មានមនុស្សប្រុស៧នាក់បានចាប់ជំរិតក្មេងស្រីអាយុ១២ឆ្នាំម្នាក់ ដោយសែងនាងចូលទៅក្នុងព្រៃ ហើយក៏បានវាយដំធ្វើបាបនាង។ ទោះជាយ៉ាងណាក៏ដោយ ការអស្ចារ្យក៏បានកើតឡើង ដោយមានសត្វតោមួយហ្វូងតូច បានឮសម្លេងស្រែកយំរបស់ក្មេងស្រីនោះ ក៏បានស្ទុះរត់ចូលមក ហើយក៏បានដេញមនុស្សអាក្រក់ទាំងនោះចេញអស់ទៅ។ បន្ទាប់ពីការចាប់ជំរិតនេះកើតឡើងបានមួយសប្តាហ៍ ប៉ូលីសប្រទេសអេធីយ៉ូពីក៏បានរកនាងឃើញ នៅក្នុងកណ្តាលចំណោមមានសត្វតោឈ្មោលបីក្បាលដែលមានរោមកពណ៌ខ្មៅ ដែលកំពុងតែការពារនាង គឺហាក់ដូចជាបានចាត់ទុកនាងជាគ្នារបស់វាអញ្ចឹង។ លោកពលបាល វុនឌីមូ(Wondimu) ក៏បានប្រាប់អ្នកសារពត៌មានថា “សត្វតោទាំងនោះបានឈរការពារនាង រហូតដល់ពេលដែលយើងរកនាងឃើញ ហើយបន្ទាប់មក ពួកវាក៏បានចាកចេញពីនាង ដោយប្រគល់នាងមកយើងដូចអំណោយ ហើយក៏បានវិលត្រឡប់ទៅក្នុងព្រៃវិញអស់”។
នៅថ្ងៃខ្លះ អំពើហឹង្សា និងការអាក្រក់បានកើតឡើង ដោយយើងគ្មានសមត្ថភាពអ្វីដើម្បីជួយគេបាន គឺមានតែភាពអស់សង្ឃឹម និងការភ័យខ្លាច គឺដូចដែលបានកើតឡើងមកលើក្មេងស្រីម្នាក់នេះដែរ។ នៅសម័យបុរាណ ប្រជាជនយូដាក៏បានជួបរឿងដូចនេះផងដែរ។ ពួកគេត្រូវខ្មាំងសត្រូវដ៏សាហាវហ៊ុមព័ទ្ធ ដោយគ្មានសង្ឃឹមថា នឹងអាចរត់គេចបាន។ ពួកគេមានពេញដោយការភ័យខ្លាច។ ទោះជាយ៉ាងណាក៏ដោយ ព្រះជាម្ចាស់នៅតែបង្ហាញព្រះវត្តមានទ្រង់ជាថ្មីម្តងទៀត ដល់រាស្រ្តទ្រង់។ គឺដូចដែលលោកហោរាសេផានាបានថ្លែងថា “ព្រះយេហូវ៉ា ទ្រង់បានលើកទោសឯងចោល ទ្រង់បានបោះខ្មាំងសត្រូវរបស់ឯងចេញហើយ ឯស្តេចនៃសាសន៍អ៊ីស្រាអែល គឺព្រះយេហូវ៉ា ទ្រង់គង់នៅកណ្តាលឯង ឯងមិនត្រូវរងការអាក្រក់ទៀតឡើយ” (សេផានា ៣:១៥)។ សូម្បីតែនៅពេលដែលយើងជួបគ្រោះមហន្តរាយ ដោយសារការបះបោររបស់យើង ក៏ព្រះទ្រង់នៅតែយាងមកជួយសង្រ្គោះយើង។ គឺដូចមានសេចក្តីចែងថា “ព្រះយេហូវ៉ា ដ៏ជាព្រះនៃឯង ទ្រង់គង់នៅកណ្តាលឯង ទ្រង់ជាព្រះដ៏មានឥទ្ធិឫទ្ធិ ដើម្បីជួយសង្គ្រោះ”(ខ.១៧)។
ទោះយើងមានបញ្ហាអ្វី ដែលយើងមិនអាចដោះស្រាយរួច ឬជួបការអាក្រក់អ្វីក៏ដោយ ព្រះយេស៊ូវ ដែលជាសឹង្ហនៃពូជអំបូរយូដា តែងតែគង់នៅជាមួយយើងជានិច្ច(វិវរណៈ ៥:៥)។ ព្រះអង្គសង្រ្គោះនៃយើងបានធានាយើងថា ទោះយើងមានការភ័យខ្លាច ឬភាពឯកោយ៉ាងណាក្តី ទ្រង់តែងតែគង់នៅក្បែរយើងជានិច្ច។—WINN COLLIER