ដោយចងចាំជានិច្ចថា យើងកំពុងតែធ្វើកិច្ចការនោះថ្វាយដល់ព្រះ ហើយបន្ទាប់មក ត្រូវចាំមើលព្រះធ្វើការ ដើម្បីសម្រេចបំណងព្រះទ័យរបស់ព្រះអង្គ។
សូមរកមើលព្រះ នៅក្នុងទីកន្លែងដែលអ្នកកំពុងមានការពិបាក នោះអ្នកនឹងឃើញការអ្វី ដែលព្រះអង្គកំពុងធ្វើការនៅក្នុង និងតាមរយៈលោកអ្នក…
ពេលវេលាសម្រាប់ការផ្លាស់ប្ដូរ
មានគ្រីស្ទបរិស័ទជាច្រើន ចង់ចំណាយពេលជារៀងរាល់ថ្ងៃ ជាមួយព្រះ ដោយការអធិស្ឋាន និងការ អានព្រះបន្ទូលព្រះអង្គ។ ប៉ុន្តែ ពួកគេតែងតែមានការរំខាន ដោយសារកាលវិភាគដ៏មមាញឹករបស់ខ្លួន។ ពួកគេមានការខកបំណងកាន់តែខ្លាំងឡើង នៅពេលដែលភាពរវល់ ហាក់ដូចជាចេះតែរុញច្រានចូល មកក្នុងចន្លោះទំនេរ ក្នុងកាលវិភាគរបស់ពួកគេ។
លោក អូស្វល ឆេមប័រ(Oswald Chambers) បានធ្វើសេចក្តីពន្យល់ដ៏មានន័យ អំពីអំណាចដែលធ្វើឲ្យមានការផ្លាស់ប្រែ ដែលកើតមាន ក្នុងការចំណាយសូម្បីតែ៥នាទី ក្នុងព្រះវត្តមាននៃព្រះអម្ខាស់។ ជាការពិតណាស់ សូម្បីតែការចំណាយពេលដ៏ខ្លី ដើម្បីអធិស្ឋានទូលអង្វរ និងជញ្ជឹងគិតព្រះបន្ទូលព្រះ ក៏នៅតែមានតម្លៃដ៏ធំ បានជាគាត់មានប្រសាសន៍ថា “ការដែលយើងចំណាយពេលវេលាច្រើន មិនប្រាកដថា នឹងសូនច្នៃយើងនោះទេ ប៉ុន្តែ អ្វីដែលពិតជាសូនច្នៃយើងនោះ គឺការចំណាយពេលវេលា ទៅលើការអ្វីដែលមានអំណាចចេស្តាដ៏អស្ចារ្យបំផុត។ រយៈពេល៥នាទី ដែលយើងចំណាយជាមួយព្រះ និងព្រះបន្ទូល មានតម្លៃវិសេសជាងពេលវេលាផ្សេងទៀត ពេញមួយថ្ងៃ។” ត្រង់ចំណុចនេះ គេប្រហែលជាយល់ថា លោកឆេមប៊័រ បាននិយាយជ្រុលពេកហើយ។ ប៉ុន្តែ យើងនៅតែអាចទទួលលទ្ធផលដ៏មានអំណាច ទោះយើងបានចំណាយពេលដ៏ខ្លីជាមួយព្រះអង្គក៏ដោយ ព្រោះព្រះទ្រង់ មានពេញដោយអំណាចចេស្តា។
ពេលខ្លះ ពេលវេលាប្រចាំថ្ងៃរបស់យើង មានពេញដោយតម្រូវការដ៏មមាញឹក ដែលធ្វើឲ្យយើងពិបាករកពេលស្ដាប់ និងឆ្លើយតបចំពោះព្រះអង្គ។ ប៉ុន្តែ មិនថាយើងនៅទីកន្លែងណាក៏ដោយ ឲ្យតែយើងបានចំណាយពេលដើម្បីស្អាង “អាសនា” ខាងឯព្រលឹងវិញ្ញាណរបស់យើងថ្វាយព្រះ…
ព្រះមានផែនការផ្សេង
ពេលមិត្តភក្ដិរបស់ខ្ញុំម្នាក់ ឈ្មោះលីនដា បានចម្រើនវ័យធំឡើង នាងមានផែនការចង់ក្លាយជាបេសកជនផ្នែកពេទ្យ។ នាងស្រឡាញ់ព្រះអម្ចាស់ ហើយចង់ធ្វើការជាវេជ្ជបណ្ឌិត ដើម្បីបម្រើព្រះអង្គ ដោយនាំដំណឹងល្អដល់អ្នកជម្ងឺ ក្នុងតំបន់ខ្លះនៃពិភពលោក ដែលប្រជាជនពិបាកស្វែងរកការព្យាបាលសុខភាព។ ប៉ុន្តែ ព្រះទ្រង់មានផែនការផ្សេងសម្រាប់នាង។ ក្រោយមក លីនដា ក៏បានក្លាយជាបេសកជនខាងផ្នែកពេទ្យ ប៉ុន្តែ មិនមែនតាមរបៀបដែលនាងបានរំពឹងទុកទេ។
ពេលនាងមានអាយុ១៤ឆ្នាំ នាងមានបញ្ហាសុខភាពរ៉ាំរ៉ៃ ដែលតម្រូវឲ្យនាងចូលមន្ទីរពេទ្យ សម្រាប់ការវះកាត់សំខាន់ៗបួនប្រាំដងក្នុងមួយឆ្នាំៗ។ នាងបានរួចជីវិត បន្ទាប់ពីមានជម្ងឺរលាកស្រោមខួរ ដែលបានធ្វើឲ្យនាងសន្លប់បាត់ស្មារតី រយៈពេល២សប្ដាហ៍ និងងងឹតភ្នែកអស់៦ខែ។ មានពេលមួយ គេបានធ្វើពិធីខួបកំណើតឲ្យនាងពីរដង នៅមន្ទីរពេទ្យ ដោយមិនបានទៅផ្ទះសោះក្នុងរវាងពីរឆ្នាំនោះ។ នាងបានមានបទពិសោធន៍ជាច្រើន នៅពេលគេមិនបានរំពឹងថានាងអាចនៅរស់ទេ។ តែលីនដាគឺជាមនុស្សដែលសកម្ម កត្តញូ ហើយក្លៀវក្លាបំផុត ដែលលោកអ្នកមិនធ្លាប់ជួប។ មានពេលមួយ នាងបានប្រាប់ខ្ញុំថា ទីកន្លែងធ្វើបេសកកម្មរបស់នាង គឺជាមន្ទីរពេទ្យ ដូចការដែលនាងបានរំពឹងទុក និងរៀបផែនការ។ តែនាងមិនបានបម្រើការជាវេជ្ជបណ្ឌិតទេ ផ្ទុយទៅវិញ នាងបានបម្រើព្រះ ដោយធ្វើជាអ្នកជំងឺម្នាក់វិញ។ ទោះបីជានាងមានជំងឺធ្ងន់ប៉ុណ្ណាក៏ដោយ ក៏ពន្លឺនៃព្រះអម្ចាស់ នៅតែចែងចាំងចេញពីនាងមកជានិច្ច។
លីនដា គឺជាឧទាហរណ៍ដ៏រស់ នៃសេចក្តីបង្រៀនរបស់លោកសាវ័កពេត្រុស។ ថ្វីដ្បិតនាងមានការរងទុក្ខ ក៏នាងនៅតែអរសប្បាយ ហើយសេចក្តីជំនឿដ៏ពិតរបស់នាង បាននាំមកនូវ “ការសរសើរ កិត្តិយស និងសិរីល្អ” ដល់ព្រះយេស៊ូវគ្រីស្ទ…
ការមើលឃើញព្រះនៅកន្លែងដែលធ្លាប់ស្គាល់
នៅតំបន់ដែលខ្ញុំរស់នៅ ព្រះអម្ចាស់បានប្រទានពរឲ្យខ្ញុំ បានមើលទស្សនីយភាពដ៏គួរឲ្យពេចពិលរមិលមើល ដែលបង្ហាញចេញនូវសិរីល្អរបស់ព្រះ តាមរបៀបដ៏ប៉ិនប្រសប់។ ថ្មីៗនេះ ពេលខ្ញុំបើកបររថយន្តកាត់តាមព្រៃព្រឹក្សា ខ្ញុំមានចិត្តរំភើបណាស់ ពេលបានឃើញសម្រស់ដ៏ស្រស់បំព្រងនៃស្លឹកឈើពណ៌ក្រហម និងពណ៌លឿង ដែលបានតុបតែងលម្អរកាយដើមឈើ នៃរដូវស្លឹកឈើជ្រុះ ដែលសុទ្ធតែត្រូវបានរៀបចំយ៉ាងវិចិត្រ ឲ្យស៊ីនឹងផ្ទៃមេឃពណ៌ខៀវដ៏ភ្លឺថ្លានៅខាងក្រោយ។
ហើយមិនយូរប៉ុន្មាន នៅពេលដែលសីតុណ្ហភាពបានធ្លាក់ចុះ ហើយរដូវរងាក៏ចូលមកដល់ ខ្ញុំនឹងបាននឹកចាំថា គ្រាប់ព្រិលល្អិតៗ ដែលធ្លាក់ចុះមក បានគរលើគ្នា បង្កើតបានជាទួលតូចធំជាច្រើន ក្នុងទីវាលដ៏សក្បុស។ បន្ទាប់មក ក៏មានការអស្ចារ្យនៃរដូវផ្ការីក នៅពេលដែលរុក្ខជាតិដែលហាក់ដូចជាស្លាប់ ទាំងអស់សង្ឃឹម ក្នុងរដូវរងា បានប្រែជាមានជីវិតឡើងវិញ ដោយចេញពន្លក និងមានផ្ការីកឡើង ធ្វើឲ្យទីវាលប្រែកា្លយជាមានផ្កាចម្រុះពណ៌ដ៏ច្រើនស្អេកស្កះ ។
នៅទីកន្លែងណាក៏ដោយ ឲ្យតែយើងមើលទៅពិភពលោកនៅជុំវិញខ្លួនយើង នោះយើងនឹងឃើញភស្ដុតាងដែលបញ្ជាក់ថា “ផែនដីទាំងមូលមានពេញដោយសិរីល្អនៃទ្រង់!”(អេសាយ ៦:៣)។ អ្វីដែលគួរឲ្យភ្ញាក់ផ្អើលនោះ គឺថា ស្នាព្រះហស្តដែលព្រះបានបង្កើតមក នៅជុំវិញយើង សុទ្ធតែមានការខូចខាត ដោយសារអំពើបាប(រ៉ូម ៨:១៨-២២) ប៉ុន្តែ ព្រះទ្រង់នៅតែទតឃើញ ហើយសព្វព្រះទ័យនឹងរចនាទេសភាពដែលបានធ្លាក់ក្នុងអំពើបាបនោះ ឲ្យមានសម្រស់ឡើងវិញ ដោយព្រះហស្តនៃក្តីស្រឡាញ់របស់ព្រះអង្គ។ ការនេះបានជួយរំឭកយើង ជារៀងរាល់ថ្ងៃថា សម្រស់នៃព្រះគុណរបស់ព្រះអង្គ បានគ្របបាំងអំពើបាបរបស់យើង ហើយថាសេចក្តីស្រឡាញ់របស់ព្រះអង្គ តែងតែមានសម្រាប់យើងជានិច្ច។—Joe Stowell
បំណងព្រះហឫទ័យរបស់ព្រះ
ជាញឹកញាប់ យើងច្រើនតែស្វែងរកបំណងព្រះហឫទ័យព្រះ ជាពិសេសនៅពេលយើងស្ថិតនៅក្នុងស្ថាន ភាពពិបាក។ យើងចង់ដឹងថា តើនឹងមានអ្វីកើតឡើងចំពោះខ្ញុំ នៅទីនេះ? តើខ្ញុំគួរតែនៅទីនេះបន្តទៀត ឬមួយព្រះអង្គ សព្វព្រះទ័យឲ្យខ្ញុំទៅកន្លែងណាផ្សេងវិញ? មានវិធីតែមួយគត់ ដើម្បីឲ្យបានដឹងប្រាកដ គឺត្រូវធ្វើអ្វីដែលទ្រង់ឲ្យអ្នកធ្វើ ក្នុងពេលឥឡូវនេះ ដែលជាតួនាទី សម្រាប់ពេលបច្ចុប្បន្ន ហើយរង់ចាំព្រះអង្គបើកសម្តែងនូវជំហានបន្ទាប់។
នៅពេលអ្នកស្ដាប់បង្គាប់ព្រះ ដោយធ្វើអ្វីដែលអ្នកដឹងថា ព្រះអង្គឲ្យធ្វើ នោះអ្នកនឹងមានកម្លាំងចម្រើនឡើង ដើម្បីបោះជំហានបន្ទាប់ រួចហើយបោះជំហានមួយទៀត។ មួយជំហានម្ដងៗ ហើយម្ដងមួយជំហាន។ នេះហើយជារបៀបរៀនដើរជាមួយព្រះ។
ប៉ុន្តែ អ្នកប្រហែលជាចង់និយាយថា “ឧបមាថា ខ្ញុំបោះជំហានទីមួយហើយ។ តើនឹងមានអ្វីកើតឡើង ជាបន្ទាប់ទៀត?” រឿងដែលកើតឡើងបន្ទាប់ ជាកិច្ចការរបស់ព្រះ។ ភារៈកិច្ចរបស់លោកអ្នក និងខ្ញុំគឺត្រូវស្ដាប់បង្គាប់នៅថ្ងៃនេះ ហើយទុកអនាគត ឲ្យព្រះអង្គជាអ្នកសម្រេច។ អ្នកនិពន្ធទំនុកដំកើងនេះបានមានប្រសាសន៍ថា គ្រប់ទាំងជំហានរបស់យើងសុទ្ធតែ “ត្រូវបានតម្រូវដោយព្រះអម្ចាស់” (៣៧:២៣)។ អ្វីដែលយើងត្រូវការនៅថ្ងៃនេះ គឺការដឹកនាំរបស់ព្រះអង្គសម្រាប់ថ្ងៃនេះ។ ការណែនាំសម្រាប់ថ្ងៃស្អែក គឺសម្រាប់ឲ្យយើងធ្វើតាម នៅថ្ងៃស្អែក។ លោក ចច មែកដូ-ណាល់ (George McDonald) មានប្រសាសន៍ថា “យើងមិនយល់អំពីទំព័របន្ទាប់នៃសៀវភៅមេរៀនរបស់ព្រះទេ យើងមើលឃើញតែទំព័រមួយ ដែលនៅពីមុខយើងប៉ុណ្ណោះ។ ហើយយើងក៏មិនត្រូវបានអនុញ្ញាតឲ្យបើកសន្លឹកបន្ទាប់ដែរ ដរាបណាយើងមិនទាន់បានរៀនចេះមេរៀននៃទំព័រនេះទេនោះ”។
បើសិនជាយើងគិតថា បំណងព្រះហឫទ័យរបស់ព្រះសំខាន់ចំពោះយើង ហើយស្ដាប់បង្គាប់ពីមួយថ្ងៃទៅមួយថ្ងៃ…
ជីវិតដែលបញ្ចេញពន្លឺ
យោងតាមសហព័ន្ធកីឡាបាល់បោះអន្តរជាតិបានឲ្យដឹងថា កីឡាបាល់បោះ គឺជាកីឡាដែលមានប្រជាប្រិយបំផុតលំដាប់ថ្នាក់ទីពីរក្នុងពិភពលោក ដែលមានអ្នកតាមដានទស្សនាប្រមាណ ៤៥០លាននាក់ នៅក្នុងប្រទេសទាំងឡាយជុំវិញពិភពលោក។ នៅសហរដ្ឋអាមេរិក ការប្រកួតប្រចាំឆ្នាំនៃសមាគមន៍ជាតិអត្តពលកម្ម ហៅកាត់ថា NCAA នៅក្នុងខែមិនា តែងតែនាំមកនូវការថ្លែងរំឭកអំពីគ្រូបង្វឹក ឈ្មោះ ចន វូឌិន (John Wooden)។ ក្នុងអំឡុងពេលដែលគាត់ធ្វើការ នៅឯសាកលវិទ្យាល័យកាលីហ្វូញ៉ា ក្រុងឡូសអែនជើឡេស (UCLA) អស់រយៈពេល២៧ឆ្នាំ ក្រុមរបស់គាត់ ទទួលបានជ័យជម្នៈជើងឯកថ្នាក់ជាតិចំនួន១០លើក ដែលមិនធ្លាប់មានពីមុនមក។ ទោះបីលោក ចន វូឌិន បានលាចាកលោក ក្នុងឆ្នាំ២០១០ហើយក៏ដោយ ក៏គេនៅតែចងចាំគាត់ មិនគ្រាន់តែដោយសារអ្វីដែលគាត់សម្រេចបានប៉ុណ្ណោះឡើយ តែក៏ដោយសារបុគ្គលិកលក្ខ-ណៈរបស់គាត់ផងដែរ។
លោក វូឌិន បានរស់នៅ ដោយសេចក្តីជំនឿជាគ្រីស្ទបរិស័ទ និងមានការខ្វាយខ្វល់ដ៏ពិតត្រង់ ចំពោះអ្នកដទៃ ក្នុងកន្លែងដែលគេងុបងល់នឹងការឈ្នះចាញ់។ នៅក្នុងសៀវភៅជីវប្រវត្តិផ្ទាល់ខ្លួនរបស់គាត់ ដែលមានចំណងជើងថា គេហៅខ្ញុំថាគ្រូបង្វឹក គាត់បានសរសេរថា “ខ្ញុំតែងតែព្យាយាមពន្យល់ឲ្យគេយល់ច្បាស់ថា កីឡាបាល់បោះមិនមែនជាអ្វីដែលសំខាន់បំផុតទេ។ វាគ្រាន់តែជាការសំខាន់ដ៏តូចមួយ បើប្រៀបធៀបទៅនឹងជីវិតទាំងមូលដែលយើងរស់នៅ។ មានតែជីវិតមួយបែបគត់ ដែលពិតជាមានជ័យជម្នះពិតប្រាកដមែន ហើយនោះជាជីវិតដែលបានដាក់សេចក្តីជំនឿ ក្នុងព្រះហស្តនៃព្រះអង្គសង្រ្គោះ។ បើយើងមិនមានជីវិតបែបនេះទេ នោះយើងគ្រាន់តែជា អ្នករត់ប្រណាំងក្នុងរង្វង់ ដែលចេះតែរត់គ្មានគោលដៅ។”
លោក ចន វូឌិន បានថ្វាយព្រះកិត្តិនាមដល់ព្រះ ក្នុងគ្រប់ការទាំងអស់ដែលគាត់បានធ្វើ…
សេចក្តីមេត្តាករុណាដែលមិនចេះផុតឡើយ
ខណៈដែលខ្ញុំកំពុងដើរលេង កាត់តាមអាកាសយាន្តដ្ឋាន អូ ហ៊ែរ នៃទីក្រុងឈិកាហ្គោ ខ្ញុំបានចាប់អារម្មណ៍នឹងមួកមួយ ដែលមនុស្សម្នាក់បានពាក់ ខណៈពេលដែលគាត់ប្រញាប់ប្រញាល់ធ្វើដំណើរ កាត់ទីលានក្នុងអាកាសយាន្តដ្ឋាន។ អ្វីដែលទាក់ទាញចំណាប់អារម្មណ៍ របស់ខ្ញុំនោះ គឺពាក្យពីរបីម៉ាត់ ដែលគេសរសេរនៅលើមួកនោះថា : “ចូរបដិសេធអ្វីៗគ្រប់យ៉ាង”។ ពេលនោះខ្ញុំឆ្ងល់ ថាពាក្យនោះ មានន័យដូចម្ដេច។ តើយើងត្រូវបដិសេធមិនទទួលកំហុសរបស់យើងឬ? ឬក៏បដិសេធមិនព្រមទទួលភាពសប្បាយរីករាយ និងភាពស្ដុកស្ដម្ភក្នុងជីវិតនេះ? ខ្ញុំក៏អេះក្បាល ទាំងឆ្ងល់អំពីអាថ៌កំបាំងនៃពាក្យដ៏សាមញ្ញនោះ ដែលគេបានសរសេរថា “ចូរបដិសេធអ្វីៗគ្រប់យ៉ាង”។
មានពេលមួយ សិស្សរបស់ព្រះយេស៊ូវម្នាក់ គឺលោកស៊ីម៉ូន-ពេត្រុស ក៏បានធ្វើការបដិសេធន៍។ ពេលគាត់កំពុងស្ថិតក្នុងស្ថានភាពដ៏គ្រោះថ្នាក់ គាត់បានបដិសេធបីដង ថាមិនដែលស្គាល់ព្រះយេស៊ូវទេ!(លូកា ២២:៥៧,៥៨,៦០)។ ការដែលគាត់បានបដិសេធព្រះយេស៊ូវ ដោយសារការភ័យខ្លាចនោះ បានបណ្ដាលឲ្យគាត់ប្រកាន់ទោសខ្លួនឯង និងមានការឈឺចាប់ណាស់ ហើយដោយព្រោះតែកំហុសខាងព្រលឹងវិញ្ញាណនេះ គាត់ក៏បានចេញទៅក្រៅ ហើយទួញយំម្នាក់ឯង(ខ.៦២)។ ប៉ុន្តែការបដិសេធន៍ដែលពេត្រុសមានចំពោះព្រះយេស៊ូវ ក៏ដូចជាការបដិសេធន៍ខាងឯព្រលឹងវិញ្ញាណរបស់យើង មិនអាចកាត់បន្ថយសេចក្តីមេត្តាករុណារបស់ព្រះឡើយ។ លោកហោរាយេរេមា បានសរសេរថា “ដោយសារសេចក្តីសប្បុរសនៃព្រះយេហូវ៉ា នោះយើងមិនបានសូន្យបាត់អស់រលីងឡើយ ពីព្រោះសេចក្ដីមេត្តាករុណារបស់ទ្រង់ នោះមិនចេះផុតឡើយ។ សេចក្តីទាំងនោះ ចេះតែថ្មីឡើងរាល់តែព្រឹកជានិច្ច សេចក្ដីស្មោះត្រង់របស់ទ្រង់ធំណាស់”(បរិទេវ ៣:២២-២៣)។ យើងអាចសង្ឃឹមជានិច្ចថា សូម្បីតែនៅពេលដែលយើងបរាជ័យក៏ដោយ ក៏ព្រះដ៏ស្មោះត្រង់នៃយើង នៅតែយាងមករកយើង ដោយសេចក្តីមេត្តា និងក្តីអាណិត…
ឳពុកដែលមានគំរូល្អ
នៅពេលខ្ញុំគិតអំពីឳពុករបស់ខ្ញុំ ខ្ញុំគិតដល់ពាក្យមួយឃ្លា ដែលពោលថា “គាត់មិនបានប្រាប់ខ្ញុំ ថាត្រូវរស់នៅរបៀបណានោះទេ គឺគាត់បានរស់នៅជាគំរូ ឲ្យខ្ញុំមើលរបៀបដែលគាត់រស់នៅវិញ”។ ក្នុងអំឡុងពេលខ្ញុំធំពេញវ័យ ខ្ញុំបានសង្កេតមើលឳពុករបស់ខ្ញុំ ដើរជាមួយព្រះ។ គាត់បានចូលរួមក្នុងកម្មវិធីថ្វាយបង្គំ ពេលព្រឹកនៅព្រះវិហារ បានបង្រៀនព្រះគម្ពីរ ដល់មនុស្សពេញវ័យ បានជួយរាប់ប្រាក់ដង្វាយ ហើយបានបម្រើការជាចាស់ទុំម្នាក់។ នៅក្រៅព្រះវិហារ គាត់បាននិយាយការពារដំណឹងល្អ ដោយចិត្តស្មោះត្រង់ និងអានព្រះគម្ពីរ។ ខ្ញុំបានឃើញគាត់បង្ហាញក្តីស្រឡាញ់ដល់ព្រះអម្ចាស់ តាមរយៈការប្រព្រឹត្តរបស់គាត់។
ស្ដេចអេសា ជាស្ដេចយូដា ដែលបានធ្វើជាគំរូនៃការគោរពប្រតិបត្តិព្រះក្នុងការរស់នៅ(២របាក្សត្រ ១៤:២)។ ទ្រង់បានរំលំចោលអស់ទាំងរូបព្រះចេញពីនគររបស់ទ្រង់ ក៏បានស្អាងអាសនានៃព្រះអម្ចាស់ឡើងវិញ ហើយបានដឹកនាំរាស្រ្តរបស់ទ្រង់ ឲ្យតាំងសេចក្ដីសញ្ញាជាមួយព្រះ(១៥:៨-១២)។ បុត្រារបស់ទ្រង់ គឺស្តេចយ៉ូសាផាត បានបន្តកេរដំណែលនេះ ដោយស្វែងរក“ព្រះនៃពួកព្ធយុកោទ្រង់ ហើយប្រព្រឹត្តតាមបញ្ញត្តរបស់ព្រះអង្គ”(១៧:៤)។ យ៉ូសាផាតបានបំបាត់អស់ទាំងការថ្វាយបង្គំរូបព្រះ ចេញពីទឹកដីរបស់ទ្រង់(ខ.៦) ហើយចាត់ពួកសង្ឃ និងពួកលេវីឲ្យទៅបង្រៀនក្រឹត្យវិន័យរបស់ព្រះ នៅគ្រប់អស់ទាំងទីក្រុងនៃស្រុកយូដា(ខ.៧-៩)។
ការដឹកនាំរបស់ស្តេចយ៉ូសាផាត មានលក្ខណៈមិនខុសពីការដឹកនាំរបស់បិតាទ្រង់ឡើយ ដោយទ្រង់បានយកគំរូតាមព្រះបិតាយ៉ាងស្មោះត្រង់ ក្នុងការគោរពប្រតិបត្តិព្រះ។ ប៉ុន្តែ ដែលសំខាន់លើសពីនេះទៅទៀតនោះ គឺស្ដេចយ៉ូសាផាតមាន “ចិត្តអរសប្បាយក្នុងអស់ទាំងផ្លូវនៃព្រះអម្ចាស់”(ខ.៦)។ ថ្ងៃនេះ បើសិនជាលោកអ្នកចង់បានឳពុកជាគំរូ នោះសូមនឹកចាំពីព្រះវរបិតានៃអ្នកដែលគង់នៅស្ថានសួគ៌ ហើយតាំងចិត្តអរសប្បាយក្នុងគ្រប់ទាំងផ្លូវរបស់ព្រះអង្គចុះ។—Jennifer Benson Schuldt
អំណាចដែលមានគុណប្រយោជន៍
កីឡាប្រដាល់ និងការប្រកួតកម្លាំង សុទ្ធតែមានលក្ខណៈពិសេសដូចគ្នា។ ក្នុងព្រឹត្តិការណ៍នៃការប្រកួត កីឡាករនីមួយៗ បានបញ្ចេញសមត្ថភាពរៀងៗខ្លួន ក្នុងគោលបំណងដើម្បីបង្ហាញថា នរណាមានកម្លាំងខ្លាំងជាងគេ។ វាមិនខុសពីការប្រកួតកាច់ដៃឡើយ គេប្រកួតគ្នា ដើម្បីឲ្យដឹងថា នរណាមានកម្លាំងដៃខ្លាំងជាងគេ។
យ៉ាងណាមិញ លក្ខណៈពិសេសរបស់ព្រះ គឺជាការដែលព្រះអង្គមានអំណាចគ្រប់ចេស្តា។ ប៉ុន្តែ តើព្រះអង្គបង្ហាញកម្លាំងរបស់ព្រះអង្គ ដោយរបៀបណា? ព្រះអង្គមិនបង្ហាញចេស្តារបស់ព្រះអង្គ ដោយរៀបចំហ្វូងផ្កាយកាឡាក់ស៊ីឡើងវិញ នៅចំពោះមុខយើង ឬដោយផ្លាស់ប្ដូរពណ៌របស់ព្រះអាទិត្យមួយពព្រិចភ្នែក ឬក៏ធ្វើឲ្យផ្លេកបន្ទោរបញ្ចេញពន្លឺនៅនឹងមួយកន្លែងឡើយ។ ផ្ទុយទៅវិញ ព្រះដែលមានក្តីស្រឡាញ់ និងក្តីអាណិតចំពោមនុស្សដែលត្រូវការជំនួយ ដូចជាយើង ព្រះអង្គបានសម្រេចព្រះទ័យ “ដើម្បីនឹងសំដែងព្រះចេស្ដា ជួយដល់អស់អ្នកណាដែលមានចិត្តស្មោះត្រង់ចំពោះទ្រង់វិញ”(២របាក្សត្រ ១៦:៩)។
ព្រះគម្ពីរទាំងមូល បានកត់ទុកជាច្រើនដង អំពីការដែលព្រះអង្គបានបង្ហាញព្រះចេស្តារ តាមរបៀបដូចនេះ ដែលរាប់ចាប់តាំងពីការដែលព្រះអង្គញែកសមុទ្រក្រហម ការប្រទាននំម៉ាណា ដោយការអស្ចារ្យក្នុងវាលរហោស្ថាន ការចាប់កំណើតដ៏អស្ចារ្យពីស្រ្តីព្រហ្មចារី រហូតដល់ការមានព្រះជន្មឡើងវិញ។ ក្នុងការអស្ចារ្យទាំងអស់នេះ ព្រះដ៏មានគ្រប់ព្រះចេស្ដានៃយើង ទ្រង់បានសម្រេចព្រះទ័យ សម្តែងព្រះចេស្ដារបស់ទ្រង់ ដើម្បីប្រទានពរ ថែរក្សា និងការពាររាស្រ្តរបស់ទ្រង់ ដោយសេចក្តីស្រឡាញ់។
ចូរយើងទុកចិត្តថា ព្រះអង្គមានព្រះហឫទ័យរីករាយ ក្នុងការបង្ហាញព្រះចេស្ដាររបស់ព្រះអង្គ ពេលយើងជួបការពិបាកក្នុងជីវិត។ ហើយនៅពេលដែលព្រះអង្គសំដែងព្រះចេស្ដា ដើម្បីជួយយើងហើយ នោះចូរយើងកុំភ្លេចថ្វាយសិរីល្អដល់ព្រះអង្គឡើយ!–Joe Stowell
សុទ្ធតែដើម្បីសេចក្តីស្រឡាញ់
មានពេលមួយ ខ្ញុំបានឃើញផ្លាកមួយ នៅពីមុខព្រះវិហារ ដែលមានសរសេរអក្សរមួយឃ្លា ដែលហាក់ដូចជាពាក្យស្លោកដ៏អស្ចារ្យមួយ សម្រាប់ការទំនាក់ទំនង។ ពាក្យស្លោកនោះចែងថា ចូរទទួលសេចក្តីស្រឡាញ់ ចូរផ្ដល់ឲ្យនូវសេចក្តីស្រឡាញ់ ចូរធ្វើដូចនេះសារឡើងវិញទៀត។
សេចក្តីស្រឡាញ់ដ៏អស្ចារ្យបំផុត ដែលយើងទទូល ជាសេចក្ដីស្រឡាញ់របស់ព្រះ។ ព្រះអង្គស្រឡាញ់យើងខ្លាំងណាស់ បានជាព្រះអង្គប្រទានព្រះរាជបុត្រាទ្រង់ ព្រះនាមយេស៊ូវ ឲ្យយាងមកចាប់កំណើត សុគត ហើយមានព្រះជន្មឡើងវិញ ដើម្បីលោះបាបយើង(១យ៉ូហាន ៤:៩)។ យើងទទួលសេចក្តីស្រឡាញ់របស់ទ្រង់ នៅពេលដែលយើងទទួលព្រះយេស៊ូវ ជាព្រះអង្គសង្រ្គោះ និងជាព្រះអម្ចាស់របស់យើង។ “អស់អ្នកណាដែលទទួលទ្រង់ គឺអស់អ្នកដែលជឿដល់ព្រះនាមទ្រង់ នោះទ្រង់បានប្រទានអំណាច ឲ្យបានត្រឡប់ជាកូនព្រះ”(យ៉ូហាន ១:១២)។
បន្ទាប់ពីយើងបានពិសោធ នូវក្តីស្រឡាញ់របស់ព្រះហើយ នោះយើងអាចរៀនផ្ដល់ឲ្យនូវ សេចក្តីស្រឡាញ់។ “យើងត្រូវស្រឡាញ់គ្នាទៅវិញទៅមក ដ្បិតសេចក្ដីស្រឡាញ់មកពីព្រះ”(១យ៉ូហាន ៤:៧)។
សេចក្តីស្រឡាញ់របស់ព្រះ ជួយជំរុញឲ្យយើងអាចស្រឡាញ់ ដល់បងប្អូនប្រុសស្រីរបស់យើងក្នុងព្រះគ្រីស្ទ។ យើងបង្រៀន លើកទឹកចិត្ត ហើយស្តីបន្ទោស។ យើងយំសោក ហើយក៏អរសប្បាយ។ សេចក្ដីស្រឡាញ់ដែលយើងផ្ដល់ឲ្យ មានភាពទន់ភ្លន់ ហើយរឹងមាំ និងជួយទំនុកបំរុង។ ព្រះយេស៊ូវថែមទាំងបានបង្រៀនយើង ឲ្យស្រឡាញ់ដល់ខ្មាំងសត្រូវរបស់យើងទៀតផង គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ត្រូវប្រព្រឹត្តល្អនឹងអ្នកណាដែលស្អប់អ្នករាល់គ្នា ហើយត្រូវអធិស្ឋាន ឲ្យអ្នកណាដែលធ្វើទុក្ខបៀតបៀនដល់អ្នករាល់គ្នាវិញ”(ម៉ាថាយ ៥:៤៤)។ ការផ្ដល់ឲ្យក្តីស្រឡាញ់ដល់អ្នកឯទៀត អាចជាការលំបាក ក្នុងស្ថានភាពខ្លះ ប៉ុន្តែ យើងនៅតែអាចធ្វើទៅបាន ដោយព្រោះតែព្រះទ្រង់បានប្រទានក្តីស្រឡាញ់ដល់យើងជាមុនរួចហើយ។…