ពេលដែលមិត្តភក្តិខ្ញុំម្នាក់ទៅពិនិត្យសុខភាពរកឃើញថា គាត់មានជម្ងឺមហារីក វេជ្ជបណ្ឌិតក៏ប្រាប់គាត់ឲ្យកាត់ចិត្ត។ នាងក៏បានទូរស័ព្ទមកខ្ញុំ ទាំងខ្សិបខ្សួល ដោយការព្រួយបារម្ភអំពីស្វាមី និងកូនតូចៗរបស់នាង។ ខ្ញុំក៏បានចែកចាយសំណូមពរអធិស្ឋានបន្ទាន់របស់គាត់ ដល់មិត្តភក្តិរបស់យើងដទៃទៀត។ យើងក៏មានអំណរឡើង ពេលដែលវេជ្ជបណ្ឌិតទីពីរបានលើកទឹកចិត្តនាង កុំឲ្យអស់សង្ឃឹម ហើយបានបញ្ជាក់ថា ក្រុមគ្រូពេទ្យរបស់គាត់ នឹងប្រឹងប្រែងឲ្យអស់ពីលទ្ធភាព ដើម្បីព្យាបាលនាង។ នៅថ្ងៃខ្លះនាងមានអារម្មណ៍ថា ពិបាកជាងថ្ងៃផ្សេងទៀត ប៉ុន្តែ នាងបានផ្តោតចិត្តទៅលើព្រះ ជាជាងផ្តោតទៅលើទុក្ខលំបាកដែលនាងកំពុងប្រឈមមុខ។ នាងមិនបោះបង់ចោលការតស៊ូឡើយ។
ជំនឿរបស់មិត្តភក្តិខ្ញុំមានការស៊ូទ្រាំ ហើយបានធ្វើឲ្យខ្ញុំនឹកចាំស្រ្តីម្នាក់ដែលស្ថិតក្នុងភាពអស់សង្ឃឹម នៅក្នុងបទគម្ពីរលូកា ជំពូក៨។ នាងបានរងទុក្ខវេទនា ការខកចិត្ត និងភាពឯកោ ដែលបានអូសបន្លាយពេលអស់១២ឆ្នាំហើយ។ ពេលដែលនាងដឹងថា ព្រះយេស៊ូវយាងមក នាងក៏បានតាមពីក្រោយទ្រង់ ហើយលូកដៃទៅពាល់ជាយព្រះពស្ត្រទ្រង់។ នាងក៏បានទទួលការប្រោសឲ្យជាភ្លាមៗ ដោយសារជំនឿរបស់នាង ដែលជាក្តីសង្ឃឹមដ៏មុតមាំ … ដោយជឿថា ព្រះយេស៊ូវអាចធ្វើអ្វី ដែលមនុស្សមិនអាចធ្វើបាន … ទោះនាងស្ថិតក្នុងស្ថានភាពអស់សង្ឃឹមយ៉ាងណាក៏ដោយ(ខ.៤៣-៤៤)។
យើងប្រហែលជាមានអារម្មណ៍ឈឺចាប់ ដែលហាក់ដូចជាគ្មានទីបញ្ចប់ ឬស្ថិតក្នុងស្ថានភាពដែលហាក់ដូចជាគ្មានសង្ឃឹម ឬក៏កំពុងតែរង់ចំាអ្វីមួយ ដែលហាក់ដូចជាមិនអាចអត់ធ្មត់បានតទៅទៀត។ ខណៈពេលដែលយើងបន្តទុកចិត្តព្រះយេស៊ូវ ជួនកាល យើងមិនបានទទួលការប្រោសឲ្យជាដែលយើងចង់បាន។ ប៉ុន្តែ ទោះជាយ៉ាងណាក៏ដោយ ព្រះយេស៊ូវបានអញ្ជើញយើង ឲ្យបន្តឈោងទៅរកទ្រង់ ទុកចិត្តទ្រង់ ហើយបន្តមានសង្ឃឹម ព្រមទាំងជឿថា ទ្រង់តែងតែអាចប្រោសយើង តែងតែអាចឲ្យយើងទុកចិត្ត ហើយតែងតែគង់នៅក្បែរយើងជានិច្ច។—XOCHITL DIXON