តើអ្នកធ្លាប់មានអារម្មណ៍ថា ចង់ជួយនរណាម្នាក់ តែអ្នកបានបណ្តោយឲ្យឱកាសកន្លងផុតទៅបាត់ ដោយមិនមានការឆ្លើយតបអ្វីសោះ? ក្នុងសៀវភៅមានចំណងជើងថា ក្បួន១០វិនាទី អ្នកស្រីឃ្លែរ ដឺ ក្រាហ្វ(Clare De Graaf) បានលើកឡើងថា ការជំរុញចិត្តប្រចាំថ្ងៃ អាចជាវិធីមួយ ក្នុងចំណោមវិធីជាច្រើន ដែលព្រះទ្រង់ប្រើ ដើម្បីត្រាស់ហៅយើង ឲ្យចូលទៅក្នុងការដើរខាងវិញ្ញាណកាន់តែស៊ីជម្រៅ គឺក្នុងជីវិតដែលមានការស្តាប់បង្គាប់ ដែលជំរុញដោយក្តីស្រឡាញ់ ចំពោះទ្រង់។ ក្បួន១០វិនាទីនោះ លើកទឹកចិត្តអ្នកឲ្យគ្រាន់តែ “ធ្វើកិច្ចការបន្ទាប់ ដែលអ្នកដឹងច្បាស់ថា ព្រះយេស៊ូវពិតជាសព្វព្រះទ័យឲ្យអ្នកធ្វើ” ហើយអ្នកធ្វើវាតែម្តង “មុនពេលអ្នកផ្លាស់ប្តូរគំនិតលែងចង់ធ្វើវា”។
ព្រះយេស៊ូវមានបន្ទូលថា “បើអ្នករាល់គ្នាស្រឡាញ់ខ្ញុំ ចូរកាន់តាមបញ្ញត្តរបស់ខ្ញុំចុះ”(យ៉ូហាន ១៤:១៥)។ យើងប្រហែលជាគិតថា ខ្ញុំស្រឡាញ់ព្រះអង្គ តើធ្វើដូចម្តេច ឲ្យខ្ញុំអាចដឹងច្បាស់ថា ព្រះអង្គពិតជាសព្វព្រះទ័យឲ្យខ្ញុំធ្វើកិច្ចការនោះមែន? ព្រះយេស៊ូវបានប្រទានអ្វីដែលយើងត្រូវការ ដោយប្រាជ្ញារបស់ទ្រង់ ដើម្បីឲ្យយើងអាចយល់ និងអនុវត្តតាមប្រាជ្ញា ដែលមាននៅក្នុងព្រះគម្ពីរ។ ទ្រង់ធ្លាប់មានបន្ទូលថា “នោះខ្ញុំនឹងទូលសូមដល់ព្រះវរបិតា ហើយទ្រង់នឹងប្រទានព្រះដ៏ជាជំនួយ១អង្គទៀត មកអ្នករាល់គ្នា ឲ្យបានគង់នៅជាមួយ នៅអស់កល្បរៀងទៅ គឺជាព្រះវិញ្ញាណនៃសេចក្តីពិត”(ខ.១៦-១៧)។ គឺដោយសារព្រះរាជកិច្ចនៃព្រះវិញ្ញាណ ដែលគង់នៅជាមួយយើង និងក្នុងយើង ដែលបានជួយយើង ឲ្យអាចរៀនស្តាប់បង្គាប់ព្រះយេស៊ូវ ហើយ “កាន់តាមបញ្ញត្តិរបស់ទ្រង់”(ខ.១៥) ដោយឆ្លើយតបចំពោះការបណ្តាលចិត្តមកពីទ្រង់ នៅថ្ងៃនីមួយៗ(ខ.១៧)។
ព្រះវិញ្ញាណបណ្តាលចិត្តយើង ឲ្យធ្វើកិច្ចការតូចធំ ដោយជំនឿ ដើម្បីថ្វាយព្រះកិត្តនាមដល់ព្រះ ហើយបង្ហាញក្តីស្រឡាញ់របស់យើងដល់ទ្រង់ និងអ្នកដទៃ(ខ.២១)។—RUTH O’REILLY-SMITH