តើ​អ្នក​ធ្លាប់​មាន​អារម្មណ៍​ថា ចង់​ជួយ​នរណា​ម្នាក់ តែ​អ្នក​បាន​បណ្តោយ​ឲ្យ​ឱកាស​កន្លង​ផុត​ទៅ​បាត់ ដោយ​មិន​មាន​ការ​ឆ្លើយ​តប​អ្វីសោះ? ក្នុង​សៀវ​ភៅ​មាន​ចំណង​ជើង​ថា ក្បួន​១០​វិនាទី ​ អ្នក​ស្រី​ឃ្លែរ ដឺ ក្រាហ្វ(Clare De Graaf) បាន​លើក​ឡើង​ថា ការ​ជំរុញ​ចិត្ត​ប្រចាំ​ថ្ងៃ អាច​ជា​វិធី​មួយ ក្នុង​ចំណោម​វិធី​ជា​ច្រើន ដែល​ព្រះ​ទ្រង់​ប្រើ ដើម្បី​ត្រាស់​ហៅ​យើង ឲ្យ​ចូល​ទៅ​ក្នុង​ការ​ដើរ​ខាង​វិញ្ញាណ​កាន់​តែ​ស៊ី​ជម្រៅ គឺ​ក្នុង​ជីវិត​ដែល​មាន​ការ​ស្តាប់​បង្គាប់ ដែល​ជំរុញ​ដោយ​ក្តី​ស្រឡាញ់ ចំពោះ​ទ្រង់។ ក្បួន​១០​វិនាទី​នោះ លើក​ទឹកចិត្ត​អ្នក​ឲ្យ​គ្រាន់​តែ “ធ្វើ​កិច្ចការ​បន្ទាប់ ដែល​អ្នក​ដឹង​ច្បាស់​ថា ព្រះ​យេស៊ូវ​ពិត​ជា​សព្វ​ព្រះ​ទ័យ​ឲ្យ​អ្នក​ធ្វើ” ហើយ​អ្នក​ធ្វើ​វា​តែ​ម្តង “មុនពេល​អ្នក​ផ្លាស់​ប្តូរ​គំនិត​លែង​ចង់​ធ្វើ​វា”។

ព្រះ​យេស៊ូវ​មាន​បន្ទូល​ថា “បើ​អ្នក​រាល់​គ្នា​ស្រឡាញ់​ខ្ញុំ ចូរ​កាន់​តាម​បញ្ញត្ត​របស់​ខ្ញុំ​ចុះ”(យ៉ូហាន ១៤:១៥)។ យើង​ប្រហែល​ជា​គិតថា ខ្ញុំ​ស្រឡាញ់​ព្រះ​អង្គ តើ​ធ្វើ​ដូច​ម្តេច ឲ្យ​ខ្ញុំ​អាច​ដឹង​ច្បាស់​ថា ព្រះ​អង្គ​ពិត​ជា​សព្វ​ព្រះ​ទ័យ​ឲ្យ​ខ្ញុំ​ធ្វើ​កិច្ចការ​នោះ​មែន?​  ព្រះ​យេស៊ូវ​បាន​ប្រទាន​អ្វី​ដែល​យើង​ត្រូវ​ការ ដោយ​ប្រាជ្ញា​របស់​ទ្រង់ ដើម្បី​ឲ្យ​យើង​អាច​យល់ និង​អនុវត្ត​តាម​ប្រាជ្ញា ដែល​មាន​នៅ​ក្នុង​ព្រះ​គម្ពីរ​។ ទ្រង់​ធ្លាប់​មាន​បន្ទូល​ថា “នោះ​ខ្ញុំ​នឹង​ទូល​សូម​ដល់​ព្រះវរបិតា ហើយ​ទ្រង់​នឹង​ប្រទាន​ព្រះ​ដ៏​ជា​ជំនួយ​១​អង្គ​ទៀត មក​អ្នក​រាល់​គ្នា ឲ្យ​បាន​គង់​នៅ​ជា​មួយ នៅ​អស់​កល្ប​រៀង​ទៅ គឺ​ជា​ព្រះវិញ្ញាណ​នៃ​សេចក្តី​ពិត”(ខ.១៦-១៧)។ គឺ​ដោយ​សារ​ព្រះ​រាជ​កិច្ច​នៃ​ព្រះ​វិញ្ញាណ ដែល​គង់​នៅ​ជា​មួយ​យើង និង​ក្នុង​យើង ដែល​បាន​ជួយ​យើង ឲ្យ​អាច​រៀន​ស្តាប់​បង្គាប់​ព្រះ​យេស៊ូវ ហើយ “កាន់​តាម​បញ្ញត្តិ​របស់​ទ្រង់”(ខ.១៥) ដោយ​ឆ្លើយ​តប​ចំពោះ​ការ​បណ្តាល​ចិត្ត​មក​ពី​ទ្រង់ នៅ​ថ្ងៃ​នីមួយ​ៗ(ខ.១៧)។

ព្រះ​វិញ្ញាណ​បណ្តាល​ចិត្ត​យើង ឲ្យ​ធ្វើ​កិច្ចការ​តូច​ធំ ដោយ​ជំនឿ ដើម្បី​ថ្វាយ​ព្រះ​កិត្ត​នាម​ដល់​ព្រះ ហើយ​បង្ហាញ​ក្តី​ស្រឡាញ់​រប​ស់យើង​ដល់​ទ្រង់ និង​អ្នក​ដទៃ​(ខ.២១)។—RUTH O’REILLY-SMITH