នៅលើស្លាបឥន្ទ្រី
ព្រះគម្ពីរអេសាយបាននិយាយអំពីការរង់ចាំព្រះអម្ចាស់ ដោយចិត្តអត់ធ្មត់ ដោយការរំពឹងគិតដល់ពេលអនាគត ដោយសេចក្តីសង្ឃឹមដ៏មុតមាំ។ ពេលដែលយើងមានទុក្ខលំបាក យើងរង់ចាំជំនួយមកពីព្រះ ដែលប្រាកដជានឹងមកដល់។ ព្រះយេស៊ូវបានមានបន្ទូលធានាដល់ពួកសិស្សរបស់ព្រះអង្គថា “មានពរហើយ អស់អ្នកដែលយំសោក ដ្បិតអ្នកទាំងនោះនឹងបានសេចក្តីកំសាន្តចិត្ត”(ម៉ាថាយ ៥:៤)។
យើងអាចបោះជំហានទៅមុខ ដោយទំនុកចិត្ត ពេលដែលយើងបានដឹងថា យើងនឹងបានរស់នៅក្នុងរូបកាយដ៏ឧត្តម្ភ នៅនគរស្ថានសួគ៌ ដែលជាសេចក្តីសង្ឃឹមដ៏ពិត។ ទោះយើងមានការនឿយហត់ក៏ដោយ ក៏យើងនៅតែអាចបើកស្លាបនៃសេចក្តីជំនឿរបស់យើង ដើម្បីហោះហើរ! យើងអាចដើរតាមផ្លូវនៃការស្តាប់បង្គាប់ និងដោយគ្មានការអស់កម្លាំង។ យើងអាចរស់នៅជារៀងរាល់ថ្ងៃ ដោយគ្មានការហត់នឿយ។ ជីវិតយើងកាន់តែប្រសើរឡើង ពេលដែលវិញ្ញាណយើងក្លាយជាវិញ្ញាណដែលសកម្ម ហើយរូបកាយយើងនឹងរត់ លោត ហើយហោះហើរ។ នេះជាក្តីសង្ឃឹមរបស់យើងហើយ។
ទន្ទឹមនឹងនោះ ការអ្វីដែលនឹងសម្រេចនៅថ្ងៃណាមួយ គឺអាចចាប់ផ្តើមសម្រេចនៅពេលឥឡូវនេះ។ យើងអាចមានចិត្តរឹងប៉ឹង អត់ធ្មត់ និងមានអំណរ ទោះបីជាយើងមានការនឿយហត់យ៉ាងណាក៏ដោយ។ យើងអាចមានចិត្តសប្បុរស ហើយស្ងប់រម្ងាប់ ដោយលែងផ្តោតទៅលើភាពកម្សោយ និងទុក្ខលំបាករបស់យើងទៀត។ យើងអាចមានការយកចិត្តទុកដាក់ចំពោះអ្នកដទៃ ជាជាងគិតពីប្រយោជន៍ខ្លួនឯង ហើយយើងអាចត្រៀមខ្លួនជាស្រេច ដើម្បីនិយាយ ដោយក្តីស្រឡាញ់ ដល់អ្នកដែលកំពុងជួបការលំបាក។ យើងអាចត្រៀមខ្លួន សម្រាប់ថ្ងៃដែលវិញ្ញាណរបស់យើង នឹងហោះហើរ។-David Roper
ទឹកផុសធំ
ក្នុងឧបទ្វីបខាងលើនៃរដ្ឋមីឈីហ្គិន មានស្រះទឹកមួយ មានជម្រៅប្រហែល១២ម៉ែត្រ និងបណ្តោយប្រវែង៩០ម៉ែត្រ។ ជនជាតិដើមរបស់អាមរិកបានហៅស្រះទឹកនោះថា “ឃីច អ៊ីទិ គីពិ” ដែលមានន័យថា “ស្រះទឹកធំដ៏ត្រជាក់”។ ស្រះទឹកនេះ គឺជាភាពអស្ចារ្យនៃធម្មជាតិ ដែលគួរឲ្យកត់សម្គាល់។ សព្វថ្ងៃនេះ គេហៅវាថា ទឹកផុសធំ។ ស្រះទឹកនេះមានទឹកផុសនៅបាតរបស់វា ដែលបានបាញ់ទឹកជាង៣៧០០លីត្រ ក្នុងមួយនាទីតាមប្រឡោះថ្មដែលនៅបាតស្រះ ឡើងទៅផ្ទៃទឹកខាងលើ។ ម្យ៉ាងទៀត ទឹកក្នុងស្រះនោះបានរក្សាសីតុណ្ហភាព ៧អង្សាសេជានិច្ច មានន័យថា ទោះបីជារដូវរងាមានអាកាសធាតុតំបន់ឧបទ្វីបខាងលើ មានភាពត្រជាក់ខ្លាំងយ៉ាងណាក៏ដោយ ក៏ទឹកស្រះនោះនៅតែមិនកកដែរ។ ដូចនេះ ភ្ញៀវទេសចរណ៍អាចទស្សនាទេសភាពមាត់ទឹក របស់ស្រះធំមួយនេះ ក្នុងរដូវណាក៏បាន។
ពេលព្រះយេស៊ូវជួបស្រ្តីម្នាក់ នៅមាត់អណ្តូងទឹករបស់លោកយ៉ាកុប ព្រះអង្គបានមានបន្ទូលទៅកាន់នាង អំពីប្រភពនៃទឹកមួយទៀត ដែលនឹងធ្វើឲ្យមនុស្សលែងស្រេកទឹកជារៀងរហូត។ ប៉ុន្តែ ព្រះអង្គមិនបានមានបន្ទូលសំដៅទៅលើ ទឹកផុស ទឹកស្រះ ទឹកទន្លេ ឬទឹកបឹងឡើយ។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “អ្នកណាដែលផឹកទឹកខ្ញុំឲ្យ នោះនឹងមិនស្រេកទៀតឡើយ ទឹកដែលខ្ញុំឲ្យ នឹងត្រឡប់ជារន្ធទឹកនៅក្នុងអ្នកនោះ ដែលផុសឡើងដល់ទៅបានជីវិតអស់កល្បជានិច្ច”(យ៉ូហាន ៤:១៤)។
ទឹកដែលព្រះគ្រីស្ទផ្តល់ឲ្យ គឺនាំមកនូវជីវិតថ្មីដ៏ស្រស់ស្រាយ ដែលល្អប្រសើលើសទឹកផុសធម្មជាតិរាប់លានដង។ យើងអាចមានចិត្តស្កប់ស្កល់ ដោយសារព្រះគ្រីស្ទដែលជាទឹកនៃជីវិត ដែលអាចបំបាត់ការស្រេកទឹករបស់យើង។ សូមសរសើរដំកើងព្រះ ដ្បិតព្រះយេស៊ូវជាប្រភពទឹក ដែលមិនចេះរីងស្ងួត។-Bill Crowder
ចូររំពឹងគិតអំពីផ្កាឈូក
ខ្ញុំស្រឡាញ់ធម្មជាតិ និងចូលចិត្តសរសើរដំកើងព្រះអាទិករដែលបានបង្កើតធម្មជាតិមក ប៉ុន្តែ មានពេលខ្លះ ខ្ញុំមានអារម្មណ៍ថា ខ្លួនឯងបានធ្វើខុស ដោយបានស្ងើចសរសើរធម្មជាតិខ្លាំងពេក។ ពេលនោះ ខ្ញុំក៏បាននឹកចាំថា ព្រះយេស៊ូវបានប្រើធម្មជាតិ ជាឧបករណ៍សម្រាប់ការបង្រៀនរបស់ព្រះអង្គ។ ព្រះអង្គបានបង្រៀនមនុស្សកុំឲ្យមានការព្រួយបារម្ភ ដោយប្រើផ្កាជាឧទាហរណ៍។ គឺដូចដែលព្រះអង្គបានមានបន្ទូលថា “ចូររំពឹងគិតអំពីផ្កាឈូកនៅក្នុងបឹង” ហើយព្រះអង្គបានរំឭកបណ្តាលជនថា ទោះបីជាផ្កាមិនបានធ្វើការត្បាញរវៃទាល់តែសោះ តែព្រះបានដណ្តប់កាយពួកវា ដោយសម្រស់ដ៏គួរឲ្យគយគន់។ ដូចនេះ បើព្រះអង្គបានតុបតែងរុក្ខជាតិយ៉ាងប្រសើរយ៉ាងនេះហើយ តើព្រះអង្គនឹងយកព្រះទ័យទុកដាក់ចំពោះយើងខ្លាំងជាងអម្បាលម៉ាន(ម៉ាថាយ ៦:២៨-៣៤)។
ម្យ៉ាងទៀត បទគម្ពីរដទៃទៀត ក៏បានបង្ហាញផងដែរថា ព្រះបានប្រើស្នាព្រះហស្តរបស់ព្រះអង្គ ដើម្បីបង្ហាញព្រះអង្គទ្រង់ដល់យើងរាល់គ្នា គឺដូចដែលមានសេចក្តីចែងថា “ផ្ទៃមេឃសំដែងពីសិរីល្អនៃព្រះ ហើយលំហអាកាសក៏បង្ហាញការ ដែលព្រះហស្តទ្រង់ធ្វើ ថ្ងៃ១ពោលប្រាប់តដល់ថ្ងៃ១ទៀត ហើយយប់១ក៏សំដែងចំណេះដល់យប់១ទៀតដែរ”(ទំនុកដំកើង ១៩:១-២)។ ម្យ៉ាងទៀត លោកអេសាភបានមានប្រសាសន៍ផងដែរថា “នោះផ្ទៃមេឃនឹងសំដែងពីសេចក្តីសុចរិតរបស់ទ្រង់ ដ្បិតគឺព្រះហើយ ដែលជាចៅក្រម”(ទំនុកដំកើង ៥០:៦)។
ហើយសាវ័កប៉ុលក៏បានមានប្រសាសន៍ផងដែរថា “ដ្បិតអ្វីៗរបស់ទ្រង់ ដែលរកមើលមិនឃើញ តាំងពីកំណើតលោកីយ៍មក ទោះទាំងព្រះចេស្តាដ៏នៅអស់កល្បជានិច្ច និងនិស្ស័យជាព្រះរបស់ទ្រង់ នោះឃើញច្បាស់វិញ ដោយពិចារណាយល់របស់ទាំងប៉ុន្មាន ដែលទ្រង់បានបង្កើតមក”(រ៉ូម ១:២០)។
ព្រះអង្គស្រឡាញ់យើងណាស់ ហើយសព្វព្រះទ័យនឹងឲ្យយើងស្គាល់ព្រះអង្គ ដោយព្រះអង្គបានដាក់ភស្តុតាងនៅគ្រប់ទីកន្លែង ឲ្យយើងឃើញ។-Julie Ackerman Link
អំណាចនៃក្តីស្រឡាញ់
ជាញឹកញាប់ សៀវភៅដែលនិយាយអំពីភាពជាអ្នកដឹកនាំ ច្រើនតែជាសៀវភៅដែលលក់ដាច់ជាងគេ។ ភាគច្រើននៃសៀវភៅទាំងនោះ បាននិយាយអំពីរបៀបក្លាយជាអ្នកដឹកនាំដែលមានអំណាច និងមានប្រសិទ្ធិភាព ក្នុងការងារ។ ប៉ុន្តែ សៀវភៅដែលលោកហេនរី ណូវិន(Henri Nouwen)បាននិពន្ធ ដែលមានចំណងជើងថា ក្នុងព្រះនាមព្រះយេស៊ូវ ដែលឆ្លុះបញ្ចាំងអំពីភាពជាអ្នកដឹកនាំរបស់គ្រីស្ទបរិស័ទ ត្រូវបាននិពន្ធឡើង ដោយមានទស្សនៈខុសពីសៀវភៅទាំងនោះ។ លោកហេនរី ជាអតីតសាស្រ្តាចារ្យនៅសាកលវិទ្យាល័យ ដែលបានចំណាយពេលជាច្រើនឆ្នាំ ក្នុងការបម្រើ ក្នុងសហគមន៍អភិវឌ្ឍន៍យុវជនពិការ។ គាត់បានមានប្រសាសន៍ថា “យើងមិនត្រូវសួរថា : តើមានមនុស្សប៉ុន្មាននាក់ ដែលពិតជាឲ្យតម្លៃអ្នក? តើអ្នកនឹងទទួលបានជោគជ័យច្រើនប៉ុណ្ណា? តើអ្នកអាចបង្ហាញលទ្ធផលនៃការងារខ្លះបានទេ?” ប៉ុន្តែ យើងត្រូវសួរថា : តើអ្នកស្រឡាញ់ព្រះយេស៊ូវទេ? … ក្នុងពិភពលោក ដែលមានភាពឯកកោ និងការអស់សង្ឃឹម យើងពិតជាត្រូវការបុរសនិងស្រ្តី ដែលស្គាល់បំណងព្រះទ័យព្រះ គឺព្រះទ័យដែលអត់ទោស ដែលមើលថែរ ដែលឈោងចាប់ និងសព្វព្រះទ័យនឹងប្រោសឲ្យជា”។
សាវ័កយ៉ូហានបានមានបង្រៀនថា “សេចក្តីស្រឡាញ់របស់ព្រះបានសម្តែងមក ឲ្យយើងខ្ញុំស្គាល់ ដោយទ្រង់ចាត់ព្រះរាជបុត្រាទ្រង់តែ១ ឲ្យមកក្នុងលោកីយ៍ ដើម្បីឲ្យយើងរាល់គ្នាបានរស់ដោយសារទ្រង់ នេះហើយជាសេចក្តីស្រឡាញ់ មិនមែនជាយើងបានស្រឡាញ់ព្រះនោះទេ គឺទ្រង់បានស្រឡាញ់យើងវិញទេតើ ហើយបានចាត់ព្រះរាជបុត្រាទ្រង់មក ទុកជាដង្វាយឲ្យធួននឹងបាបយើងរាល់គ្នាផង”(១យ៉ូហាន ៤:៩-១០)។
ត្រង់ចំណុចនេះ លោកហេនរីបានមានប្រសាសន៍ថា “អ្នកដឹកនាំសម្រាប់ពេលអនាគត ជាអ្នកដែលពិតជាស្គាល់ព្រះទ័យព្រះ ដែលបានយកកំណើតជាមនុស្ស។ ក្នុងព្រះអង្គ យើងរកឃើញ…
“គេងសម្រាក”
មានពេលមួយឆ្កែរបស់ខ្ញុំ មានការរំភើបចិត្តខ្លាំងពេក វាក៏ទៅជាប្រកាច់។ ដើម្បីកុំឲ្យមានរឿងនេះកើតឡើងនៅពេលក្រោយទៀត ខ្ញុំបានព្យាយាមរម្ងាប់អារម្មណ៍វា ដោយអង្អែលរោមវា និងនិយាយទៅកាន់វា ដោយសម្លេងស្រទន់ ហើយប្រាប់វាឲ្យក្រាបចុះ។ ប៉ុន្តែ នៅពេលដែលវាឮខ្ញុំនិយាយថា “ក្រោបចុះ” វាមិនមើលមុខខ្ញុំចំទេ ហើយក៏ចាប់ផ្តើមរអ៊ូរងូវៗ។ ទីបំផុត វាក៏រម្ងាប់អារម្មណ៍យ៉ាងឆាប់រហ័ស ទាំងចុះចូលនឹងខ្ញុំ រួចក៏ប្រាស់ខ្លួនដេកនៅលើកម្រាលឥដ្ឋ។
ជួនកាល យើងក៏ត្រូវនឹកចាំថា យើងត្រូវការការសម្រាកផងដែរ។ ក្នុងទំនុកដំកើង ជំពូក២៣ យើងឃើញថា អ្នកគង្វាលល្អបានឲ្យយើង “ដេកសម្រាកនៅទីមានស្មៅខៀវខ្ចី” ហើយទ្រង់នាំយើងទៅ “ក្បែរមាត់ទឹកដែលហូរគ្រឿនៗ”។ ព្រះអង្គជ្រាបថា យើងត្រូវការភាពស្ងប់រម្ងាប់និងការសម្រាក ពីព្រះអង្គ សូម្បីតែនៅពេលដែលយើងមិនបានដឹងខ្លួនក៏ដោយ។ ព្រះបានរចនារូបកាយរបស់យើងមក ឲ្យមានការសម្រាកជាទៀងទាត់។ ព្រះអង្គបានសម្រាកនៅថ្ងៃទី៧ បន្ទាប់ពីព្រះអង្គបានបង្កើតរបស់សព្វសារពើក្នុងរយៈពេល៦ថ្ងៃ(លោកុប្បត្តិ ២:២-៣ និក្ខមនំ ២០:៩-១១)។ ព្រះយេស៊ូវបានជ្រាបថា មានពេលដែលព្រះអង្គត្រូវធ្វើការបម្រើដល់ហ្វូងមនុស្ស និងមានពេលដែលព្រះអង្គត្រូវសម្រាក។ ជាក់ស្តែង ព្រះអង្គបានបង្រៀនពួកសិស្សឲ្យ “មកឯទីស្ងាត់ដោយឡែក នឹងឈប់សំរាកបន្តិចសិន”(ម៉ាកុស ៦:៣១)។
ពេលយើងបានសម្រាក យើងអាចប្រមូលអារម្មណ៍ឲ្យមូលឡើងវិញ ហើយមានភាពស្រស់ថ្លាឡើង។ ពេលដែលយើងមានសកម្មភាពយ៉ាងមមាញឹក ក្នុងពេលម៉ោងនីមួយៗ ទោះនោះជាកិច្ចការដែលសំខាន់ ឬមិនសូវសំខាន់ក្តី ជាញឹកញាប់ ព្រះអង្គសព្វព្រះទ័យឲ្យយើងបង្វែរអារម្មណ៍មករកព្រះអង្គវិញ ដោយ “ដេកសម្រាក”។ ការសម្រាកជាអំណោយ គឺអំណោយដ៏ល្អ…
យុទ្ធសាស្រ្តបន្ទាយនៅទទេ
រឿងសាមកុក ជារឿងប្រលោមលោកបែបប្រវត្តិសាស្រ្តរបស់ជនជាតិចិន ដែលក្នុងនោះ លោកលូ ក្វានសុង(Luo Guanzhoung) បានពិពណ៌នាអំពី “យុទ្ធសាស្រ្តបន្ទាយនៅទទេ” ដែលជាការប្រើចិត្តសាស្រ្ត ដើម្បីបោកប្រាស់សត្រូវឲ្យដកថយ។ ពេលដែលនគរវេលើកទ័ព១សែន៥ម៉ឺននាក់ ចូលមកដល់ក្រុងស៊ីចេង ដែលមានទ័ពតែ២ពាន់៥រយនាក់ ពួកគេក៏បានឃើញទ្វារក្រុងបើកចំហរ ហើយឃើញជូគើ លៀង ដែលជាកំពូលអ្នកប្រើក្បួនទ័ព កំពុងដេញពិណ យ៉ាងស្ងាត់ស្ងៀម ដោយមានក្មេងពីរនាក់អង្គុយជាមួយគាត់។ មេទ័ពរបស់នគរវេក៏មានការសង្ស័យ ហើយជឿថា នោះគ្រាន់តែជាអន្ទាក់ ក៏បានបញ្ជាឲ្យទ័ព ដកថយទាំងស្រុង។
ព្រះគម្ពីរក៏បាននិយាយ អំពីយុទ្ធសាស្រ្តសង្រ្គាមដែលធ្វើឲ្យខ្មាំងសត្រូវភាន់ច្រឡំផងដែរ។ ក្នុងព្រះគម្ពីរពួកចៅហ្វាយ ជំពូក៧ ព្រះបានបង្គាប់ឲ្យលោកគីឌាន ដឹកនាំពួកប្រុសៗ៣០០នាក់ ឲ្យប្រើត្រែស្នែង ក្អម និងចន្លុះ ជាយុទ្ធសាស្រ្តតទល់នឹងពួកខ្មាំងសត្រូវ ដែល“មានគ្នាច្រើនណាស់ ដូចជាកណ្តូប សត្វអូដ្ឋរបស់គេក៏មានច្រើនឥតគណនា ដូចជាខ្សាច់ដែលនៅមាត់សមុទ្រ”(ខ.១២)។
តើពួកអ៊ីស្រាអែលអាចឈ្នះខ្មាំងសត្រូវដែលខ្លាំងយ៉ាងនេះឬទេ? តាមសមត្ថភាពរបស់មនុស្ស គឺមិនអាចទៅរួចទេ!ពួកគេមិនមានគ្នាគ្រប់គ្រាន់ ហើយក៏គ្មានគ្រឿងសាស្រ្តាវុធផង។ ប៉ុន្តែ អ្វីដែលពួកគេមានដែលអាចជួយពួកគេបាន និងជាអ្វីដែលពួកគេត្រូវការនោះ គឺព្រះបន្ទូលសន្យារបស់ព្រះ ដែលព្រះអង្គបានមានបន្ទូលធានាដល់ពួកគេថា “អញនឹងជួយសង្គ្រោះឯងរាល់គ្នា ហើយប្រគល់ពួកម៉ាឌានមកក្នុងកណ្តាប់ដៃឯង ដោយសារមនុស្ស៣០០នាក់”(ខ.៧)។ តើពួកគេបានទទួលលទ្ធផលយ៉ាងណា? គឺពួកគេបានទទួលជ័យជម្នះដ៏អស្ចារ្យ!
តើអ្នកកំពុងតែប្រឈមមុខនឹងឧបស័គ្គ ដែលមិនអាចជម្នះបានឬ? ព្រះអម្ចាស់បានមានបន្ទូលថា “មើល អញនេះជាព្រះយេហូវ៉ា ជាព្រះនៃគ្រប់ទាំងសាសន៍ តើមានការអ្វីដែលពិបាកពេកដល់អញដែរឬ?”(យេរេមា…
សេចក្តីស្រឡាញ់ដែលគ្មានដែនកំណត់
ថ្មីៗនេះ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ បានផ្ញើអត្ថបទមួយ ដែលនិយាយអំពីប្រវត្តិរបស់ចម្រៀងទំនុកដំកើង ដែលខ្ញុំបានឮគេច្រៀងជាញឹកញាប់ កាលពីក្មេង ដែលវគ្គទី៣មានទំនុកដូចតទៅ :
បើជាសមុទ្រពេញដោយទឹកខ្មៅ ហើយមេឃជាផ្ទាំងក្រដាសទទេ
បើស្លាបប៉ាកកាមានច្រើនដូចស្មៅ នឹងមនុស្សសុទ្ធតែជាស្មៀនសរសេរ
នោះបើសរសេរពីព្រះហឫទ័យ ស្រឡាញ់ដល់មនុស្សសារព័ន
នឹងត្រូវពង្រីង សមុទ្ររលីង អស់ផ្ទៃមេឃក៏មិនគ្រាន់។
ពាក្យពេចន៍ទាំងនេះ ជាផ្នែកមួយនៃកំណាព្យរបស់ជនជាតិយូដា នៅសម័យបុរាណ ហើយគេធ្លាប់ឃើញកំណាព្យនោះ នៅលើជញ្ជាំងរបស់អ្នកជម្ងឺ ក្នុងមន្ទីរពេទ្យផ្លូវចិត្តផងដែរ។
លោកផ្រេដឺរិក អ៊ែម លេមែន (Frederick M. Lehman) មានការប៉ះពាល់ចិត្តយ៉ាងខ្លាំង ពេលបានអានបទកំណាព្យនេះ បានជាគាត់ចង់ពង្រីកបទកំណាព្យឲ្យកាន់តែវែង ធ្វើជាបទចម្រៀង។ ក្នុងឆ្នាំ១៩១៧ ពេលគាត់កំពុងអង្គុយញាំអាហារថ្ងៃត្រង់នៅលើកេសដាក់ក្រូចឆ្មា ក្នុងអំឡុងពេលសម្រាកពីការងារលីសែង គាត់ក៏បានបន្ថែមទំនុកបទពីរវគ្គទៀត និងបន្ថែមវគ្គបន្ទរ ពីលើបទកំណាព្យនេះ ហើយក៏តែងបានបទចម្រៀងទំនុកដំកើងមួយបទ ដែលមានចំណងជើងថា “សេចក្តីស្រឡាញ់នៃព្រះ”។
យ៉ាងណាមិញ អ្នកនិពន្ធទំនុកដំកើង បានផ្តល់ឲ្យនូវការកម្សាន្តចិត្ត ដែលយើងអាចរកបានក្នុងក្តីស្រឡាញ់របស់ព្រះ ក្នុងទំនុកដំកើង ជំពូក៣៦ ដែលបានចែងថា “ឱព្រះយេហូវ៉ាអើយ សេចក្តីសប្បុរសនៃទ្រង់ខ្ពស់ ដល់ផ្ទៃមេឃ សេចក្តីស្មោះត្រង់នៃទ្រង់ក៏ដល់ពពកផង”(ខ.៥)។ ទោះបីជាជីវិតរបស់យើងកំពុងស្ថិតក្នុងស្ថានភាពបែបណាក៏ដោយ គឺទោះយើងកំពុងមានអារម្មណ៍ច្របូកច្របល់ ឬស្មុគ្រស្មាញ ឬមួយកំពុងស្ថិតក្នុងពេលដ៏ខ្មៅងងឹតក៏ដោយ ក៏សេចក្តីស្រឡាញ់នៃព្រះជាពន្លឺនៃសេចក្តីសង្ឃឹម សម្រាប់ពេលបច្ចុប្បន្ន ជាប្រភពដែលមិនចេះរីងស្ងួតនៃកម្លាំង និងទំនុកចិត្ត។-Joe Stowell…
ការលើកទឹកចិត្តគ្នា
លោកយូសេន បុល(Usain Bolt) និងយ៉ូហាន ប្លេក(Yohan Blake) ជាកីឡាកររត់ប្រណាំរបស់ប្រទេសចាម៉ៃកា ដែលបានដណ្តើមបានជ័យជម្នះជាប្រវត្តិសាស្រ្ត ពេលដែលអ្នកទាំងពីរបានរត់ដល់ទីមុនគេ ក្នុងលេខរៀងទី១ និងទី២ ក្នុងការរត់ប្រណាំចម្ងាយ១០០ម៉ែត្រ និងចម្ងាយ២០០ម៉ែត្រ ក្នុងការប្រកួតអូឡាំពិក ឆ្នាំ២០១២ នៅទីក្រុងឡុង។ ទោះបីជាអ្នកទាំងពីរមានការប្រណាំប្រជែងគ្នាក្នុងការប្រកួតយកជើងឯកក៏ដោយ ក៏លោកបុលបានសរសើរលោកយ៉ូហាន ដែលជាដៃគូក្នុងការហ្វឹកហាត់ថា “ជាច្រើនឆ្នាំកន្លងមកនេះ លោកយ៉ូហានបានជួយឲ្យខ្ញុំក្លាយជាកីឡាករ ដែលល្អជាងមុន។ គាត់ពិតជាបានជួយជំរុញឲ្យខ្ញុំទៅមុខ ហើយជួយឲ្យខ្ញុំមានការប្រុងប្រយ័ត្ន និងការត្រៀមខ្លួនជានិច្ច”។ ការនេះបានបង្ហាញច្បាស់ថា អ្នកទាំងពីរបានលើកទឹកចិត្តគ្នាទៅវិញទៅមក ឲ្យបានទទួលជោគជ័យដ៏ល្អប្រសើរ នៅទីលានរត់ប្រណាំង។
យ៉ាងណាមិញ ក្នុងនាមជាអ្នកជឿព្រះគ្រីស្ទ យើងមានអភ័យឯកសិទ្ធិ និងការទទួលខុសត្រូវ នៅក្នុងការលើកទឹកចិត្តគ្នាទៅវិញទៅមក ក្នុងជំនឿរបស់យើង។ គឺដូចដែលអ្នកនិពន្ធព្រះគម្ពីរហេព្រើមានប្រសាសន៍ថា “ត្រូវឲ្យយើងពិចារណាមើលគ្នាទៅវិញទៅមកដែរ ដើម្បីនឹងបណ្តាលឲ្យមានសេចក្តីស្រឡាញ់ ហើយឲ្យប្រព្រឹត្តការល្អផង”(ហេព្រើ ១០:២៤)។
ព្រះវិហារមិនគ្រាន់តែជាស្ថាប័នសង្គមមួយប៉ុណ្ណោះទេ តែក៏ជាកន្លែងដែលនាំយើងឲ្យចូលទៅជិតព្រះ និងលាងសម្អាតអំពើបាបរបស់យើង ហើយជាកន្លែងដែលយើងអាចជួយគ្នាទៅវិញទៅមក ឲ្យមានការលូតលាស់កាន់តែមានលក្ខណៈដូចព្រះគ្រីស្ទ។ គោលបំណងនៃការជួបប្រជុំគ្នា ក្នុងរូបកាយតែមួយ គឺដើម្បីកំឡាចិត្ត និងលើកទឹកចិត្តគ្នាទៅវិញទៅមក(ខ.១៩-២៥)។
គ្មានគ្រីស្ទបរិស័ទណា អាចរស់នៅថ្វាយព្រះ តែម្នាក់ឯងឡើយ។ ដើម្បីរស់នៅតាមបំណងព្រះទ័យព្រះ យើងចាំបាច់ត្រូវរួមគ្នាជាសហគមន៍នៃអ្នកជឿព្រះ។ កាលណាយើងបានជួបជុំជាមួយគ្រីស្ទបរិស័ទដទៃទៀត សូមគិតអំពីមនុស្ស ដែលអ្នកអាចចូលទៅជិត ហើយលើកទឹកចិត្ត ដោយពាក្យសម្តី និងការប្រពឹ្រត្តរបស់អ្នក…
ថ្លែងប្រាប់នៅលើភ្នំ
ខ្ញុំមានការភ្ញាក់ផ្អើលណាស់ ពេលដែលបានដឹងថា មានអត្ថបទសារពត៌មានជាតិដែលគេបានចែកផ្សាយទូទាំងសហរដ្ឋអាមេរិក បានកោតសរសើរក្មេងជំទង់មួយក្រុម ដែលជាអ្នកជិះស្គីលើក្តាបន្ទះ ដែលបានធ្វើកម្មវិធីថ្វាយបង្គំព្រះប្រចាំសប្តាហ៍របស់ពួកជំនុំ នៅតាមចំណោតជិះស្គីមួយ ក្នុងរដ្ឋខូឡូរ៉ាដូ។ កាសែតសាំមិត ដេលីញូ បានចុះផ្សាយថា មានមនុស្សជាច្រើនមានការប៉ះពាល់ចិត្ត ពេលបានស្តាប់រឿង ដែលកញ្ញាឃីមបឺលី នីកូលេទី បានចែកចាយ អំពីក្មេងជំទង់ ដែលចូលចិត្តជិះស្គីលើក្តាបន្ទះ និងចូលចិត្តប្រាប់គេ អំពីការដែលព្រះគ្រីស្ទបានធ្វើឲ្យជីវិតខ្លួនផ្លាស់ប្រែ។ នៅទីនោះ មានអង្គការយុវជនគ្រីស្ទបរិស័ទមួយ បានជួយឧបត្ថម្ភក្មេងជំទង់ ដោយបណ្តុះបណ្តាលពួកគេ ឲ្យទៅចែកចាយ អំពីសេចក្តីស្រឡាញ់របស់ព្រះ។
ការធ្វើកិច្ចការអ្វីមួយ ដោយខ្លួនឯង គឺងាយស្រួលជាងការបណ្តុះបណ្តាលអ្នកដទៃ ឲ្យធ្វើកិច្ចការនោះ ប៉ុន្តែ ព្រះយេស៊ូវបានធ្វើការលះបង់ពេលវេលា និងកម្លាំង នៅក្នុងការបង្រៀនសាវ័កទាំង១២នាក់ ដើម្បីឈោងចាប់លោកិយ តាមរយៈពួកគេ។ ក្នុងអំឡុងពេលដែលមានមនុស្សជាច្រើន កំពុងស្រែកអំពាវសូមឲ្យព្រះអង្គប្រោសខ្លួនឲ្យជា ព្រះអង្គបានយាងឡើងភ្នំ ដែលនៅទីនោះ “ទ្រង់តម្រូវ១២នាក់ឲ្យបាននៅជាមួយនឹងទ្រង់ ដើម្បីទ្រង់បានចាត់គេ ឲ្យចេញទៅប្រកាសប្រដៅ”(ម៉ាកុស ៣:១៤)។
ក្នុងចំណោមអ្នកជិះស្គីលើក្តាបន្ទះ នៅរដ្ឋខូឡូរ៉ាដូ មានម្នាក់បានចែកចាយ អំពីការបណ្តុះបណ្តាលអំពីការបង្កើតសិស្ស យ៉ាងដូចនេះថា “កាលពីមុន ខ្ញុំមិនដែលអាចកសាងទំនាក់ទំនងជាមួយក្រុមគ្រួសារ ឬមិត្តភ័ក្រឲ្យបានល្អទេ។ ខ្ញុំបាននៅឆ្ងាយពីពួកគេ។ តែកម្មវិធីបណ្តុះបណ្តាលនេះ បានបង្រៀនឲ្យខ្ញុំស្គាល់សេចក្តីស្រឡាញ់របស់ព្រះ ព្រមទាំងបង្រៀនខ្ញុំ ឲ្យបើកចិត្ត ដើម្បីទៅឈោងចាប់អ្នកដទៃ”។
យើងនឹងមានសេចក្តីក្លាហាន នៅក្នុងការប្រព្រឹត្ត…
លប់រណ្តៅដែលបាក់ស្រុត
កាលពីចុងខែឧសភា ឆ្នាំ២០១០ ខ្យល់ព្យុះត្រូពិកអាហ្កាថា បានបក់បោកមកលើតំបន់អាមេរិកកណ្តាល ធ្វើឲ្យមានភ្លៀងធ្លាក់ខ្លាំង និងមានការបាក់ដី នៅកន្លែងជាច្រើន។ ពេលដែលខ្យល់ព្យុះនេះស្ងប់ ស្រាប់តែមានដីបាក់ស្រុតជារណ្តៅដ៏ធំមួយ ជម្រៅ៦០ម៉ែត្រ ក្នុងទីប្រជុំជន នៃទីក្រុងកាតេម៉ាឡា។ ការបាក់ស្រុតជារណ្តៅនេះ បានបណ្តាលឲ្យបាក់ស្រុតដីដែលក្បែរនោះ ដោយស្រូបទាញដី បង្គោលភ្លើង និងអគារកំពស់៣ជាន់មួយខ្នង ចូលទៅក្នុងដីដ៏ជ្រៅនោះ។
ការបាក់ស្រុតដីជារណ្តៅដ៏ធំដូចនេះ អាចនាំឲ្យមានមហន្តរាយដ៏ធ្ងន់ធ្ងរ ប៉ុន្តែ ការបាក់ស្រុតជារណ្តៅដែលកើតមានជាញឹកញាប់ ហើយនាំឲ្យមហន្តរាយបំផុតនោះ គឺការបាក់ស្រុត ដែលមានក្នុងចិត្តមនុស្សទៅវិញទេ។ គឺដូចដែលយើងឃើញមាន ក្នុងដំណើរជីវិតរបស់ស្តេចដាវីឌ ជាឧទាហរណ៍ស្រាប់។
បើគេមើលស្តេចដាវីឌតែសម្បកក្រៅ គឺឃើញការរស់នៅរបស់ទ្រង់មានភាពនឹងនរ តែទោះជាយ៉ាងណាក៏ដោយ តាមពិត ជីវិតខាងក្នុងរបស់ទ្រង់ បានតាំងនៅលើគ្រឹះដែលងាយបាក់បែក។ បន្ទាប់ពីទ្រង់បានប្រព្រឹត្តអំពីកំផឹតនិងការកំចាយឈាម ទ្រង់គិតថា ទ្រង់បានលាក់ទុកទង្វើរដ៏ពិសពល់នោះជិត មិនឲ្យគេដឹងទេ(២សាំយ៉ូអែល ១១-១២)។ ទោះជាយ៉ាងណាក៏ដោយ ព្រះក៏បានចាក់ចុចចិត្តទ្រង់យ៉ាងខ្លាំង បន្ទាប់ពីណាថាន បានមកជួបទ្រង់ ធ្វើឲ្យទ្រង់ដឹងខ្លួនថា ការលាក់ទុកអំពើបាបក្នុងជីវិតរបស់ទ្រង់ បានធ្វើឲ្យគ្រឹះនៃជីវិតខាងវិញ្ញាណរបស់ទ្រង់មានការបាក់ស្រុតជ្រៅទៅៗ។ ដូចនេះ ស្តេចដាវីឌក៏បានទទួលស្គាល់អំពើបាបរបស់ទ្រង់ នៅចំពោះព្រះ ដោយការប្រែចិត្ត(ទំនុកដំកើង ៣២:៥) ដើម្បីកុំឲ្យការបាក់ស្រុតខាងវិញ្ញាណ ប្រែជាកាន់តែអាក្រក់ទៅៗ។ ដូចនេះ ព្រះក៏បានគ្របបាំងអំពើបាបរបស់ស្តេចដាវីឌ ហើយក៏បានប្រទានឲ្យទ្រង់មានក្តីអំណរ ពីការអត់ទោសបាប។
ត្រង់ចំណុចនេះ យើងក៏នឹងបានពិសោធនឹងព្រះគុណព្រះផងដែរ ពេលដែលយើងសារភាពអំពើបាបរបស់យើង…