នៅខែមករា ឆ្នាំ១៩១៥ កប៉ាលមួយគ្រឿងឈ្មោះ អិនដ្យួរិនស៍ (Endurance ប្រែមកថា អត់ធន់) បានជាប់គាំង ហើយក៏បានខូចនៅក្នុងផ្ទាំងទឹកកក នៅក្បែរឆ្នេរនៃទ្វីបអង់តាកទិក។ ក្រុមអ្នករុករកតំបន់ប៉ូលមួយក្រុម ក្រោមការដឹកនាំរបស់លោកអើននេស ស៊ែកឃលថុន(Ernest Shackleton) បានរួចផុតពីសេចក្តីស្លាប់ ហើយក៏បានធ្វើដំណើរទៅដល់កោះអ៊ីលីហ្វិន ដោយជិះទូកសង្រ្គោះតូចៗចំនួនបី ចេញពីនាវានេះ។ ពួកគេបានជាប់គាំង នៅលើកោះដែលគ្មានមនុស្សរស់នៅ នៅឆ្ងាយពីផ្លូវនាវាចរ ហើយពួកគេមានក្ដីសង្ឃឹមតែមួយគត់។ នៅថ្ងៃទី២៤ ខែមេសា ឆ្នាំ១៩១៦ គ្នារបស់ពួកគេ២២នាក់បានមើលលោកស៊ែកឃលថុន និងមិត្តភក្តិរបស់ពួកគេ៥នាក់ទៀត កំពុងជិះនៅក្នុងទូកសង្រ្គោះតូចមួយ ឆ្ពោះទៅកាន់កោះចចជៀខាងត្បូង ដែលស្ថិតនៅចម្ងាយ១២៨៧គីឡូម៉ែត្រ។ ការប្រថុយបែបនេះ គឺហាក់ដូចជាគ្មានសង្ឃឹមទេ ហើយបើសិនជាមានការថ្លោះធ្លោយ នោះពួកគេច្បាស់ជាត្រូវស្លាប់ទាំងអស់គ្នាមិនខាន។ ក្រោយមក រឿងដ៏គួរឲ្យរីករាយបានកើតឡើង ជាងបួនខែក្រោយមក មានទូកមួយបង្ហាញខ្លួនពីចម្ងាយ ដោយមានលោកស៊ែកឃលថុននៅលើក្បាលទូក ស្រែកហៅពួកគេថា “តើអ្នកទាំងអស់គ្នាសុខសប្បាយទេ?” រួចក៏មានសម្លេងឆ្លើយតបមកវិញថា “ទាំងអស់គ្នាមានសុវត្ថិភាព! ទាំងអស់គ្នាសុខសប្បាយទេ!”
តើមានអ្វីដែលបានធ្វើឲ្យពួកគេមានការរួបរួមគ្នា ហើយជួយឲ្យពួកគេនៅមានជីវិតរស់ក្នុងអំឡុងពេលប៉ុន្មានខែនោះ? គឺដោយសារពួកគេមានជំនឿ និងក្តីសង្ឃឹមចំពោះមនុស្សម្នាក់។ ពួកគេបានជឿថា លោកស៊ែកឃលថុននឹងរកឃើញផ្លូវជួយសង្រ្គោះពួកគេ។
រឿងនេះបានធ្វើឲ្យខ្ញុំនឹកចាំ អំពីសេចក្តីជំនឿរបស់វីរបុរសទាំងឡាយ ដែលមានចែងនៅក្នុងបទគម្ពីរ ហេព្រើរ ជំពូក ១១។ សេចក្ដីជំនឿរបស់ពួកគេ ដែលជា “ចិត្តដែលដឹងជាក់ថានឹងបានដូចសង្ឃឹម ជាសំគាល់ពីការដែលមើលមិនឃើញ” បានធ្វើឲ្យពួកគេអាចឆ្លងកាត់ការលំបាក និងការល្បងលរធំៗ(ហេព្រើរ ១១:១)។
ខណៈពេលដែលយើងសម្លឹងមើលទៅបញ្ហាដ៏ធំរបស់យើង នោះយើងមិនត្រូវអស់សង្ឃឹមឡើយ។ ចូរយើងមានសង្ឃឹមឡើង ដោយផ្អែកលើសេចក្តីជំនឿលើអង្គបុគ្គល១អង្គ គឺព្រះយេស៊ូវគ្រីស្ទ ជាព្រះអម្ចាស់ និងជាព្រះអង្គសង្រ្គោះនៃយើងរាល់គ្នា។-RANDY KILGORE