អនុស្សាវរីយ៍ដែលបានភ្លេច
ថ្មីៗនេះ មិត្តភ័ក្ររបស់ខ្ញុំម្នាក់ ដែលបានរាប់អានគ្នាកាលពីវ័យយុវជន បានផ្ញើសារអេឡិចត្រូនិចមកខ្ញុំ ដោយភ្ជាប់រូបភាពមួយសន្លឹក ដែលក្រុមកីឡាករអនុវិទ្យាល័យរបស់យើង បានថតជាមួយគ្នា។ ក្នុងរូបថតសរខ្មៅមានផ្ទៃគ្រើមៗមួយសន្លឹកនោះ មានក្មេងជំទុងមួយក្រុម ដែលខ្ញុំមិនសូវចាំមុខ កំពុងឈរថតជាមួយគ្រូបង្វឹករបស់យើងពីរនាក់។ ភ្លាមនោះ ខ្ញុំក៏បាននឹកឃើញអនុស្សាវរីយ៍ដ៏រីករាយកាលពីមុខ ដែលយើងបានរត់បន្តាក់គ្នាចម្ងាយជាង១គីឡូម៉ែត្រកន្លះ និងជាងកន្លះគីឡូម៉ែត្រ។ ខ្ញុំមានចិត្តសប្បាយ ក្នុងការនឹកចាំអំពីពេលដែលបានកន្លងទៅនោះ ប៉ុន្តែ ទន្ទឹមនឹងនោះ ខ្ញុំក៏បានដឹងខ្លួនផងដែរថា ខ្ញុំងាយនឹងភ្លេចអនុស្សាវរីយ៍ទាំងនោះប៉ុណ្ណា ហើយបន្តទៅចាប់អារម្មណ៍នឹងរឿងផ្សេងវិញ។
ខណៈពេលដែលដំណើរជីវិតរបស់យើង កំពុងរំគិលទៅមុខ យើងងាយនឹងភ្លេចទីកន្លែង មនុស្ស និងហេតុការណ៍ ដែលសំខាន់ចំពោះយើង ក្នុងដំណើរដ៏វែងឆ្លាយ។ ពេលវេលាកន្លងផុត ថ្ងៃម្សិលមិញបានរសាត់ទៅ ហើយយើងប្រែជាជក់ចិត្តនឹងរឿងក្នុងពេលបច្ចុប្បន្ន។ ពេលដែលមានបញ្ហាដូចនេះកើតឡើង យើងក៏អាចភ្លេចថា ព្រះទ្រង់ល្អចំពោះយើងយ៉ាងណា កាលពីមុខ។ ប្រហែលមកពីហេតុនេះហើយ បានជាស្តេចដាវីឌបានសរសេរក្នុងទំនុកដំកើងថា “ឱព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ា ហើយគ្រប់ទាំងអស់ដែលរួមនៅក្នុងខ្លួនអញ ចូរសរសើរដល់ព្រះនាមបរិសុទ្ធនៃទ្រង់ដែរ ព្រលឹងអញអើយ ចូរសរសើរដល់ព្រះយេហូវ៉ាចុះ ហើយកុំឲ្យភ្លេចបណ្តាព្រះគុណណាមួយរបស់ទ្រង់ឡើយ”(ទំនុកដំកើង ១០៣:១-២)។
នេះសុទ្ធតែជាចំណុចដែលយើងត្រូវនឹកចាំ ជាពិសេសនៅពេលដែលការឈឺចាប់ កំពុងតែញាំញីជីវិតយើង។ ពេលដែលយើងមានអារម្មណ៍ច្របូកច្របល់ ហើយមានអារម្មណ៍ថា គេលែងនឹកចាំពីយើងហើយ នោះយើងចាំបាច់ត្រូវរំឭកឡើងវិញ អំពីការអ្វីដែលព្រះអង្គធ្លាប់ធ្វើសម្រាប់យើង។ កាលណាយើងនឹកចាំអំពីការទាំងនោះ យើងនឹងចង់ទុកចិត្តលើព្រះអង្គ ក្នុងពេលបច្ចុប្បន្ន និងពេលអនាគត។-Bill Crowder
បង្រៀនដោយប្រើគំរូ
ខណៈពេលដែលខ្ញុំកំពុងរង់ចាំគ្រូពេទ្យពិនិត្យភ្នែករបស់ខ្ញុំ ខ្ញុំមានការភ្ញាក់ផ្អើល ពេលបានអានពាក្យ ដែលគេសរសេរក្នុងការិយាល័យគ្រូពេទ្យភ្នែកថា “៨០ភាគរយ នៃការអ្វីដែលកុមារបានរៀនសូត្រ ក្នុងរយៈពេល១២ឆ្នាំដំបូងនៃជីវិតរបស់ពួកគេ គឺរៀនសូត្រតាមរយៈភ្នែករបស់ពួកគេ”។ ពេលនោះខ្ញុំក៏បានចាប់ផ្តើមគិតអំពីក្មេងៗទាំងអស់ ដែលប្រើភ្នែករបស់ខ្លួន មើលទូរទស្សន៍ ខ្សែភាពយន្ត ព្រឹត្តិការណ៍ អ្វីៗដែលនៅជុំវិញ និងសង្កេតមើលអាកប្បកិរិយារបស់អ្នកដទៃ ជាពិសេសនៅក្នុងគ្រួសាររបស់ពួកគេ។
ជាពិសេស បុរសជាឪពុកអាចមានឥទ្ធិពលដ៏មានអំណាច មកលើកូនៗរបស់ខ្លួន។ យ៉ាងណាមិញ សាវ័កប៉ុលបានលើកទឹកចិត្តឪពុកទាំងឡាយ “កុំឲ្យចាក់រុកកូនរបស់ខ្លួនឡើយ ចូរបង្រៀនវាទៅតាមដំបូន្មាន និងសេចក្តីដាស់តឿនរបស់ព្រះអម្ចាស់វិញ”(អេភេសូរ ៦:៤)។ សូមយើងពិចារណា អំពីគំរូដ៏មានអំណាច របស់ឪពុកទាំងឡាយ ដែលមានអាកប្បកិរិយ៉ា និងពាក្យសម្តី ដែលនាំឲ្យកូនៗរបស់ខ្លួនកោតសរសើរ។ គាត់មិនមែនជាមនុស្សល្អឥតខ្ចោះទេ តែគាត់កំពុងតែដើរតាមផ្លូវត្រូវហើយ។ ពេលដែលសកម្មភាពរបស់យើងឆ្លុះបញ្ចាំងអំពីបុគ្គលិកលក្ខណៈរបស់ព្រះ ជាជាងធ្វើឲ្យគេយល់ខុសអំពីព្រះអង្គ នោះព្រះអង្គកំពុងតែធ្វើការក្នុងជីវិតយើង ដោយអំណាចដ៏អស្ចារ្យសម្រាប់ធ្វើការល្អ។
នេះជាការពិបាកសម្រាប់ឪពុកម្តាយទាំងឡាយ ដូចនេះ វាមិនមែនជារឿងចៃដន្យទេ ដែលសាវ័កប៉ុលបានជម្រុញយើង ឲ្យ “មានកំឡាំងឡើងក្នុងព្រះអម្ចាស់ ដោយឫទ្ធិបារមីរបស់ព្រះចេស្តាទ្រង់”(ខ.១០)។ មានតែតាមរយៈកម្លាំងរបស់ព្រះអង្គទេ ដែលយើងអាចឆ្លុះបញ្ចាំងសេចក្តីស្រឡាញ់ និងការអត់ធ្មត់នៃព្រះវរបិតានៃយើង ដែលគង់នៅស្ថានសួគ៌។
យើងបង្រៀនកូនៗរបស់យើង តាមរយៈគំរូនៃការរស់នៅរបស់យើង បានច្រើនជាង តាមរយៈពាក្យសម្តីរបស់យើង។-David Mccasland
សូមញញឹម!
តាមការសិក្សារបស់អ្នកស្រាវជ្រាវ ក្នុងពេលថ្មីៗនេះ បានធ្វើការសន្និដ្ឋានថា ការញញឹមអាចមានប្រយោជន៍ដល់ខុសភាពរបស់យើង។ ការស្រាវជ្រាវនេះបានបង្ហាញថា ការញញឹមជួយបន្ថយល្បឿនចង្វាក់បេះដូង ហើយក៏បន្ថយភាពតប់ប្រមល់ផងដែរ។ ប៉ុន្តែ ការញញឹមមិនគ្រាន់តែមានប្រយោជន៍សម្រាប់យើងប៉ុណ្ណោះទេ។ ការញញឹមដ៏ពិត ជាព្រះពរដល់មនុស្សដែលយើងបានញញឹមដាក់ផងដែរ។ យើងអាចប្រាប់អ្នកដទៃថា យើងចូលចិត្តពួកគេ និងសប្បាយចិត្តនឹងពួកគេ ដោយមិនចាំបាច់និយាយមួយម៉ាត់ គឺគ្រាន់តែញញឹមដាក់ពួកគេក៏បាន។ ការញញឹមអាចជាការឱបនរណាម្នាក់ ដោយសេចក្តីស្រឡាញ់ ដោយមិនចាំបាច់ប៉ះអ្នកនោះសូម្បីតែបន្តិច។
ក្នុងការរស់នៅ យើងមិនតែងតែមានហេតុផល ដើម្បីញញឹមឡើយ។ ប៉ុន្តែ ពេលដែលយើងឃើញស្នាមញញឹមអស់ពីចិត្ត នៅលើផ្ទៃមុខរបស់ក្មេងម្នាក់ ឬនៅលើផ្ទៃមុខដ៏ជ្រាវជ្រួញរបស់មនុស្សចាស់ យើងក៏មានការលើកទឹកចិត្ត។
ការញញឹមក៏ជាតម្រុយនៃរូបភាពរបស់ព្រះ ដែលមានក្នុងយើងនោះផងដែរ។ ពេលយើងអានអំពីព្រះពររបស់ព្រះក្នុងសម័យដើម ដែលមានកត់ទុកក្នុងកណ្ឌជនគណនា យើងឃើញថា បទគម្ពីរនោះបានចែងអំពី “ការញញឹម”របស់ព្រះអម្ចាស់យ៉ាងដូចនេះថា “ព្រះភក្ត្រទ្រង់ភ្លឺមកដល់ឯង ព្រមទាំងផ្តល់ព្រះគុណដល់ឯងផង សូមឲ្យព្រះយេហូវ៉ាងើបព្រះនេត្រទ្រង់មកចំពោះឯង ហើយប្រទានឲ្យឯងបានសេចក្តីសុខ”(ជនគណនា ៦:២៥-២៦)។ ពាក្យព្រះភក្រ្តទ្រង់ភ្លឺ ជាសំនួនវោហា ដែលគេប្រើក្នុងព្រះគម្ពីរភាសាហេព្រើ ដែលមានន័យថា ព្រះអង្គញញឹមមកដាក់កូនរបស់ព្រះអង្គ។
ដូចនេះ នៅថ្ងៃនេះ សូមចាំថា ព្រះស្រឡាញ់អ្នក ហើយព្រះអង្គសព្វព្រះទ័យនឹងផ្តល់ព្រះគុណមកអ្នក ហើយព្រះភក្រ្តព្រះអង្គក៏ភ្លឺមកលើអ្នកផង។-Joe Stowell
ពន្លឺនៃកូនចៀម
មនុស្សបានប្រើពន្លឺថ្ងៃ និងពន្លឺព្រះច័ន្ទ ដើម្បីបំភ្លឺនៅពេលថ្ងៃ និងពេលយប់ អស់ជាច្រើនជំនាន់រាប់មិនអស់។ ពន្លឺព្រះច័ន្ទជួយបំភ្លឺផ្លូវនៅពេលយប់ រីឯពន្លឺថ្ងៃផ្តល់កំារស្មី ដែលផ្តល់ជីវិតដល់រុក្ខជាតិហូបផ្លែ និងផ្តល់ជីវជាតិដែលរូបកាយយើងត្រូវការ ហើយបំភ្លឺលោកា នៅពេលថ្ងៃ និយាយរួមព្រះបានប្រទានពន្លឺដ៏អស្ចារ្យ តាមរយៈតួពន្លឺទាំងពីរនេះ។ យ៉ាងណាមិញ ព្រះគម្ពីរលោកុប្បត្តិបានចែងថា ព្រះទ្រង់ “ធ្វើពន្លឺធំជា២តួ ១ដែលធំជាង នោះសំរាប់បំភ្លឺក្នុងពេលថ្ងៃ ហើយ១ដែលតូចជាងសំរាប់បំភ្លឺក្នុងពេលយប់”(លោកុប្បត្តិ ១:១៦)។
ប៉ុន្តែ ថ្ងៃណាមួយ ព្រះអង្គនឹងប្រទាននូវពន្លឺមួយប្រភេទទៀត ដល់មនុស្សជាតិ។ សាវ័កយ៉ូហានបានកត់ទុកក្នុងកណ្ឌវិវរណៈថា ទីក្រុងនៅយេរូសាឡិមថ្មី “មិនត្រូវការនឹងព្រះអាទិត្យ ឬព្រះចន្ទសម្រាប់នឹងបំភ្លឺទេ ដ្បិតសិរីល្អនៃព្រះបានបំភ្លឺហើយ ឯកូនចៀមក៏ជាចង្កៀងនៃក្រុងនោះដែរ”(វិវរណៈ ២១:២៣)។ ពាក្យ “ពន្លឺ” ដែលបានប្រើក្នុងបទគម្ពីរនេះ គឺប្រៀបបាននឹងចង្កៀងដ៏ធំមួយ។ ព្រះគ្រីស្ទដែលមានពេញដោយសិរីល្អ នឹងបានធ្វើជាចង្កៀងខាងវិញ្ញាណ ដែលបំភ្លឺផែនដីថ្មីដែលមានពេញដោយអំណរ។
ព្រះអម្ចាស់យេស៊ូវគ្រីស្ទ ជា“កូនចៀមនៃព្រះ ដែលដោះបាបមនុស្សលោក”(យ៉ូហាន ១:២៩)។ ព្រះអង្គជាប្រភពនៃពន្លឺខាងវិញ្ញាណ ដែលធ្វើឲ្យអ្នកដើរតាមព្រះអង្គ ក្លាយជា “ពន្លឺនៃលោកិយ”(ម៉ាថាយ ៥:១៤)។ ប៉ុន្តែ ព្រះអង្គនឹងក្លាយជាចង្កៀងបំភ្លឺផ្លូវយើង អស់កល្បជានិច្ច(វិវរណៈ ២១:២៣)។ តើយើងនឹងមានចិត្តរំភើបយ៉ាងណា ដែលនឹងបានរស់នៅក្នុងពន្លឺនៃកូនចៀមនៃព្រះ!-Dennis Fisher
ក្មេងៗក្នុងលោកិយ
បន្ទាប់ពីសិស្សវិទ្យាល័យមួយក្រុម បានទៅសួរសុខទុក្ខមណ្ឌលកុមារកំពា្រមួយកន្លែង ក្នុងអំឡុងពេលនៃដំណើរបេសកកម្មហើយ គេឃើញសិស្សម្នាក់មានទឹកមុខក្រៀមក្រំ។ ពេលគេសួរគាត់ពីមូលហេតុដែលគាត់មិនសប្បាយចិត្ត គាត់ក៏បានប្រាប់គេថា មណ្ឌលកុមារកំព្រានោះ បានធ្វើឲ្យគាត់នឹកចាំ អំពីស្ថានភាពនៃជីវិតរបស់គាត់ កាលពី១០ឆ្នាំមុន។
គាត់ធ្លាប់រស់នៅ ក្នុងមណ្ឌលកុមារកំព្រា នៅប្រទេសផ្សេង។ គាត់នឹកចំាថា កាលនោះ មានមនុស្សមកសួរសុខទុកគាត់ និងមិត្តភ័ក្រគាត់ ដូចសិស្សវិទ្យាល័យមួយក្រុមនេះដែរ ហើយបន្ទាប់មក ក៏ទៅវិញអស់។ យូរៗម្តង មានមនុស្សម្នាក់បានត្រឡប់មកវិញ ហើយក៏យកក្មេងណាម្នាក់ ទៅចិញ្ចឹម។ ពេលគាត់មិនឃើញមាននរណាម្នាក់ មកយកគាត់ទៅចិញ្ចឹម ដូចក្មេងដទៃទៀតក្នុងមណ្ឌល គាត់ក៏សួរខ្លួនឯងថា តើខ្ញុំមានចំណុចណាមិនល្អ? ហេតុនេះហើយបានជាគាត់នឹកឃើញរឿងដ៏កំសត់នោះ ពេលដែលសិស្សវិទ្យាល័យមួយក្រុមនោះ បានទៅសួរសុខទុក្ខមណ្ឌលកុមារកំព្រានោះ ហើយក៏ត្រឡប់ទៅវិញអស់។ ដូចនេះ ពួកគេក៏បានអធិស្ឋានឲ្យគាត់ ហើយអរព្រះគុណព្រះអង្គ ដែលបានឲ្យស្ត្រីម្នាក់(ដែលជាម្តាយចិញ្ចឹមរបស់គាត់) បានមកយកគាត់ទៅចិញ្ចឹម ដូចកូនបង្កើត។ ការបង្ហាញចេញនូវក្តីស្រឡាញ់យ៉ាងដូចនេះ បាននាំឲ្យក្មេងប្រុសម្នាក់មានក្តីសង្ឃឹមក្នុងជីវិត។
មានកុមារនៅគ្រប់ទិសទីក្នុងពិភពលោកនេះ ដែលចាំបាច់ត្រូវស្គាល់សេចក្តីស្រឡាញ់ ដែលព្រះមានចំពោះពួកគេ (ម៉ាថាយ ១៨:៤-៥ ម៉ាកុស ១០:១៣-១៦ យ៉ាកុប ១:២៧)។ ជាការពិតណាស់ យើងរាល់គ្នាមិនសុទ្ធតែអាចទៅសួរសុខទុក្ខ ឬយកក្មេងទាំងនោះទៅចិញ្ចឹមឡើយ ហើយគេក៏មិនបានរំពឹងឲ្យយើងធ្វើដូចនេះ ឲ្យបានគ្រប់គ្នាដែរ។ ប៉ុន្តែ យើងរាល់គ្នាសុទ្ធតែអាចធ្វើនូវកិច្ចការមួយដូចគ្នា គឺឧបត្ថម្ភ លើកទឹកចិត្ត បង្រៀន ហើយអធិស្ឋានឲ្យពួកគេ។…
សត្វចៀមបែកហ្វូង
មានសត្វចៀមមួយក្បាល ឈ្មោះស្រែគ(Shrek)។ វាបានវង្វេងចេញពីហ្វូង ហើយបាត់អស់៦ឆ្នាំ។ មានមនុស្សម្នាក់បានប្រទះឃើញវា នៅក្នុងរូងភ្នំមួយ ក្នុងតំបន់ខ្ពង់រាប ដែលមានថ្មរដេបរដុប ក្នុងប្រទេសញូហ្សៀឡិន។ ពេលនោះ គាត់មិនបានដឹងថា វាជាសត្វចៀមទេ។ គាត់ថា “វាមានរូបរាង្គដូចសត្វចម្លែកដែលមានចែងក្នុងព្រះគម្ពីរ”។ ជាការពិតណាស់ វាមានចំណុចដែលដូចសត្វចម្លែកមែន។ នេះហើយជាការអ្វីដែលកើតមាន ចំពោះសត្វចៀមដែលវង្វេងចេញពីអ្នកគង្វាលរបស់វា។
គេត្រូវសែងវាចុះពីលើភ្នំមក ព្រោះរោមរបស់វាធ្ងន់ពេក(គឺប្រហែល២៧គីឡូក្រាម)បានជាវាមិនអាចចុះខ្លួនឯងបាន។ ដោយសារវាជាសត្វចៀមដែលគេពិបាកកាត់រោម នោះគេបានចាប់ចងជើងវាព្យួរឡើងលើ ហើយខ្លួនវាត្រូវផ្ងា ដើម្បីឲ្យវានៅស្ងៀម ហើយមិនមុតស្បែក ពេលគេកាត់រោមដ៏ធ្ងន់របស់វាចេញ។
ពេលខ្ញុំគិតអំពីសត្វចៀមមួយក្បាលនេះ ខ្ញុំក៏បាននឹកចាំ អំពីរឿងប្រៀបប្រដូច ដែលព្រះយេស៊ូវបានប្រើ ដើម្បីពន្យល់ថា ព្រះអង្គជាអ្នកគង្វាលល្អ(យ៉ូហាន ១០:១១) ហើយរាស្រ្តរបស់ព្រះអង្គ ជាហ្វូងចៀមរបស់ព្រះអង្គ(អេសេគាល ៣៤:៣១)។ ពេលដែលយើងនៅដាច់ឆ្ងាយពីព្រះអង្គ យើងធ្វើការសម្រេចចិត្តខុសជាច្រើន ហើយយើងក៏ទទួលបន្ទុកកាន់ធ្ងន់ ដោយសារលទ្ធផលនៃការសម្រេចចិត្តខុសនោះ(អេសេគាល ៣៣:១០) គឺមិនខុសពីសត្វចៀមដែលវង្វេងមួយក្បាលនោះឡើយ។ ដើម្បីដោះបន្ទុកនោះចេញ យើងត្រូវថ្វាយបន្ទុកនោះទៅព្រះអង្គ រួចទទួលយកការសម្រាកពីព្រះអង្គ។ ទាល់តែបែបនេះ ទើបយើងអាចនៅស្ងៀម ហើយទុកឲ្យអ្នកគង្វាលដ៏ល្អ ធ្វើកិច្ចការរបស់ព្រះអង្គ ដោយមិនធ្វើឲ្យយើងឈឺចាប់។-Julie Ackerman Link
រឹងមាំដូចថ្មដា
នៅលើជួរភ្នំពណ៌ស ក្នុងរដ្ឋញូ ហេមសៀរ មានរូបចម្លាក់ដ៏ធំមួយ កម្ពស់ប្រហែល១២ម៉ែត្រ ដែលមានរូបរាង្គដូចមុខរបស់តាចាស់ម្នាក់ ដែលធម្មជាតិបានឆ្លាក់នៅលើផ្ទាំងថ្មធំៗ។ គេបានដាក់ឈ្មោះឲ្យរូបចម្លាក់នេះថា “តាចាស់នៅលើភ្នំ”។ រូបចម្លាក់មួយនេះបានទាក់ទាញភ្ញៀវទេសចរណ៍ជាច្រើននាក់ ឲ្យចូលមកទស្សនា។ វត្តមានរបស់វាបានតាំងនៅទីនោះជានិច្ច សម្រាប់ប្រជាជនដែលរស់នៅទីនោះ ហើយវាក៏ជានិមិត្តរូបដំណាងឲ្យរដ្ឋញូ ហេមសៀរផងដែរ។ លោកណាថានាល ហវធន(Nathaniel Hawthorne) ក៏បាននិយាយអំពីរូបចម្លាក់មួយនេះ ក្នុងសៀវភៅរឿងដ៏ល្បីល្បាញដែលគាត់បាននិពន្ធ មានចំណងជើងថា “ផ្ទៃមុខថ្មដ៏ធំសម្បើម”។
តែគួរឲ្យស្តាយណាស់ ក្នុងខែឧសភា ឆ្នាំ២០០៣ រូបចម្លាក់នេះបានបាក់ធ្លាក់ចុះតាមចង្កេះភ្នំ។ ប្រជាជនដែលរស់នៅក្បែរនោះ មានការសោកស្តាយខ្លាំងណាស់ ចំពោះការខូចខាតនេះ។ មានស្រ្តីម្នាក់បាននិយាយថា “តាំងពីតូចមក រូបចម្លាក់នោះ បានធ្វើឲ្យខ្ញុំគិតថា មានមនុស្សម្នាក់កំពុងមើលថែរខ្ញុំ។ តែពេលនេះ ខ្ញុំមានអារម្មណ៍ថា ខ្លួនមិនបានទទួលការមើលថែរច្រើនដូចមុនទៀតទេ”។
យ៉ាងណាមិញ ការនេះបានរំឭកយើងថា អ្វីៗដែលយើងពឹងផ្អែកនៅលើផែនដីនេះ នឹងត្រូវរលាយបាត់ទៅ នៅពេលណាមួយ។ មនុស្ស ឬរបស់អ្វីដែលយើងបានពឹងផ្អែក ក៏បាត់បង់ទៅ ធ្វើឲ្យជីវិតរបស់យើងមានការរង្គោះរង្គើរ។ ការបាត់បង់នោះ អាចជាការបាត់បង់មនុស្សជាទីស្រឡាញ់ ការបាត់បង់ការងារ ឬការបាត់បង់សុខភាពដ៏ល្អ។ ការបាត់បង់នេះ ធ្វើឲ្យយើងមានអារម្មណ៍ថា បាត់លំនឹងក្នុងជីវិត។ យើងប្រហែលជាថែមទាំងគិតថា ព្រះមិននៅមើលថែរយើងទៀតទេ។
ប៉ុន្តែ “ព្រះនេត្រព្រះយេហូវ៉ាទតទៅចំពោះមនុស្សសុចរិត ហើយព្រះកាណ៌ទ្រង់ក៏ប្រុងស្តាប់សំរែករបស់គេ”(ទំនុកដំកើង ៣៤:១៥)។ ព្រះអង្គ…
យើងមានសុវត្ថិភាព
ឃ្លាំងដំកល់ដុំមាសរបស់សហរដ្ឋអាមេរិក ក្នុងបន្ទាយហ្វ៊ត នៅរដ្ឋខេនថាក់គី ជាអគារដែលមានការការពារយ៉ាងរឹងមាំ ដែលមានផ្ទុកដុំមាស៥ពាន់តោន ជាមួយនឹងវត្ថុមានតម្លៃផ្សេងទៀត ដែលរដ្ឋសហព័ន្ធមានតួរនាទីមើលថែរ។ បន្ទាយហ្វ៊ត ត្រូវបានការពារ ដោយទ្វារដែលមានទម្ងន់២២តោន និងមានប្រព័ន្ធការពារជាច្រើនជាន់ ដែលរាប់បញ្ចូល ស៊ីរ៉ែនប្រកាស់អាសន្ម កាំមីរ៉ាវីដេអូ ចំការមីន អ្នកយាមដែលប្រដាប់ដោយកាំភ្លើងស្វ័យប្រវត្តិ និងឧទ្ធម្ភាចក្រចម្បាំងអាផាឈីជាច្រើនគ្រឿងទៀត។ ផ្អែកទៅលើកំរិតនៃប្រព័ន្ធសន្តិសុខនេះ បន្ទាយហ្វ៊តត្រូវបានគេរាប់បញ្ចូល ក្នុងចំណោមកន្លែងដែលមានសុវត្ថិភាពបំផុត នៅលើផែនដី។
ដូចនេះ បន្ទាយហ្វ៊តជាកន្លែងមានសុវត្ថិភាពណាស់ ប៉ុន្តែ មានកន្លែងមួយទៀត ដែលមានសុវត្ថិភាពលើសនេះទៅទៀត ហើយមានពេញទៅដោយ របស់ដែលមានតម្លៃជាងមាសប្រាក់ទៅទៀត។ កន្លែងនោះ ជានគរស្ថានសួគ៌ ដែលបានរក្សាទុកអំណោយនៃជីវិតអស់កល្បជានិច្ច សម្រាប់យើងរាល់គ្នា។ សាវ័កពេត្រុស បានលើកទឹកចិត្តគ្រីស្ទបរិស័ទទាំងឡាយ ឲ្យសរសើរដំកើងព្រះ ដ្បិតយើងមាន “សេចក្តីសង្ឃឹមដ៏រស់”។ សេចក្តីសង្ឃឹមដ៏រស់នោះ ជាការរំពឹងទុក ដោយជំនឿចិត្ត ដែលមានការលូតលាស់ និងមានភាពរឹងមាំកាន់តែខ្លាំង ពេលដែលយើងស្គាល់ព្រះយេស៊ូវកាន់តែច្បាស់(១ពេត្រុស ១:៣)។ ហើយសេចក្តីសង្ឃឹមរបស់យើង គឺផ្អែកទៅលើការមានព្រះជន្មឡើងវិញរបស់ព្រះគ្រីស្ទ។ អំណោយនៃជីវិតអស់កល្បជានិច្ចរបស់ព្រះអង្គ នឹងមិនដែលសាបសូន្យ ដោយសារអំណាចរបស់ពួកខ្មាំងសត្រូវឡើយ។ ភាពរុងរឿងនៃអំណោយនៃជីវិតអស់កល្បជានិច្ច មិនដែលបាត់បង់ឡើយ គឺនៅតែមានភាពស្រស់ថ្លាជានិច្ច ព្រោះព្រះនៅតែបន្តរក្សាអំណោយនៃជីវិតអស់កល្បនោះ ក្នុងនគរស្ថានសួគ៌ ប្រកបដោយសុវត្ថិភាពជានិច្ច។ ទោះបីជាជីវិតយើងក្នុងផែនដីនេះ អាចជួបការអាក្រក់អ្វីក៏ដោយ ក៏ព្រះអង្គនៅតែការពារវិញ្ញាណរបស់យើងជានិច្ច។ និយាយរួម ព្រះអង្គបានរក្សាទុកនូវមរដករបស់យើង…
កុំជ្រួលច្របល់ ចូរបន្តរស់នៅជាធម្មតា
នៅបច្ចិមប្រទេស មានពាក្យស្លោកពោលថា “កុំជ្រួលច្របល់ ចូរទៅហៅម៉ែមក” “កុំជ្រួលច្របល់ ចូរញាំសាច់ជ្រូកបីជាន់ទៅ” “កុំជ្រួលច្របល់ ចូរដាក់កំសៀវដាំទឹកទៅ”។ ពាក្យស្លោកទាំងនេះ មានប្រភពមកពីពាក្យមួយឃ្លាដែលពោលថា “ចូរកុំជ្រួលច្របល់ ចូរបន្តរស់នៅជាធម្មតា”។ គេចាប់ផ្តើមប្រើពាក្យស្លោកនេះ ជាលើកដំបូង ក្នុងចក្រភពអង់គ្លេស ពេលដែលសង្រ្គាមលោកលើកទី២ បានចាប់ផ្តើម ក្នុងឆ្នាំ១៩៣៩។ ពួកមន្ត្រីរាជការនៅប្រទេសអង់គ្លេស បានបោះពុម្ភផ្សាយពាក្យស្លោកនេះ នៅលើប័ណ្ណប្រកាសបិទតាមផ្លូវ ដើម្បីជួយប្រជាពលរដ្ឋ កុំឲ្យមានការតក់ស្លត់ និងបាក់ទឹកចិត្តក្នុងអំឡុងពេលសង្រ្គាម។
ពេលដែលពួកអ៊ីស្រាអែលវិលត្រឡប់មកទឹកដីរបស់ខ្លួនវិញ បន្ទាប់ពីបានរស់នៅជាឈ្លើយសង្រ្គាម អស់ជាច្រើនឆ្នាំមក ពួកគេត្រូវជម្នះការភ័យខ្លាច និងការយាយីរបស់ពួកខ្មាំងសត្រូវ ខណៈពេលដែលពួកគេកំពុងសាងសង់ព្រះវិហារឡើងវិញ(មើលអែសរ៉ា ៣:៣)។ ពេលពួកគេបានសង់គ្រឹះព្រះវិហារហើយ ពួកសត្រូវ “ក៏បានជួលពួកអ្នកប្រាជ្ញឲ្យជួយគំនិត ដើម្បីនឹងបង្អាក់ការដែលផ្តើមធ្វើនោះ”(៤:៥)។ ខ្មាំងសត្រូវរបស់ពួកអ៊ីស្រាអែល ក៏បានសរសេរសំបុត្រទៅកាន់ពួកមន្ត្រីរបស់ស្តេច ដើម្បីចោទប្រកាន់ពួកអ៊ីស្រាអែល ហើយក៏ជោគជ័យ ក្នុងការបង្អាក់ការសាងសង់(ខ.៦,២៤)។ ទោះបីយ៉ាងណាក៏ដោយ ស្តេចដារីយ៉ូស បានចេញព្រះរាជក្រឹត្យ អនុញ្ញាតឲ្យពួកគេបន្តការសាងសង់ព្រះវិហាររហូតដល់ចប់(៦:១២-១៤)។
ពេលយើងធ្វើការបម្រើព្រះ ហើយជួបភាពអន់ថយ យើងអាចបន្តការងារយើង ដោយចិត្តស្ងប់ ព្រោះ “យើងជាអ្នកបម្រើរបស់ព្រះនៃស្ថានសួគ៌ និងផែនដី”(៥:១១) ដូចពួកអ៊ីស្រាអែលដែរ។ ឧបស័គ្គ និងការពន្យាពេលអាចធ្វើឲ្យយើងបាក់ទឹកចិត្ត ប៉ុន្តែ យើងអាចសម្រាកក្នុងព្រះបន្ទូល ដែលព្រះយេស៊ូវបានសន្យាថា “ខ្ញុំនឹងតាំងពួកជំនុំខ្ញុំនៅលើថ្មដានេះ ហើយទ្វារស្ថានឃុំព្រលឹងមនុស្សស្លាប់នឹងមិនដែលឈ្នះពួកជំនុំឡើយ”(ម៉ាថាយ ១៦:១៨)។…
ចិត្តស្មោះត្រង់
ថ្ងៃមួយ ពេលខ្ញុំទៅកន្លែងកប់សព ខ្ញុំបានមើលថ្មផ្នូរចាស់មួយ ឃើញពាក្យមួយឃ្លា ដែលគេបានចារពីលើថ្មនោះថា “លោក យេ ហូលហ្គេត(J. Holgate): ជាមនុស្សស្មោះត្រង់”។
ខ្ញុំមិនដឹងថា ពេលលោកហូលហ្គេតនៅរស់ គាត់មានដំណើរជីវិតយ៉ាងណាទេ ប៉ុន្តែ ពាក្យដែលគេបានចារនៅលើថ្មផ្នូររបស់គាត់ គឺមិនធម្មតាទេ ដូចនេះ គាត់ប្រាកដជាបានរស់នៅបានល្អណាស់។ ប៉ុន្តែ ទោះបីជាគាត់បានសម្រេចនូវកិច្ចការអ្វីក៏ដោយក្នុងមួយជីវិតគាត់ ក៏គេបានកត់ចំណាំថា គាត់ជាមនុស្សដ៏ស្មោះត្រង់។
លោកឌីអូចេនស៍(Diogenes) ដែលជាទស្សនវិទូជនជាតិក្រិក បានចំណាយពេលអស់មួយជីវិត ក្នុងការស្វែងរកភាពស្មោះត្រង់ ហើយទីបំផុតគាត់បានសន្និដ្ឋានថា គេមិនអាចរកបានមនុស្សស្មោះត្រង់ នៅក្នុងពិភពលោកនេះទេ។ យ៉ាងណាមិញ គេពិបាករកបានមនុស្សស្មោះត្រង់ណាស់ ទោះនៅក្នុងសម័យណាក៏ដោយ។ ភាពស្មោះត្រង់ពិតជាសំខាន់ណាស់។ ភាពស្មោះត្រង់មិនមែនជាគោលការណ៍ដែលល្អជាងគេទេ តែជាគោលការណ៍តែមួយគត់ ដែលជាអត្តសញ្ញាណរបស់បុរសឬស្ត្រី ដែលរស់នៅក្នុងព្រះវត្តមានព្រះ។ គឺដូចដែលមានចែងក្នុងទំនុករបស់ស្តេចដាវីឌថា “ឱព្រះយេហូវ៉ាអើយ តើអ្នកណានឹងនៅក្នុងរោងឧបោសថរបស់ទ្រង់ តើអ្នកណានឹងនៅលើភ្នំបរិសុទ្ធនៃទ្រង់បាន គឺជាអ្នកណាដែលដើរដោយទៀងត្រង់”(ទំនុកដំកើង ១៥:១-២)។
ខ្ញុំត្រូវសួរខ្លួនឯងថា តើខ្ញុំមានភាពសុចរិត និងទៀងត្រង់ ក្នុងគ្រប់ទាំងកិច្ចការដែលខ្ញុំធ្វើឬទេ? តើពាក្យសម្តីរបស់ខ្ញុំជាពាក្យពិតឬទេ? តើខ្ញុំនិយាយអំពីការពិត ដោយសេចក្តីស្រឡាញ់ ឬក៏និយាយបន្ថែមបន្ថយការពិត ពីពេលមួយ ទៅពេលមួយ ឬមួយក៏និយាយបំភ្លើស ដើម្បីឲ្យតែពិរោះស្តាប់? បើសិនជាដូច្នោះមែន ខ្ញុំត្រូវងាកបែរមករកព្រះ ដោយទំនុកចិត្តទាំងស្រុង ហើយសូមការអត់ទោសបាប…