ក្មួយស្រីរបស់ខ្ញុំ ឈ្មោះជេនណា(Jenna) មានអាយុ៣ឆ្នាំ។ ពេលនាងចង់បានអ្វីមួយ នាងច្រើនតែបង្ហាញចេញនូវអារម្មណ៍របស់នាង តាមរបៀបដែលគួរឲ្យស្រឡាញ់ណាស់។ ពេលណានាងស្រឡាញ់របស់អ្វីមួយ(គឺពិតជាស្រឡាញ់យ៉ាងខ្លាំង) ដែលមានដូចជា នំដុត ឬការលោតនៅលើគ្រែរឺស័រ ឬក៏ការបង្ហោះថាសជាដើម នាងតែងតែនិយាយឮៗថា នាងស្រឡាញ់វាណាស់ នៅក្នុងពិភពលោកទាំងមូល(ពេលនាងនិយាយថា “ពិភពលោកទាំងមូល” នាងក៏បានលើកដៃឡើងធ្វើកាយវិការដ៏គួរឲ្យចាប់អារម្មណ៍)។
ជួនកាល ខ្ញុំសួរខ្លួនឯងថា តើខ្ញុំធ្លាប់មានសេចក្តីស្រឡាញ់ខ្លាំងយ៉ាងនេះ នៅពេលណា? គឺស្រឡាញ់ដោយមិនខ្វល់អ្វី ឬគ្មានការភ័យខ្លាចអ្វីទាំងអស់?
កណ្ឌគម្ពីរយ៉ូហានបានចែងម្តងហើយម្តងទៀតថា “ព្រះទ្រង់ជាសេចក្តីស្រឡាញ់”(១យ៉ូហាន ៤:៨,១៦)។ យើងដែលជាមនុស្សពេញវ័យ ប្រហែលជានៅតែពិបាកយល់សេចក្តីពិតនេះ។ សេចក្តីស្រឡាញ់របស់ព្រះ គឺជាមូលដ្ឋានគ្រឹះដ៏ជ្រាវជ្រៅបំផុតនៃសេចក្តីពិត។ កំហឹង ការភ័យខ្លាច ឬភាពអាម៉ាស់របស់យើង មិនមែនជាមូលដ្ឋានគ្រឹះនៃសេចក្តីពិតឡើយ។ លោកិយបានបែងចែកមនុស្សជាក្រុមផ្សេងគ្នា ដោយផ្អែកទៅលើការអ្វីដែលយើងខ្លាចបំផុត ហើយជាញឹកញាប់ យើងបានចូលទៅក្នុងក្រុមទាំងនោះ ដោយមិនបានអើពើ ឬខ្វល់ចំពោះសម្លេងដែលដាស់តឿនយើង ឲ្យងាកមករកសេចក្តីពិតឡើយ។
តែក្នុងពេលនៃការបោកបញ្ឆោត និងការតយុទ្ធនឹងអំណាចលោកិយ(ខ.៥-៦) សេចក្តីពិតនៃសេចក្តីស្រឡាញ់របស់ព្រះ នៅតែជាប់នៅ ធ្វើជាពន្លឺដែលចែងចាំក្នុងភាពងងឹត ដោយត្រាស់ហៅយើងឲ្យស្គាល់ផ្លូវនៃការបន្ទាបខ្លួន ការទុកចិត្ត និងសេចក្តីស្រឡាញ់(១:៧-៩ ៣:១៨)។ ទោះពន្លឺនោះបានបើកបង្ហាញការពិតដែលធ្វើឲ្យចិត្តយើងឈឺចាប់យ៉ាងណាក៏ដោយ ក៏យើងនៅតែអាចដឹងថា ព្រះអង្គនៅតែស្រឡាញ់យើងជានិច្ច(៤:១០,១៨ និង រ៉ូម ៨:១)។
ពេលដែលជេនណាផ្អែកមកលើខ្ញុំ ហើយខ្សិបដាក់ខ្ញុំថា នាងស្រឡាញ់ខ្ញុំខ្លាំងណាស់ នៅលើពិភពលោកទំាងមូល ខ្ញុំក៏បានខ្សិបដាក់នាងវិញថា ខ្ញុំក៏ស្រឡាញ់នាងខ្លាំងណាស់ នៅលើពិភពលោកទាំងមូល។ ហើយខ្ញុំសូមអរព្រះគុណព្រះអង្គ សម្រាប់ការរំឭកដ៏ស្រទន់ថា ព្រះអង្គតែងតែឱបខ្ញុំជាប់ នៅក្នុងសេចក្តីស្រឡាញ់ និងព្រះគុណដែលគ្មានដែនកំណត់។ —MONICA BRANDS