កាល​ពី​ក្មេង ខ្ញុំ​ចូល​ចិត្ត​ទៅ​មើល​សៀវភៅ នៅ​បណ្ណាគារ​តូច​មួយ ប្រចាំ​តំបន់​ដែល​ខ្ញុំ​រស់​នៅ។ ថ្ងៃ​មួយ ខ្ញុំ​ក៏​បាន​មើល​ទៅធ្នើរ​សៀវ​ភៅ ដែល​គេ​បាន​តម្រៀម​សៀវភៅ​សម្រាប់​មនុស្ស​ពេញ​វ័យ ហើយ​ខ្ញុំ​ក៏​បាន​លើក​ហេតុ​ផល​ថា ខ្ញុំ​អាច​អាន​សៀវភៅ​មួយ​ណា​ក៏បាន។ ដោយសារ​ខ្ញុំ​មាន​ចិត្ត​ក្លៀវក្លា​ខ្លាំង ខ្ញុំ​ក៏​បាន​ភ្លេច​ការ​ពិត​ដ៏​សំខាន់​មួយ។ តាម​ពិត គេ​បាន​បន្ថែម​សៀវភៅ​ថ្មី​ៗ នៅ​ក្នុង​ធ្នើរ​ទាំង​នោះ ជា​ទៀង​ទាត់។ ទោះ​បី​ជា​ខ្ញុំ​មាន​ការ​ប្រឹង​ប្រែង​អាន​សៀវភៅ​ទំាង​នោះ​ក៏​ដោយ ​ក៏​ខ្ញុំនៅ​តែ​អាន​មិន​ទាន់ ព្រោះ​សៀវ​ភៅ​ថ្មី​ៗ​ច្រើន​ពេក។ សៀវភៅ​ថ្មី​ៗ​បាន​បន្ត​បំពេញ​ធ្នើរ​សៀវភៅ​កាន់​តែ​ច្រើន​ឡើង​ៗ។

បើ​សាវ័ក​យ៉ូហាន​រស់​នៅ ក្នុង​សម័យ​បច្ចុប្បន្ន គាត់ទំនង​ជា​មាន​ការ​ស្ញើច ចំពោះ​សៀវភៅ​ជា​ច្រើន ដែល​គេ​អាច​រក​បាន​         នៅ​សម័យ​នេះ ព្រោះ​កាល​គាត់​និពន្ធ​កណ្ឌ​គម្ពីរដំណឹង​ល្អ​យ៉ូហាន កណ្ឌ​យ៉ូហាន​ខ្សែ​ទី​១ ទី២ និង​ទី​៣ ព្រម​ទាំង​កណ្ឌគ​ម្ពីរ​វិវរណៈ  គាត់​បាន​សរសេរ​ដោយ​ដៃ នៅ​លើ​ក្រាំង។ លោក​យ៉ូហាន​បាន​និពន្ធ​កណ្ឌ​ទាំង​នោះ ដោយសារ​ព្រះ​វិញ្ញាណ​បាន​បណ្តាល​ចិត្ត​គាត់ ឲ្យ​ធ្វើ​ជា​ស្នរ​បន្ទាល់ ឲ្យ​គេ​បាន​ដឹង​អំពី​កំណត់​ហេតុ​នៃ​ដំណើរ​ព្រះ​ជន្ម និង​ព្រះ​រាជ​កិច្ច​របស់​ព្រះ​យេស៊ូវ ដែល​គាត់​បាន​ដឹង និង​ឃើញ​ផ្ទាល់​ភ្នែក(១យ៉ូហាន ១:១-៤)។ ប៉ុន្តែ សំណេរ​របស់​សាវ័ក​យ៉ូហាន​បាន​និយាយ តែ​មួយ​ផ្នែក​តូច នៃ​ការ​ទាំង​អស់ ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ និង​បង្រៀន ក្នុង​អំឡុង​ពេល​ទ្រង់​បំពេញ​ព្រះ​រាជ​កិច្ច​នៅ​ផែន​ដី។ តាម​ពិត គាត់​បាន​មាន​ប្រសាសន៍​ថា បើ​សិន​ជា​គេ​ត្រូវ​សរសេរ អំពី​ការ​ទំាង​អស់​ដែល​ព្រះ​យេស៊ូវ​បាន​ធ្វើ “នោះ​លោកីយ៍​ទាំង​មូល​ក៏​មិន​ល្មម​គ្រាន់ ដើម្បី​នឹង​ដាក់​អស់​ទាំង​សៀវភៅ ដែល​ត្រូវ​សរសេរ​នោះ​ផង”(យ៉ូហាន ២១:២៥)។

ការ​អះអាង​របស់​សាវ័ក​យ៉ូហាន នៅ​ត្រង់​ចំណុច​នេះ នៅ​តែ​ត្រឹម​ត្រូវ ក្នុង​សម័យ​បច្ចុប្បន្ន។ ទោះ​គេ​បាន​សរសេរ​សៀវភៅ អំពី​ព្រះ​យេស៊ូវ​បាន​ប៉ុន្មាន​ក្បាល​ក៏​ដោយ ក៏​បណ្ណា​ល័យ​ទាំង​អស់ នៅ​ក្នុង​ពិភព​លោក​នេះ នៅ​តែ​មិន​អាច​ផ្ទុក​រឿង​នៃ​សេចក្តី​ស្រឡាញ់ និង​ព្រះ​គុណ​របស់​ទ្រង់ ​ឲ្យ​បាន​សព្វ​គ្រប់​ឡើយ។ យើង​ក៏​អាច​អប​អរសាទរ ដែល​យើង​មាន​ទីបន្ទាល់​ផ្ទាល់​ខ្លួន​សម្រាប់​ចែក​រំលែក ហើយ​អរ​សប្បាយ ដែល​យើង​អាច​ថ្លែង​ប្រាប់​ជា​រៀង​រហូត​(ទំនុក​ដំកើង ៨៩:១)។—LISA SAMRA