មានពេលមួយមិត្តភក្តិរបស់ខ្ញុំបានផ្ញើអ៊ីមែលមកខ្ញុំ នៅពេលយប់ជ្រៅ។ តាមពិត ថ្ងៃនោះ ខ្ញុំកំពុងតែធ្វើការថែមម៉ោង ដើម្បីជួយសមាជិកគ្រួសារម្នាក់ ដែលកំពុងមានឈឺធ្ងន់។ ដូចនេះ ខ្ញុំមិនមានពេល សម្រាប់ការរំខានក្នុងបណ្តាញសង្គមនោះឡើយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលព្រឹកបន្ទាប់ ខ្ញុំក៏បានបើកមើលសាររបស់មិត្តភក្តិខ្ញុំ ហើយក៏បានឃើញសំណួររបស់គាត់។ គាត់បានសួរខ្ញុំថា តើខ្ញុំមានអ្វី ដែលអាចឲ្យគាត់ជួយដែរឬទេ? ខ្ញុំក៏មានអារម្មណ៍ខ្មាសអៀន ហើយចង់ឆ្លើយប្រាប់គាត់ថា ខ្ញុំមិនមានអ្វី ឲ្យគាត់ជួយទេ ពេលនេះ។ បន្ទាប់មក ខ្ញុំក៏បានដកដង្ហើមធំ ហើយក៏បានកត់សំគាល់ឃើញថា ខ្ញុំដូចជាធ្លាប់ឮសំណួរដូចនេះ កាលពីមុនមក។
ព្រះយេស៊ូវក៏ធ្លាប់សួរសំណួរនេះ កាលទ្រង់កំពុងបំពេញព្រះរាជកិច្ចនៅលើផែនដី។ កាលទ្រង់កំពុងយាងតាមផ្លូវ ទៅកុ្រងយេរីខូ ទ្រង់ក៏បានឮបុរសពិការភ្នែកម្នាក់ ឈ្មោះបារទីមេ ស្រែកហៅឲ្យទ្រង់ជួយ។ ទ្រង់ក៏បានឈប់ ហើយសួរគាត់ នូវសំណួរស្រដៀងនឹងសំណួររបស់មិត្តភក្តិខ្ញុំថា “តើចង់ឲ្យខ្ញុំធ្វើអ្វីឲ្យអ្នក?” (ម៉ាកុស ១០:៥១)។
សំណួរនេះ គឺគួរឲ្យរំភើបចិត្តណាស់។ សំណួរនេះបានបង្ហាញថា ព្រះយេស៊ូវ ដ៏ជាព្រះដ៏ប្រោសឲ្យជា សព្វព្រះទ័យនឹងជួយយើង។ ប៉ុន្តែ ជំហានដំបូង យើងត្រូវទទួលស្គាល់ថា យើងត្រូវការទ្រង់ ដែលនេះជាការបន្ទាបខ្លួន ដើម្បីទទួលជំនួយពីទ្រង់។ លោកបារទីមេ រស់ដោយសារការសុំទាន។ គាត់ទាល់ក្រឯកកោ ហើយក៏ប្រហែលជាកំពុងតែឃ្លានអាហារ ហើយអស់សង្ឃឹមផង។ ប៉ុន្តែ គាត់ចង់បានជីវិតថ្មី បានជាគាត់ទូលសូមឲ្យព្រះយេស៊ូវ បំពេញតម្រូវការមូលដ្ឋានបំផុតរបស់គាត់។ គឺដូចដែលគាត់ទូលទ្រង់ថា “លោកគ្រូអើយ សូមប្រោសភ្នែកទូលបង្គំឲ្យបានភ្លឺឡើង”។
នេះជាការទូលអង្វរដ៏ស្មោះត្រង់ របស់បុរសពិការភ្នែក។ ព្រះយេស៊ូវក៏បានប្រោសឲ្យគាត់បានជា នៅពេលនោះតែម្តង។ មិត្តភក្តិខ្ញុំក៏ចង់ឲ្យខ្ញុំឆ្លើយតបទៅគាត់វិញ ដោយស្មោះត្រង់យ៉ាងដូចនេះផងដែរ។ ដូចនេះ ខ្ញុំក៏បានសន្យាចំពោះគាត់ថា ខ្ញុំនឹងអធិស្ឋានសូមឲ្យព្រះទ្រង់បើកបង្ហាញថា ខ្ញុំកំពុងតែត្រូវការអ្វីខ្លាំងបំផុត នៅពេលនោះ រួចហើយ ខ្ញុំនឹងឆ្លើយប្រាប់គាត់។ តើអ្នកដឹងថា អ្នកត្រូវការអ្វីចាំបាច់បំផុតនៅថ្ងៃនេះ? បើមានមិត្តភក្តិណាម្នាក់សួរអ្នក នោះសូមឆ្លើយប្រាប់គាត់ចុះ។ ទន្ទឹមនឹងនោះ អ្នកអាចស្វែងរកជំនួយពីអង្គបុគ្គល ដែលខ្ពស់ជាងនេះ គឺទូលថ្វាយដល់ព្រះជាម្ចាស់។—PATRICIA RAYBON