មាន​មនុស្ស​ប្រុស​៧​នាក់​បាន​ចាប់​ជំរិត​ក្មេង​ស្រី​អាយុ​១២​ឆ្នាំ​ម្នាក់ ដោយ​សែង​នាង​ចូល​ទៅ​ក្នុង​ព្រៃ ហើយ​ក៏​បាន​វាយ​ដំ​ធ្វើ​បាប​នាង​។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​អស្ចារ្យ​ក៏​បាន​កើត​ឡើង ដោយ​មាន​សត្វ​តោ​មួយ​ហ្វូង​តូច បាន​ឮ​សម្លេង​ស្រែក​យំ​របស់​ក្មេង​ស្រីនោះ ក៏​បាន​ស្ទុះ​រត់​ចូល​មក ហើយ​ក៏​បាន​ដេញ​មនុស្ស​អាក្រក់​ទាំង​នោះ​ចេញ​អស់​ទៅ។ បន្ទាប់​ពី​ការ​ចាប់​ជំរិត​នេះ​កើត​ឡើង​បានមួយ​សប្តាហ៍ ប៉ូលីស​ប្រទេស​អេធីយ៉ូពីក៏​បាន​រក​នាង​ឃើញ  នៅក្នុង​កណ្តាល​ចំណោម​មាន​សត្វ​តោ​ឈ្មោល​បី​ក្បាល​ដែល​មាន​រោម​ក​ពណ៌​ខ្មៅ ដែល​កំពុង​តែ​ការពារ​នាង គឺ​ហាក់​ដូច​ជា​បាន​ចាត់​ទុក​នាង​ជា​គ្នា​របស់​វា​អញ្ចឹង។ លោក​ពល​បាល វុនឌីមូ(Wondimu) ក៏​បាន​ប្រាប់​អ្នក​សារពត៌មាន​ថា “សត្វ​តោ​ទាំង​នោះ​បាន​ឈរ​ការពារ​នាង រហូត​ដល់​ពេល​ដែល​យើង​រក​នាង​ឃើញ ហើយ​បន្ទាប់​មក ពួក​វា​ក៏​បាន​ចាក​ចេញ​ពី​នាង ដោយ​ប្រគល់​នាង​មក​យើង​ដូច​អំណោយ ហើយ​ក៏​បាន​វិល​ត្រឡប់​ទៅ​ក្នុង​ព្រៃ​វិញ​អស់”។

នៅ​ថ្ងៃ​ខ្លះ អំពើ​ហឹង្សា និង​ការ​អាក្រក់​បាន​កើត​ឡើង ដោយ​យើង​គ្មាន​សមត្ថ​ភាព​អ្វី​ដើម្បី​ជួយ​គេ​បាន គឺ​មាន​តែ​ភាព​អស់​សង្ឃឹម និង​ការ​ភ័យ​ខ្លាច គឺ​ដូច​ដែល​បាន​កើត​ឡើង​មក​លើ​ក្មេង​ស្រី​ម្នាក់​នេះ​ដែរ។​ នៅ​សម័យ​បុរាណ ប្រជា​ជន​យូដា​ក៏​បាន​ជួប​រឿង​ដូច​នេះ​ផង​ដែរ។ ពួក​គេ​ត្រូវ​ខ្មាំង​សត្រូវ​ដ៏​សាហាវ​ហ៊ុម​ព័ទ្ធ ដោយ​គ្មាន​សង្ឃឹម​ថា នឹង​អាច​រត់​គេច​បាន។ ពួក​គេ​មាន​ពេញ​ដោយ​ការ​ភ័យ​ខ្លាច។ ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ​ ព្រះ​ជា​ម្ចាស់​នៅ​តែ​បង្ហាញ​ព្រះ​វត្ត​មាន​ទ្រង់​ជា​ថ្មី​ម្តង​ទៀត ដល់​រាស្រ្ត​ទ្រង់។ គឺ​ដូច​ដែលលោក​ហោរា​សេផានា​បាន​ថ្លែង​ថា “ព្រះយេហូវ៉ា ទ្រង់​បាន​លើក​ទោស​ឯង​ចោល ទ្រង់​បាន​បោះ​ខ្មាំងសត្រូវ​របស់​ឯង​ចេញ​ហើយ ឯ​ស្តេច​នៃ​សាសន៍​អ៊ីស្រាអែល គឺ​ព្រះយេហូវ៉ា ទ្រង់​គង់​នៅ​កណ្តាល​ឯង ឯង​មិន​ត្រូវ​រង​ការ​អាក្រក់​ទៀត​ឡើយ” (សេផានា ៣:១៥)។ សូម្បី​តែ​នៅ​ពេល​ដែល​យើង​ជួប​គ្រោះ​មហន្តរាយ ដោយ​សារ​ការ​បះបោរ​របស់​យើង ក៏​ព្រះ​ទ្រង់​នៅ​តែ​យាង​មក​ជួយ​សង្រ្គោះ​យើង។​ គឺ​ដូច​មាន​សេចក្តី​ចែង​ថា “ព្រះយេហូវ៉ា ដ៏​ជា​ព្រះ​នៃ​ឯង ទ្រង់​គង់​នៅ​កណ្តាល​ឯង ទ្រង់​ជា​ព្រះ​ដ៏​មាន​ឥទ្ធិឫទ្ធិ ដើម្បី​ជួយ​សង្គ្រោះ”(ខ.១៧)។

ទោះ​យើង​មាន​បញ្ហា​អ្វី ដែល​យើង​មិន​អាច​ដោះ​ស្រាយ​រួច ឬ​ជួប​ការ​អាក្រក់​អ្វីក៏​ដោយ ព្រះ​យេស៊ូវ ដែល​ជា​សឹង្ហ​នៃ​ពូជ​អំបូរ​យូដា តែង​តែ​គង់​នៅ​ជា​មួយ​យើង​ជា​និច្ច(វិវរណៈ ៥:៥)។  ព្រះអង្គ​សង្រ្គោះ​នៃ​យើង​បាន​ធានា​យើង​ថា ទោះ​យើង​មាន​ការ​ភ័យ​ខ្លាច​ ឬភាព​ឯកោ​យ៉ាង​ណា​ក្តី ទ្រង់​តែង​តែ​គង់​នៅ​ក្បែរ​យើង​ជា​និច្ច។—WINN COLLIER