ការស្តាប់អ្នកដទៃនិយាយ
អ្នកស្រីជយស៍ ហូហ្គេត(Joyce Huggett) បាននិពន្ធសៀវភៅ ដែលមានចំណងជើងថា ការស្តាប់អ្នកដទៃ។ ក្នុងសៀវភៅនេះ គាត់បានលើកឡើងអំពីសារៈសំខាន់នៃការរៀនស្តាប់ និងឆ្លើយតបយ៉ាងមានប្រសិទ្ធិភាព ទៅកាន់អ្នកដែលកំពុងស្ថិតក្នុងស្ថានភាពដ៏ពិបាក។ គាត់បានចែកចាយអំពីបទពិសោធន៍ដែលគាត់មាន នៅក្នុងការស្តាប់អ្នកដែលកំពុងតែមានទុក្ខលំបាក ហើយគាត់បានមានប្រសាសន៍ថា ពួកគេច្រើនតែអរគុណគាត់ សម្រាប់ការគ្រប់យ៉ាងដែលគាត់បានធ្វើសម្រាប់ពួកគេ។ ប៉ុន្តែ គាត់បានសរសេរក្នុងសៀវភៅនោះថា តាមពិត “មានពេលជាច្រើនដង ដែលខ្ញុំមិនបានធ្វើអ្វីទេ។ ខ្ញុំគ្រាន់តែស្តាប់ពួកគេនិយាយប៉ុណ្ណោះ។ ដូចនេះ គាត់ក៏បានសន្និដ្ឋានថា “ការស្តាប់អ្នកដទៃនិយាយ” ក៏អាចជាវិធីសាស្រ្តដ៏មានប្រសិទ្ធិភាព សម្រាប់ជួយអ្នកដែលមានទុក្ខ។
ពេលលោកយ៉ូបមានទុក្ខជាទម្ងន់ មិត្តសំឡាញ់របស់គាត់ក៏បានជួយគាត់ តាមរបៀបនេះផងដែរ។ ជាការពិតណាស់ ពួកគេបានអង្គុយនៅដី ជាមួយនឹងគាត់អស់៧យប់៧ថ្ងៃ ឥតមានអ្នកណានិយាយទៅគាត់១ម៉ាត់សោះ ដោយឃើញថា “គាត់មានសេចក្តីទុក្ខជាទម្ងន់ណាស់”(២:១៣)។ តែពេលដែលលោកយ៉ូបចាប់ផ្តើមនិយាយ ពួកគេមិនបានស្តាប់គាត់ទេ គឺគិតតែពីខំនិយាយហើយ និយាយទៀត តែនៅតែមិនបានកម្សាន្តចិត្តគាត់ទេ(១៦:២)។ បានជាគាត់ស្រែកឡើងថា “ឱបើមានអ្នកណាមួយស្តាប់ខ្ញុំទៅ!”(៣១:៣៥)
ដូចនេះ យើងត្រូវស្តាប់អ្នកដែលមានទុក្ខនិយាយ ដោយគិតក្នុងចិត្តថា “អ្វីដែលសំខាន់ចំពោះអ្នក ក៏សំខាន់ចំពោះខ្ញុំដែរ”។ ជួនកាល អ្នកដែលមានទុក្ខ ចង់បានការប្រឹក្សាយោបលពីអ្នកដទៃ។ ប៉ុន្តែ ជាញឹកញាប់ ពួកគេគ្រាន់តែចង់ឲ្យគេស្តាប់ខ្លួននិយាយ ដោយសេចក្តីស្រឡាញ់ និងការយកចិត្តទុកដាក់។
ការស្តាប់អ្នកដទៃ មិនមែនជាការងាយស្រួលទេ ហើយក៏ត្រូវចំណាយពេលច្រើនផង។ យើងត្រូវចំណាយពេលច្រើន គឺច្រើនល្មមនឹងអាចស្តាប់អ្នកដទៃរៀបរាប់…
យុថ្កា ពេលមានខ្យល់ព្យុះ
ពេលដែលលោកម៉ាត(Matt) និងអ្នកស្រីយេស៊ីកា(Jessica) ព្យាយាមបើកទូកក្តោងចូលតាមដៃសមុទ្រ នៃរដ្ឋផ្លូរីដា ក្នុងអំឡុងពេលខ្យល់ព្យុះស៊ែនឌី ទូកក្តោងរបស់ពួកគេក៏បានជាប់គឿង។ ពេលដែលមានទឹករលកធំៗបក់បោកមក នៅជុំវិញខ្លួនពួកគេ ពួកគេក៏បានប្រញាប់ទម្លាក់យុថ្កា។ យុថ្កានោះបានជួយទប់ទូកក្តោងឲ្យនៅនឹងមួយកន្លែង ទំរំាតែក្រុមជួយសង្រ្គោះមកដល់។ ពួកគេបាននិយាយថា បើសិនជាពួកគេមិនបានទម្លាក់យុថ្កាទេ ពួកគេមុខជាបាត់បង់ទូកក្តោងនោះមិនខាន។ បើគ្មានយុថ្កានោះទេ ទឹករលកដ៏សាហាវប្រាកដជាបោកទូកផ្ទប់នឹងច្រាំងហើយ។
យ៉ាងណាមិញ យើងត្រូវការយុថ្កា ដែលជួយទប់យើងយ៉ាងមានសុវត្ថិភាព ក្នុងជីវិតខាងវិញ្ញាណផងដែរ។ ពេលព្រះត្រាសហៅលោកយ៉ូស្វេ ឲ្យដឹកនាំរាស្ត្ររបស់ព្រះអង្គ បន្ទាប់ពីលោកម៉ូសេបានទទួលមរណៈភាព ព្រះអង្គបានប្រទានព្រះបន្ទូលសន្យា ជាយុថ្កា ដែលគាត់អាចពឹងផ្អែកបាន ក្នុងពេលមានបញ្ហា។ គឺដូចដែលព្រះអម្ចាស់មានបន្ទូលមកគាត់ថា ព្រះអង្គមិនដែលខាននឹងប្រោសគាត់ ក៏មិនដែលបោះបង់ចោលគាត់ឡើយ … ដ្បិតព្រះយេហូវ៉ាជាព្រះនៃគាត់ ទ្រង់គង់ជាមួយនៅកន្លែងណាដែលគាត់ទៅ(យ៉ូស្វេរ ១:៥-៩)។ ព្រះអង្គក៏បានប្រទាន “ក្រឹត្យវិន័យ” សម្រាប់ឲ្យលោកយ៉ូស្វេ និងរាស្រ្តរបស់ព្រះអង្គ សិក្សា និងអនុវត្តតាមផងដែរ(ខ.៧-៨)។ ដូចនេះ ព្រះវត្តមានព្រះជាយុថ្កា ដែលពួកអ៊ីស្រាអែលអាចពឹងផ្អែក ពេលដែលពួកគេជួបឧបស័គ្គជាច្រើន នៅខាងមុខ។
ពេលដែលយើងកំពុងតែមានទុក្ខលំបាក ឬពេលដែលការសង្ស័យកំពុងតែគំរាមកំហែងសេចក្តីជំនឿរបស់យើង តើយើងមានអ្វីជាយុថ្កា? យើងអាចរកឃើញចម្លើយ សម្រាប់សំណួរនេះ ក្នុងបទគម្ពីរ យ៉ូស្វេ ១:៥។ ទោះបីជាយើងប្រហែលជាមានអារម្មណ៍ថា ខ្លួនមានសេចក្តីជំនឿខ្សោយក៏ដោយ ព្រះអង្គនឹងនៅតែជួយទប់យើងឲ្យជាប់ ប្រកបដោយសុវត្ថិភាព បើសិនជាសេចក្តីជំនឿយើងបានបោះយុថ្កា នៅក្នុងព្រះបន្ទូលសន្យា និងព្រះវត្តមានព្រះ។-Anne…
កាលពីព្រេងនាយ
អ្នកខ្លះនិយាយថា ព្រះគម្ពីរគ្រាន់តែជាសៀវភៅរឿងប្រឌិតសម្រាប់កូនក្មេង។ ព្រោះពួកគេមិនជឿថា មានក្មេងប្រុសដែលអាចសម្លាប់យក្ស ឬមានមនុស្សដែលអាចរស់នៅក្នុងពោះត្រីបានបីថ្ងៃ ឬមួយមានលោកណូអេ ដែលអាចសង់ទូកដ៏ធំសម្រាប់ដាក់សត្វដ៏ច្រើនសណ្ឋិកបានទេ។ សូម្បីតែអ្នកកាន់សាសនាខ្លះ បានគិតថា រឿងទាំងនេះគ្រានតែជារឿងដែលពិរោះស្តាប់ សម្រាប់បង្រៀនមនុស្សឲ្យមានសីលធម៌ល្អប៉ុណ្ណោះ។
ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានមានបន្ទូលអំពីរឿងទាំងនោះ ដោយចាត់ទុកជាព្រឹត្តិការណ៍ដែលបានកើតឡើងពិតៗ។ គឺដូចដែលព្រះអង្គមានបន្ទូលថា “ដ្បិតកាលណាកូនមនុស្សមក នោះនឹងបានដូចជានៅជំនាន់លោកណូអេដែរ ដ្បិតនៅគ្រាមុនទឹកជន់លិច នោះគេកំពុងតែស៊ីផឹក ហើយរៀបការប្តីប្រពន្ធ ដរាបដល់ថ្ងៃដែលលោកណូអេចូលទៅក្នុងទូកធំ គេឥតបានដឹងខ្លួនឡើយ ទាល់តែទឹកជន់ឡើង យកគេទៅទាំងអស់គ្នា នោះដល់កាលណាកូនមនុស្សមក ក៏នឹងមានដូច្នោះដែរ”(ម៉ាថាយ ២៤:៣៧-៣៩)។
ព្រះអង្គនឹងយាងមកវិញ នៅពេលដែលយើងមិនដឹងខ្លួន។ ព្រះយេស៊ូវបានប្រៀបធៀបការដែលលោកយ៉ូណាស នៅក្នុងពោះត្រីអស់បីថ្ងៃ ទៅនឹងការដែលព្រះអង្គនៅក្នុងផ្នូរអស់បីថ្ងៃ មុនពេលមានព្រះជន្មឡើងវិញ(ម៉ថាយ ១២:៤០)។ ហើយលោកពេត្រុស បានមានប្រសាសន៍អំពីលោកណូអេ និងទឹកជំនន់ ដោយប្រដូចរឿងនោះ ទៅនឹងការដែលព្រះអង្គនឹងយាងមកវិញ នៅពេលអនាគត(២ពេត្រុស ២:៤-៩)។
ព្រះប្រទានព្រះបន្ទូលព្រះអង្គ ក្នុងព្រះគម្ពីរបរិសុទ្ធ ដែលមានពេញដោយសេចក្តីពិត មិនមែនជារឿងប្រឌិតទេ។ ហើយនៅថ្ងៃមួយ យើងនឹងបានរស់នៅ ដោយអំណរជារៀងរហូត ជាមួយព្រះអង្គ ពេលព្រះអង្គយាងមកវិញ ដើម្បីទទួលកូនព្រះអង្គ ទៅនៅជាមួយព្រះអង្គ។-Cindy Hess Kasper
ការរំខាន
មានពេលមួយខ្ញុំ និងប្អូនស្រីរបស់ខ្ញុំ បានទន្ទឹងរង់ចំាពេល ដែលយើងនឹងទៅដើរលេង នៅប្រទេសតៃវ៉ាន់។ យើងបានទិញសំបុត្រយន្តហោះ ហើយបានកក់បន្ទប់សណ្ឋាគារ។ ក្រោយមក នៅសល់ពេលតែ២អាទិត្យទៀតប៉ុណ្ណោះ យើងនឹងចាប់ផ្តើមធ្វើដំណើរហើយ ប៉ុន្តែ ប្អូនស្រីរបស់ខ្ញុំត្រូវនៅផ្ទះ នៅប្រទេសសឹង្ហបូរី ព្រោះនាងមានកិច្ចការបន្ទាន់មួយដែលត្រូវធ្វើ។ ពេលនោះ យើងមានការសោកស្តាយណាស់ ដែលផែនការរបស់យើងជួបការរំខានដូចនេះ។
ពេលដែលពួកសិស្សរបស់ព្រះយេស៊ូវរួមដំណើរជាមួយព្រះអង្គ ក្នុងបេសកកម្មបន្ទាន់មួយ ការធ្វើដំណើររបស់ពួកគេក៏មានការរំខានផងដែរ(ម៉ាកុស ៥:២១-៤២)។ កាលនោះ កូនស្រីរបស់លោកយ៉ៃរ៉ុស ដែលជាមេសាលាប្រជុំ ជិតស្លាប់ហើយ។ ព្រះអង្គត្រូវប្រញាប់ធ្វើដំណើរទៅផ្ទះរបស់គាត់។ បន្ទាប់មក ព្រះយេស៊ូវស្រាប់តែឈប់ហើយ មានបន្ទូលថា “អ្នកណាពាល់អាវខ្ញុំ”(ខ.៣០)។
ពួកសាវ័កក៏បានទូលព្រះអង្គថា “ទ្រង់ឃើញថាហ្វូងមនុស្សប្រជ្រៀតទ្រង់ដែរ ម្តេចឡើយក៏មានព្រះបន្ទូលថា អ្នកណាពាល់ទ្រង់ដូច្នេះ?”(ខ.៣១)។ ប៉ុន្តែ ព្រះយេស៊ូវជ្រាបថា បញ្ហានោះជាឱកាសសម្រាប់ជួយស្ត្រីម្នាក់ ដែលកំពុងមានទុក្ខវេទនា។ ជម្ងឺរបស់នាង បានធ្វើឲ្យមានភាពមិនស្អាត តាមក្រឹត្យវិន័យ ហើយមិនអាចចូលរួមក្នុងជីវភាពសហគមន៍ អស់រយៈពេល១២ឆ្នាំហើយ!(មើលលេវីវិន័យ ១៥:២៥-២៧)
ពេលដែលព្រះយេស៊ូវកំពុងមានបន្ទូលជាមួយស្ត្រីនេះ កូនស្រីរបស់លោកយ៉ៃរ៉ុសក៏បានស្លាប់។ ព្រះអង្គមិនបានយឺតពេល ក្នុងការសង្រ្គោះជីវិតកូនស្រីរបស់គាត់ឡើយ ព្រោះក្រោយមក ព្រះអង្គបានប្រោសនាងឲ្យរស់ឡើងវិញ។ ដូចនេះ ការពន្យាពេលនេះ បានអនុញ្ញាតឲ្យលោកយ៉ៃរ៉ុសមានការយល់ដឹងកាន់តែស៊ីជម្រៅ អំពីព្រះយេស៊ូវ និងអំណាចចេស្តាព្រះអង្គ ដែលមិនគ្រាន់តែអាចប្រោសឲ្យជាប៉ុណ្ណោះទេ តែថែមទាំងអាចប្រោសមនុស្សស្លាប់ឲ្យរស់ឡើងវិញ! ជួនកាល ការខកចិត្តរបស់យើង អាចជាការរៀបចំរបស់ព្រះ…
កិច្ចការដែលត្រូវធ្វើមុនពេលស្លាប់
ថ្មីៗនេះ មិត្តភ័ក្តរបស់ខ្ញុំម្នាក់បានសម្រេចកិច្ចការមួយ ក្នុងចំណោមកិច្ចការជាច្រើន ដែលគាត់ចង់ធ្វើមុនពេលគាត់ស្លាប់។ គឺគាត់បាននាំប្អូនស្រីរបស់គាត់ទៅដើរលេងនៅទ្វីបអឺរ៉ុប។ គាត់បានធ្វើដំណើរទៅទីនោះ ជាច្រើនដងហើយ តែប្អូនស្រីគាត់មិនដែលបានទៅទេ។ ខ្ញុំស្ញើចសរសើរគាត់ ចំពោះការដែលគាត់មិនមានចិត្តអាត្មានិយម ដោយបានរាប់បញ្ចូលការនេះ ជាគោលដៅមួយក្នុងចំណោមគោលដៅជាច្រើន ដែលគាត់ចង់សម្រចមុនពេលគាត់លាចាកលោក។ រឿងនេះ បាននាំឲ្យខ្ញុំសួរខ្លួនឯងថា តើខ្ញុំមានក្តីស្រមៃ និងគោលដៅណាខ្លះ ដែលបានផ្តោតទៅលើប្រយោជន៍របស់អ្នកដទៃ ជាជាងគិតតែប្រយោជន៍ខ្លួនឯង។
បទគម្ពីរ រ៉ូម ១២:៦-២១ បានចែងអំពីអំណោយទានដែលព្រះប្រទានមកយើង ដែលជាអវយវៈនៃរូបកាយព្រះគ្រីស្ទ និងអំពីរបៀបដែលយើងគួរប្រើអំណោយទាំងនោះ ក្នុងការរស់នៅប្រចាំថ្ងៃ។ អំណោយទានទាំងអស់នោះ សុទ្ធតែផ្តោតទៅខាងក្រៅ។ ឧទាហរណ៍ ការបង្រៀនមិនមែនសម្រាប់បំពេញចិត្តគ្រូបង្រៀនទេ តែសម្រាប់ជាប្រយោជន៍ដល់អ្នកដទៃ។ ហើយអំណោយទានដទៃទៀត ដែលមានចែងក្នុងខ.៦ ដល់ ខ.៨ ក៏សម្រាប់ប្រយោជន៍អ្នកដទៃផងដែរ។ សាវ័កប៉ុលបាននិយាយសង្ខេប អំពីការគិតពីប្រយោជន៍អ្នកដទៃ ដោយជំរុញយើង ឲ្យស្រឡាញ់គ្នាជាបងជាប្អូន ទាំងមានចិត្តប្តូរផ្តាច់ចំពោះគ្នាទៅវិញទៅមក ហើយឲ្យគោរពអ្នកដទៃឲ្យលើសខ្លួនឯង(ខ.១០)។
សាវ័កប៉ុលបានអនុវត្តតាមការបង្រៀននេះ ធ្វើជាគំរូ ដោយរាប់បញ្ចូលអ្នកដទៃក្នុងការងាររបស់គាត់ ហើយបានប្រើជីវិតគាត់ជាទន់ សម្រាប់គ្រីស្ទបរិស័ទជំនាន់ក្រោយ។ គាត់បានប្រព្រឹត្ត ដោយចិត្តសប្បុរស ដោយភាពចៅរ៉ាវ ការអត់ទោស និងការអាណិត ដល់អ្នកដទៃ។
ដូចនេះ គោលដៅ ក្នុងការរស់នៅរបស់យើង គួរតែរាប់បញ្ចូលការប្រើអំណោយទានដែលព្រះប្រទាន សម្រាប់ជាប្រយោជន៍អ្នកដទៃ។-David McCasland
ទីប្រឹក្សាច្រើន
លោកថូម៉ាស អ័ ខេមភីស(Thomas à Kempis) ដែលជាទេវវិទូ នៅសតវត្សរ៍ទី១៥ បានមានប្រសាសន៍ថា “តើមានអ្នកប្រាជ្ញណា ដែលមានចំណេះដឹងសព្វគ្រប់គ្មានកន្លែងចន្លោះ? ដូចនេះ ចូរកុំទុកចិត្តលើគំនិតរបស់ខ្លួនឯងពេក តែចូរត្រៀមចិត្ត ដើម្បីស្តាប់យោបលអ្នកដទៃផង”។ ទោះបីជាអ្នកមានទស្សនៈល្អក៏ដោយ តែបើអ្នកស្រឡាញ់ព្រះ នោះមានពេលខ្លះ អ្នកត្រូវអនុវត្តតាមទស្សនៈរបស់អ្នកដទៃ ដែលស្របតាមបំណងព្រះទ័យព្រះវិញ ដែលនាំឲ្យចំណេញជាង”។ លោកថូម៉ាសបានទទួលស្គាល់ សារៈសំខាន់នៃការសុំយោបល ពីទីប្រឹក្សាដែលយើងអាចទុកចិត្តបាន ពេលដែលយើងធ្វើផែនការសម្រាប់ជីវិតយើង។
ដើម្បីរស់នៅតាមបំណងព្រះទ័យព្រះ មនុស្សដែលឆ្លាតវ័យ គួរតែបើកចិត្ត ទទួលយោបលពីអ្នកដទៃ ដែលព្រះអាចប្រើ ដើម្បីនាំមកនូវប្រាជ្ញា សម្រាប់ដឹកនាំជីវិត។ ពេលដែលមនុស្សម្នាក់ស្វែងរកយោបលដ៏ឆ្លាតវ័យពីអ្នកដទៃ គាត់កំពុងតែបង្ហាញថា ខ្លួនអាចមើលរំលងចំណុចសំខាន់ៗមួយចំនួន ក្នុងការសម្រេចចិត្ត។
ស្តេចសាឡូម៉ូន ជាមនុស្សដែលឆ្លាតបំផុតរបស់ជនជាតិអ៊ីស្រាអែល បានសរសេរអំពីសារៈសំខាន់ នៃការទទួលយោបលពីអ្នកដទៃ។ គឺដូចដែលមានសេចក្តីចែងថា “ទីណាគ្មានការប្រឹក្សា នោះមិនបានតាមចិត្តប៉ងទេ តែបើមានអ្នកណាជួយគំនិតជាច្រើន នោះនឹងកើតការវិញ”(សុភាសិត ១៥:២២)។
ព្រះអម្ចាស់ជាអ្នកប្រឹក្សាយោបលដ៏អស្ចារ្យ(អេសាយ ៩:៦) ហើយព្រះអង្គសព្វព្រះទ័យនឹងការពារយើង តាមរយៈទីប្រឹក្សាដែលឆ្លាតវ័យ និងកោតខ្លាចព្រះ។ ចូរសុំយោបលពីពួកគេ ហើយអរព្រះគុណព្រះ សម្រាប់យោបលល្អៗដែលពួកគេផ្តល់ឲ្យ។ ពួកគេអាចជួយឲ្យយើងអាចមើលឃើញផែនការរបស់ព្រះអង្គ កាន់តែច្បាស់ ដែលព្រះអង្គមានសម្រាប់ជីវិតអ្នក។-Marvin Williams
ជាសះស្បើយយឺតៗ
បន្ទាប់ពីកូនប្រុសរបស់ខ្ញុំ ចូលធ្វើទាហានរបស់សហរដ្ឋអាមេរិកបាន៤សប្តាហ៍ គាត់បានមានរបួសក្បាលជង្គង់យ៉ាងធ្ងន់ធ្ងរ ក្នុងការហ្វឹកហាត់។ ហេតុនេះហើយ គេក៏បានអនុញ្ញាតឲ្យគាត់ឈប់ធ្វើទាហាន។ ដូចនេះ គាត់បានប្រើឈើច្រត់ដើរអស់មួយរយៈពេល ក្នុងវ័យ១៩ឆ្នាំ ហើយដោយសារភាពធ្ងនធ្ងរនៃរបួសនោះ គាត់ត្រូវអត់ទ្រាំនឹងការលំបាកអស់រយៈពេល២ឆ្នាំ ទំរាំតែជាសះស្បើយ ដោយការសម្រាក និងស្តាឡើងវិញ។ ទីបំផុត គាត់ក៏អាចដោះទ្រនាប់ក្បាលជង្គង់ ដែលគាត់បានពាក់តាំងពីថ្ងៃមានគ្រោះថ្នាក់។ ទោះបីជាក្បាលជង្គង់គាត់ នៅឈឺខ្លះៗ ក៏ដោយ ក៏ដំណើរការដ៏វែងអន្លាយ និងយឺតៗ នៃការជាសះស្បើយ បាននាំឲ្យគាត់អាចប្រើប្រាស់ជើងគាត់ទាំងស្រុងឡើងវិញ។
ការជាសះស្បើយខាងរូបកាយ ច្រើនតែមានភាពយឺតយ៉ាវជាងការរំពឹងទុករបស់យើង។ ពេលខ្លះ ការប្រោសឲ្យជាខាងវិញ្ញាណក៏មានដំណើរយឺតៗ ដូចនេះផងដែរ។ ផលវិបាក ដែលទទួលបានពីការសម្រេចចិត្តខុស ឬទទួលបានពីទង្វើអាក្រក់របស់អ្នកដទៃ អាចនាំឲ្យយើងមានបន្ទុក ឬមានរបួសក្នុងចិត្ត ដែលយើងអត់ទ្រាំអស់មួយជីវិត។ ប៉ុន្តែ សម្រាប់យើងដែលជាកូនរបស់ព្រះ យើងមានក្តីសង្ឃឹម។ ទោះបីជា មានរបួសខ្លះមិនបានជាសះស្បើយទាំងស្រុង ក្នុងមួយជីវិតនេះក៏ដោយ ក៏ព្រះទ្រង់បានសន្យាយ៉ាងច្បាស់ថា នៅទីបញ្ចប់ យើងនឹងបានជាសះស្បើយមួយរយភាគរយ។ គឺដូចដែលសាវ័កយ៉ូហានបានមានប្រសាសន៍ថា “ព្រះទ្រង់នឹងជូតអស់ទាំងទឹកភ្នែក ពីភ្នែកគេចេញ និងគ្មានសេចក្តីស្លាប់ ឬសេចក្តីសោកសង្រេង ឬសេចក្តីយំទួញ ឬទុក្ខលំបាកណាទៀតឡើយ ដ្បិតសេចក្តីមុនទាំងប៉ុន្មាន បានកន្លងបាត់ទៅហើយ”(វិវរណៈ ២១:៤)។
ក្នុងរដូវកាលនៃការឈឺចាប់របស់យើង យើងអាចមានការកម្សាន្តចិត្ត ដោយដឹងថា នៅទីបំផុត ព្រះវត្តមានដ៏អស្ចារ្យរបស់ព្រះអង្គ នឹងជួយឲ្យយើងបានជាស្អាតជារៀងរហូត។-Bill…
ល្អតែសម្បកក្រៅ
មានពេលមួយខ្ញុំបានទៅកាត់សក់។ ពេលកាត់សក់ហើយ ជាងកាត់សក់បានប្រាប់ខ្ញុំថា សក់របស់ខ្ញុំពិតជាមានសុខភាពល្អមែន។ គាត់សង្ឃឹមថា សក់ខ្ញុំល្អដោយសារផលិតផលរបស់គាត់។ តែខ្ញុំបានសុំទោសគាត់ ហើយប្រាប់គាត់ថា ខ្ញុំគ្រាន់តែប្រើផលិតផលណា ដែលថោក ហើយមានក្លិនល្អ។ បន្ទាប់មក ខ្ញុំក៏ប្រាប់គាត់ទៀតថា ខ្ញុំក៏បានព្យាយាមញាំអាហារល្អៗផងដែរ។ ខ្ញុំគិតថា ការញាំអាហារល្អៗជាកត្តាចម្បងដែលធ្វើឲ្យសក់ខ្ញុំមានសុខភាពល្អ។
ពេលខ្ញុំគិតអំពីការអ្វី ដែលធ្វើឲ្យយើងមានរូបសម្បត្តិល្អ ខ្ញុំក៏បាននឹកចាំ អំពីការខ្លះដែលយើងធ្វើ ដែលនាំឲ្យយើងមានវិញ្ញាណល្អផងដែរ។ ព្រះយេស៊ូវបានមានបន្ទូលអំពីបញ្ហានេះ ជាមួយនឹងអ្នកដឹកនាំសាសនា ក្នុងទីក្រុងយេរូសាឡិម(ម៉ាថាយ ២៣)។ ពួកគេបានអនុវត្តតាមក្រឹត្យវិន័យខាងសាសនា ដែលរញេរញ៉ៃខុសពីក្រិត្យវិន័យដែលព្រះបានប្រទានឲ្យ។ ពួកគេបានខិតខំធ្វើឲ្យគេយល់ថា ខ្លួនជាមនុស្សល្អ ដើម្បីបង្ហាញថា ពួកគេល្អជាងអ្នកដទៃ។ ប៉ុន្តែ ការខិតខំរបស់ពួកគេមិនបានធ្វើឲ្យព្រះស្ញើចសរសើរឡើយ។ ព្រះយេស៊ូវបានមានបន្ទូលទៅកាន់ពួកគេថា “វេទនាដល់អ្នករាល់គ្នា ពួកអាចារ្យ និងពួកផារិស៊ី ជាមនុស្សកំពុតអើយ ដ្បិតអ្នករាល់គ្នាលាងចានលាងថាសតែខាងក្រៅ ឯខាងក្នុងវិញ នោះពេញដោយអំពើប្លន់ និងសេចក្តីហួសខ្នាតទទេ”(ខ.២៥)។ ការអ្វីដែលពួកផារិស៊ីបានធ្វើ ដើម្បីឲ្យអ្នកដទៃគិតថា ខ្លួនជាមនុស្សល្អ គឺពិតជាបានបង្ហាញថា ពួកគេមិនមែនជាមនុស្សល្អទាល់តែសោះ។
វប្បធម៌នីមួយៗបានឲ្យតម្លៃ ទៅលើការខិតខំធ្វើអំពើល្អ តាមការបង្រៀន និងទំនៀមទម្លាប់របស់សាសនាខុសៗគ្នា ប៉ុន្តែ ព្រះទ្រង់ឲ្យតម្លៃ ទៅលើវិញ្ញាណដែលបានផ្លាស់ប្រែ។ ហើយការអ្វីដែលព្រះអង្គឲ្យតម្លៃ មិនអាចវាស់ស្ទង់ ដោយការអ្វីដែលមនុស្សបានឃើញឡើយ។ ព្រះទ្រង់ឲ្យតម្លៃ ទៅលើចិត្តដែលស្អាត និងបំណងដែលល្អ។…
កំណើតថ្មី
តើទារកដែលធ្វើឲ្យយើងញញឹម មានអ្វីដែលពិសេស? ជាការពិតណាស់ មនុស្សជាច្រើនទុកកិច្ចការរបស់ខ្លួនចោលសិន ដើម្បីមកផ្តុំគ្នាមើល ពេលបានឮសម្លេង ឬបានឃើញទារកដ៏គួរឲ្យស្រឡាញ់នោះ។ ខ្ញុំបានកត់សំគាល់រឿងនេះ ពេលដែលខ្ញុំមកលេងឪពុករបស់ខ្ញុំ នៅផ្ទះមើលថែរមនុស្សចាស់ជរា។ ទោះបីជាភាគច្រើននៃមនុស្សចាស់ជរាដែលស្នាក់នៅទីនោះ ត្រូវផ្លាស់ទីដោយប្រើកៅអីរុញ ហើយមានជម្ងឺវង្វេងវង្វាន់ក៏ដោយ ក៏ពន្លឺនៃក្តីអំណរអាចលេចឡើងនៅលើកែវភ្នែករបស់ពួកគេ ពេលដែលមានគ្រួសារមួយ បានមកលេងផ្ទះនោះ ដោយនាំទារកម្នាក់ មកជាមួយផង។ ពីដំបូង ពួកគេមានការស្ទាក់ស្ទើរ តែក្រោយមកពន្លឺនៃក្តីអំណរនោះ ក៏បានប្រែក្លាយជាស្នាមញញឹមនៅលើផ្ទះមុខរបស់ពួកគេ។ ខ្ញុំមានចិត្តរំភើបយ៉ាងខ្លាំង ពេលបានឃើញដូចនេះ។
ទារកនាំឲ្យគេមានស្នាមញញឹម ប្រហែលមកពីភាពអស្ចារ្យនៃជីវិតរបស់ទារកតូចដែលទើបចាប់កំណើត ដែលមានតម្លៃណាស់ ហើយក៏មានការសន្យាជាច្រើនកំពុងរង់ចាំវា។ ការមើលឃើញទារក អាចរំឭកយើង អំពីព្រះដ៏គួរស្ញែងខ្លាចនៃយើង និងអំពីក្តីស្រឡាញ់ដ៏អស្ចារ្យ ដែលព្រះអង្គមានសម្រាប់យើង។ ព្រះអង្គស្រឡាញ់យើងណាស់ បានជាព្រះអង្គប្រទានជីវិតដល់យើង ហើយឲ្យយើងចេញជារូបរាង្គក្នុងផ្ទៃម្តាយយើង។ គឺដូចមានសេចក្តីចែងមកថា “ទ្រង់បានបង្កើតចិត្តថ្លើមនៃទូលបង្គំ ហើយបានផ្សំគ្រឿងនៃទូលបង្គំនៅក្នុងផ្ទៃម្តាយ”(ទំនុកដំកើង ១៣៩:១៣)។
ព្រះអង្គមិនគ្រាន់តែបានប្រទានឲ្យយើងមានជីវិតខាងសាច់ឈាមប៉ុណ្ណោះទេ តែថែមទាំងឲ្យយើងមានកំណើតជាថ្មី ខាងវិញ្ញាណទៀតផង(យ៉ូហាន ៣:៣-៨)។ ព្រះបានសន្យាអ្នកជឿទាំងអស់ ថានឹងប្រទានរូបកាយថ្មី និងជីវិតអស់កល្ប ពេលព្រះយេស៊ូវយាងមកវិញម្តងទៀត(១កូរិនថូស ១៥:៥០-៥២)។
ជីវិតខាងសាច់ឈាម និងកំណើតជាថ្មីខាងវិញ្ញាណ គឺជាអំណោយពីព្រះហស្តព្រះវរបិតា សម្រាប់ឲ្យយើងអបអរសប្បាយ។-Alyson Kieda, អ្នកកែសម្រួលអត្ថបទរបស់អង្គការនំម៉ាណាប្រចាំថ្ងៃ។
ពាក្យដែលត្រូវអនុវត្តតាម
អស់កាលជាយូរមកហើយ ដែលខ្ញុំបានរក្សាទុកនូវឯកសារ ក្នុងសឺមីមួយដែលមានបិទផ្លាកពីលើថា “ការនិយាយ” ។ សឺមីនោះមានពេញទៅដោយឯកសារដែលជាអត្ថបទ ពាក្យដកស្រង់ និងសេចក្តីពន្យល់ ដែលអាចមានប្រយោជន៍នៅពេលក្រោយ។ ថ្មីៗនេះ ខ្ញុំក៏បានបើកវាមើល ដើម្បីប្រមូលឯកសារណាដែលហួសសម័យ យកទៅចោល។ ពេលនោះ មានឯកសារជាច្រើន ដែលខ្ញុំពិបាកបោះចោល មិនមែនដោយសារខ្ញុំមិនបានយកពាក្យសម្តីក្នុងឯកសារទាំងនោះ ទៅប្រើក្នុងការនិយាយនោះទេ តែគឺដោយសារខ្ញុំមិនបានអនុវត្តតាមពាក្យសម្តីទាំងនោះ។ ខ្ញុំក៏បានបិទសឺមីនោះ ដោយគិតថា “ពាក្យពេចន៍ក្នុងក្រដាស់ទាំងនេះ មិនមែនសម្រាប់យកមកនិយាយទេ តែគឺសម្រាប់យកមកអនុវត្តតាម ក្នុងការរស់នៅ”។
បន្ទាប់ពីបានរស់នៅអស់រយៈពេល៤០ឆ្នាំ ក្នុងវាលរហោស្ថាន លោកម៉ូសេបានមានប្រសាសន៍ ទៅកាន់ពួកបណ្តាជន ដែលកំពុងត្រៀមខ្លួនចូលទឹកដីសន្យាថា “ឥឡូវនេះ ឱពួកអ៊ីស្រាអែលអើយ ចូរស្តាប់អស់ទាំងច្បាប់ និងបញ្ញត្តិ ដែលអញបង្រៀនដល់ឯងរាល់គ្នា ហើយឲ្យប្រព្រឹត្តតាមចុះ ដើម្បីឲ្យបានរស់នៅ ហើយឲ្យបានចូលទៅទទួលយកស្រុក ដែលព្រះយេហូវ៉ា ជាព្រះនៃពួកឰយុកោឯង ទ្រង់ប្រទានមក”(ចោទិយកថា ៤:១)។ លោកម៉ូសេបានមានប្រសាសន៍ម្តងហើយម្តងទៀត ឲ្យពួកគេកាន់តាមក្រឹត្យវិន័យរបស់ព្រះអម្ចាស់(ខ.១,២,៥,៦,៩)។ គឺដូចដែលគាត់បានមានប្រសាសន៍យ៉ាងច្បាស់ថា គាត់បានបង្រៀនច្បាប់ហើយនឹងបញ្ញត្តិដល់ពួកគេរាល់គ្នា តាមដែលព្រះយេហូវ៉ា បានបង្គាប់មក ដើម្បីឲ្យពួកគេបានប្រព្រឹត្តតាម(ខ.៥)។
យើងងាយនឹងនិយាយច្រើនជាងធ្វើ ឬនិយាយអំពីសេចក្តីពិត ដោយមិនបានរស់នៅឲ្យស្របតាមសេចក្តីពិតនោះ។ យើងអាចនិយាយអួតបំប៉ោងខ្លួនឯង តែគ្មានការអនុវត្តជាក់ស្តែង។ យើងមិនត្រូវភ្លេចទេថា ព្រះរាជបញ្ជាដែលព្រះបានដាក់មក គឺសុទ្ធតែចេញពីព្រះទ័យដែលពេញដោយក្តីស្រឡាញ់ចំពោះយើង។-David McCasland