ពេល​មិត្ត​ភក្តិ​របស់​ខ្ញុំ​ម្នាក់ ធ្វើ​ការ​វាយ​តម្លៃ​មក​លើ​បង​ប្អូន​រួម​ជំនឿ​ម្នាក់ ដែល​យើង​ស្គាល់ គាត់​បាន​ប្រាប់​ខ្ញុំ​ថា “បុរស​ម្នាក់​នោះ​គិត​ថា​ខ្លួន​ឯង​ជា​មនុស្ស​អស្ចារ្យ!”។ យើង​គិត​ថា យើង​បាន​ឃើញ​វិញ្ញាណ​នៃ​ភាព​អំនួត​នៅ​ក្នុង​ខ្លួន​គាត់។ យើង​មាន​ការ​សោក​ស្ដាយ​ នៅ​ពេល​ដែល​​បាន​ដឹង​ថា មិន​យូរ​ប៉ុន្មាន គាត់​ក៏​ត្រូវ​បាន​គេ​ចាប់​កំហុស​ ក្នុង​ទង្វើ​ខុស​ឆ្គង​ដ៏​ធ្ងន់​ធ្ងរ​មួយ​ចំនួន។ គាត់​​លើក​ដំកើង​ខ្លួន​ឯង តែ​មិន​បាន​ទទួល​លទ្ធ​ផល​ល្អ​អ្វី​ឡើយ ក្រៅ​ពី​នាំ​រឿង​ឲ្យ​ខ្លួន​ឯង។ យើង​ក៏​ដឹង​ដែរ​ថា បើ​យើង​លើក​ដំកើង​ខ្លួន យើង​ក៏​នឹង​ទទួល​លទ្ធ​ផល​អាក្រក់​ផង​ដែរ។

យើង​ងាយ​នឹង​មើល​ស្រាលអំពើ​បាប​នៃ​អំនួត ​ដែល​មានក្នុង​ចិត្ត​របស់​យើង។ ពេល​ដែល​យើង​បាន​រៀន​សូត្រ​កាន់​តែ​ខ្ពស់ ហើយ​អរ​សប្បាយ​នឹង​ជោគ​ជ័យ​កាន់​តែ​ច្រើន​ នោះ​ក៏​កាន់​តែ​ងាយ​នឹង​គិត​ថា ខ្លួន​ឯង​អស្ចារ្យ។ អំនួត​មាន​នៅ​ក្នុង​ក្រអៅ​បេះដូង នៃ​និស្ស័យ​សាច់​ឈាម​របស់​មនុស្ស​ម្នាក់​ៗ។

ក្នុង​ព្រះ​គម្ពីរ​បរិសុទ្ធ មាន​ការ​ពិពណ៌នា​ថា លោក​អែសរ៉ា​គឺ​ជា “ស្មៀន​ស្ទាត់​ជំនាញ​ខាង​ក្រិត្យ​វិន័យ​លោក​ម៉ូសេ” (អែសរ៉ា ៧:៦)។ ស្ដេច​អ័ថាស៊ើកសេស​បាន​តែង​តាំង​គាត់ ​ឲ្យ​ដឹក​នាំ​ពួក​ជន​និរទេស​សាសន៍​ហេព្រើរ ធ្វើ​ដំណើរ​ត្រឡប់​ទៅឯ​ទីក្រុង​យេរូសាឡិម​វិញ។ ពេល​នោះ លោក​អែសរ៉ា​ងាយ​នឹង​ត្រូវ​អារក្ស​ល្បួង ឲ្យ​មាន​សេចក្តី​អំណួត។ ប៉ុន្តែ គាត់​មិន​ដូច្នោះ​ឡើយ។ លោក​អែសរ៉ា​មិន​ត្រឹម​តែ​ចេះ​ក្រិត្យ​វិន័យ​របស់​ព្រះ​ប៉ុណ្ណោះ​ទេ គឺ​គាត់​ក៏​បាន​រស់​តាម​ក្រឹត្យ​វិន័យ​របស់​ទ្រង់​ផង​ដែរ។

បន្ទាប់​ពី​បាន​មក​ដល់​ទីក្រុង​យេរូសាឡិម លោក​អែស​រ៉ា​បាន​ដឹង​ថា ពួក​ប្រុសៗ​សាសន៍​យូដា​ជា​ច្រើន​បាន​រៀប​ការ​ជា​មួយ​ស្រ្តី​សាសន៍​ដទៃ​ ដែល​គោរព​ប្រតិ​បត្តិ​ដល់​ព្រះ​ដទៃ ដែល​បានបង្ខូច​ដល់​ការ​ដឹក​នាំ​របស់​ព្រះ​ដ៏​ពិត (៩:១-២)។ គាត់​បាន​ហែក​សម្លៀក​បំពាក់​របស់​គាត់​ ដោយ​សេចក្តី​សោក​សង្រេង ហើយ​បាន​អធិស្ឋាន​ដោយ​ការ​ប្រែ​ចិត្ត ​អស់​ពី​បេះ​ដូង(ខ.៥-១៥)។ គាត់​ជា​អ្នក​ដឹកនាំ​ មាន​ចំណេះ​ដឹង និង​មុខ​តំណែង​ខ្ពស់ តែ​គាត់​មិន​បាន​លើក​ដំកើង​ខ្លួន​ឯង​ឡើយ ផ្ទុយ​ទៅ​វិញ គាត់​បាន​ប្រើ​អ្វី​ដែល​គាត់​មាន ដោយ​សារ​គាត់​ស្រឡាញ់​ព្រះ និង​រាស្រ្ត​របស់​ទ្រង់ ដែល​នេះ​ហើយ​ជា​គោល​បំណង​ដ៏​ខ្ពស់​របស់​គាត់។ គាត់​បាន​អធិស្ឋាន​ថា “មើល យើង​ខ្ញុំ​នៅ​ចំពោះ​ទ្រង់ មាន​ជាប់​ទាំង​ទោស​ផង ដ្បិត​ក្នុង​អំពើ​យ៉ាង​នេះ គ្មាន​អ្នក​ណា​នឹង​ឈរ នៅ​ចំពោះ​ទ្រង់​បាន​ឡើយ” ​(ខ.១៥)។

លោក​អែសរ៉ា​បាន​យល់​ច្បាស់​ អំពី​ទំហំ​នៃ​អំពើ​បាប​របស់​ពួក​គេ។ ប៉ុន្តែ ដោយ​ការ​បន្ទាប​ខ្លួន នោះ​គាត់​បាន​ប្រកាស​ពី​ការ​កែ​ប្រែ​ចិត្ត ហើយ​ទុក​ចិត្ត​ដល់​សេចក្តី​សប្បុរស​របស់​ព្រះ ដែល​តែង​តែ​អត់​ទោស​បាប​ដល់​យើង។-TIM GUSSTAFSON