លោក អារី វ៉ាន់ រីអេត (Arie van’t Riet) ជា​អ្នក​ជំនាញ​ផ្នែក​រូប​វិទ្យា​ដែល​បាន​ចូល​និវត្ត។ គាត់​បាន​បង្កើត​ស្នា​ដៃ​សីល្បៈ​តាម​របៀប​មិន​ធម្មតា។ គាត់​តម្រៀប​រុក្ខ​ជាតិ ​និង​សាក​សព​សត្វ​ផ្សេង​ៗ​ចម្រុះ​ចូល​គ្នា ហើយ​ក៏​បាន​ឆ្លុះ​មើល​ដោយ​កាំ​រស្មី​អ៊ិច។ គាត់​ក៏​បាន​ស្គែន​រូប​ភាព​ដែល​បាន​ពី​ការ​ថត​កាំរ​ស្មី​អ៊ិច​នោះ បញ្ចូល​ទៅ​ក្នុង​កុំព្យូទ័រ ហើយ​បន្ទាប់​មក ក៏​បន្ថែម​ពណ៌​ពីលើ​ផ្នែក​ពិសេស​ៗ​ខ្លះ​ ក្នុង​រូប​ភាព​ទាំង​នោះ។ ការ​នេះ​បាន​ក្លាយ​ជា​ស្នា​ដៃ​សីល្បៈ​ ដែល​បង្ហាញ​ឲ្យឃើញ​រូប​ភាព​ដ៏​សាំ​ញ៉ាំ​នៅ​ផែ្នក​ខាង​ក្នុង​របស់​ផ្កា សត្វ​ត្រី សត្វ​បក្សី សត្វ​ល្មូន និង​សត្វ​ស្វា។

ទិដ្ឋ​ភាព​ខាង​ក្នុង​នៃ​របស់​អ្វី​មួយ ​គឺ​ច្រើន​តែ​គួរ​ឲ្យ​ចាប់​អារម្មណ៍ និងមាន​សារៈ​សំខាន់​ជាង​ទិដ្ឋ​ភាព​ខាង​ក្រៅ។ ពេល​ប្រ​ជា​ជន​អ៊ីស្រាអែល​ត្រូវ​ការ​ជ្រើស​រើស​មនុស្ស​ឲ្យ​ឡើង​សោយ​រាជ្យ   លោក​សាំយ៉ូអែ​ល​មាន​ការ​ចាប់​អារម្មណ៍  ចំពោះ​លោក​អេលាប។  គ្រាន់​តែ​បាន​សង្គេត​មើល​មួយភ្លែត លោក​សាំយូអែល​បាន​គិត​ថា លោក​អេលាប​មាន​លក្ខណៈ​សម្បត្តិ ដែល​អាច​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​ពួក​អ៊ីស្រា​អែល(១សាំយូអែល ១៦:៦)។ ប៉ុន្តែ ព្រះ​ទ្រង់​បាន​ប្រាប់​លោក​សាំយូអែល កុំ​ឲ្យ​មើល​តែ​ឫក​ពា​ខាង​ក្រៅ​ឡើយ។ ព្រះ​អង្គ​បាន​ប្រាប់​លោក​សាំយូអែល​ថា “​មនុស្ស​លោក តែង​មើល​តែ​ឫកពា​ខាង​ក្រៅ​ប៉ុណ្ណោះ  តែ​ព្រះ​យេហូវ៉ា​ទ្រង់​ទត​ចំពោះ​ក្នុង​ចិត្ត​វិញ”  (ខ.៧)។  ព្រះ​អង្គ​ក៏​បាន​ជ្រើស​រើស​លោក​ដាវីឌ​ឲ្យ​ធ្វើ​ជា​ស្ដេច​បន្ទាប់​របស់​អ៊ីស្រាអែល​វិញ គឺ​មិន​មែន​លោក​អេលាប​ទេ។

នៅ​ពេល​ព្រះ​ទ្រង់​ទត​មើល​យើង ទ្រង់​ផ្ដោត​សំខាន់​ទៅ​លើ​ចិត្ត​របស់​យើង មិន​មែន​លើ​កម្ពស់របស់​យើង ហើយ​ផ្តោត​ជា​សំខាន់​លើ​ស្ថានភាព​ខាង​ព្រលឹង​វិញ្ញាណ​របស់​យើង ជា​ជាង​ផ្តោត​ទៅ​លើទម្រង់​មុខ​មាត់​របស់​យើង​​។ ព្រះ​អង្គ​មិន​ទត​ឃើញ​យើង​ថា​ចាស់​ពេក ក្មេង​ពេក តូច​ពេក ឬ​ធំ​ពេក​នោះ​ទេ។ ទ្រង់​ផ្ដោត​ជា​សំខាន់​ ទៅ​លើ​ការ​ឆ្លើយ​តប​របស់​យើង​ចំពោះ​សេចក្តី​ស្រឡាញ់​របស់​ទ្រង់ និង​ការ​យក​ចិត្ត​ទុក​ដាក់​របស់​យើង ​ចំពោះ​សុខ​ទុក្ខ​អ្នក​ដទៃ​ទៀត​ជា​ដើម(ម៉ាថាយ ២២:៣៧-៣៩)។​​ បទ​គម្ពីរ​២​របាក្សត្រ ៦:៣០ បាន​ចែង​ថា មាន​តែ​ព្រះ​អម្ចាស់​មួយ​អង្គ ​ដែល​ជ្រាប​ចិត្ត​របស់​​មនុស្ស។ នៅ​ពេល​ដែល​ព្រះ​ទ្រង់​ដែល​បាន​ធ្វើ​ការ​យ៉ាង​ច្រើន​ ដល់​ម្ល៉េះ​សម្រាប់​យើង ទ្រង់​ទត​មើល​ចិត្ត​របស់​យើង តើ​ព្រះ​អង្គ​ទត​ឃើញ​អ្វី?-JENNIFER BENSON SCHULDT