ពេល​ដែល​មិត្ត​ភក្តិ​ខ្ញុំ​ម្នាក់​ទៅ​ពិនិត្យ​សុខ​ភាព​រក​ឃើញ​ថា គាត់​មាន​ជម្ងឺ​មហារីក វេជ្ជ​បណ្ឌិត​ក៏​ប្រាប់​គាត់​ឲ្យ​កាត់​ចិត្ត។ នាង​ក៏​បាន​ទូរស័ព្ទ​មក​ខ្ញុំ ទាំង​ខ្សិប​ខ្សួល ដោយ​ការ​ព្រួយ​បារម្ភ​អំ​ពី​ស្វាមី និង​កូន​តូច​ៗ​របស់​នាង។ ខ្ញុំ​ក៏​បាន​ចែក​ចាយ​សំណូម​ពរ​អធិស្ឋាន​បន្ទាន់​របស់​គាត់ ដល់​មិត្ត​ភក្តិ​របស់​យើង​ដទៃ​ទៀត។ យើង​ក៏​មាន​អំណរ​ឡើង ពេល​ដែល​វេជ្ជ​បណ្ឌិត​ទីពីរ​បាន​លើក​ទឹក​ចិត្ត​នាង កុំ​ឲ្យ​អស់​សង្ឃឹម ហើយ​បាន​បញ្ជាក់​ថា ក្រុម​គ្រូ​ពេទ្យ​របស់​គាត់ នឹង​ប្រឹង​ប្រែង​ឲ្យ​អស់​ពី​លទ្ធ​ភាព ដើម្បី​ព្យាបាល​នាង។ នៅ​ថ្ងៃ​ខ្លះ​នាង​មាន​អារម្មណ៍​ថា ពិបាក​ជាង​ថ្ងៃ​ផ្សេង​ទៀត ប៉ុន្តែ នាង​បាន​ផ្តោត​ចិត្ត​ទៅ​លើ​ព្រះ ជា​ជាង​ផ្តោត​ទៅ​លើ​ទុក្ខ​លំបាក​ដែល​នាងកំពុង​ប្រឈម​មុខ។ នាង​មិន​បោះ​បង់​ចោល​ការ​តស៊ូ​ឡើយ។

ជំនឿ​របស់​មិត្ត​ភក្តិ​ខ្ញុំ​មាន​ការ​ស៊ូទ្រាំ ហើយ​បាន​ធ្វើ​ឲ្យ​ខ្ញុំ​នឹក​ចាំ​ស្រ្តី​ម្នាក់​ដែល​ស្ថិត​ក្នុង​ភាព​អស់​សង្ឃឹម នៅ​ក្នុង​បទ​គម្ពីរ​លូកា​ ជំពូក៨​។ នាង​បាន​រង​ទុក្ខ​វេទនា ការ​ខក​ចិត្ត និង​ភាព​ឯកោ ដែល​បាន​អូស​បន្លាយ​ពេល​អស់​១២​ឆ្នាំ​ហើយ។ ពេល​ដែល​នាង​ដឹង​ថា​ ព្រះយេស៊ូវ​យាង​មក នាង​ក៏​បាន​តាម​ពី​ក្រោយ​ទ្រង់ ហើយ​លូក​ដៃ​ទៅ​ពាល់​ជាយ​ព្រះ​ពស្ត្រ​ទ្រង់។ នាង​ក៏​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជា​ភ្លាម​ៗ ដោយ​សារ​ជំនឿ​របស់​នាង ដែល​ជា​ក្តី​សង្ឃឹម​ដ៏​មុត​មាំ … ដោយ​ជឿថា​ ព្រះ​យេស៊ូវ​អាច​ធ្វើ​អ្វី​ ដែល​មនុស្ស​មិន​អាច​ធ្វើបាន … ទោះ​នាង​ស្ថិត​ក្នុង​ស្ថានភាព​អស់​សង្ឃឹម​យ៉ាង​ណា​ក៏​ដោយ​(ខ.៤៣-៤៤)។

យើង​ប្រហែល​ជា​មាន​អារម្មណ៍​ឈឺ​ចាប់ ដែល​ហាក់​ដូច​ជា​គ្មាន​ទី​បញ្ចប់ ​ឬស្ថិត​ក្នុង​ស្ថានភាព​ដែល​ហាក់​ដូច​ជា​គ្មាន​សង្ឃឹម ឬ​ក៏​កំពុង​តែ​រង់​ចំា​អ្វី​មួយ​ ដែល​ហាក់​ដូច​ជា​មិន​អាច​អត់​ធ្មត់​បាន​តទៅ​ទៀត។ ខណៈ​ពេល​ដែល​យើង​បន្ត​ទុក​ចិត្ត​ព្រះយេស៊ូវ ជួន​កាល យើង​មិន​បាន​ទទួល​ការ​ប្រោស​ឲ្យ​ជាដែល​យើង​ចង់​បាន។ ប៉ុន្តែ ទោះ​ជា​យ៉ាង​ណា​ក៏ដោយ ព្រះ​យេស៊ូវ​បាន​អញ្ជើញ​យើង ឲ្យ​បន្តឈោង​ទៅ​រក​ទ្រង់ ទុក​ចិត្ត​ទ្រង់ ហើយ​បន្ត​មាន​សង្ឃឹម ព្រម​ទាំង​ជឿថា​ ទ្រង់​តែង​តែ​អាច​ប្រោស​យើង តែង​តែ​អាច​ឲ្យ​យើង​ទុក​ចិត្ត ហើយ​តែង​តែ​គង់​នៅ​ក្បែរ​យើង​ជា​និច្ច។—XOCHITL DIXON